ពលករខ្មែរជិត១០នាក់រងរបួសដោយសារសំណង់ស្ពានអាកាសបាក់សង្កត់ពីលើ

ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ណាត សុភាព | ២៤ មករា ២០២១ |ម៉ោង ១៧:០៨
VOD

សកម្មភាពជួយសង្គ្រោះករណីបាក់ស្ពាន ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមាប្រទេសថៃ។ រូបពី Pheaktra Prak

សកម្មភាពជួយសង្គ្រោះករណីបាក់ស្ពាន ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមាប្រទេសថៃ។ រូបពី Pheaktra Prak


អាជ្ញាធរកម្ពុជាបានឱ្យដឹងថា យ៉ាងហោចណាស់ពលករខ្មែរជិត១០នាក់រងរបួសធ្ងន់និងស្រាល ដោយសារសំណង់ស្ពានអាកាសនៅប្រទេសថៃ បាក់ស្រុតសង្កត់ពីលើពួកគេ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់វីអូឌី តាមតេឡេក្រាម នៅថ្ងៃ២៤ ខែមករានេះថា បើតាមព័ត៌មានបឋម ការដ្ឋានសាងសង់ស្ពានអាកាសនៅប្រទេសថៃ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា បានបាក់ស្រុតសង្កត់ពីលើពលករខ្មែរចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៤នាក់ កាលពីវេលាម៉ោង១៤:១៨នាទី ថ្ងៃទី២៣ ខែមករាម្សិលមិញ។

ក្រសួងបន្តថា ក្នុងចំណោមពលករ៧នាក់ដែលរងរបួសនោះ មានចំនួន ២នាក់ រងរបួសធ្ងន់នៅត្រង់ជើង ខណៈបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមហារ៉ាតនគររាជសីមា ។

អ្នកនាំពាក្រក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ស្រដៀងនឹងលោក ហេង សួរ ដែរ ប៉ុន្តែលោកថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធកំពុងស្វែងរករុករកមនុស្សបន្ថែមទៀត ខ្លាចមានអ្នកជាប់នៅក្នុងគំនរសំណង់បាក់ទាំងនោះ។

បន្ថែមពីនេះ អ្នកនំាំពាក្រក្រសួងការបរទេសរូបនោះអះអាងថា ស្ថានទូតកម្ពុជា កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីយកអំណោយជាប្រាក់ និងសម្ភារៈមួយចំនួន ទៅជូនជនរងគ្រោះនៅថ្ងៃស្អែកផងដែរ។

មន្ត្រីគម្រោង នៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា លោកសោកស្តាយក្រោយពីទទួលបានព័ត៌មានថា បាក់ស្ពានអាកាសនៅប្រទេសថៃសង្កត់លើពលករខ្មែរជិត១០នាក់បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលនោះ។

លោកបញ្ជាក់ថា អ្នកដែលទទួលខុសត្រូវលើបញ្ហានេះគឺម្ចាស់ក្រុមហ៊ុន ឬអ្នកម៉ៅការសំណង់ ដោយសារពួកគេមិនបានត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារទើបនាំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើង។
លោកមានប្រសាសន៍ថា៖ «បើសិនជាឧប្បវេហតុកើតឡើងអញ្ចឹង ខ្ញុំគិតថា ថៅកែ ឬអ្នកម៉ៅការសំណង់ត្រូវទទួលខុសត្រូវ ព្រោះការសាងសង់នោះអត់មានរបស់របរ(សម្ភារ) សម្រាប់ឱ្យកម្មករការពារសុវត្ថិភាពទេ»

លោក សុផុន ក៏បានលើកឧទាហរណ៍ដូចនេះថា៖ «ឧបករណ៍សំរាប់ការពារសុវត្ថិភាពនោះ មានជា ដែកសំរាប់ទល់ ឬកល់ស៊ីម៉ង់ និងសម្ភារៈផ្សេងទៀតសំរាប់ការពារសុវត្ថិកម្មករឱ្យមានស្តង់ដារច្បាស់លាស់»។ 

បើតាមរបាយការណ៍ក្រសួងការងារ គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ មានប្រមាណ១លាន១សែននាក់ តែមិនបានបញ្ជាក់ពីចំនួនពលករធ្វើការខុសច្បាប់ទេ។ ប៉ុន្តែបើតាម ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស CANTRAL លោក មឿន តុលា  អះអាងថា ពលករខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ មានប្រមាណជា២០ម៉ឺននាក់៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles