ដោយ មាន ឫទ្ធិ
2021-01-26
RFA

លោក ខៀវ ឌីន (ស្ដាំ) សកម្មជនគណបក្សសង្គ្រោះជាតិ រស់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខ ២នាក់ (ឆ្វេង) ជិះម៉ូតូពីក្រោយលួចវាយនឹងដំបងបណ្ដាលឱ្យរងរបួសបែកក្បាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ Photo: RFA
ក្រុមអ្នកការពារសិទ្ធិមនុស្ស ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ហើយអាជ្ញាធរមិនអាចចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។ មន្ត្រីនគរបាលជាតិជាន់ខ្ពស់ ឆ្លើយតបថា សមត្ថកិច្ចរកមិនឃើញជនដៃដល់ ព្រោះជនរងគ្រោះមិនសហការ ហើយគ្មានភស្តុតាងស៊ើបអង្កេត។ ដូច្នេះមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស បន្តសម្ដែងក្ដីព្រួយបារម្ភកាន់តែខ្លាំងនៅពេលដែលសកម្មជនគណបក្ស សង្គ្រោះជាតិ និងសាច់ញាតិរបស់ពួកគេមួយចំនួន បានក្លាយជាគោលដៅនៃការវាយប្រហារលើរូបរាងកាយជាបន្តបន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណ ហើយអាជ្ញាធររដ្ឋាភិបាល នៅតែមិនអាចបញ្ឈប់ករណីហិង្សាទាំងនេះបាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា ប្រទេសកម្ពុជា មានច្បាប់ មានសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ និងមានស្ថាប័នតុលាការ ដូច្នេះមិនគួរបណ្ដែតបណ្ដោយឲ្យជនល្មើសមានសេរីភាពបន្តវាយដំឥតឈប់ឈរទៅលើសកម្មជនគណបក្សសង្គ្រោះជាតិនោះទេ។ លោកយល់ថា ប្រសិនបើអាជ្ញាធរមិនអាចចាប់ជនដៃដល់ មកផ្ដន្ទាទោសតាមច្បាប់បានទេ សហគមន៍ជាតិ និងអន្តរជាតិ នឹងបន្តរិះគន់ថា ករណីហិង្សាដែលបានកើតឡើងយ៉ាងញឹកញាប់ទាំងនេះ គឺពាក់ព័ន្ធនឹងបញ្ហានយោបាយ ហើយកម្ពុជាអាចនឹងបន្តរងទណ្ឌកម្មពីសហគមន៍អន្តរជាតិទៀតផង៖ «ប្រជាពលរដ្ឋ ឬអ្នកមាននិន្នាការមិនពេញចិត្តនឹងរដ្ឋាភិបាលធ្វើឲ្យពួកគាត់ទទួលរងនូវភាពឈឺចាប់ ហើយយើងព្រួយបារម្ភថា អាចនឹងមានការអស់ជំនឿហើយអាចធ្វើឲ្យ សង្គមយើងក្លាយជាសង្គមអនាធិបតេយ្យ បានន័យថា អ្នកប្រព្រឹត្តល្មើសច្បាប់មិនអាចអនុវត្តទោស បែបនេះ យើងយល់ថា អាចមានការតវ៉ាទាមទារកាន់តែខ្លាំង»។
ចំណែកនាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត វិញ លោក មានប្រសាសន៍ថា ករណីហិង្សាលើសកម្មជនបក្សប្រឆាំងនេះ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ព្រួយបារម្ភដូចក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកដែរ។ លោក ពិនិត្យឃើញថា នៅពេលមានអំពើហិង្សាកើតឡើងជាច្រើនករណី ហើយសមត្ថកិច្ច មិនបានចាប់ជនល្មើសណាម្នាក់មកកាត់ទោសតាមច្បាប់បែបនេះ នាំឲ្យប្រជាពលរដ្ឋព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «ខ្ញុំគិតថា ករណីទាំងអស់នេះ ដើម្បីចៀសវាងនូវការរិះគន់ ក៏ដូចជាការបារម្ភផ្សេងៗ អាជ្ញាធរ គួរតែចាត់វិធានការច្បាប់ ដោយរកជនពាក់ព័ន្ធ ឬជនដៃដល់យកទៅផ្ដន្ទាទោសតាម ច្បាប់ ទី១ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ទី២ ធានាយុត្តិធម៌ក្នុងសង្គម ក៏ដូចជាសម្រាប់ជនរងគ្រោះ និងទី៣ បំបាត់នូវការរិះគន់ថា ជាការរើសអើងនៃនិន្នាការនយោបាយអីជាដើម»។
គិតត្រឹមថ្ងៃទី២៥ មករាមក មានសកម្មជនគណបក្សសង្គ្រោះជាតិ សាច់ញាតិរបស់ពួកគេ និងអ្នកតស៊ូមតិជាង ៣០នាក់ហើយ បានរាយការណ៍ថា ត្រូវជនអនាមិកលួចវាយដំបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក្នុងចំណោមនោះ ក៏មានករណីហិង្សាប្រព្រឹត្តដោយអាជ្ញាធរ និងកងសន្តិសុខក្រុងភ្នំពេញដែរ។ ជនរងគ្រោះមួយចំនួន ត្រូវបានជនល្មើសបន្តតាមលួចវាយប្រហារពីក្រោយខ្នងវាយផ្ទួនៗ ដោយប្រើឧបករណ៍រឹង ដូចជា ដំថ្ម និងដំបងដែក។ ជនរងគ្រោះ កត់សម្គាល់ថា ជនល្មើសទាំងនោះ មិនមែនជាពលរដ្ឋធម្មតានោះទេ ព្រោះពួកគេ មានជំនាញច្បាស់លាស់ក្នុងការវាយប្រហារ។ មកទល់ពេលនេះ មានតែមួយករណីប៉ុណ្ណោះ គឺនៅខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ចំនួន ៣នាក់ ដាក់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ន។ ក្រៅពីនេះ សមត្ថកិច្ច តែងតែអះអាងថា កំពុងស៊ើបអង្កេត ប៉ុន្តែមិនបានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយគួរឲ្យទុកចិត្តបាននោះទេ។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ឆ្លើយតបថា លោកមិនបានដឹងថា មានករណីវាយដំលើសកម្មជនកើនដល់ជាង ៣០នាក់នោះទេ ព្រោះពួកគេមួយចំនួនមិនបានដាក់បណ្ដឹងជូនសមត្ថកិច្ច។ ទន្ទឹមគ្នានេះ លោក ស្នើសុំឱ្យសាធារណជន កុំប្រញាប់ធ្វើការសន្និដ្ឋាន ឬទាញភ្ជាប់សំណុំហិង្សាទាំងនេះ ទៅនឹងរឿងនយោបាយមុនការរកឃើញរបស់សមត្ថកិច្ច៖ «ករណីខ្លះក៏យើងមានទទួលបណ្ដឹង ករណីខ្លះក៏យើងអត់ទាន់មានភស្តុតាងអត់ទាន់មានតម្រុយ អត់ទាន់មានសាក្សី ដើម្បីបញ្ជាក់ធ្វើជាមូលដ្ឋានក្នុងការស៊ើបអង្កេត។ ចំពោះការចោទប្រកាន់ថា ពាក់ព័ន្ធរឿងនយោបាយនេះ ខ្ញុំដូចជាមិនទទួលយកទេ ដោយសារថា យើងអត់ ទាន់រកឃើញថា អ្នកវាយជាអ្នកណា ហើយវាយមូលហេតុអី ដូច្នេះគាត់អង្គុយថា ជាឯកតោភាគីនេះ គឺហាក់បីដូចជាកេងចំណេញបន្តិចហើយ»។
ផ្ទុយពីការលើកឡើងនេះ ជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលថ្លែងថា មូលហេតុដែលជនរងគ្រោះខ្លះ មិនដាក់បណ្ដឹងនោះ ព្រោះពួកគាត់ បាត់បង់ជំនឿលើសមត្ថកិច្ច ដោយសារកន្លងមក ក៏មានជនរងគ្រោះមួយចំនួន បានដាក់បណ្ដឹង និងភស្តុតាងជូនសមត្ថកិច្ចដែរ តែគ្មានចំណាត់ការស៊ើបអង្កេតណាមួយកើតឡើងគួរឲ្យទុកចិត្តបាននោះទេ។
សកម្មជនគណបក្សសង្គ្រោះជាតិ និងជាជនរងគ្រោះមួយរូប លោក ទេស សារឿន ថ្លែងថា លោក មិនចាប់អារម្មណ៍ចំពោះការបកស្រាយរបស់មេប៉ូលិសនោះទេ។ លោកយល់ថា អ្នកប្រើហិង្សា និងអ្នកបញ្ជាពីក្រោយខ្នង ប្រាកដជាដឹងខ្លួនឯងច្បាស់ថា វិធីវាយដំនេះ មានចេតនាបំបាក់ស្មារតីពួកគាត់ កុំឲ្យចូលរួមសកម្មភាពនយោបាយ ប៉ុន្តែការប្រើវិធីនេះ មិនអាចជោគជ័យឡើយ៖ «ការប្រើអំពើហិង្សានេះដូចយើងប្រដៅកូនក្នុងផ្ទះអ៊ីចឹង កាលណា យើងប្រើអំពើហិង្សាយើងខ្លាចបានតែមួយភ្លែតៗ ទេ ហើយវារឹតតែស្អប់យើងទៅទៀត ហើយនេះជា ការឡងទៅវិញទៅមកនោះ។ ដូច្នេះបានន័យថា យើងបង្ក្រាបអត់បានទេ។ មានតែការផ្សះផ្សាជាតិ ឲ្យប្រជាពលរដ្ឋគ្រប់និន្នាការរស់នៅជាមួយគ្នាឲ្យបានសុខសាន្ត ទើបគេហៅថា មេដឹកនាំឈ្លាសវៃ និងប្រទេសមាននីតិរដ្ឋ»។
មន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានកាតព្វកិច្ចការពារ លើកកម្ពស់ និងអនុវត្តនូវរាល់សិទ្ធិជាមូលដ្ឋានទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិចូលរួមសកម្មភាពនយោបាយ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសរំលោភច្បាប់ជាងគេបំផុត ឈរនៅលេខ១២៧ ជាប់បាតតារាង ក្នុងចំណោម ១២៨ប្រទេសនៅលើពិភពលោក ក្នុងសន្ទស្សន៍នៃការគោរពច្បាប់ឆ្នាំ២០២០ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។