អាស៊ីសេរី
2021-02-08
RFA

សកម្មជនបរិស្ថាន ៥រូប លើកបដានៅមុខតុលាការខេត្តក្រចេះ ក្រោយការដោះលែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ គេផ្ដល់ឱ្យ
តុលាការដោះលែងសកម្មជនការពារព្រៃឈើ ៥រូប ក្រោយធ្វើកិច្ចសន្យាឈប់ចូលព្រៃឡង់
បើទោះបីជាតុលាការដោះលែងសកម្មជនការពារព្រៃឈើទាំង ៥នាក់នេះវិញក្ដី ក៏ពួកគាត់សោកស្ដាយចំពោះមន្ត្រីមន្ទីរបរិស្ថាន និងតុលាការខេត្តក្រចេះ ដែលឃាត់ខ្លួនពួកគាត់សាកសួរអស់ជាច្រើនថ្ងៃដោយសារគ្រាន់តែចូលរួមការពារព្រៃឈើ ខណៈសកម្មភាពកាប់ឈើធំៗ ក្នុងតំបន់ព្រៃឡង់កំពុងកើតមានយ៉ាងពេញទំហឹង បែរជាគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ កុម្ភៈថា តំណាងអយ្យការតម្រូវឱ្យពួកលោកបញ្ឈប់សកម្មភាពចូលព្រៃឡង់ ដោយគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ។ លោកបញ្ជាក់ថា តំណាងអយ្យការខេត្តក្រចេះ បានដាក់ឱ្យពួកលោកឋិតក្នុងការស៊ើបអង្កត ដើម្បីដាក់សម្ពាធមិនឱ្យពួកលោកឃ្លាំមើលបទល្មើសព្រៃឈើបន្តទៀត។ លោកប្រកាសជំហរថា ដរាបណាក្រសួងបរិស្ថាននៅតែបណ្ដែតបណ្ដោយឱ្យមានសកម្មភាពកាប់ឈើក្នុងព្រៃឡង់ដដែល ពួកលោកនឹងមិននៅស្ងៀមឡើយ៖ «ព្រៃឈើជាកេរដូនតាមរកតរបស់យើងទាំងអស់គ្នា បើសិនជាតុលាការគាត់ហាម និងមន្ទីរបរិស្ថានគាត់ហាមឃាត់អ៊ីចឹង ទាល់តែទៅហាមឃាត់អ្នកកាប់ឈើដែរ បានខ្ញុំឈប់ធ្វើសកម្មភាព»។
លោក ហេង ស្រស់ បន្ថែមថា ក្នុងពេលដែលពួកលោក ចុះស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ បានប្រទះឃើញគោយន្តជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើមូលធំៗ ចេញពីតំបន់ព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុន ស៊ីង បាយអូថេក។ រីឯមន្ត្រីបរិស្ថាននៅតំបន់នោះ មិនបានរារាំងក្បូនគោយន្តទាំងនោះទេ បែរជាមករឹតត្បិត និងឃាត់ខ្លួនពួកលោកទៅវិញ៖ «មិនមែនខ្ញុំចូលទៅ ២ ទៅ ៣ថ្ងៃ បានគាត់ដឹងថា ពួកខ្ញុំចូលទៅ ហើយគាត់រត់ទៅឃាត់ខ្លួនខ្ញុំទាំងទទឹងទិស ទាំងដឹងថា ខ្ញុំថតបាននៅក្បូនគោយន្តដែលគេដឹកឈើចេញពីតំបន់ព្រៃឡង់ទេ។ នៅពេលដែលឃាត់ខ្លួនខ្ញុំ គឺមានសន្តិសុខក្រុមហ៊ុន នៅជុំវិញហ្នឹង ហេតុអីបានសន្តិសុខក្រុមហ៊ុនទាំងអស់ហ្នឹង មិនទទួលបានការឃាត់ខ្លួនពីមន្ត្រី ដែលបែរជាសន្តិសុខទាំងអស់ហ្នឹងបែរជាជូនដំណើរខ្ញុំរហូតដល់ទីស្នាក់ការបរិស្ថានថែមទៀត»?
មុនសម្រេចដោះលែងសកម្មជនការពារព្រៃឈើទាំង ៥នាក់នោះ ត្រូវបានមន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នអយ្យការបង្គាប់ឱ្យផ្ដិតមេដៃរួមគ្នាលើក្រដាសធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការពារព្រៃឈើបញ្ឈប់សកម្មភាពនាំសម្ភារៈដូចជា កាមេរ៉ា GPS និងទូរស័ព្ទដៃ ដោយគ្មានការអនុញ្ញាត និងបញ្ឈប់ផ្តល់ព័ត៌មានពីស្ថានភាពព្រៃឡង់ ទៅអង្គការមិនមែនរដ្ឋាភិបាល។ សកម្មជនការពារព្រៃឈើទាំងនោះអះអាងថា ខ្លឹមសារកិច្ចសន្យានេះបានដាក់សម្ពាធឱ្យពួកគេ ព្រមទទួលស្គាល់កំហុសជាថ្នូរដោះលែងឱ្យមានសេរីភាព។
អាស៊ីសេរីបានព្យាយាមទាក់ទងព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ និងមេការក្រុមហ៊ុន ស៊ីង បាយអូថេក លោក សំ ណូ ដើម្បីសុំការបំភ្លឺបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូលច្រើនគ្មានអ្នកលើក។
ក៏ប៉ុន្តែក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗ នេះឱ្យដឹងថា សកម្មជនការពារព្រៃឈើទាំង ៥នាក់នោះ បានសារភាពថា ពិតជាបានលួចចូលតំបន់ព្រៃឡង់ខេត្តក្រចេះ ដោយគ្មានការអនុញ្ញាត។ មន្ត្រីជំនាញបានតម្រូវឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតគ្រប់រូបភាពផ្ទុយនឹងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
សកម្មជនព្រៃឡង់ លោក ខេង ខូ ចាត់ទុកទង្វើរបស់ក្រសួងបរិស្ថានថា លាក់បាំងព័ត៌មានពីឧក្រិដ្ឋកម្មព្រៃឈើខ្នាតធំក្នុងតំបន់ព្រៃឡង់។ លោកថា អ្នកភូមិខ្លះបានធ្វើជាកម្មករកាប់ឈើក្នុងព្រៃឡង់លក់ឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក។ លើសពីនេះទៀត លោកបញ្ជាក់ថា បច្ចុប្បន្នមានកម្មកររាប់រយនាក់ បានបោះតង់ក្នុងព្រៃឡង់ ដើម្បីកាប់ឈើធ្វើអាជីវកម្ម ពុំមានការរារាំងពីមន្ត្រីបរិស្ថាននោះទេ៖ «ស្ថានភាពព្រៃឡង់មានការដឹកជញ្ជូនឈើច្រើនមែនទែន។ អ្នកភូមិ និងអ្នកស្រុកហ្នឹង បានទៅធ្វើឈើដឹកឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូដ លក់ឱ្យក្រុមហ៊ុន ច្រើនមែនទែនក្នុងតំបន់ព្រៃឡង់»។
ចំណែកលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) វិញ លោកអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ នៅតែកើតមានច្រើនជារៀងរាល់ថ្ងៃ ឈ្មួញធំៗ បានក្លាយជាឧកញ៉ា ក្រសួងបរិស្ថានមិនអើពើទប់ស្កាត់នោះទេ ក៏ប៉ុន្តែបែរជាបង្ក្រាប និងចាប់ចងសកម្មជនការពារព្រៃឈើទៅវិញ៖ «នៅពេលដែលមានក្រុមសកម្មជនមួយក្រុមតួចដែលនៅសេសសល់ ហ៊ានលះបង់ពេលវេលាហ៊ានលះបង់អាយុជីវិត និងលះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីចូលការពារជំនួសគេ ហើយពេកគេចាប់ហ្នឹង។ ពេលគេចាប់គេចោទថា អ្នកឯងចូលព្រៃអត់ការអនុញ្ញាត អាហ្នឹងវាហួសចិត្ត។ ក្រសួងបរិស្ថានធ្វើបែបអ៊ីចឹង វាថោកទាប និងអាម៉ាស់បំផុតហើយអាម៉ាសពិភពលោកទាំងមូល ព្រោះ អ៊ូច ឡេង គាត់ទទួលមានពានរង្វាន់ ដែលគេទទួលស្គាល់វីរជនព្រៃឈើទូទាំងពិភពលោក»។
លោក អ៊ូច ឡេង ជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize និងជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រួមទាំងសកម្មជនការពារព្រៃឈើ ៤រូបទៀត រួមមានលោក ហេង ស្រស់ លោក ម៉ាន ម៉ាត់ លោក ហេង រ៉ុន និងលោក តង ជាង ត្រូវបានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅពេលដែលពួកគេដើរប្រមូលភស្តុតាងបទល្មើសព្រៃឈើ ព្រមទាំងបំបួសដើមឈើ និងដាក់ស្លាកសញ្ញាតាមដើមឈើធំៗ កុំឲ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាប់ក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I do not understand the people who taking care of the forest not allowing to go in the forest to protecting it and HUN SEN said he really need people to take care of the last forest that left over. no one believe to this evil killer HUN SEN he talked one way he don another way . HUN SEN was really KBOTH CHEATH indeed no question to ask . we knew if Cambodian not rising up to take their powers every thing will be over soon