ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ខ្វះ​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ

ដោយ ខែ សុណង
2021-02-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ខ្វះ​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ

(ឆ្វេង) លោកស្រី ព្រុំ ចាន់ថា ប្រពន្ធ​​របស់​លោក​ កាក់ កុម្ភារ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ ម៉ាស់ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង។ រូប៖ ពលរដ្ឋ និង​ហ្វេសប៊ុក​លោក ជុំ ពុទ្ធី


សាច់ញាតិ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន ចូល​សួរ​សុខ​ទុក្ខ​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី១០ កុម្ភៈ។ ពួកគាត់​ឱ្យ​ដឹង​ថា មន្ទីរ​ឃុំឃាំង​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជាប់​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា មន្ត្រី​ពន្ធនាគារ​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ដំណឹង​អំពី​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​នេះ ត្រូវ​បាន​ទម្លាយ​តាម​រយៈ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ដែល​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី១០ កុម្ភៈ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក​ កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ប្រាប់​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​ជួប​ប្ដី​នៅ​ពន្ធនាគារ​ថា អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ដោះស្រាយ​នៅ​ឡើយ​ទេ៖ «និយាយ​រួម​ទៅ អនាម័យ​ធំ​បំផុត​គឺ ទឹក​ហ្នឹង ហើយ​អ្នក​ខ្លះ​ទៅ មាន​រមាស់​វា​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក វិលវល់​នៅ​ក្នុង​ហ្នឹង​ទាំង​អស់ វា​អត់​បាត់​ហ្មង។ ដូច​ថា មនុស្ស​គាត់​ធាត់​ផង ហើយ​ការ​គេង​របស់​គាត់​ប្រែប្រួល​ចុះ​ឡើង ដល់​ពេល​អីចឹង​ទៅ ដល់​បន្ទប់​តូច​ចង្អៀត បើ​តាម​ខ្ញុំ​គិត​បែប​មួយ​ការ៉ូ​ម្នាក់​ហ្នឹង ងាប់​ហើយ មើល​ទៅ។ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​មែនទែន សូម្បី​តែ​ខ្ញុំ​ប្រែប្រួល​ក៏​ពិបាក​ដែរ ចុះ​ទម្រាំ​តែ​គាត់​ទៀត។ និយាយ​ទៅ​ចង់​អួល​ដើម​ករ ប៉ុន្តែ​ខ្ញុំ​អត់​ទឹក​ភ្នែក​ទៀត​ទេ ព្រោះ​ខ្ញុំ​អស់​ទឹក​ភ្នែក​ក្នុង​ការ​ហូរ​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត លោក​ស្រី កុល សាត ថ្លែង​ថា ប្ដី​របស់​លោក​ស្រី គឺ​លោក គង់ ម៉ាស់ មាន​សភាព​ស្លេក​ស្លាំង​ខុស​ប្រក្រតី ដោយ​សារ​មួយ​រយៈ​នេះ លោក​សម្រាន្ត​មិន​សូវ​លក់ បណ្ដាល​មក​ពី​បន្ទប់​ឃុំ​ឃាំង​ចង្អៀត​ណែន និង​គ្មាន​ទឹក​ងូត​គ្រប់​គ្រាន់៖ «ខ្ញុំ​បារម្ភ​ពី​គាត់​ដោយសារ​តែ​គាត់​ហ្នឹង​លើស​ឈាម​ផង​ ហើយ​បើ​សិន​ជា​គាត់​គិត​ច្រើន​អ៊ីចឹង ប្រហែល​ជា​វា​អាច​ប៉ះពាល់​ ព្រោះ​អី​ពេល​ដែល​គាត់​ចេញ​លើក​មុន គឺ​គាត់​មក​និយាយ​ភ្លេចភ្លាំង​ទេ»

ជន​ជាប់​ឃុំ​នយោបាយ​ទាំង​នោះ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយ​ការ​ខ្វះ​ទឹក​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ឱ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​ពួក​គាត់។

ក្រុម​ស្ត្រី​ទាំង​នេះ​ឱ្យ​ដឹង​ទៀត​ថា ប្ដី​របស់​គាត់ និង​ជន​ជាប់​ឃុំ​មួយ​ចំនួន​ទៀត និយាយ​ភ្លេច​មុខ​ភ្លេច​ក្រោយ ដោយសារ​អាជ្ញាធរ​បាន​ដាក់​វិទ្យុសកម្ម ដែល​ជា​ឧបករណ៍​ផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ខ្វះ​ទឹក​នេះ​នៅ​ឡើយ​ទេ។ ចំណែក​ករណី​ការ​ដាក់​ប្រព័ន្ធ​ផ្ដាច់​សេវា​ទូរស័ព្ទ​វិញ លោក​ថា មន្ត្រី​ជំនាញ​ធ្លាប់​ត្រួតពិនិត្យ​រួច​មក​ហើយ គឺ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​សុខភាព​របស់​ជន​ជាប់​ឃុំ​ឡើយ៖ «បើ​ខាង​បច្ចេកទេស​គេ​បញ្ជាក់​មក​អីចឹង​ឱ្យ​ខ្ញុំ​ទៅ​ បញ្ជាក់​លើស​ពី​ហ្នឹង​ម៉េច។ បើ​ថា​យ៉ាង​ណាៗ ទេ អា​ហ្នឹង​សូម​ឱ្យ​ជន​ជាប់​ឃុំ​ហ្នឹង​គាត់​ធ្វើ​លិខិត​មក​ក្រសួង​មក ហើយ​ក្រសួង​គាត់​មាន​វិធានការ​ស្រាវជ្រាវ ព្រោះ​កម្រិត​ខាង​ខ្ញុំ​នេះ អត់​មាន​ជំនាញ​ផ្នែក​បច្ចេកទេស​ទៅ​វាស់​ស្ទង់​កម្រិត​ឧបករណ៍​ហ្នឹង​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត កត់​សំគាល់​ថា អង្គការ​លោក​ក៏​ទទួល​ដំណឹង​ពី​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ជាប់​ឃុំ​ឱ្យ​បាន​ឆាប់ ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ពួក​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​និយាយ​ថា អ្នក​ជំនាញ​ធ្លាប់​ប្រាប់​លោក​ថា ប្រព័ន្ធ​កាត់ផ្ដាច់​សេវា​ទូរស័ព្ទ​នេះ ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស៖ «គេ​លើក​ឡើង​ថា ក៏​វា​ជា​ផល​ប៉ះពាល់​មួយ​ដែរ សម្រាប់​អ្នក​ជាប់​ឃុំ​ដែល​នៅ​ក្រោម​នៃ​ការ​ចាប់​នៃ​ប្រព័ន្ធ​ទប់​ទូរស័ព្ទ ពីព្រោះ​អា​ហ្នឹង​ក៏​វា​ជា​មាន​រលក​នៃ​វិទ្យុសកម្ម​មួយ​ផង​ដែរ»

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក​ដល់​ថ្ងៃ​ទី១០ កុម្ភៈ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន ជាង ៧០នាក់ ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ជា​ដើម។

ក្រុម​គ្រួសារ​សកម្មជន​ទាំង​នោះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដោយ​អយុត្តិធម៌។ ពួក​គាត់​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​សកម្មភាព​តស៊ូ​មតិ ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​បន្ត​ទៅ​មុខ​ទៀត រហូត​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ខ្វះ​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ"

  1. auswelllife says:

    Quality articles or reviews is the key to interest the visitors to pay a visit the website, that’s what this web page is providing.

Leave a Reply

Submit Comment