តើ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត ជា​នរណា?

ដោយ ទីន ហ្សាការីយ៉ា
2021-02-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត ជា​នរណា?

លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ។ Photo courtesy of United Nations Free & Equal


ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ជ្រើស​អ្នក​ជំនាញ​ខាង​ច្បាប់ និង​សិទ្ធិមនុស្ស​អន្តរជាតិ មក​កាន់​តួនាទី ជា​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ជំនួស​អ្នកស្រី រ៉ូណា ស្មីត។

លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជ្រើសរើស​ពី​ក្នុងចំណោម​មនុស្ស​៣​នាក់​ចុងក្រោយ ដើម្បី​យក​មក​ជំនួស​អ្នកស្រី រ៉ូណា ស្មីត។

តើ​លោក វិទិត ម៉ុនតារបន ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​ដូចម្ដេច​ខ្លះ?

លោក វិទិត ម៉ុនតារបន គឺជា​មនុស្ស​ទី​៧​ ហើយ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​ជ្រើសរើស​មក​កាន់​តួនាទី​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ជំនួស​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​នឹង​ផុត​អាណត្តិ។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​ប្រកាស​តែងតាំង លោក វិទិត ម៉ុនតារបន ជា​អ្នករាយការណ៍​ពិសេស​ទទួល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផ្លូវការ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ខែ​មីនា​ ឆ្នាំ​២០២១ ខាងមុខ។

លោក វិទិត ម៉ុនតារបន គឺជា​អ្នក​មនុស្ស​លេចធ្លោ​ជនជាតិ​ថៃ ដែល​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​ក៏​កំពុង​កាន់​តំណែង​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន នៅ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​ រួមមាន ជា​សមាជិក​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការអនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ។ លោក​ត្រូវ​បាន​អង្គការ​ស​អង្គការសហប្រជាជាតិ​តែងតាំង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ឆ្នាំ​២០១៨ ជា​អ្នក​ជំនាញ​ឯករាជ្យ ប្រឆាំង​នឹង​អំពើ​ហិង្សា​ និង​ការរើសអើង​ផ្លូវ​ភេទ និង​យេនឌ័រ​។ លោក​ក៏​ធ្លាប់​បំពេញ​មុខងារ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ផ្នែក​សិទ្ធិមនុស្ស នៅ​ប្រទេស​កូរ៉េខាងត្បូង មុន​នឹង​ទទួល​ការតែងតាំង​សម្រាប់​ស៊ើបអង្កេត​បញ្ហា​សិទ្ធិមនុស្ស​នេះ​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ​ទៀត លោក​ជា​សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ប្រទេស​ថៃ។ លោក​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ ២០០៤ «​ស្ដីពី​ការអប់រំ​សិទ្ធិមនុស្ស​»​។ លោក​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ឥស្សរជន​ឆ្នើម​នៅ​ឆ្នាំ២០១៨ សម្រាប់​ការ​លះបង់​របស់​លោក​លើ​វិស័យ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​។​

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ស្វាគមន៍​លោក វិទិត ម៉ុនតារបន ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជ្រើសតាំង​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ជំនួស​អ្នកស្រី រ៉ូណាស្មីត ដែល​នឹង​ផុត​អាណត្តិ​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា លោក វិទិត ម៉ុនតារបន សម​នឹង​ជា​អ្នក​រាយ​ការ​ពិសេស​របស់​អង្គការសហប្រជាជាតិ ព្រោះ​គាត់​មាន​ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់​លើ​កិច្ចការ​សិទ្ធិមនុស្ស ៖ «ការងារ​ក៏​លំបាក​មួយ​សម្រាប់​កម្ពុជា​ក្នុង​ស្ថានភាព​មួយ ដែល​ស្ថានភាព​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​នេះ លោក​ត្រូវតែ​បំពេញការងារ​យ៉ាង​លំបាក​បន្ត​ពី​លោកស្រី រ៉ូណា ស្មីត បន្ត​ទៅ​ទៀត ប៉ុន្តែ​សង្ឃឹម​ថា ក្នុង​អាណត្តិ​របស់​លោក​នេះ​នឹង​អាច​ជួយ​ស្តារ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ»។

លោក វិទិត ម៉ុនតារបន កើត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៥២​។ លោក​បាន​បញ្ចប់​ការសិក្សា ផ្នែក​ច្បាប់ ពី​សាកលវិទ្យាល័យ អុកហ្វូដ (Oxford) នៃ​ចក្រភព​អង់គ្លេស និង​ពី​សាកលវិទ្យាល័យ ប្រ៊ុចសែល (Brussels) នៃ​ប្រទេស​បែលហ្សិក (Belgium)។

លោក វិទិត ម៉ុនតារបន បាន​សរសេរ ក្នុង​លិខិត​ស្នើសុំ​ធ្វើការ​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នោះ​ថា កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សំគាល់​លើ​វិស័យ​មួយ​ចំនួន ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ​មក ដូចជា​សេដ្ឋកិច្ច វិស័យ​វប្បធម៌ និង​អប់រំ​ជាដើម​។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិមនុស្ស ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ។

លោក​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ លោក​អំពាវនាវ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ។ ជាពិសេស គឺ​ការធានា និង​ការ​ពង្រឹង​លំហ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ ការចូលរួម​របស់​ពលរដ្ឋ និង​តុល្យភាព​នៃ​អំណាច​ជាដើម។

លោក វិទិត ម៉ុនតារបន បាន​បញ្ជាក់​ជំហរ​របស់​លោក លើ​ការ​ប្ដេជ្ញាចិត្ត លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ស្ថាបនា ស្របតាម​គោលការណ៍​នៃ​អាណត្តិ​របស់​លោក និង​​ប្រកប​ដោយ​​ការ​​គោរព។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តែងតាំង​លោក វិទិត ម៉ុនតារបន មក​ជំនួស​អ្នកស្រី រ៉ូ​ណា​ស្មី​ត​នេះ នៅ​ស្រប​ពេល​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងតែ​ធ្លាក់​ចុះ​ដុនដាប​។ រីឯ​អ្នកស្រី រ៉ូណា ស្មីត វិញ បាន​មក​កាន់​តួនាទី​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ជំនួស លោក សូរីយ៉ា សូប៊ែឌី (Soriya Suberdy) ដែល​ផុត​អាណត្តិ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៥ ​នោះ ក៏​ក្នុង​ពេល​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​ដែរ។

អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ឬ​អ្នក​អង្កេត​ការណ៍ នៃ​អង្គការសហប្រជាជាតិ មាន​អាណត្តិ​ជា​កំណត់ ដែល​អង្គការសហប្រជាជាតិ​បាន​ជួល​មក​ធ្វើការ​តាមដាន​និង​ស៊ើបអង្កេត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ អ្នករាយការណ៍​ពិសេស​នេះ មិនមែន​ជា​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ទេ ប៉ុន្តែ​ជា​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ តំណាង​ឱ្យ​អង្គការសហប្រជាជាតិ ដែល​បំពេញ​តួនាទី​ជា​អ្នកស៊ើប​អង្កេត​ឯករាជ្យ និង​តាមដាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដើម្បី​ធ្វើ​របាយការណ៍ និង​ផ្ដល់​អនុសាសន៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស សម្រាប់​ដាក់​ជូន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សង្ឃឹម​ថា លោក វិទិត ម៉ុនតារបន នឹង​អាច​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើងវិញ។

រីឯ​លោក អំ សំអាត​ វិញ ក៏​សង្ឃឹម​ដែរ​ថា លោក វិទិត ម៉ុនតារបន នឹង​បន្ត​បេសកកម្ម​ពី​អ្នកស្រី រ៉ូ​ណា​ស្មីត ដែល​មិនទាន់​ជោគជ័យ​ទាំងស្រុង​លើ​ការងារ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​នេះ​៖ «អ្វី​ដែល​ចង់​ឃើញ​បន្ត​ទៅ​ទៀត​នេះ គឺ​ចង់​ឱ្យ​អ្នករាយការណ៍​ពិសេស​ខិតខំ​ធ្វើ​ការ​បន្ត​ពី​អ្នកស្រី រ៉ូណា ស្មីត ហើយ​ត្រូវ​ខិតខំ​ធ្វើការ​បន្ត​ទៀត ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​នេះ ហើយក៏​មិន​មែន​​ជា​រឿង​ងាយស្រួល​ទេ សម្រាប់​កិច្ចការ​នេះ»។

លោក វិទិត ម៉ុនតារបន នឹង​ចាប់ផ្ដើម​បំពេញ​តួនាទី​ថ្មី​នេះ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ​ឆ្នាំ​២០២១​ ខាងមុខ។ ក្រុម​ការពារ​សិទ្ធិមនុស្ស​ស្រុក​រំពឹង​ថា អ្នករាយការណ៍​សិទ្ធិមនុស្ស​ថ្មី​នេះ នឹង​ខិតខំ​បន្ត​ទៀត ដើម្បី​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment