បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​រិះគន់​លោក ហ៊ុន សែន រឿង​ប្រាប់​ពលរដ្ឋ​ថា កុំ​ខ្វល់​ពី​ប្រភព​វ៉ាក់​សាំង​កូវីដ១៩

ដោយ សុជីវី
2021-02-10
RFA

បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​រិះគន់​លោក ហ៊ុន សែន រឿង​ប្រាប់​ពលរដ្ឋ​ថា កុំ​ខ្វល់​ពី​ប្រភព​វ៉ាក់​សាំង​កូវីដ១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង​ក្រសួងព័ត៌មាន


មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ថា លោក ហ៊ុន សែន ហាក់​គ្មាន​ការ​ទទួល​​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​នោះ​ឡើយ។ ការ​រិះគន់​ធ្ងន់ៗ​ នេះ ក្រោយ​ពេល​លោក​ ហ៊ុន សែន ប្រកាស​ថា មិន​ត្រូវ​ខ្វល់​រឿង​ប្រភព​វ៉ាក់សាំង ឬយី​ហោ​វ៉ាក់​សាំង​នោះទេ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំង​មើល​សង្គម​បន្ត​រិះគន់​លោក ហ៊ុន សែន ថា  កំពុង​​យក​អាយុជី​វិត​ប្រជា​ពលរដ្ឋទៅ​លេង​សើច និង​ខ្វះការ​ទទួល​ខុស​ត្រូវ​​ក្នុង​នាម​ជាអ្នក​ដឹកនាំ​។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀម​រាបលោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​សួរនាំ ឬដឹង​លឺពី​ប្រភព​​វ៉ាក់​សាំង​កូវីដ១៩ ​នេះ គឺ​ជា​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​យក​​​​​អាយុ​ជីវិត​របស់​ពួក​គាត់​ទៅ​លេង​សើច៖ «លោក ហ៊ុន សែន គាត់​មិន​បាន​គិតពី​សុខភាព​ប្រជា​ពលរដ្ឋ​ជាធំ​ទេ ទោះបី​វ៉ាក់​សាំង​នោះ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សុខភាព​របស់​ប្រជា​ពលរដ្ឋ។​ក៏ដោយ គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខុមាល​ភាព ហើយ​នឹង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ទៅ​យក​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​ពិសោធន៍​វ៉ាក់​សាំង​របស់​ចិន​ដែល​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខ​ភាព​ពិភព​លោក។ ដូច្នេះ​ គាត់យក​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​ពិ​សោធន៍​វាក់​សាំង​ចិន​ហ្នឹង​ជំនួស​សត្វ​កណ្តុរ»​​​​​​​​​

ដូចគ្នា​នេះ​ដែរ អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គួរទទួល​​ខុស​ត្រូវ​ឲ្យ​បាន​ខ្ពស់​ជាង​នេះ ចំពោះ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោក​សង្កេត​ឃើញ ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិននេះ លោក ហ៊ុន សែន ហាក់​ចង់​ផ្គាប់​ចិត្ត​ប្រទេស​ចិន​ ជាង​ការ​​យកចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ពលរដ្ឋ៖ «ខ្ញុំ​យល់​ថា ក្នុង​នាម​ជា​មេដឹក​នាំ​ម្នាក់​ត្រូវ​តែ​គិត​អំពីផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ជាធំ មុន​នឹង​ខ្លួន​សម្រេច​ទៅ​លើ​កិច្ច​ការ​អ្វី​មួយ ជា​ពិសេស​គឺ​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​អាយុ​ជីវិតជាតិ​ដូចជា ការ​ចាក់​វ៉ាក់​សាំង​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ។ ព្រោះ​ប្រជាជន​កម្ពុជា​មិន​មែន​ជា​ប្រជាជន​សម្រាប់​ការ​ពិសោធន៍​របស់​មហា​អំណាច​ណា​មួយ​ទេ»​​​​​​​​​​​​

ប្រតិកម្ម​ធ្ងន់ៗ ​ពី​សំណាក់​មន្ត្រីបក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថាន​ការណ៍​កម្ពុជា​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ​ប្រកាស​ថា ពលរដ្ឋ​មិន​គួរ​ព្រួយ​បារម្ភ​​អំពី​កម្ពុជា​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ មក​ពី​ប្រភព​ណា ឬ​មាន​ម៉ាក​អ្វី​នោះ​ទេ។ លោក​ថា អ្វី​ដែល​គួរឱ្យ​បារម្ភ​នោះ គឺ​រឿង​គ្មាន​វ៉ាក់​សាំង​ចាក់​ទៅ​វិញ​ទេ ព្រោះ​វ៉ាក់​សាំង​កូវីដ១៩ គ្មាន​លក់​នៅ​តាម​ផ្សារដូច​ត្រី និង​ត្រកួន​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​លើ​ទំព័រ​ហ្វេស​ប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី១០ កុម្ភៈ បន្ទាប់​ពី​កូនៗ ​របស់​លោក​មួយ​ចំនួន និង​មន្ត្រី​គ្រាក់ៗ ​ជា​ច្រើន​នាក់​ទៀត បាន​ចាប់​ផ្តើម​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន​។ កូន​បង្កើត និង​កូន​ប្រសារ​របស់​លោក ហ៊ុន សែន ដែល​ចាក់​វ៉ាក់​សាំង​ស៊ីណូហ្វាម​របស់​ចិន​នេះ រួម​មាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណិត និង​លោក សុខ​ ពុទ្ធិវុធ។ ចំណែក លោក ហ៊ុន ម៉ានី និង​លោក ឌី វិជ្ជា វិញ គ្រូពេទ្យ​មិន​ទាន់​ចាក់​វ៉ាក់សាំង​ឱ្យ​នៅ​ឡើយ​ទេ​នៅថ្ងៃ​ទី១០ កុម្ភៈ ក្រោម​ហេតុ​ផល​ថា ​ពួក​លោក​មាន​បញ្ហា​សុខភាព។ លោក ហ៊ុន សែន អះអាង​ថា ការ​ដែល​កូនៗ ​របស់​លោក​ចាក់​វ៉ាក់​សាំង​ជំនួស​លោក​ដែល​លើស​អាយុ​មិន​អាច​ចាក់​បាន​​នេះ បង្ហាញ​ពីការ​ទទួល​ខុស​ត្រូវ​របស់​លោក ចំពោះ​មុខ​ប្រ​ជាពលរដ្ឋ។

ក្រៅ​ពីនេះ មន្ត្រី​កំពូលៗ ថ្នាក់​រដ្ឋ​មន្ត្រី រដ្ឋ​លេខា​ធិការ ​អនុរដ្ឋ​លេខា​ធិការ និង​អភិបាល​ខេត្ត ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ជា​ច្រើន​រូប ក៏​បាន​ចាក់​វ៉ាក់​សាំង​ស៊ីណូហ្វាម​របស់​ចិន​នេះ​ដែរ។ ក្រុម​មន្ត្រី​ទាំង​នោះ​អះអាង​​ដូចៗ គ្នា​ ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​នោះ​ថា ពួកគេ​ពុំ​មាន​អាការៈ​ខុស​ប្លែកអ្វី​នៅ​ក្នុង​ខ្លួន​ ឬ​អស់​កម្លាំង​អ្វី​នោះទេ។

ការ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​លើក​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ទីតាំង​ ៥កន្លែង​ រួមមាន មន្ទីរ​ពេទ្យ​កាល់ម៉ែត សម្រាប់​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋ​លេខាធិការ ឬអ្នក​ដែល​មាន​ឋានៈ​ស្មើ មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​សម្រាប់​​អនុរដ្ឋ​លេខាធិការ មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត សម្រាប់​អភិបាល​រាជធានី-ខេត្ត មន្ទីរ​ពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារ​ព័ត៌មាន និង​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​សម្រាប់​នាយ​ទាហាន។

ជុំវិញ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ នេះ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្នើ​ឲ្យ​រដ្ឋា​ភិបាលត្រូវ​បង្ហាញ​ពត៌មាន​អំពី​ប្រភេទ​វ៉ាក់​សាំង​ដែល​យក​មក​ចាក់​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់ ជា​ពិសេស គឺ​ត្រូវ​​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវពី​អង្គការ​សុខភាព​ពិភព​លោក។

វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​​ចិន​ជំហាន​ដំបូង ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី៧ ខែកុម្ភៈ មាន​ចំនួន ៦សែន​ដូស ខណៈ​វ៉ាក់​សាំង ៤សែន​ដូស​ទៀត​នឹង​ត្រូវ​​បញ្ជូន​មក​ដល់​នៅ​ពេល​​ក្រោយ។ លោក​ ហ៊ុន សែន រំពឹង​ថា ភាគី​ចិន​អាច​នឹង​បញ្ជូន​លើសពីចំនួន​ ១លាន​ដូស​ដល់​កម្ពុជា ស្រប​ពេល​ប្រទេស​ឥណ្ឌា​បាន​សន្យា​ផ្តល់​វ៉ាក់​សាំង ​១សែន​ដូស​ដល់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា មក​ដល់​ដើម​ខែកុម្ភៈ​នេះ​ទៅ​ហើយ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​ប្រកាស​ថា ទិញ​បាន​វ៉ាក់សាំង​ណា​មួយ ​ដែល​​អង្គការ​សុខភាព​ពិភពលោក​​ទទួល​ស្គាល់​នៅឡើយ​ទេ ក្រៅ​ពីការ​ស្នើសុំ​ប្រទេស​ជាមិត្ត​នោះ ខណៈលោក ហ៊ុន សែន ​កៀរគរ​បាន​ថវិកា​រាប់​សិប​លាន​ដុល្លារ និង​ធ្លាប់​ប្រកាស​ថា រដ្ឋាភិបាល​មាន​ថវិកា​បម្រុង​ទុក​ជាច្រើន​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment