អ្នក​សិទ្ធិមនុស្ស​ទទូច​ជា​ថ្មី​ទៀត​ឱ្យ​បញ្ឈប់​ការ​ផ្ដន្ទាទោស​ពលរដ្ឋ​ដែល​បញ្ចេញមតិ និង​ការ​ឈឺឆ្អាល​បញ្ហា​ព្រំដែន

ដោយ សុជីវី
2021-02-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​សិទ្ធិមនុស្ស​ទទូច​ជា​ថ្មី​ទៀត​ឱ្យ​បញ្ឈប់​ការ​ផ្ដន្ទាទោស​ពលរដ្ឋ​ដែល​បញ្ចេញមតិ និង​ការ​ឈឺឆ្អាល​បញ្ហា​ព្រំដែន

​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។ Photo Provided


អ្នកការពារ​សិទ្ធិមនុស្ស​សោកស្ដាយ​នៅ​ពេល​ដែល​តុលាការ​បន្ត​ដាក់ទោស​ពលរដ្ឋ ដោយសារតែ​ការ​បញ្ចេញ​មតិ និង​ការ​ឈឺឆ្អាល​បញ្ហា​ព្រំដែន​។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ បាន​កាត់ទោស​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ឆ្នាំ ៨ខែ (២០​ខែ​) និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ដើមបណ្ដឹង ចំនួន​ ២ពាន់​លាន​រៀល ឬ​ស្មើ​ ៥០ម៉ឺន​ដុល្លារ ក្រោម​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ជា​ថ្មី​ទៀត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​តុលាការ ឱ្យ​បញ្ឈប់​ការ​ផ្តន្ទាទោស​ពលរដ្ឋ ដោយសារ​ការ​បញ្ចេញ​មតិ និង​ការ​ឈឺឆ្អាល​បញ្ហា​ព្រំដែន​តទៅទៀត ពីព្រោះ​សិទ្ធិ​សេរីភាព​ទាំងនេះ​មាន​ធានា​ដោយ​ច្បាប់​ពុំ​មែន​ជា​បទល្មើស​ឡើយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​បញ្ហា​ព្រំដែន និង​បទចោទប្រកាន់​លោក សួង សុភ័ណ្ឌ ចៀសវាង​ចោទប្រកាន់ និង​ដាក់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ដោយ​ស្ដាប់​តែ​របាយការណ៍​ភាគី​តែ​ម្ខាង​។ ម្យ៉ាងទៀត​តុលាការ​គួរតែ​ថ្លឹងថ្លែង​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកា​រសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​។ លោក​យល់ថា ការ​បន្ត​កាត់ក្ដី​បែបនេះ​ពិបាក​នឹង​ឱ្យ​តុលាការ​នេះ​គេច​ផុត​ពី​ការ​រិះគន់​ថា បំពេញ​ការងារ​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ៖ «សហគមន៍​ជាតិ និង​អន្តរជាតិ គេ​បាន​លើក​ឡើង​រាល់​សកម្មជន​ដែល​មាន​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល​គឺ​តែងតែ​មាន​ការ​ចាត់​វិធានការ ឬក៏​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ អ៊ីចឹង​ហើយ​បាន​យើង​យល់​ថា ក្នុង​ករណី ឬ​សំណុំ​រឿង​នេះ​វា​មិនមែន​ជា​សំណុំរឿង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​អ្វី​នោះ​ទេ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ស្ថានភាព​នយោបាយ ឬ​វិវាទ​នយោបាយ​ហ្នឹង​ច្រើនជាង»។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភណ្ឌ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំ​ ៨ខែ ពិន័យ​ជា​ប្រាក់ ៤លាន​​រៀន ស្មើនឹង ​១.០០០​ដុល្លារ​​ចូល​រដ្ឋ និង​សងជំងឺចិត្ត​ចំនួន ២រយ​លាន​រៀល ដែល​ស្មើនឹង ៥០ម៉ឺន​​ដុល្លារ ទៅ​ឱ្យ​ដើមបណ្ដឹង​គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។

អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រូប​នេះ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ គឺ​មួយថ្ងៃ​ក្រោយ​ពេល ដែល​លោក​បាន​ចូលរួម​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ការ​ចាប់​ខ្លួន​នោះ​ទៀតសោត​គឺ​នៅ ​៤​ថ្ងៃក្រោយ​លោក​បាន​ចុះទៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ លោក​បាន​ចុះ​តាម​ទីតាំង​ព្រំដែន ដែល​បាន​បោះ​បង្គោល​រួចរាល់ ហើយក៏​ជាទី​តាំង​ដែល​លោក រ៉ុង ឈុន បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ដែល​ថា ពលរដ្ឋ​បាន​អះអាង​ពី​ការបាត់បង់​ដី​ទៅ​ឱ្យ​វៀតណាម ដោយសារតែ​ការ​បោះបង្គោល​ទាំងនោះ​។ លោក សួង សុភ័ណ្ឌ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ចៅក្រម ឡេ សុខា ដែល​បាន​ជំនុំជម្រះ​រឿងក្ដី​នេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា បាន​លើក​ឡើង​ថា​ក្នុង​ពេល​ចូលរួម​តវ៉ា​​ឱ្យ​ដោះលែង លោក រ៉ុង ឈុន នោះ លោក សួង សុភ័ណ្ឌ បាន​ថ្លែង​សារ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល តុលាការ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន។ លើស​ពី​នេះ​ចៅក្រម​លើក​ឡើង​ថា ការ​លើកឡើង​អំពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​របស់ លោក សួង សុភ័ណ្ឌ គឺជា​ព័ត៌មាន​បំផ្លើស​ក្នុង​បំណង​ញុះញង់​ប្រជាជន​ឱ្យ​ប្រឆាំង​មេដឹកនាំ​រដ្ឋាភិបាល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា នៅ​ពេល​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​រូបលោក លោក សួង សុភ័ណ្ឌ បាន​បដិសេធ​ការសម្រេច​នោះ និង​ថា​លោក​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន និង​ដាក់ទោស​អ្នក​ហ៊ាន​ចេញមុខ​បញ្ចេញមតិ​ពី​បញ្ហា​ព្រំដែន​នេះ​លោក ស៊ឹង សែន ករុណា មាន​មតិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ផ្ដល់​ព័ត៌មាន​ពេញលេញ និង​គួរ​ឱ្យ​ទុកចិត្ត​ដល់​ពលរដ្ឋ ពី​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​វៀតណាម ព្រមទាំង​ត្រូវ​សម្រួល​ឱ្យ​គ្រប់​ភាគី​អាច​ទៅដល់​តំបន់​ព្រំដែន​ពិនិត្យ​ស្ថានភាព នៅ​ទីនោះ ជាជាង​ទុក​ឱ្យ​ពលរដ្ឋ​តវ៉ា​ថា បាត់​ដី និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ដែល​ឈឺឆ្អាល​រឿង​នេះ៖ «ធម្មតា​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​របស់​ខ្លួន មាន​សិទ្ធិ​ក្នុង​ការ​ចាត់ចែង​អ៊ីចឹង​មែន ប៉ុន្តែ​ក្នុង​ចំណុច​ពី​ការ​តាមដាន​របស់​សាធារណជន មតិ​ជាតិ និង​អន្តរជាតិ​គេ​ប្រាកដ​ជា​ឆ្ងល់​ហើយ គេ​ច្បាស់​ជា​ដាក់​សំណួរ​ហើយ​ថា តើ​មាន​អ្វី​ដែល​ជា​ចំណុច​មន្ទិល​សង្ស័យ​ទើប​មានការ​រារាំង ចុះទៅ​ព្រំដែន​?​បែប​ហ្នឹង​អ៊ីចឹង​វា​ជា​ចម្ងល់​ដែល​នាំ​ឱ្យ​មានការ​រិះគន់»។

សំណុំរឿង​ទាក់ទង​នឹង​បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន ប្រធាន​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ បន្ទាប់​មក​បាន​ចាប់ខ្លួន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជន​សិទ្ធិ​ការងារ កញ្ញា សរ កនិកា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក តុន និមល ដែល​អ្នក​ទាំង​៤​ក៏​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​សិទ្ធិមនុស្ស​ទទូច​ជា​ថ្មី​ទៀត​ឱ្យ​បញ្ឈប់​ការ​ផ្ដន្ទាទោស​ពលរដ្ឋ​ដែល​បញ្ចេញមតិ និង​ការ​ឈឺឆ្អាល​បញ្ហា​ព្រំដែន"

  1. Anonymous says:

    SONG SOPHAN can not be a KBOTH CHEATH person I do not think he can sell this country to any one but I knew who capable of selling this country is HUN SEN and MEYANMA’s military leader can be capable to sell their country to CHINA

Leave a Reply

Submit Comment