ដោយ ទីន ហ្សាការីយ៉ា
2021-02-12
RFA

(ឆ្វេង) លោក មីន អ៊ូង ហ្លាំង (Min Aung Hlaing) មេដឹកនាំយោធារបស់ប្រទេសភូមា ឬម៉ាយ៉ាន់ម៉ា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ AFP និងហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ១២/២៩/១៨
ក្រុមបាតុករធ្វើបាតុកម្មនៅភូមា ឬមីយ៉ាន់ម៉ា (Myanmar) កំពុងតែផុលផុសឡើង មានទាំងសិល្បករ គ្រូបង្រៀន សិល្បករ ចេញដើរពេញផ្លូវនៅទីក្រុង យ៉ាំងហ្គូន (Yangon) ប្រឆាំងនឹងមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារយកអំណាចពីរដ្ឋាភិបាលស៊ីវិល។ ក្រុមអ្នកវិភាគថា រដ្ឋប្រហារយោធានៅភូមានេះ មានលក្ខណៈស្រដៀងគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនមេបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាវិញ ច្រានចោលការលើកឡើងនេះ ហើយថា កុំយកកម្ពុជា ប្រៀបធៀបនឹងភូមា។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា មេដឹកនាំយោធាភូមា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនេះដោយសារតែ មិនទុកចិត្តខ្លួនឯង នៅពេលដែលអស់អំណាច ខ្លាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផ្សេងៗ មិនខុសពីមេដឹកនាំកម្ពុជារំលាយគណបក្សសង្គ្រោះជាតិចោលនោះទេ។
ទីប្រឹក្សាអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ក្រុមមេដឹកនាំយោធាភូមាបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលដោយយកលេសថា លទ្ធផលបោះឆ្នោតមិនត្រឹមត្រូវនោះ គ្រាន់តែចង់បិទបាំងអំពើអាក្រក់របស់ខ្លួនទេ។ លោកបញ្ជាក់ថា ក្រុមយោធាបានតាក់តែងច្បាប់ដោយខ្លួនឯង ហើយអ្នករៀបចំការបោះឆ្នោតមួយចំនួនក៏ជាអតីតមេទាហានដែរ៖ «យោធាទៅធ្វើរដ្ឋប្រហារដណ្ដើមអំណាចមកវិញ មិនត្រឹមត្រូវទេ ផ្ទុយទៅវិញ ក្រុមយោធាធ្វើច្បាប់យកអាសនៈសភា២៥% មិនចាំបាច់បោះឆ្នោត ត្រង់នេះទេ ដែលមិនត្រឹមត្រូវ បើមើលពីការបោះឆ្នោត និងការឃោសនាគឺត្រឹមត្រូវណាស់»។
មេដឹកនាំយោធាភូមា គឺលោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) បានដឹកនាំកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់អ្នកស្រី អ៊ុង សានសូជី (Aun San SuuKyi) កាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១។
ទាក់ទងនឹងរឿងនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេងសារី មានប្រសាសន៍ថា មេដឹកនាំយោធាធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុង សានសុជី នេះ ទំនងជាការចរចាមិនត្រូវគ្នា ពិសេសមេដឹកនាំយោធាទាមទារឱ្យបោះឆ្នោតឡើងវិញជាដើម។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ក្រុមឧត្តមសេនីយ៍យោធានេះ ខ្លាចបាត់បង់ទ្រព្យសម្បត្តិ និងអំណាច នៅពេលដឹងថា គណបក្សរបស់ខ្លួនលែងមានពលរដ្ឋគាំទ្រទៅហើយនោះ។ លោកបន្ថែមថា រដ្ឋប្រហារយោធានៅភូមានេះ មានលក្ខណៈស្រដៀងគ្នានឹងកម្ពុជាដែរ ដែលរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីឆ្នាំ២០១៧ ហើយចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ និងធ្វើទុក្ខម្នេញថ្នាក់ ដឹកនាំប្រឆាំងផ្សេងទៀតឱ្យរត់ទៅក្រៅប្រទេស៖ «នៅកម្ពុជាក៏ដូចគ្នាដែរ បើយើងមើលប្រតិកម្មរបស់គណបក្សកាន់អំណាចកន្លងមកគឺប្រតិកម្មបារម្ភខ្លាចពេលខ្លួនធ្លាក់ពីអំណាច ដូច្នេះទើបក្រាញហើយរកវិធីដើម្បីដោះស្រាយបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីពន្យារពេលគ្រប់គ្រង»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ស្ថានភាពនៅភូមាខុសពីកម្ពុជា មិនអាចប្រៀបធៀបគ្នាបានឡើយ។ លោកបញ្ជាក់ថា មេដឹកនាំយោធាភូមាផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលនោះ គឺដោយសារតែមិនបានទទួលជ័យជំនៈក្នុងការបោះឆ្នោត។ ដោយឡែកស្រាប់នៅកម្ពុជាវិញ គណបក្សប្រឆាំងដែលចាញ់ការបោះឆ្នោតមានបំណងផ្ដួលរលំរដ្ឋាភិបាល ទើបឈានដល់ការចាប់មេដឹកនាំនឹងរំលាយគណបក្សប្រឆាំងចោល៖ «នៅកម្ពុជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមានរឿងអីត្រូវទៅធ្វើរដ្ឋប្រហារនោះ មានតែអតីតគណបក្សប្រឆាំងទេ ដែលចាញ់ការបោះឆ្នោតហើយមានបំណងផ្ដួលរំលំតាំងពីតូចដល់ធំ ចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ការលើកឡើងរបស់លោក សុខ ឥសាន ផ្ទុយទៅនឹងសហគមន៍អន្តរជាតិ។ សហគមន៍ជាតិ អន្តរជាតិ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដូច ដែលប្រទេសលោកសេរីកំពុងតែថ្កោលទោសមេដឹកនាំយោធាភូមាបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលដូចគ្នាដែរ។ ក្រុមប្រទេសលោកសេរី រួមទាំងសហគមន៍អឺរ៉ុបផង បានទាមទារឱ្យរបបឯកបក្សងាកមកគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ម្យ៉ាងទៀតរបបឯកបក្សមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ ដោះលែងសកម្មជនបក្សប្រឆាំង និងអ្នកទោសមនសិការនេះហើយ ទើបជំរុញឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ ទំនិញគ្រប់មុខលើកលែងតែអាវុធ(EBA)ចេញពីកម្ពុជាចំនួន២០% ដោយសារតែរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ រីឯនៅភូមាវិញ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមេដឹកនាំយោធា លោក មីន អ៊ុងឡាំង និងមន្ត្រីជាន់ខ្ពស់យោធាមួយចំនួនទៀត។
រីនៅភូមាវិញ លោក គល់ បញ្ញា បានលើកពីមូលហេតុចម្បងដែលមេដឹកនាំយោធាងាកមកដណ្ដើមអំណាច ក្រោយពេលចាញ់ឆ្នោតនេះ ដោយសារតែបារម្ភខ្លាចបាត់បង់ទ្រព្យសម្បត្តិមហាសាលរបស់ខ្លួន។ លោកបញ្ជាក់ថា មេដឹកនាំយោធាបានប្រព្រឹត្តិអំពើពុករលួយ និងចង់ការពារក្រុមបក្ខពួករបស់ខ្លួនមិនខុសពីមេដឹកនាំកម្ពុជានោះទេ៖ «ដោយសារតែពួកយោធានេះគិតគូរពីផលប្រយោជន៍បុគ្គលនេះខ្លាំងណាស់ ដោយសារតែគាត់ភ័យព្រួយដោយសារតែគាត់រំលោភសិទ្ធិមនុស្សលើក្រុងរ៉ូហ៊ីងយ៉ា និងការប្រព្រឹត្តិអំពើពុករលួយ»។
លទ្ធផលនៃសន្ទស្សន៍ប្រព្រឹត្តិអំពើពុករលួយនៃអង្គការតម្លាភាពអន្តរជាតិចុងផ្សាយកាលពីចុងឆ្នាំ២០២០ បង្ហាញកម្ពុជា និងភូមា មានអំពើពុករលួយខ្លាំងដូចគ្នា។ ប្រទេសកម្ពុជាទទួលបាន ២១ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលជាការកើន១ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨។ រីឯភូមាវិញស្ថិតនៅលើលំដាប់ពិន្ទុ ២៨លើពិន្ទុអតិបរមា១០០ពិន្ទុ។
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំដែលប្រព្រឹត្តិអំពើពុករលួយ ឬមេដឹកនាំដែលសាងកំហុសក្នុងពេលដឹកនាំនោះ គួរតែធ្វើច្បាប់ការពារខ្លួន ដើម្បីចៀសផុតពីផ្លូវច្បាប់ផ្សេងៗក្រោយពេលធ្លាក់ពីអំណាច។
ទាក់ទងនឹងបញ្ហានេះ លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា នៅកម្ពុជា រដ្ឋាភិបាលគួរតែធ្វើច្បាប់ការពារខ្លួននេះ នៅពេលខ្លួនកំពុងតែដឹកនាំរដ្ឋាភិបាលនេះ៖ «ច្បាប់ដែលការពារអ្នកដែលកាន់កាប់អំណាចអាចជាគន្លឹះសម្រាប់ផ្សះផ្សាផ្លូវចិត្តនៅពេលខ្លួនធ្លាក់ពីអំណាចដែរ»។
លោក សុខ ឥសាន បដិសេធថា កម្ពុជាមិនចាំបាច់បង្កើតច្បាប់ការពារនាយកមន្ត្រីអ្វីឡើយ។ លោក អះអាងថា មេដឹកនាំកម្ពុជាគ្មានប្រព្រឹត្តិកំហុសអ្វីឡើយ៖ «អាហ្នឹងជាគំនិតក្រុមទុច្ចរិតទេ ចង់ឱ្យរដ្ឋាភិបាលធ្វើច្បាប់ហើយចោទថា រដ្ឋាភិបាលបានធ្វើខុសច្បាប់ ហើយធ្វើច្បាប់ការពារខ្លួន»។
កម្ពុជាក្រោយពីបញ្ចប់ជម្លោះនយោបាយកាលពីឆ្នាំ២០១៤ ហើយបានបង្កើតរដ្ឋាភិបាល ដោយប្រើប្រស់វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះ គឺត្រូវបានប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលពីបញ្ហាសង្គមអបអរសាទរថា មេដឹកនាំបានងាកមកចាប់ដៃគ្នាបង្រួបបង្រួមជាតិ ក្រោយពីបានហែកហួរគ្នាអស់រយៈពេលជាច្រើនសតវត្សរួចមក។ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងសម័យប្រជុំសភាជាលើកដំបូងក្នុងឆ្នាំ២០១៤នោះថា លោក និងលោក សម រង្ស៊ី ជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាតាមរយៈការប្រើប្រាស់វប្បធម៌សន្ទនានេះ។
វប្បធម៌សន្ទនានេះ មិនបានយួរអង្វែងឡើយ។ គណបក្សប្រជាជនកម្ពុជាបានរកគ្រប់មធ្យោបាយ ដើម្បីកម្ទេចបក្សប្រឆាំងវិញនៅឆ្នាំ២០១៧។ ក្រុមអ្នកវិភាគអះអាងថា មូលហេតុចម្បងដែលគណបក្សកាន់អំណាចកម្ទេចគណបក្សប្រឆាំងនោះ ដោយសារតែមិនមានសង្ឃឹមថា ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាតិអាណត្តិទី៦ឆ្នាំ២០១៨ ដូច្នេះហើយបានជារបបឯកបក្សរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតមកដល់ ដើម្បីអាចរក្សាអំណាចបានមកដល់សព្វថ្ងៃ។
រីឯនៅប្រទេសភូមាវិញគិតចាប់តាំងពីឆ្នាំ២០១៥មក ក៏ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីដូចគ្នា។ ភូមាបានធ្វើកំណែទម្រង់ងាកមកគ្រប់គ្រងប្រទេសតាមបែបស៊ីវិលវិញ ក្រោយពេលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១៥។ គណបក្សប្រឆាំងបានបានដឹកនាំរដ្ឋាភិបាលស៊ីវិលវិញនេះ ក៏ជាការបង្ហាញឱ្យឃើញថា លទ្ធិប្រជាធិបតេយ្យកំពុងតែរះឡើងនៅក្នុងតំបន់អាស៊ាន។
ក៏ប៉ុន្តែនៅទីបំផុតទៅមេដឹកនាំផ្ដាច់ការយោធាហាក់ដូចជាអស់សង្ឃឹម នៅក្រោយពេលគណបក្សរបស់ខ្លួនបានចាញ់ឆ្នោតដ៏ច្រើនលើសលប់ កាលពីបោះឆ្នោតឆ្នាំ២០២០ ដោយសារតែគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យបានឈ្នះជាង៨០%។ បញ្ហានេះហើយ ដែលធ្វើឱ្យមេដឹកនាំយោធាធ្វើប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុង សានសូជី វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
these two evil was the people’s enemy every one knew about their evil act in the past. both of them came from military they was the top commander that never think about human right they involved with communist CHINA and did a lot of harm to their own nation and their own people. we knew not that long these two evil will come to an and soon the reason both nation all people understanding how worse these two communist evil leader was . soon both nation will get away from communist and fighting back to communist killer
Communist dictators dogs should be never have in this world