មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ករណី​ចាប់​ខ្លួន​ជា​រឿង​នយោបាយ​ច្រើន​ជាង​អនុវត្ត​ច្បាប់

ដោយ យន់ សាមៀន
2021-02-15
RFA

មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ករណី​ចាប់​ខ្លួន​ជា​រឿង​នយោបាយ​ច្រើន​ជាង​អនុវត្ត​ច្បាប់

សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ​ចូលរួម​ឃ្លាំមើល​សវនាការ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ​​ឆ្នាំ​២០២០។ Photo Provided


មន្ត្រី​សិទ្ធិមនុស្ស និង​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីដើម​ខែ​ធ្នូ​លើកឡើង​ថា ការ​ចាប់ខ្លួន​និង​ការ​ចោទប្រកាន់​នេះ មាន​ចរិត​នយោបាយ​ជាង​ការអនុវត្ត​ច្បាប់​។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​នគរបាល​ជាតិ​និយាយ​ថា មុន​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ណា​ម្នាក់​គឺ​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​ដីកា​ត្រឹមត្រូវ​។

មន្ត្រី​សិទ្ធិមនុស្ស​និង​សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​រយៈពេល​ចុងក្រោយ​ចំនួន​១១​នាក់ ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ន​ទាំងនោះ​វិញ​។ ពួកគេ​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាមដាន​ដំណើរ​រឿង​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា មេធាវី​របស់​ជន​ជាប់ឃុំ​ទាំងនោះ​បាន​ប្ដឹង​សុំ​ឱ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​នោះ​ទេ​។ លោក​ទទូច​ថា អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ នៅតែ​ចង់​ឃើញ​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​បក្ស​ប្រឆាំង៖ «អាជ្ញាធរ​លោក​លើកឡើង​ថា ការ​ចាប់ខ្លួន​នេះ​ទាក់ទង​នឹង​បទល្មើស​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​សហគមន៍​អន្តរជាតិ និង​ជំនាញ​សិទ្ធិមនុស្ស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​គេ​ថា ការ​ចាប់ខ្លួន​ហ្នឹង​ជា​ការ​បំពាន​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់​១១​នាក់ កាល​ពី​ចុង​ខែ​ធ្នូ ស្រប​​ពេល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ គ្រោង​វិល​ចូល​ស្រុក​វិញ​កាលពី​ថ្ងៃ​ទី​៤ មករា​។ បើ​គិត​រួម​ទាំង​ការ​ចាប់ខ្លួន តាំងពី​ចុង​ឆ្នាំ​២០១៩​មក សកម្មជន​បក្ស​ប្រឆាំង​ជាង​៧០​នាក់​ហើយ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់។

សកម្មជន​សង្គ្រោះ​ជាតិ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី លោកស្រី យ៉ែម វណ្ណណែត ដែល​ឪពុក​របស់​លោក​ស្រី​ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​កាលពី​ចុង​ខែ​ធ្នូ ប្រាប់​អាស៊ីសេរី​ថា តុលាការ​គ្រោង​ជម្រះក្ដី​ឪពុក​លោកស្រី​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាងមុខនេះ​។ លោកស្រី​នៅតែ​អះអាង​ថា ឪពុក​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការចោទប្រកាន់​ទេ​។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ស្នើ​ទៅ​អង្គការ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ជួយ​តាមដាន​ដាន​ដំណើរ​សវនាការ​នេះ​ផង​៖ «គាត់​មិន​មាន​កំហុស​អី​ទេ ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​ជា​ការសំដែង​មតិ ឬក៏​ចូលរួម​ក្នុងនាម​ជា​ពលរដ្ឋ»។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​។ ប៉ុន្តែ​អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ណា​ម្នាក់​គឺ​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​និង​មាន​ដីកា​ត្រឹមត្រូវ​។ លោក​ថា សកម្មជន​ទាំងនោះ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាពរ​ទៅដល់​បំពាន​សិទ្ធិ​អ្នកដទៃ​។​

​ទោះបីជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ផ្ទុយ​ពី​កា​រះ​អាង​របស់ មន្ត្រីប៉ូលិស​ថា ការចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់។ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថ្លែង​សារ​នយោបាយ ឬ​ប្រកាស​វិល​ចូល​ស្រុក​តែង​មាន​ការចោទប្រកាន់​លើ​សកម្មជន​គណបក្ស​នេះ​នៅ​តាម​មូលដ្ឋាន​។ អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា បារម្ភ​ថា បើ​ស្ថានភាព​នយោបាយ​នៅ​តានតឹង​ដូច​សព្វថ្ងៃ​នេះ គេ​មិន​រំពឹង​ថា សកម្មជន​ទាំងនោះ​ត្រូវ​តុលាការ​ដោះលែង ឬ​ទម្លាក់​ចោល​ការ​ប្រកាន់​នោះ​ទេ៖ «យើង​គួរ​មានការ​បញ្ឈប់​ទៅ​ហើយ​គួរតែ​រក​វិធី​ការ​ប្រែ​យុទ្ធសាស្ត្រ​ដែល​យកឈ្នះ​ចាញ់​គ្នា​ដោយ​ការ​ធ្វើ​ទុក្ខ​ម្នេញ​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​អ្នក​ដែល​គាត់​រងគ្រោះ​ដោយ​ភាព​អយុត្តិធម៌»។

លោក ស៊ឹង សែនករុណា ព្រួយ​បារម្ភ​ថា សមត្ថកិច្ច​អាច​នឹង​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​បន្ត​ទៀត បើ​ស្ថានភាព​នយោបាយ​នៅតែ​តានតឹង​ដូច​រាល់ថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment