ចៅ​សង្កាត់​រង​ទី២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​នឹង​ដុំ​ថ្ម

ដោយ សុជីវី
2021-02-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចៅ​សង្កាត់​រង​ទី២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​នឹង​ដុំ​ថ្ម

លោក ប្រាក់ សីហា ចៅសង្កាត់​រង​ទី២ សង្កាត់​កំពូល ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​គប់​នឹង​ដុំ​ថ្ម​បែក​មាត់ និង​បាក់​ធ្មេញ នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក Vann Ho


សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​នឹង​ដុំ​ថ្ម នៅ​ម្ដុំ​ស្តុប​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ។ ហេតុការណ៍​នេះ​កើត​ឡើង បន្ទាប់​ពី​សកម្មជន​​រូប​នេះ មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា អាជ្ញាធរ​គួរ​មាន​ឆន្ទៈ​បើក​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ​រក​ជន​ល្មើស យក​មក​ផ្ដន្ទាទោស ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​រើសអើង​និន្នាការ​នយោបាយ។

ចៅសង្កាត់​រង​ទី២ សង្កាត់​កំពូល គណបក្ស​សង្គ្រោះ​ជាតិ លោក ប្រាក់ សីហា ប្រាប់​អាស៊ី​សេរី​ថា លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​ជិះ​ម៉ូតូ យក​ដុំ​ថ្ម មក​គប់​ចំ​កណ្ដាល​មុខ​បណ្ដាល​ឱ្យ​បាក់​ធ្មេញ​បែក​មាត់​ដេរ​ជាង​ដប់​ថ្នេរ ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​ម៉ោង ១២ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី១៦ កុម្ភៈ នៅ​ស្តុប​ផ្សារ​ដេប៉ូ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ។ លោក​ប្រាប់​ថា កន្លងមក លោក​មិន​ដែល​មាន​ទំនាស់​ជាមួយ​នរណា​នោះ​ទេ។

ជន​រង​គ្រោះ​រូប​នេះ​បន្ត​ថា មុន​ពេល​មាន​ហេតុការណ៍​លួច​វាយ​ប្រហារ​នេះ មាន​គណនី​ហ្វេសប៊ុក​អនាមិក​មួយ បាន​គំរាម​កំហែង ដោយ​សរសេរ​ឈ្មោះ​លោក​ចំៗ។ បន្ទាប់​មក មាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មក​ជួប និង​បញ្ចុះ​បញ្ចូល ប៉ុន្តែ​លោក​បដិសេធ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​សុខ​ចិត្ត រត់​ម៉ូតូ​ឌុប​ចិញ្ចឹម​ជីវិត។ លោក​យល់​ថា ការ​វាយ​ប្រហារ​នេះ ​ជា​រឿង​នយោបាយ ដើម្បី​បំបាក់​ស្មារតី និង​គំរាម​កំហែង។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក បញ្ជាក់​ថា លោក​មិន​បាក់​ស្មារតី​នោះ​ទេ ហើយ​លោក​ក៏​មិន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ដែរ ព្រោះ​លោក​គ្មាន​ជំនឿ​ថា នឹង​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​សុំ​ពឹង​ទៅ​អង្គការ​សហប្រជាជាតិ​ជួយ​មើល​ឱ្យ​ខ្លាំង​ក្លា​ទៅ​លើ​សិទ្ធិ​មនុស្ស​នៅ​ស្រុក​ខ្មែរ ព្រោះ​អី​ឱ្យ​តែ​មាន​អ្នក​ណា​ចេញ​ជា​រូបភាព​មើល​ទៅ​ថា ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល គឺ​មាន​រឿង បើ​មិន​វ៉ៃ ឬ​ក៏​គ្រោះ​អ្វី​ផ្សេងៗ»។

ជា​ចៅ​សង្កាត់​រង​ទី២ សង្កាត់​កំបូល លោក ប្រាក់ សីហា និង​ភរិយា ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ឃុំ ១២ម៉ោង នៅ​ថ្ងៃ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​អំពី​ករណី​អំពើ​ហិង្សា លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ លោក ឆាយ គឹមខឿន ធ្លាប់​លើក​ឡើង​ថា លោក​សុំ​ឱ្យ​សាធារណជន កុំ​ប្រញាប់​ធ្វើ​ការ​សន្និដ្ឋាន ឬ​ទាញ​ភ្ជាប់​សំណុំ​រឿង​ទាំង​នេះ ទៅ​នឹង​រឿង​នយោបាយ មុន​ការ​រក​ឃើញ​របស់​សមត្ថកិច្ច។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​បកស្រាយ​បែប​នេះ អាជ្ញាធរ ក៏​មិន​បាន​ជួយ​រក​យុត្តិធម៌​ដល់​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ដែល​រង​ការ​​វាយ​ដំ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​នោះ​ដែរ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ព្រួយ​បារម្ភ ខ្លាំង​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ទទួល​រង​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់ ហើយ​សមត្ថកិច្ច​មិន​ដែល​ចាប់​ជន​ល្មើស​ណា​ម្នាក់​មក​កាត់​ទោស​តាម​ច្បាប់ ។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​មាន​ឆន្ទៈ បើក​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ រក​ជន​ល្មើស​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ និង​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ រើសអើង​និន្នាការ​នយោបាយ ឬ​ហេតុការណ៍​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​ទិស​ដៅ​គំរាម​កំហែង​លើ​សកម្មជន​បក្ស​ប្រឆាំង៖ «ឱ្យ​តែ​មាន​អំពើ​ហិង្សា​ដែល​កើត​ឡើង មិន​មែន​ទាល់​តែ​ប្រជាពលរដ្ឋ​ដែល​រង​អំពើ​ហិង្សា​នឹង​ប្ដឹង​បាន​ចាត់​ការ​ទេ រាល់​អំពើ​ហិង្សា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ដូច​ជា​ព្រះរាជអាជ្ញា បើ​លោក​ទទួល​បាន​ព័ត៌មាន ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»។

គិត​ត្រឹម​ថ្ងៃ​ទី១៦ កុម្ភៈ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សាច់​ញាតិ​របស់​ពួក​គេ ព្រម​ទាំង​អ្នក​តស៊ូ​មតិ​ជាង ៣០នាក់​ហើយ ត្រូវ​បាន​ជន​អនាមិក លួច​វាយ​ដំ​ពីក្រោយ និង​ធាក់​ម៉ូតូ​ផ្ដួល​បណ្ដាល​ឱ្យ​របួស​ធ្ងន់ធ្ងរ។ ជន​រង​គ្រោះ​មួយ​ចំនួន ត្រូវ​បាន​ជន​ល្មើស​លួច​វាយ​ប្រហារ​ពី​ក្រោយ​ខ្នង​ផ្ទួនៗ រហូត​ពីរ​ដង ដោយ​ប្រើ​ឧបករណ៍​រឹង ដូច​ជា ដុំ​ថ្ម និង​ដំបង​ដែក។ មក​ទល់​ពេល​នេះ មាន​តែ​សំណុំ​រឿង​មួយ​គត់ គឺ​ករណី​វាយ​ដំ​កូន​ប្រុស​ប្រឆាំង​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​បាន ៣នាក់។ ក្រៅពី​នេះ ​សមត្ថកិច្ច​តែងតែ​អះអាង​ដដែលៗ ថា កំពុង​ស៊ើប​អង្កេត ​ប៉ុន្តែ​មិនបាន​បង្ហាញ​​លទ្ធផល​នៃ​ការស៊ើបអង្កេត​ណា​មួយ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។ ជន​រង​គ្រោះ​កត់​សម្គាល់​ថា ជន​ល្មើស​ទាំង​នោះ​មិន​មែន​ជា​ពលរដ្ឋ​ធម្មតា​នោះ​ទេ ព្រោះ​ពួក​គេ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​វាយ​ប្រហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ចៅ​សង្កាត់​រង​ទី២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​នឹង​ដុំ​ថ្ម"

  1. 😈omen👿 says:

    របប ហ៊ុនសែន ដឹងនាំប្រទេសបែបមនុស្សព្រៃគួរបញ្ឈប់ទង្វើបែបតិរច្ឆានទាំងនេះហើយ លោក ហ៊ុនសែន ។ គ្មានក្រុមណាផ្សេងក្រៅពីក្រុមរបស់ ហ៊ុនសែន ទេ ដែលធ្វើបែបនេះ ។យើងគឹតថាដល់ពេលដោះលែងអ្នកទោសនយោបាយនិងសកម្មជនបរិស្ថានផងដែរ។

Leave a Reply

Submit Comment