ដោយ មាន ឫទ្ធិ
2021-02-16
RFA

លោក ថង សាវុន អភិបាលខេត្តរតនគិរី។ រូប៖ ប្រភពទំព័រហ្វេសប៊ុករបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តរតនគិរី ដែលព្រមានអនុវត្តច្បាប់ចំពោះសមត្ថកិច្ច និងមន្ត្រីយោធាការពារព្រំដែនណា ដែលបង្កភាពអនាធិបតេយ្យ និងមិនបានបំពេញករណីកិច្ចការពារព្រំដែនឱ្យគ្រប់ជ្រុងជ្រោយ។ ពួកគេអះអាងថា សមត្ថកិច្ចការពារព្រំដែនខេត្តរតនគិរី តែងតែប្រព្រឹត្តអំពើពុករលួយ ជាថ្នូរនាំទំនិញខូចគុណភាព និងអនុញ្ញាតឱ្យជនបរទេសចូលកម្ពុជាដោយងាយ។
មន្ត្រីសង្គមស៊ីវិលថ្លែងបែបនេះ ក្រោយពីអភិបាលខេត្តរតនគិរី លោក ថង សាវុន បានព្រមានអនុវត្តច្បាប់ចំពោះសមត្ថកិច្ចការពារព្រំដែន និងមន្ត្រីយោធាតាម ច្រករបៀបកម្ពុជា-វៀតណាម ដែលបង្កភាពអនាធិបតេយ្យតាមច្រកព្រំដែន។ អភិបាលខេត្តរូបនេះបានព្រមានចាប់ខ្លួនមេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែន ភូមិភិៈ ស្រុកអូរយ៉ាដាវ លោក ទួន មេសា ដោយអះអាងថា ខណៈដែលមេប៉ុស្តិ៍រូបនេះមិនបានបំពេញតួនាទីត្រឹមត្រូវ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរី លោក ឌិន ខន្នី ឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈថា ការគ្រប់គ្រងច្រកព្រំដែននៅតែធូររលុង និងមានរឿងអាស្រូវជាច្រើន ដែលពលរដ្ឋតែងតែរអ៊ូថា សមត្ថកិច្ចនិងមន្ត្រីយោធាតាមព្រំដែនបានអនុញ្ញាតឱ្យមានសាច់គោនាំចូលពីវៀតណាមទំនិញខូចគុណភាព និងជនអន្តោប្រវេសន៍ខុសច្បាប់ចូលកម្ពុជា។ លោកថា ការរត់ពន្ធឈើឆ្លងដែនទៅវៀតណាមឆ្លងកាត់ច្រកអន្តរជាតិអូរយ៉ាដាវ និងច្រករបៀង នៅតែជាក្តីបារម្ភ ព្រោះកម្រឃើញមានការបង្ក្រាប៖ «មន្ត្រីទាំងឡាយណា ដែលគាត់ធ្វើអនាធិបតេយ្យមានការនាំចូលទំនិញផ្សេងៗខុសច្បាប់ ឬមិនបានពិនិត្យត្រឹមត្រូវទាក់ទិននាំឈើចេញឈើប្រណិតទៅក្រៅប្រទេស។ បើអាចគួរតែដកតំណែងមន្ត្រីទាំងនោះចេញ ដើម្បីឱ្យព្រមានមន្ត្រីទាំងអស់ហ្នឹង ហើយធ្វើឱ្យច្រកព្រំដែនមានភាពល្អប្រសើក្នុងការនាំចេញ នាំចូល»។
មន្ត្រីសង្គមស៊ីវិលរូបនេះបារម្ភថា ប្រសិនបើអាជ្ញាធរគ្រាន់តែព្រមាន ប៉ុន្តែគ្មានវិធានការច្បាស់លាស់នោះទេ មន្ត្រីពាក់ព័ន្ធ នឹងមិនរាងចាលឡើយ។ លោកថា អាជ្ញាធរខេត្តគួរតែមានវិធានការតឹងរ៉ឹង លុបបំបាត់អំពើពុករលួយតាមព្រំដែន និងទប់ស្កាត់ទំនិញខូចគុណភាពឱ្យមានប្រសិទ្ធិភាព ដើម្បីលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរ។
កាលពីចុងខែមករាកន្លងទៅ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងក្នុងវេទិកាសាធារណៈនៅចំពោះមុខមន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធ ដោយ ព្រមានមន្ត្រីជំនាញតាមព្រំដែននិងយោធា ត្រូវដកខ្លួនជាបន្ទាន់កុំបង្កភាពអនាធិបតេយ្យតាមព្រំដែនបន្តទៀត៖ «ត្រូវលុបៗ ត្រូវចាប់ៗ មន្ត្រីនគរបាលដែលពាក់ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ទាំងកងកម្លាំងយោធា ថាហត់ពេកហើយក្នុងការបង្ក្រាបប៉ុន្មានឆ្នាំមក ហើយរបៀងនិយាយប្រាប់ឱ្យហើយ ខ្ញុំនឹងចុះទៅកាយលុបរបៀងទាំងអស់ វាហួសហេតុពេក។ យើងបញ្ជាកម្លាំងទៅ វាថា មិនដែលមានអីផងស្ងាត់ អាមេប៉ុស្តិ៍ អាហ្នឹង ឈ្មោះ អា មេសា ល្មមៗបានហើយ លោក មេសា គុកមិនទាន់ភ្លេចលោកឯងទេ ហើយហ្នឹងកម្លាំងមួយចំនួនទៀត វីរៈការពារព្រំដែនដកខ្លួន ដកបានឱ្យហើយ ខ្ញុំប្រើវិធានការក្តៅ »។
មេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនភូមិភិៈ លោក ទួន មេសា ដែលអភិបាលខេត្តព្រមានចាប់ខ្លួននោះ ធ្លាប់ត្រូវបានតុលាការកោះហៅ ក្នុងសំណុំរឿងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ ក៏ប៉ុន្តែសំណុំរឿងនេះ មានការជួយអន្តរាគមន៍ពីមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ សម្របសម្រួល រកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយផ្ដល់សំណងជំងឺចិត្ត ៦លានរៀល (៦០០០០០០) ដល់ក្រុមគ្រួសារកុមារីរងគ្រោះដើម្បីបញ្ចប់បញ្ហា និងដកពាក្យបណ្តឹងចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមយុវជនខកចិត្តចំពោះរដ្ឋាភិបាល គ្មានវិធានការច្បាស់លាស់ជំរុញឱ្យវៀតណាម រុះរើតង់និងសំណង់រឹងចេញពីព្រំដែន
- ក្រុមយុវជនស្នើចុះពិនិត្យជាក់ស្ដែងទីតាំងដែលអាជ្ញាធរថា វៀតណាមរុះរើតង់ពីតាមព្រំដែន
- អាជ្ញាធរខេត្តកណ្ដាលថា វៀតណាមរុះរើតង់២៦កន្លែងនៅជាប់ព្រំដែនខេត្តកណ្ដាល
- អាជ្ញាធរខេត្តស្វាយរៀងច្រានចោលព័ត៌មានដែលថា វៀតណាមបោះជំរំតាមព្រំដែន
- ពលរដ្ឋរស់តាមព្រំដែន មិនពេញចិត្តចំពោះការបោះបង្គោលរួចនៅត្បូងឃ្មុំ ព្រៃវែង និងក្រចេះ
- អាជ្ញាធរថា វៀតណាមបានសង់សំណង់រឹងកើនឡើងដល់១៦ទីតាំង នៅតំបន់ព្រំដែនជាប់ខេត្តកណ្ដាល
- កម្ពុជា-ថៃ រួមគ្នា លុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែន
- មេធាវីបន្តប្ដឹងទៅតុលាការកំពូលប្រឆាំងដីកាមិនព្រមដោះលែង លោក រ៉ុង ឈុន
- “ទីតាំងវៀតណាមបោះតង់ជាកន្លែងលោក រ៉ុង ឈុន គ្រោងទៅពិនិត្យកាលពីលោកនៅមានសេរីភាព”
- តុលាការសម្រេចឃុំខ្លួនលោក សួង សុភ័ណ្ឌ និងយុវជនខ្មែរថាវរៈពីរនាក់ ក្នុងពន្ធនាគារ
I will never believe HUN NAL’s word this evil always lying