កម្ពុជា-នយោបាយ
16/02/2021 – 07:07
ដោយ៖ វណ្ណ សុគន្ធា
RFI

លោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិនៅយប់មិញនេះ បានចេញមកប្រកាសគាំទ្រដល់ប្រជាពលរដ្ឋភូមាដែលកំពុងនាំគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងប្រឆាំងនឹងក្រុមយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន សូជី ប្រធានគណបក្សប្រឆាំងភូមាជាប់ឆ្នោត។ សម្រាប់លោកស្រី មួរ សុខហួរ អតីតបក្សប្រឆាំងមិនអាចព្រងើយកន្តើយចំពោះបញ្ហានៅភូមាបានឡើយ។ ប៉ុន្តែ គណបក្សកាន់អំណាចនៅកម្ពុជា បានអះអាងថា លោកស្រី មួរ សុខហួរ មិនត្រូវទាញខ្លួនឯងទៅភ្ជាប់នឹងបញ្ហាលោកស្រី អ៊ុងសាន សូជីទេ ព្រោះអីខុសគ្នាដូចមេឃ និងដី។
គឺនៅក្នុងវីដេឃ្លីបផ្សាយផ្ទាល់ជាងកន្លះម៉ោង លោកស្រី មួរ សុខហួរ ពីក្រៅប្រទេស បានអះអាងថា ការគាំទ្រដល់ប្រជាពលរដ្ឋភូមានេះ គឺវាជាសិទ្ធិ និងកាតព្វកិច្ចរបស់អតីតគណបក្សសង្រ្គោះជាតិក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដទៃទៀតដែលធ្វើឡើងក្នុងនាមជាពលរដ្ឋអាស៊ាន។ សម្រាប់លោកស្រី មួរ សុខហួរ អតីតគណបក្សប្រឆាំងត្រូវរួមសាមគ្គីជាមួយប្រជាពលរដ្ឋ និងអ្នកប្រជាធិបតេយ្យភូមា ដើម្បីជំរុញឱ្យប្រទេសនេះមានស្ថិរភាពនយោបាយ និងសង្គមឡើងវិញជៀសផុតពីរបបគ្រប់គ្រងបែបយោធា។ ជាមួយគ្នានេះ លោកស្រី មួរ សុខហួរ ក៏បានប្រកាសលើកម្រាមដៃ៣នៅជាមួយពលរដ្ឋភូមា និងទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុងសាន សូជី ឡើងវិញ។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការណ៍ដែលលោកស្រីមួរ សុខហួរនិយាយពីរឿងនៅភូមានេះ គឺដោយសារតែលោកស្រីបានបរាជ័យអំពីរឿងនៅក្នុងប្រទេសកម្ពុជា។ តែទោះជាបែបនេះក្តី លោក សុខ ឥសាន បានប្រាប់លោកស្រី មួរ សុខហួរ កុំឱ្យយកខ្លួនឯងទៅប្រៀបប្រៀបនឹងលោកស្រី អ៊ុងសាន សូជី ព្រោះលោកស្រី អ៊ុងសាន សូជី សុខចិត្តជាប់ឃុំ២០ឆ្នាំ តែលោកស្រីមួរ សុខហូរវិញ បានរត់ចោលស្រុកដោយខ្លាចជាប់គុក។
ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជាវិញក៏យល់បែបនេះដែរថា លោកស្រីមួរ សុខហួរ មិនគួរយកករណីខ្លួនឯងទៅប្រៀបធៀបនឹងលោកស្រី អ៊ុងសាន សូជីទេ ព្រោះលោកស្រី អ៊ុងសាន សូជី ជាអ្នកឈ្នះការបោះឆ្នោត និងមិនដែលរត់ចោលស្រុកម្តងណាឡើយ។ បន្ថែមលើនេះ លោកបានហៅលោកស្រីមួរ សុខហួរថាជាអ្នកនយោបាយឱកាសនិយម ព្រោះលោកស្រីតែងតែប្រជ្រៀតខ្លួនចូលទៅគាំទ្រការតវ៉ានានាមិនថាតែនៅភូមានេះទេ តែក៏នៅហុងកុង និងប្រទេសថៃដែរ។ លោកបានអះអាងថា ការប្រកាសរបស់លោកស្រីមួរ សុខហួរនេះ គឺគ្រាន់តែសំឡេងប្រឆាំងមួយប៉ុណ្ណោះ មិនមែនជាសំឡេងតំណាងឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជានោះឡើយ។
ដោយឡែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ លោកយល់ថា ការប្រកាសគាំទ្ររបស់លោកស្រីមួរ សុខហួរចំពោះពលរដ្ឋភូមានេះ គឺជាសិទ្ធិ និងសេរីភាព។ ប៉ុន្តែ លោកក៏យល់ថា ការប្រកាសគាំទ្រនេះ គឺអតីតបក្សប្រឆាំងគិតថា វានឹងជះឥទ្ធិពលវិជ្ជមានដល់ដំណើរការទាមទារការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា និងជាការផ្តល់កម្លាំងចិត្តដល់អ្នកប្រជាធិបតេយ្យ ដូចជាអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដោយប្រយោលផងដែរ៕
this pitcher is a peaceful pitcher full of hop and joy for the nation . please look at the pitcher on the bottom page >>