ពលករ​ខ្មែរ​ម្នាក់ ប្ដឹង​​ស្ថានទូត​ខ្មែរ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ថៅកែ​ថៃ​វាយ​ក្បាល​នឹង​កាំភ្លើង​ខ្លី​របួស​ធ្ងន់

ដោយ ហេង រស្មី
2021-02-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ម្នាក់ ប្ដឹង​​ស្ថានទូត​ខ្មែរ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ថៅកែ​ថៃ​វាយ​ក្បាល​នឹង​កាំភ្លើង​ខ្លី​របួស​ធ្ងន់

(ឆ្វេង) លោក ណាន់ សុខ ដែល​ថៅកែ​ថៃ​យក​កាំភ្លើង​ខ្លី​វាយ​ក្បាល​ឱ្យ​របួស កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ និង​មន្ត្រី​ទូត​កម្ពុជា និង​អាជ្ញាធរ​ថៃ​ជួយ​អន្តរាគមន៍។ រូប៖ ហ្វេសប៊ុកស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក


ពលករ​ខ្មែរ​ជន​រង​គ្រោះ​ម្នាក់ ដាក់​បណ្ដឹង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ឱ្យ​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​រឿង​ថៅកែ​ថៃ​យក​កាំភ្លើង​ខ្លី​វាយ​ក្បាល​បណ្ដាល​ឱ្យ​របួស​ធ្ងន់ ក្នុង​ពេល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៣ កុម្ភៈ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​គួរ​តែ​ជំរុញ​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។

ជនរងគ្រោះ​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ខ្លួន និង​ស្នើ​សុំ​ឱ្យ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ជម្លៀស​គាត់​ចេញ​​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ណាន់ សុខ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ហ៊ាន​នៅ​បន្ត​ធ្វើ​ការ​ងារ​ជា​មួយ​ថៅកែ​ថៃ ដែល​បាន​យក​កាំភ្លើង​ខ្លី​វាយ​ក្បាល​របស់​លោក​បណ្ដាល​ឱ្យ​ហូរ​ឈាម​របួស​ធ្ងន់​នោះ​ទេ។ ពលករ​វ័យ ៤១ឆ្នាំ​រូប​នេះ​ថ្លែង​ថា ម្ចាស់​ហាង​លក់​គុយទាវ​​នៅ​ខេត្ត​ឆាក់ឈើងសៅ (Chak Cheurng Sao) ជា​ជនជាតិ​ថៃ បាន​ខឹង​លោក​និយាយ​ត​មាត់​មិន​ព្រម​ធ្វើ​តាម​បញ្ជា។ លោក​ថា នៅ​ពេល​នោះ​លោក​ជាប់​រវល់ ហើយ​បាន​​ប្រាប់​ថៅកែ​ថៃ​រូប​នោះ​ឱ្យ​ជួយ​ហាន់​សាច់​ជ្រូក​ដាក់​ចាន​ជំនួស​គាត់ ក៏​ខឹង​លោក​រួច​ស្ទុះ​ទៅ​យក​កាំភ្លើង​ខ្លី​មក​វាយ​ក្បាល​របស់​លោក​បណ្ដាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម៖ «រឿង​គេ​សុំ​របស់​ឱ្យ​ហាន់​សាច់​ជ្រូក ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ហាន់​អត់​ទាន់​ទេ បង​ឯង​ហាន់​ខ្លួន​ឯង​ខ្លះ​ទៅ។ រឿង​តូច​ប៉ុណ្ណោះ​ឯង គាត់​ស្ទុះ​មក​វាយ​ខ្ញុំ​បណ្ដោយ មួយ​ដង​កាំ​ភ្លើង។ តាម​សំណើ​របស់​ខ្ញុំ ចង់​ឱ្យ​គេ​យក​ខ្ញុំ​ទៅ​ដាក់​កន្លែង​ផ្សេង»

ភ្លាមៗ ក្រោយ​ពេល​កើត​ហេតុ​ពលករ​រូប​នេះ បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​គាត់​ដែរ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​មិន​បាន​ចុះ​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​នោះ​ទេ។ ក្រោយ​មក​សាច់​ញាតិ​របស់​ពលករ​បាន​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ទើប​មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ចុះ​ជួប​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី១៥ កុម្ភៈ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ កុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ហ្វេសប៊ុក​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​ចុះ​ផ្សាយ​ថា មន្ត្រី​ទូត​ខ្មែរ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ចុះ​ដោះ​ស្រាយ​លើ​រឿង​នេះ​ហើយ។ ស្ថានទូត​បន្ត​ថា ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយ​មាន​ការ​ការពារ​ពី​ស្ថានទូត និង​អាជ្ញាធរ​ថៃ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​មិន​បាន​បញ្ជាក់​អំពី​វិធានការ​លើ​ជន​ល្មើស​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ។

ទាក់ទិន​នឹង​ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​នេះ មន្ត្រី​អង្គការ​សង់ត្រាល់​ទទួល​បន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា យល់​ថា មន្ត្រី​ស្ថាន​ទូត​ខ្មែរ និង​អាជ្ញាធរ​ថៃ​គួរ​តែ​ផ្ដន្ទាទោស​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​របស់​ប្រទេស​ថៃ ដើម្បី​កុំ​ឱ្យ​ថៅកែ​ថៃ​ចេះ​តែ​ធ្វើ​បាប​ពលករ​ខ្មែរ​តាម​អំពើ​ចិត្ត​បន្ត​ទៀត៖ «ខ្ញុំ​មើល​ឃើញ​ចំណុច​នេះ​ វា​ជា​ចំណុច​មួយ​ដែល​មិន​គួរ​កើត​មាន​ ទាល់​តែ​មហា​ជន​ដឹង​ឮ​បាន​យក​ចិត្ត​ទុក​ដាក់​អី​ជា​ដើម អ៊ីចឹង​ខ្ញុំ​គិត​ថា អត់​ឆ្លុះ​បញ្ចាំង ក្នុង​នាម​ជា​អាណាព្យាបាល​ទទួល​ខុស​ត្រូវ ក៏​ដូច​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ទេ។ នេះ​ហើយ​គឺ​ជា​អ្វី​ដែល​យើង​បាន​សង្កេត​កន្លង​មក មិន​ថា​ករណី​កើត​ឡើង​នៅ​ចិន នៅ​ម៉ាឡេស៊ី ឬ​នៅ​ប្រទេស​ណា​ក៏​ដោយ ទាល់​តែ​ករណី​ហ្នឹង​ល្បី​មហាជន​ដឹង​ឮ ឈឺ​ចាប់​គ្រប់​គ្នា​អ៊ីចឹង​ទៅ មាន​ការ​យក​ចិត្ត​ទុក​អើពើ​ដោះ​ស្រាយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ ត្រូវ​បាន​ថៅកែ​គំរាម​បាញ់​សម្លាប់ និង​ប្រើ​ហិង្សា​ជា​បន្ត​បន្ទាប់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

​កាល​ពី​ចុងខែ​មិថុនា ឆ្នាំ២០២០ មាន​ករណី​មេការ​សំណង់​ជនជាតិ​ថៃ​ម្នាក់ បាន​ប្រើ​កាំភ្លើង​បាញ់​ពលករ​ខ្មែរ ៣នាក់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល ២នាក់​ ហើយ​មេការ​ថៃ​រូប​នោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ ព្រួត​វាយ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ដែរ។ ករណី​ដោយ​ឡែក​មួយ​ទៀត​ កាល​ពី​ឆ្នាំ​ចុង​ឆ្នាំ២០២០ មាន​ពលករ​ខ្មែរ​មួយ​គ្រួសារ​ត្រូវ​បាន​ថៅកែ​ថៃ​យក​កាំភ្លើង​ខ្លី​គំរាម​សម្លាប់​ ដោយសារ​តែ​ខឹង​ពួក​គាត់​សុំ​ត្រឡប់​ទៅ​កម្ពុជា​ បន្ទាប់​ពី​ធ្វើ​ការ​​​ជិត ២ខែ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល។ ពេល​នោះ​ថៅកែ​ថៃ​ និយាយ​ថា ពលករ​ខ្មែរ​ជំពាក់​ប្រាក់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​មិន​ទាន់​សង​អស់​នៅ​ឡើយ។ អាជ្ញាធរ​ថៃ​បាន​សម្រប​សម្រួល​បញ្ចប់​សំណុំ​រឿង​នេះ​ ដោយ​មិន​មាន​ការ​ផ្ដន្ទាទោស​លើ​ថៅកែ​នោះ​តាម​ច្បាប់​ឡើយ។

មន្ត្រី​សិទ្ធ​ការងារ​លោក​ ឌី ថេហូ យ៉ា ជឿ​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ថៅកែ​ថៃ​មិន​ខ្លាច​ច្បាប់ ហើយ​នឹង​អាច​មាន​ករណី​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​ម្នាក់ ប្ដឹង​​ស្ថានទូត​ខ្មែរ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ថៅកែ​ថៃ​វាយ​ក្បាល​នឹង​កាំភ្លើង​ខ្លី​របួស​ធ្ងន់"

  1. Anonymous says:

    Cambodian is cheaper then any human on art get up and be strong like MEYANMA’s people if all of you really want to be like that forever just forgetting about it we are over sea will not care any more .

Leave a Reply

Submit Comment