រោង​ចក្រ៤ ​ពាក់​ព័ន្ធ​​នឹង​​ការ​​នាំ​​ទំនិញ​​ចិន​​ទៅ​​អាមេរិក​​ដោយ​​ដាក់​​ថា​​ផលិត​​នៅ​​កម្ពុជា​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | ពាណិជ្ជកម្ម
Michael Dickinson | ១៧ កុម្ភៈ ២០២១ |ម៉ោង ១៨:០៥
VOD

រូបភាព តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ សូត សុខប្រាថ្នា)

រូបភាព តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ សូត សុខប្រាថ្នា)


​រោងចក្រ​ចំនួន៤ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ខេត្ត​ព្រះសីហនុ​ កាលពី​ឆ្នាំមុន ត្រូវ​ដាក់ក្រោម​ការស៊ើបអង្កេត ឬត្រូវ​បាន​រក​ឃើញថា​នាំចេញ​ក្តារ​ប៉ាកេ ​(កុង​ផ្លា​កេ​) ក្តារ​បន្ទះ ក្បាល​បំពង់​ទុយោ និង​គ្រឿង​សង្ហា​រឹម​ ដែល​ជា​របស់​ចិន​យកទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​បែរជា​ដាក់​ថា​ផលិត​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ភ្នាក់ងារគយ​របស់​សហរដ្ឋអាមេរិក។ 

ក្រុមហ៊ុន​ចំនួន២ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង៤ ដែល​បាន​ឆ្លើយតប​នឹង​ការសាកសួរ​របស់ ​វី​អូ​ឌី នៅដើម​សប្តាហ៍​នេះ បាន​ច្រានចោល​ការ​រក​ឃើញ​របស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​អ្នកជំនាញ​ពាណិជ្ជកម្ម បាន​ព្រមាន​ថា​ ប្រទេស​កម្ពុជា​អាច​ត្រូវ​បាន​ដាក់​ចូលក្នុង​បញ្ជី​ឃ្លាំមើល ប្រសិនបើ​មាន​ករណី​ច្រើន​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ ដែល​ការណ៍​នេះ​អាច​ប៉ះពាល់​ដល់​ការនាំចេញ​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ។ 

ការផ្ទេរ​ម្ចាស់​ទំនិញ កើតឡើង​នៅពេល​ដែល​រោងចក្រ​បាន​នាំចូល​ផលិតផល​សម្រេច ហើយ​នាំចេញ​ផលិតផល​នោះ​ដោយ​កុហក​ថា ​ខ្លួន​ជា​អ្នក​ផលិត​ផ្ទាល់ ដើម្បី​ឱ្យ​រោងចក្រ​ដើម​ចៀស​ផុត​ពី​កាតព្វកិច្ច​ពន្ធ។

អំឡុង​ពេល​សង្គ្រាមពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ចិន ក្រុមហ៊ុន​ចិន​មួយចំនួន​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​រក​មធ្យោបាយ​ដើម្បី​ចៀស​ពី​ការ​បង់ពន្ធ​ដ៏​ច្រើន ​តាមរយៈ​ការស្វែងរក​ប្រទេស​ណាមួយ​ក្នុង​តំបន់​ដើម្បី​ផ្ទេរ​ទំនិញ។ 

កាលពី​សប្តាហ៍​មុន គយ​សហរដ្ឋអាមេរិកបាន​ប្រកាស​ពី​ការ​រក​ឃើញថា ​ក្រុមហ៊ុន​ ហាយឃ្រីក ផ្លម​ប៊ី​ង (HICREEK PLUMBING​) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែល នា​ខេត្តស្វាយរៀង មាន​ជាក់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទុយោ​ទឹក និង​ក្បាល​បំពង់​ទុយោ របស់​ចិន​ ដោយ​ដាក់​ថា​«ផលិត​នៅ​កម្ពុជា» ហើយ​បាន​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក។

ក្រុម​ស៊ើបអង្កេត​របស់​អាមេរិក​បាន​ទៅដល់​ទីតាំង​រោងចក្រ​ ហើយ​រក​ឃើញថា ​ម៉ាស៊ីន​សម្រាប់​ផលិត​រុំ​ព័ទ្ធ​ដោយ​សំបុក​ពីងពាង ស្ងួត ដែល​មើលទៅ​ជា​ម៉ាស៊ីន​ដែល​មិន​ប្រើប្រាស់​សោះ។ 

ឯកសារ​របស់​ភ្នាក់ងារគយ​សហរដ្ឋអាមេរិក បង្ហាញថា ​នៅ​ឆ្នាំ២០២០ ក្រុមហ៊ុន​ចំនួន៤ផ្សេងទៀត ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត ឬត្រូវ​បាន​រក​ឃើញ​ដូច​ករណី​រោងចក្រ​ហាយ​ឃ្រី​ក ផ្លម​ប៊ី​ង ដែរ ដោយក្រុម​ហ៊ុន​ទាំង៤នោះ​បាន​នាំ​ក្តារ​ប៉ាកេ និង​ក្តារ​បន្ទះ​ក្បាល​បំពង់​ទុយោ និង​គ្រឿង​សង្ហា​រឹម​ ដែល​ជា​របស់​ចិន​ ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ។

ក្រុមហ៊ុន​ ខេ​ខេ​អេ​ហ្វ​អេ​ហ្វ បេន (KKFF BEND​), អិ​លប៊ី វូដ (LB WOOD​), និង​ខេម​បូ​ឌាន ហេប​ភី ហូម វូដ ប្រដាក់ (CAMBODIAN HAPPY HOME WOOD PRODUCTS​) ត្រូវ​បាន​រក​ឃើញថា​ បាន​ពាក់ព័ន្ធ​ក្នុង​ការផ្ទេរ​ទំនិញ​ចិន ខណៈ​ក្រុមហ៊ុន​ ខេម​បូ​ឌាន ហ្គោលដេន ខស វូដ ប្រដាក់ (CAMBODIAN GOLDEN COAST WOOD PRODUCTS​) ត្រូវ​ដាក់ក្រោម​ការស៊ើបអង្កេត​កាលពី​ខែធ្នូ​ ក្រោម​ការចោទប្រកាន់​ថា ​បាន​ផ្ទេរ​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើពីឈើ​ផលិត​នៅ​ចិន។ 

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ២០១៩ បានសម្រេច​ឱ្យ​ក្រុមហ៊ុន ខេមបូ​ឌាន ហ្គោលដេន ខស វូដ ប្រដាក់ ក្នុង​ខេត្ត​ព្រះសីហនុ​ ដំណើរការ​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ដែល​មានតម្លៃ៥,៥លាន​ដុល្លារ​ ហើយ​អាច​ផ្តល់​ការងារ​ចំនួន៥៦៥កន្លែង​ដល់​ពលរដ្ឋ​ក្នុង​តំបន់។ 

ឯកសារ​ចេញ​កាលពី​ឆ្នាំមុន ភ្នាក់ងារគយ​សហរដ្ឋអាមេរិក លើកឡើង​ថា ​ក្រុមហ៊ុន ខេ​ខេ​អេ​ហ្វ​អេ​ហ្វ បេន មិនបាន​ឆ្លើយតប​នឹង​សំណូមពរ​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ដល់​ភាគី​អាមេរិក​ឡើយ ខណៈ​ការ​ចុះទៅ​ស៊ើបអង្កេត​នៅនឹង​កន្លែង​រក​ឃើញ​វត្ថុធាតុដើម​តិចតួច​ប៉ុណ្ណោះ ដែល​មានន័យថា ​មិនដែល​មានការ​ផលិត​កើតមានឡើង​ក្នុង​រោងចក្រ​នោះ​ឡើយ។

ដោយឡែក កម្មករបាន​ប្រាប់​ថា ​ក្បាល​ទុយោ​ភាគច្រើន​ត្រូវ​បាន​ដឹក​យក​មក​ពី​ខាងក្រៅ ហើយ​ត្រូវ​បាន​វេច​ខ្ចប់​ដោយ​កម្មករ​ក្រុមហ៊ុន​ ខេ​ខេ​អេ​ហ្វ​អេ​ហ្វ បេន។ 

ក្រុមហ៊ុន​ចិន និង​អ្នកនាំ​ចូល​ទំនិញ​ទាំងនោះ​ទៅ​សហរដ្ឋអាមេរិក បាន​ជំទាស់​នឹង​ការចោទប្រកាន់​របស់​ភ្នាក់​ងារ​គយ​អាមេរិក ប៉ុន្តែ​គយ​អាមេរិក​បាន​ប្រើ​កង្វះខាត​នៃ​ការ​ឆ្លើយតប​របស់​ក្រុមហ៊ុន​ ខេ​ខេ​អេ​ហ្វ​អេ​ហ្វ បេន ជា​ទឡ្ហីករណ៍​ក្នុង​ការចោទប្រកាន់​នេះ។

គយ​អាមេរិក បាន​លើកឡើងថា ​ការ​មិន​ឆ្លើយតប​របស់​ក្រុមហ៊ុន​ ខេ​ខេ​អេ​ហ្វ​អេ​ហ្វ បេន គឺ​ស្មើនឹងថា ​ក្រុមហ៊ុន​នេះ​មិនមែន​ជា​អ្នក​ផលិត​ទំនិញ​ដែល​បាន​នាំចេញ។ 

ស្រប​ពេល​ជាមួយគ្នា​នេះ លទ្ធផល​នៃ​ការស៊ើបអង្កេត​ទៅលើក្រុមហ៊ុន​ អិ​លប៊ី វូដ និង ​ខេម​បូ​ឌាន ហេប​ភី ហូម វូដ ប្រដាក់ ដែល​បាន​ចេញ​កាលពី​ខែមិថុនាឆ្នាំមុន បង្ហាញថា ​ក្រុមហ៊ុន​ទាំង២នេះ បាន​ឆ្លើយតបទៅនឹង​សំណើ​របស់​គយ​អាមេរិក ប៉ុន្តែ​ព័ត៌មាន​ដែល​បាន​ផ្តល់​ឱ្យ​នោះ​មិន​មាន​ភាព​ពេញលេញ ហើយ​ព័ត៌មាន​មួយចំនួន​ទៀត​មិនបាន​ផ្តល់​ឱ្យ​ ព្រោះ​វា​ជា​ព័ត៌មាន​រសើបទា​ក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម។ ប៉ុន្តែ​លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​សរុប​ថា ​ក្រុមហ៊ុន​ទាំង២ពិតជា​បាន​ជួយ​សម្រួលការ​ផ្ទេរ​ទំនិញ​មក​ពី​ចិន​មែន។ 

ទោះ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន អិ​លប៊ី វូដ បដិសេធ​ថា ​ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ក្តា​រប៉ា​កេ និង​ក្តារ​បន្ទះ ពី​ចិន​មក​កម្ពុជា​ ហើយ​នាំចេញ​ទៅ​អាមេរិក​នោះ​ទេ។

ក្រុមហ៊ុន ​អិ​លប៊ី វូដ បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «យើង​មានការ​កត់​ត្រា​ថា​ យើង​កំពុង​ផលិត​ដោយ​ស្របច្បាប់​នៅ​កម្ពុជា។ គយ​អាមេរិក​បានសម្រេច​តាមតែ​ទំនើងចិត្ត»។ 

ក្រុមហ៊ុន​នេះបាន​បន្ថែម​ថា​ ពេលនេះ​ខ្លួន​ក៏បាន​ឈប់​ផលិ​ត​ក្តារ​ប៉ាកេ​ដែរ ហើយក៏​ប្តឹង​ជំទាស់​ប្រឆាំង​នឹង​ការ​រក​ឃើញ​របស់​គយ​អាមេរិក​ ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​រួចរាល់​ហើយ។ យើង​មានកំណត់​ត្រា​មួយ​ដែល​បង្ហាញថា យើង​កំពុង​ផលិត​ស្របច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​បាន​និយាយ​ថា ​គយ​អាមេរិក​បាន​ធ្វើការ​សម្រេចចិត្ត​តាមអំពើចិត្ត​ ដោយ​បន្ថែម​ថា ​ឥលូវនេះ​ខ្លួន​បាន​ឈប់​ផលិត​ក្តារ​បន្ទះ​ ហើយ​កំពុងធ្វើការ​សម្រេចចិត្ត​នៅក្នុង​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក។

លោក ម៉ាក ហ្សិន (Mark Shen​) អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន ខេម​បូ​ឌាន ហេប​ភី ហូម វូដ ប្រដាក់ បាន​និយាយ​ថា ​ករណីនេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​នាំចូល​សហរដ្ឋអាមេរិក ​កំពុង​ប្តឹង​តវ៉ា។

លោក ម៉ាក ហ្សិន បាន​បន្ត​ថា៖ «ឆាប់​ៗនេះ ​ខ្ញុំ​ជឿជាក់​ថា ​យើង​អាច​ឈ្នះ»។ 

លោកបានឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​បាន​លក់​ទ្រព្យ​ទាំងអស់​ ហើយ​បាន​ផ្លាស់ទៅ​វៀតណាម​ហើយ​ពេលនេះ។ 

សេដ្ឋវិទូ ចា​យ៉ាន ម៉េ​ណន់ (Jayant Menon​) អ្នកជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវជាន់ខ្ពស់​នៅ​វិទ្យាស្ថាន ISEAS​-Yusof Ishak របស់​សិង្ហ​បុរី បាន​លើកឡើង​តាម​អ៊ីម៉ែល​ថា ស​ហរ​ដ្ឋ​អាមេរិក​ធ្លាប់​បាន​រក​ឃើញថា​ វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន ជា​ចំណុច​ស្នូល​ដែល​ប្រើ​សម្រាប់​ផ្ទេរ​ទំនិញ ដែល​ធ្វើ​ឱ្យ​ប្រទេស​ដទៃទៀត​ដូចជា​កម្ពុជា​ជាដើម​អនុវត្តន៍​រឿង​នេះ​ដែរ។ 

លោក ចា​យ៉ាន ម៉េ​ណន់ បាន​សរសេរ​បន្ត​ថា៖ «ប្រសិនបើ​ទំហំ​នៃ​ទំនិញ​ដែល​នាំចូល​មក​ពី​កម្ពុជា​ ត្រូវ​បាន​ចាត់ទុកថា​ជា​ទំនិញ​ដែល​ផ្ទេរ​មក​ពី​ប្រទេស​ផ្សេង​កាន់តែ​ច្រើន​ដោយ​អាជ្ញាធរ​អាមេរិក នោះ​កម្ពុជា​ប្រឈម​នឹង​ការ​ដាក់បញ្ចូល​ក្នុង​បញ្ជី​នោះ​ដូចគ្នា ដែល​ការណ៍​នេះ​អាច​ប៉ះពាល់​ទាំង​ការនាំចេញ​ទំនិញ​ពិតប្រាកដ​ដែល​ផលិត​នៅ​កម្ពុជា និង​ទំនិញ​ដែល​ត្រូវ​បាន​ផ្ទេរ»។ 

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ឆ្លើយតប​ថា​ មន្រ្តី​កម្ពុជា​បាន​និង​កំពុងធ្វើការ​លុបបំបាត់​ការផ្ទេរ​ទំនិញ​បែបនេះ ដោយ​អះអាង​ថា ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​គោរព​តាមច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​សហការ​ជាមួយ​ភ្នាក់ងារ​នានា ​រួមមាន​ គយ​អាមេរិក​ជាដើម។

លោក​បាន​បន្ថែម​ថា ​កម្ពុជា​កំពុង​ខិតខំ​បង្កើត​ម៉ាក​ផលិតផល​ដោយខ្លួនឯង ហើយ​បញ្ជាក់​ថា​កម្ពុជា​ប្រឆាំង​ដាច់ខាត​នឹង​ការផ្ទេរ​ទំនិញ​បែបនេះ។ 

តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា​ ខ្លួន​តែងតែ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​កម្ពុជា ក៏ដូចជា​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រឆាំង​ជាដាច់ខាត​រាល់​ទង្វើ​ល្មើសច្បាប់​ទាំងឡាយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "រោង​ចក្រ៤ ​ពាក់​ព័ន្ធ​​នឹង​​ការ​​នាំ​​ទំនិញ​​ចិន​​ទៅ​​អាមេរិក​​ដោយ​​ដាក់​​ថា​​ផលិត​​នៅ​​កម្ពុជា​"

  1. Anonymous says:

    we knew it for along time ago Chinese is so dump HUN SEN is so smart that what it was

Leave a Reply

Submit Comment