បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​រំលេច​ត្រួសៗ​ក្នុង​សវនាការ​​សំណុំ​រឿង​ក្បត់​ជាតិ​របស់​បក្ស​ប្រឆាំង

នយោបាយ
18 កុម្ភៈ 2021
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក ហ៊ី សុខជា អតីតមេដឹកនាំយុវជនរបស់គណបក្សសង្គ្រោះជាតិខេត្តព្រៃវែង និយាយជាមួយអ្នកកាសែត ក្រោយសវនាការរបស់លោក ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក ហ៊ី សុខជា អតីតមេដឹកនាំយុវជនរបស់គណបក្សសង្គ្រោះជាតិខេត្តព្រៃវែង និយាយជាមួយអ្នកកាសែត ក្រោយសវនាការរបស់លោក ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

ភ្នំពេញ —  អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង​គឺ​លោក​ ហ៊ី សុខជា បាន​ប្រាប់​ក្រុម​ចៅក្រម​ថា​លោក​មិន​បាន​ចូលរួមអនុ​វត្ត​ផែនការមាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង និង​មិន​បាន​រៀន​សូត្រ​ពី​ទម្រង់​នៃ​ការ​ដឹកនាំ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ហុងកុង​នោះ​ទេ។

នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ចៅក្រម​ក្នុង​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្បត់​ជាតិ ដែល​បន្ត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

វា​ជា​សវនាការជុំទី​៤​ហើយ ​លើ​សំណុំ​រឿង ​៦០០៥ ​ទាក់​ទិន​ដំណើរ​រឿង «រួម​គំនិត​ក្បត់» «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» និង «ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់» ដែល​ជា​សំណុំ​រឿង​ចង​ភ្ជាប់​គ្នានឹង​ផែនការ​វិល​ត្រឡប់​មក​ប្រទេស​វិញរបស់​លោក សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

នៅ​ចំពោះ​មុខ​ក្រុម​ចៅក្រម​បី​រូប​លោក​ ហ៊ី សុខា​ជា ​អតីត​មេដឹកនាំ​ចលនា​យុវជន​របស់​គណបក្ស​ជំទាស់នៅ​ខេត្ត​ព្រៃ​វែង ​ត្រូវ​បាន​សួរ​ក្នុង​អំឡុង​ពេល​នៃ​សវនាការ​អំពី​តួនាទី​របស់​លោកក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ ទំនាក់​ទំនង​របស់​លោក​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ​និង​វត្តមាន​របស់​លោក​នៅ​ប្រទេស​ម៉ាឡេស៊ី​ ទី​ដែល​លោក​ថា​បាន​ចូលរួម​សិក្ខា​សាលា​មួយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។ សិក្ខា​សាលា​នោះ​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​នៃ​ការ​និយាយ​ជា​សាធារណៈ និង​ភាព​ជាអ្នក​ដឹក​នាំ​របស់​យុវជន។

តំណាង​អយ្យការ​លោក​ សេង​ ហៀង​ បាន​តាំង​សំណួរ​មួយចំនួនដោយ​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​ជា​ហូរហែ​ នៅ​ទីក្រុង​ហុងកុង និង​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​គឺ​ប្រទេស​ថៃ នៅ​ក្រោយ​ពេល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ រស់​ ពិសិដ្ឋ​ បាន​យក​ចម្លើយ​ពី​លោក ​ហ៊ី សុខជា​ ដែល​ជា​ជន​ជាប់​ចោទ​ស្ថិត​នៅ​ក្រៅ​ឃុំ ទាក់ទង​នឹង​ប្រវត្តិ​ការងារ​ក្នុង​គណបក្ស​និង​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​ សេង ហៀង​ បាន​ចោទ​សួរ​លោក ហ៊ី សុខជា​ ថា​តើ​លោក​បាន​ជួប​លោក​ សម រង្ស៊ី​ លោកស្រី មូរ សុខហួរ​ និង​លោក​ អេង ឆៃអ៊ាង​ ដែរ​ឬទេ​ នៅ​ប្រទេស​ម៉ាឡេស៊ី និង​មាន​បាន​ដឹង​ថា ​បុគ្គល​ពីរ​នាក់​ទៀត​គឺ​លោក​នៅ វិចិត្រ​ និង​កញ្ញា ណី លក្ខណ៍ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ីដែរ​ឬ​ទេ?​

លោក​ សុខជា ​និយាយ​ថា​ លោក​ឃើញ​កញ្ញា ណី លក្ខណ៍​ នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​លោក​មិន​ស្គាល់​លោក​ នៅ វិចិត្រ ទេ។

លោក សុខជា​ ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បន្ថែម​ថា លោក​បាន​ជួប​ថ្នាក់​ដឹកនាំ​ទាំង​បី​របស់​គណបក្ស​ជំទាស់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​ពី​ ៣០ ​ទៅ ​៤០ ​នាក់។

លោក​និយាយ​ថា៖​ «ខ្ញុំ​ទៅ​ជា​សិក្ខាសាលា​ ដោយសារ​ពួក​គាត់​មាន​ការងារ​នៅ​ម៉ាឡេ​ ហើយ​ដឹង​ថា​កូន​ចៅ​នៅ​ទី​នោះ​ពួក​គាត់​ក៏​ចូល​មក​លេង»

លោក​អយ្យការ​ សេង​ ហៀង ​សួរ​បន្ថែម​ថា៖ «លោក​មាន​បាន​ជជែកអ្វី​ខ្លះ​ជាមួយ​ពួក​គាត់?»

លោក​ សុខជា ​ឆ្លើយ​តប​ថា៖ «គាត់​សួរ​សុខ​ទុក្ខ​និង​ឲ្យ​ក្រេប​ចំណេះ​ទៅ​បម្រើ​ប្រទេស»

អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៏​ប្រាប់​លោក​អយ្យការ​ថា​ ការ​ជួប​ពិភាក្សា​នៅ​ពេល​នោះ ​គឺ​មាន​រយៈពេល​ប្រមាណ ​៣០​ នាទី។

ដោយ​បាន​ដឹង​អំពី​ជំនួប​ដែល​មាន​រយៈពេល​ ៣០​ នាទី​នោះ​ លោក​ សេង ហៀង​ មិន​បង្អង់​យូរក៏​ផ្តើម​យក​រឿង​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង មក​សួរ​លោក ​ហ៊ី សុខជា​ ដើម្បី​ប្តូរ​យក​ចម្លើយ។

លោក​អយ្យការ​តាំង​សំណួរ​ថា៖ «​មាន​លើក​ឡើង​បាតុកម្ម​នៅ​ហុងកុង និង​ប្រទេស​ថៃ​ទេ? មាន​និយាយ​ទេ? លោក​មាន​ឃើញ​រូបភាព​អី​ទេ​ក្នុង ​slide? ធម្មតា​ក្នុង​សិក្ខាសាលា​មាន​ការ​បញ្ចាំង​ slide»

លោក​ សុខជា ថា៖ «ឃើញ​រូបភាព​ផ្តោត​លើ​លទ្ធិ​ប្រជាធិបតេយ្យ»

លោក​អយ្យការ​បន្ថែម​សំណួរ​ថា៖ «មាន​ឃើញ​អ្នកឈរ​តវ៉ា ពាក់​អាវ​អី​ទេ?…មាន​ឃើញ​ទង់​ជាតិ​ផ្កា​អ័រគីដេ​ទេ?»

លោក​ សុខជា​ ថា៖ «អត់ដឹង»

លោក​ សេង ហៀង​ បន្ត​ថា៖ «មាន​ដឹង​រូបភាព​នេះ​ក្នុង​ប្រទេស​ណា​ទេ?»

លោក ​សុខជា​ ប្រតិកម្ម​ថា៖ «ពិបាក​ឆ្លើយ»

លោក​អយ្យការ​សួរ​ទៀត​ថា៖ «លោក​មាន​ឃើញ​អគារ​ខ្ពស់ៗ​ទេ?»

លោក​ សុខជា​ និយាយ​ថា៖ «អត់​ចាប់​អា​រម្មណ៍»

ក្នុង​បំណង​ចង់​ដឹង​បន្ថែម​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ហុងកុង​ លោក ​សេង ហៀង​ បន្តិច​ក្រោយ​មក​ក៏​បាន​ប្រាប់​លោក ​ហ៊ី សុខជា ​ថា​ សិក្ខាសាលា​នេះ​ផ្តោត​លើ​បាតុកម្ម​នៅទី​ក្រុង​ហុងកុង​របស់​ប្រទេស​ចិន។

លោក​ជជីក​សួរ​លោក​ ហ៊ី សុខជា​ បន្ត​ថា៖ «គេ​មាន​និយាយ​ពី​ហុងកុង​ទេ?»

យុវជន​ជា​ជន​ជាប់ចោទ​ឆ្លើយ​ថា៖ «ខ្ញុំ​អត់​ដឹង​ដូច​ខ្ញុំ​បញ្ជាក់​ ព្រោះ​ខ្ញុំ​អត់​ចេះ​ភាសា»

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ក្រៅពី​ចោទ​សួរ​អំពី​ការ​សិក្សា​លើ​ចលនា​បាតុកម្ម​នៅ​ទី​ក្រុង​ហុង​កុង​នោះ ​លោក ហ៊ី សុខជា ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ទាញ​ឲ្យ​ស្ថិត​នៅ​ចំ​ចំណុច​ក្តៅ​ ពាក់​ព័ន្ធ​នឹង​ការទទួល​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ប្រតិបត្តិ​ការ​ផែនការ​កៀរគរ​ពលរដ្ឋ​ឲ្យ​មក​ទទួល​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​កម្ពុជា។

លោក​ សម រង្ស៊ី ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ថា​ ចេញ​សារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​ឈរ​ដើម្បី​បះបោរ​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​ស្នើ​មិន​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ ហើយ​បែរ​កាណុង​មក​រដ្ឋាភិបាល​វិញ​ដើម្បី​ចូល​ចាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន។

ជាច្រើន​ដង​លោក​ ហ៊ី សុខជា ​ដែល​ក្រោយ​មក​សុំ​ក្រុមប្រឹក្សា​ជំនុំជម្រះអង្គុយ ​ដើម្បី​ឆ្លើយ​សំណួរ​ ព្រោះ​បញ្ហា​ជំងឺ​នោះ​បាន​ប្រាប់​ចៅក្រម​ជាច្រើន​លើក​ច្រើនសារ​ថា​ លោក​មិន​បានទទួល​ផែនការ​អ្វីពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ទទួល​លោក​ សម រង្ស៊ី ពេល​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​ពីរ​ថ្ងៃ។

ក៏​ប៉ុន្តែ​លោក​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​មិន​អាច​ទៅ​កៀរគរ​កម្លាំងពលរដ្ឋ សកម្មជន ឬ​យុវជនឲ្យ​មក​ចូល​រួម​ទទួល​លោក​ សម រង្ស៊ី បាន​ទេ​ ដោយសារ​លោក​គ្មាន​ឥទ្ធិ​ពល​អី​ទៅ​កៀរគរ​កម្លាំង​ ព្រោះ​លោក​លែង​មាន​តួ​នាទី​នយោបាយ​ណា​មួយ​ក្នុង​គណបក្ ស​ដែល​ត្រូវ​បាន​រំលាយកាល​ពី​ឆ្នាំ​ ២០១៧។

លោក ហ៊ី សុខជា​ ក៏​បាន​និយាយ​ច្បាស់ៗនៅ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​មិន​អាច​អនុវត្ត​តាម​អ្វី​ដែល​លោក ​សម រង្ស៊ី បាន​ប្រកាស​នោះ​ទេ ​ព្រោះ​លោក​យល់​ថា នោះ​ជា​ទង្វើ​ដែល​មិន​ត្រឹមត្រូវ។​

នៅ​ត្រង់​ចំណុច​នេះ ចៅក្រម​មួយ​រូប​ទៀត​គឺ​លោក​ អ៊ឹម វណ្ណៈ​ បាន​សួរ​បញ្ជាក់​លោក ហ៊ី សុខជា ថា៖ «មុន​ហ្នឹង​បង​ស្តាប់​ឮ​ថា ប្អូន​អត់​ធ្វើ​តាម​គាត់​ទេ។ ប្អូន​មើល​កន្លែង​ណា​ខ្លះ​ថា មិន​ត្រឹម​ត្រូវ? មិន​ដើរ​តាម​គាត់?»

លោក​ ហ៊ី សុខជា បាន​បក​ស្រាយ​ថា៖ «ខ្ញុំ​មាន​ទស្សនៈ​តែ​មួយ។ ធ្វើ​នយោបាយ​ឲ្យ​បាន​បោះឆ្នោត​ត្រឹមត្រូវ​ បើធ្វើ​នយោបាយ​មាន​សង្គ្រាម ​ខ្ញុំ​អត់​ចូលរួម។ ខ្ញុំ​តាំងចិត្ត​ខ្លួន​ឯង ធ្វើ​នយោបាយ ​ដើម្បី​ចូលរួម​បោះឆ្នោត»

អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​បដិសេធ​មិន​ផ្តល់​ចម្លើយ​ជុំវិញ​សំណួរ​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ អំពី​ប្រភព​នៃ​ថវិកា​ដែល​បាន​ចំណាយ​លើ​ការ​រៀបចំ​សិក្ខា​សាលា​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ចាត់​ចែង​សិក្ខាសាលា​ ឬ​អ្នក​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​សំណុំ​រឿង​ដែល​ភ្ជាប់​ជាមួយ​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​ ចៅ​ក្រម​រមែង​សួរ​នាំ​ជន​ជាប់ចោ​ទ​ដែល​បាន​មក​បង្ហាញ​ខ្លួន​ក្នុង​ក្រច​កសេះ អំពី​តួនាទី​និង​ទំនាក់ទំនង​របស់​ពួកគេ​ជា​មួយ​ថា្នក់​ដឹកនាំ​គណបក្ស​ប្រឆាំង​សំខាន់ៗ​ជាច្រើន​នាក់​ រួម​មាន​លោក​ស្រី ​មូរ សុខហួរ​ និង​លោក​ អេង ឆៃអ៊ាង​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ជំទាស់​នេះ​មួយ​ចំនួន​ទៀត ​រួម​មាន​លោក​ អ៊ុំ សំអាន​ លោក ហូរ វ៉ាន់ និង​លោក​ តុ វ៉ាន់​ចាន់​ ជាដើម។

ជន​ជាប់​ចោទ​ត្រូវ​បាន​សួរ​បញ្ជាក់​ថា ពួកគេ​មាន​តួនាទី​បែប​ណា​ និង​តើ​មាន​ទទួល​បញ្ជា​អី្វ​ខ្លះ​ពី​ក្រុម​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ​ក្នុង​ការ​រៀប​ចំ​ផែនការ​មាតុ​ភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី។

លោក​ នៅ វិចិត្រ​ អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក ដែល​ជាជន​ចាប់​ចោទ​ស្ថិត​នៅ​ក្រៅ​ឃុំ​ដែរ បាន​ប្រកែក​ជាច្រើន​ដង​ថា​ លោក​គ្មាន​បំណង​ទៅ​ចូលរួម​អនុវត្ត​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី​ នោះ​ទេ។

លោក​ប្រាប់​តុលាការ​ថា​លោក​ សម រង្ស៊ី​ គឺ​ជា​បុគ្គល​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ ហើយ​ថែម​ទាំង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ​ទៀត​ ដូច្នេះ​លោក​មិន​អាច​ធ្វើ​សកម្មភាព​ ដែល​ប្រឆាំង​នឹង​ច្បាប់​បាន​ទេ។

លោក វិចិត្រ​ ប្រាប់​តុលាការ​ថា​ តាំង​ពី​ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង​មក​លោក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នយោបាយ​ ព្រោះ​តែ​លោក​មមាញឹក​ខ្លាំង​នឹង​ការងារ​បើក​រថយន្ត​តាក់ស៊ី​របស់​លោក។

លោក ​វិចិត្រ ត្រូវ​បាន​តំណាង​អយ្យការ​ លោក សេង ហៀង ​សួរ​ថា​៖ «ហេតុអ្វី​លោក​មិន​ចូលរួម​ទទួល​លោក​សម រង្ស៊ី​ ថ្ងៃ​៩​ វិច្ឆិកា?»

អតីត​សមាជិក​ក្រុមប្រឹក្សា​រូប​នេះ​ប្រតិកម្ម​ថា៖ «ខ្ញុំ​មិនចូលរួម​ ដោយសារ​មូលហេតុ​ការណ៍​ដែល​គាត់​ចូល​មក​ស្ថិត​ក្នុង​ភាព​ខុស​ច្បាប់»។​

លោក​បន្ថែម​ថា៖ «បើ​ចូលរួម​ទៅ​មាន​បញ្ហា​ចំពោះ​យើង​តើ​នរណាទទួល​ខុសត្រូវ?»

ក្រោយ​ការ​សួរ​ដេញដោល​អស់​រយៈពេល​ជាង ​២ ​ម៉ោង​នោះ​ លោក​ចៅក្រម​ រស់ ពិសិដ្ឋ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​លើក​ពេល​បន្ត​សវនាការ​ ទៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ ដោយសារ​អវត្តមាន​ជនជាប់ចោទ​ ២​ រូប​ គឺ​លោក​ ជា ជីវ ដែល​ជា​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ និង​កញ្ញា​ ណី លក្ខណ៍ ​ដែល​ក្រុម​ប្រឹក្សា​ជំនុំ​សង្ស័យ​ថា ​បាន​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​លោក​ ហ៊ី សុខជា ​ផងដែរ។

នៅ​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​លោក​ ហ៊ី សុខជា ​ដែល​បញ្ជាក់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ លោក​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​អង្គការ​មួយ​ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​នោះ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ការ​ចង់​ទទួលបាន​ចំណេះ​ដឹង​ថ្មីៗ​ដើម្បី​ពង្រឹង​សមត្ថភាព​លោក ​ក្នុង​នាម​ជា​យុវជនបាន​ក្លាយ​ជា​អង្គហេតុ​នៃ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ។

«ខ្ញុំ​យល់​ថា ​គ្រាន់​តែ​មាន​ពេល​ខ្លះ​ គ្រាន់​តែ​គិត​ថា​ខ្លួន​ឯង ​គ្រាន់​តែ​យើង​ជា​យុវជន​ម្នាក់​ ដែល​ចង់​រៀន ចង់​សូត្រ​ចេះ​ដឹង​ ក៏​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​គាត់​ចោទ​ប្រកាន់​ថា​ យើង​ហ្នឹង​មាន​រួម​គំនិត​ក្បត់​ដែរ»

​លោក​បន្ថែមថា សិក្ខាសាលា​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​បង្រៀន​លោក​ឲ្យ​ធ្វើ​បាតុកម្ម​នោះ​ទេ​ដូច្នេះ​លោក​សង្ឃឹម​ថា ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​រូប​លោក​ ដោយ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់។

«ខ្ញុំ​អត់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​ការ​ឲ្យ​ធ្វើ​បាតុកម្ម​ផង​…ហើយ​ក៏​សង្ឃឹម​ថា ​តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ពី​ខ្ញុំ​ដែរ​ ព្រោះ​ដោយសារ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​កំហុស​បាទ»។​

ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក ខាង​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់​ចោទ​ក៏​បាន​តាំង​សំណួរ​សួរ​ដោះ​បន្ទុក​កូន​ក្តីរបស់​ពួកគេ។ កូន​ក្តីជា​ញឹកញាប់​ត្រូវ​បាន​សួរ​ដាក់​បន្ទុក​បន្ថែម​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​ឃ្លាំ​មើល​សំណុំរឿង​នេះ។

លោក ​អំ សំអាត​ នាយក​រង​ទទួលបន្ទុក​ឃ្លាំមើល​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ ការ​សួរ​ដេញដោល​ទាំង​អម្បាលម៉ាន​ មិន​ទាន់អាច​ត្រូវ​បាន​សន្មត​យក​មក​ធ្វើ​ជា​ភស្តុតាង​ដើម្បី​ធ្វើ​ការ​កាត់​សេចក្តី​នោះ​ទេ។

«យើង​ឃើញ​ថា​ មេធាវី​ជន​ដែល​ត្រូវ​ចោទ​ហ្នឹង​ ក៏​មាន​ការ​ដោះ​បន្ទុក​ច្រើន​ដែរ ​អ៊ីចឹង​មិន​មែន​ឲ្យ​ថា​សកម្មភាព​ដែល​ពាក់​ព័ន្ធ​ដែល​បង្ហាញ​មក​ហ្នឹង ​វា​សុទ្ធតែ​ពាក់​ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ដែល​ត្រូវ​ចោទ​ប្រកាន់​ទេ។ អ៊ីចឹង​ទាល់​តែ​វា​មាន​ភស្តុតាង​ ស៊ី​ចង្វាក់​គ្រប់គ្រាន់ ​អាហ្នឹង​បាន​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​បាន»

សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​ខាង​លើ​នេះ​ ពាក់ព័ន្ធ​នឹង​មនុស្ស​ជាង ​១៣០ ​នាក់ ដែល​ជា​មន្រ្តី សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​ជនជាប់​ចោទ​មួយចំនួន​ដែល​ជា​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​កំពូលៗ​របស់​គណបក្ស​ជំទាស់​ មិនស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ សំណុំ​រឿង​នេះ​ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ​ ដែល​ការ​តទល់​រក​យុត្តិធម៌​ក្នុង​តុលាការ​ស្ថិត​នៅ​ជា​ក្តី​មន្ទិល៕

What Next?

Recent Articles

One Response to "បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​រំលេច​ត្រួសៗ​ក្នុង​សវនាការ​​សំណុំ​រឿង​ក្បត់​ជាតិ​របស់​បក្ស​ប្រឆាំង"

  1. so socheath says:

    ហាស !ហាស
    ប្រកែកថាទេ វាទៅមិនរួចទេ អាឆ្កួត !
    មុខអ្ហែង ក្រុមអ្ហែង មានក្នុងឯកសារ ដែលពួកអ្ហែងបង្ហោះចេញច្បាស់ណាស់ !
    ច្បាប់មិនខ្វល់ ពីរឿងអ្ហែងប្រកែកទេ ។
    គេសម្គាល់តែលើអ្វីដែលជាការពិតត្រូវបានបង្ហាញច្បាស់តែប៉ុណ្ណោះ ។

Leave a Reply

Submit Comment