ដោយ ខែ សុណង
2021-02-18
RFA

សន្តិសុខ ខណ្ឌ៧មករា បន្តរារាំងក្រុមស្ត្រីដែលជាភរិយារបស់សមាជិកអតីតគណបក្សប្រឆាំងនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។ រូប៖ ពលរដ្ឋផ្តល់ឱ្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
អាជ្ញាធរ រារាំងប្រពន្ធសកម្មជនបក្សប្រឆាំងមិនឱ្យឃ្លាំមើលសវនាការ
កងសន្តិសុខ ខណ្ឌ៧មករា ប្រមាណ ៣០នាក់ បានបង្កហិង្សាលើក្រុមអ្នកតវ៉ាបណ្ដាលឱ្យស្ត្រី ៤នាក់ របួសដៃ ជើង និងខ្នង ក្នុងពេលពួកគាត់សម្ដែងមតិទាមទារឱ្យតុលាការដោះលែងជនជាប់ឃុំនយោបាយនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ប្រពន្ធមន្ត្រីបក្សសង្គ្រោះជាតិលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ឱ្យដឹងក្រោយបញ្ចប់សវនាការថា ក្រុមសន្តិសុខបានចាប់ក្ដិចមួលនិងធាក់ពួកលោកស្រី ក្នុងពេលដែលពួកលោកស្រីនាំគ្នាដើររុលទៅមុខ ដើម្បីទៅតាមដានសវនាការ។ ស្ត្រីវ័យ ៤៩ឆ្នាំ រូបនេះ ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការធ្វើបាបស្ត្រីទន់ខ្សោយដែលធ្វើឱ្យពួកគាត់មានកំហឹងឈឺចាប់ និងមានចិត្តស្រលាញ់ជាតិកាន់តែខ្លាំង៖ «និយាយរួមថាមិនត្រូវតែម្ដង វាមកធ្វើបាបពួកខ្ញុំស្រីៗ ហើយវារុញយើងចង់ស៊ីសាច់តែម្ដង។ ខ្ញុំអាណិតកូនសកម្មជនម្នាក់ទៀត គ្នាតូច មកមួលដៃគ្នាហើយខោកក្បាលគ្នាមួយក្រញរទៀតគិតមើល។ កូនក្មេងតូចសោះហ្នឹង ទៅជាមួយម៉ែ វាអួស វាធ្វើហ្នឹងឃោរឃៅមែនទែនហ្មង ខ្ញុំមិនដឹងថាម៉េច ហើយដល់ឃើញសភាពហ្នឹងឈឺចាច់ណាស់ ឈឺចាប់ខ្លាំងរកលេខដាក់គ្មានទេ»។
អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងចម្រុះរាប់រយនាក់ឈរយាមការពារតឹងតែងតាមផ្លូវជុំវិញតុលាការក្រុងភ្នំពេញ។
ទោះជាយ៉ាងនេះក្តី ក្រុមស្ត្រីថ្ងៃសុក្រប្រហែល ៣០នាក់ នាំគ្នាឈរស្រែកនៅមួយកន្លែងតវ៉ាទាមទារឱ្យតុលាការដោះលែងប្ដីរបស់ពួកគាត់នៅម្ខាងផ្លូវចំងាយប្រមាណ២០០ម៉ែត្រ ពីតុលាការក្រុងភ្នំពេញ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញរូបនេះធ្លាប់ឱ្យដឹងថា អាជ្ញាធរដាក់ពង្រាយកងកម្លាំងនេះ ដើម្បីរក្សាសណ្ដាប់នៅមុខតុលាការក្រុងភ្នំពេញដោយខ្លាចក្រុមស្ត្រីទាំងនោះតវ៉ាបង្កអនាធិបតេយ្យនាំឱ្យប៉ះពាល់ដល់ដំណើរការក្ដីរបស់តុលាការ។
ទោះជាយ៉ាងណា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា វិធានការរបស់អាជ្ញាធរនេះបានរំលោភបំពានលើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ការតវ៉ាឱ្យមានយុត្តិធម៌សង្គម និងតាមដានឃ្លាំមើលសវនាការ គឺជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរត្រូវតែធានាឱ្យមានការតវ៉ាមួយដោយអហិង្សា ធានាសុវត្ថិភាពដល់ក្រុមអ្នកតវ៉ា មិនមែនទៅបង្ក្រាបគេទេ។ កាលណាទៅបង្ក្រាបឬក៏ទៅរឹតត្បិតអីហ្នឹង គឺរំលោភទៅលើគោលការណ៍ហ្នឹង គោលការណ៍ច្បាប់ គោលការណ៍ប្រជាធិបតេយ្យដែលប្រទេសយើងប្រកាន់យក»។
ដោយឡែកនៅក្នុងបន្ទប់សវនាការវិញ តុលាការក្រុងភ្នំពេញគ្រោងសួរដេញដោលសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ រួមមាន លោក ជា ជីវ លោក ហ៊ី សុខជា លោក នៅ វិចិត្រ និងកញ្ញា ណី ល័ក្ខ ប៉ុន្តែជនជាប់ចោទ ២នាក់ ដែលនៅក្រៅឃុំគឺលោក ជា ជីវ និងកញ្ញា ណី ល័ក្ខ បានអវត្តមាន។ តុលាការបានសួរដេញដោលលោក នៅ វិចិត្រ និងលោក ហ៊ី សុខជា ពាក់ព័ន្ធនឹងការចូលរួមសិក្ខាសាលាយុវជននៅប្រទេសម៉ាឡេស៊ី ការតាមដានទំព័រហ្វេសប៊ុករបស់ថ្នាកដឹកនាំបក្សប្រឆាំង និងការប្រមូលកម្លាំងទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
មេធាវីការពារក្ដីឱ្យមន្ត្រីនិងសកម្មជនបក្សប្រឆាំង លោក សំ សុគង់ ប្រាប់អាស៊ីសេរីថា កូនក្ដីរបស់លោកបានឆ្លើយនៅចំពោះមុខតុលាការថា ពួកគាត់មិនប្រព្រឹត្តខុសច្បាប់អ្វីនោះទេ។ លោកបញ្ជាក់ថា អង្គជំនុំជម្រះមិនឱ្យមេធាវីសួរដេញដោលអំពីរឿងដែលផ្ដល់ប្រយោជន៍ដល់ជនជាប់ចោទនោះឡើយ៖ «ទាក់ទងហ្នឹងការតាំងសំនួរនឹងដាក់សំនួរហ្នឹង ខាងតំណាងអយ្យការក៏ដូចខាងចៅក្រមហ្នឹងសួរកូនក្ដីហាក់ដូចជាពាក់ព័ន្ធសំនួរឱ្យកូនក្ដីហ្នឹងគិតឬឱ្យទាយវាអីចេះ អីចុះមានអារម្មណ៍ថាម៉េចអីចឹងទៅ។ សំនួរហ្នឹងវាមិនមែនសំនួរដែលត្រូវសួរទៅលើជនជាប់ចោទនៅក្នុងសវនាការទេ»។
សំណុំរឿងមួយនេះ មានជនជាប់ចោទទាំងអស់ ៥៩នាក់ ក្នុងនោះមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដូចជាលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង សកម្មជនសិទ្ធិមនុស្សនិងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ដោយអ្នកខ្លះនៅក្នុងស្រុក និងខ្លះទៀតនៅក្រៅប្រទេស។ តុលាការបានចោទពួកគេពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សវនាការលើកទី ៤នេះ មានមន្ត្រីស្ថានទូតប្រទេសលោកខាងលិច អង្គការសង្គមស៊ីវិល និងសាច់ញាតិជនជាប់ចោទជាង២០នាក់បានចូលស្ដាប់ការសួរដេញដោល។ តុលាការគ្រោងជំនុំជម្រះសំណុំរឿងនេះបន្តទៀតនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍កម្ពុជាយល់ថា ការកាត់ក្តីសកម្មជនបក្សប្រឆាំងនេះ របបក្រុងភ្នំពេញមានគោលដៅកម្ទេចចោលកម្លាំងគណបក្សសង្គ្រោះជាតិដែលនៅសេសសល់ចុងក្រោយ និងបំបិទមាត់អ្នករិះគន់ទាំងអស់ ដែលនៅក្លាហានហ៊ានបញ្ចេញមតិ ប្រឆាំងនឹងការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នគរបាលជំរុញឲ្យសកម្មជនបក្សប្រឆាំងដែលរងការលបវាយដាក់ពាក្យប្ដឹង
- មេធាវីថា លោក កឹម សុខា នឹងមិនប្តឹងសើរើទាមទារសំណងទេ បើតុលាការលើកលែងការចោទប្រកាន់លោក កឹម សុខា
- តុលាការនឹងបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ
- តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើក្រុមសកម្មជនសង្គម និងបក្សប្រឆាំងនៅដើមខែក្រោយ
- សមាជិកបក្សប្រឆាំង លោក ស៊ូ យាន ជាប់ពន្ធនាគារ ២ដង ដោយសារការតស៊ូមតិផ្នែកនយោបាយ
- មតិពលរដ្ឋជុំវិញការលើកពេលសវនាការជម្រះក្ដីសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង
- តុលាការសម្រេចលើកពេលជំនុំជម្រះរឿងក្ដីមន្ត្រី និងសកម្មជនបក្សប្រឆាំង ទៅដើមឆ្នាំ២០២១
- អាជ្ញាធរខេត្តកំពតដោះលែងសកម្មជនបក្សប្រឆាំងម្នាក់វិញ ក្រោយចាប់ខ្លួនសាកសួរ៥ម៉ោងដោយគ្មានមូលហេតុ
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន
- សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លួនក្រោមបទចោទថា កាប់ព្រៃឈើ
I knew if no one support SAMDACH EYE ..HUN SEN that evil can not destroy this nation up to this day