អ្នក​ជំនាញ​សារព័ត៌មាន​ថា អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​របស់​រដ្ឋាភិបាល​ មាន​ការ​រឹតត្បិត​តាម​បែប​ប្រទេស​ចិន

ហេង រស្មី
2021-02-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ជំនាញ​សារព័ត៌មាន​ថា អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​របស់​រដ្ឋាភិបាល​ មាន​ការ​រឹតត្បិត​តាម​បែប​ប្រទេស​ចិន

គំនូសតាង​នៃ​ការភ្ជាប់​បណ្តាញ​នៃ​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ។ រូប៖ Printscreen


របប​ក្រុង​ភ្នំពេញ​កំពុង​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ីនធឹណិត ដោយ​យក​តាម​លំនាំ​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន តាម​រយៈ​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ខ្លឹម​សារ​មួយ​ចំនួន​នៃ​អនុក្រឹត្យ​នេះ​មាន​ទំនោរ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជា​ពិសេស សេរីភាព​បញ្ចេញ​មតិ។ លោក​ថា ខ្លឹម​សារ​មួយ​ចំនួន​នៅ​ក្នុង​អនុក្រឹត្យ​នេះ បាន​ចែង​ទូលំទូលាយ​ពេក​ដូច​ជា ក្នុង​ករណី​ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ជាតិ​ជា​ដើម៖ «អ៊ីចឹង​ទាំង​អស់​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ទៅ​លើ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​មាន​ការ​លើក​នូវ​កង្វល់​ទាំង​អស់​ហ្នឹង ដើម្បី​ពិនិត្យ និង​ជជែក ឬ​មួយ​ក៏​ផ្អាក មិន​ទាន់​ឱ្យ​មាន​ដំណើរ​ការ​នូវ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាត់​នេះ ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ពិភាក្សា​ទូលំទូលាយ ដើម្បី​ធានា​ថា អនុក្រឹត្យ​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ហើយ​វា​ធានា​ពី​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល សម្រាប់​ការ​ប្រើ​ប្រាស់​របស់​ពលរដ្ឋ​ទូទៅ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ​កន្លង​ទៅ​នេះ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​របស់​រាជ​រដ្ឋាភិបាល ដែល​អនុក្រឹត្យ​នោះ​មាន​គោល​បំណង​គ្រប់គ្រង​រាល់​ការ​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឹណិត​ទាំង​អស់​នៅ​ក្នុង​ប្រទេស ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខជាតិ និង​ថែរក្សា​របៀប​រៀបរយ​សណ្ដាប់ធ្នាប់​សង្គម។ អនុក្រឹត្យ​ថ្មី​នេះ បាន​កំណត់​និយមន័យ​ថា ច្រក​ទ្វារ​អ៊ីនធឹណិត សំដៅ​ដល់​ច្រក​ទ្វារ​ដែល «សេវា​អ៊ីនធឹណិត​គ្រប់​ប្រភេទ​ត្រូវ​តភ្ជាប់​បណ្ដាញ​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រទេស និង​អន្តរជាតិ»។

មាត្រា១២ នៃ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​ប្រតិបត្តិករ​នៃ​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​ទាំង​អស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ ក្នុង​ការ​ធានា​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​សង្គម ព្រមទាំង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នានា។ អនុក្រឹត្យ​នេះ ពុំបាន​កំណត់​និយមន័យ​ជាក់លាក់​អំពី​ពាក្យពេចន៍​អស់​ទាំង​នេះ​ឡើយ ដោយ​គ្រាន់តែ​ចែង​ថា បុគ្គល​ដែល​ប្រព្រឹត្តិ​ល្មើស​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ របៀប​រៀបរយ​សណ្ដាប់​ធ្នាប់​សង្គម ឬ​ចំណូល​ជាតិ នឹង​ត្រូវ​ផ្ដន្ទាទោស​ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាធរមាន។

ទាក់ទិន​នឹង​បញ្ហា​ដែរ ​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ លោក​ អ៊ិត សុធឿត​មាន​ប្រសាសន៍​ថា​ អនុក្រឹត្យ​នេះ​ហាក់​បី​ដូច​ជា​រឹត​​បន្តឹង​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ ដោយ​សារ​តែ​រាល់​ចរាចរណ៍​អ៊ីនធឹណិត​ចេញ និង​ចូល​ស្រុក​ខ្មែរ ត្រូវ​ឆ្លង​កាត់​ច្រក​ទ្វារ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ហេតុ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ទៅ​លើ​ចរាចរណ៍​អ៊ីនធឹណិត​ទាំង​អស់​ហ្នឹង​បាន​ គឺ​មាន​ន័យ​ថា​ រដ្ឋាភិបាល​អាច​ច្រោះ​ ឬ​បិទ​ព័ត៌មាន​ណា​ដែល​អាច​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ ដូច​ជា ព័ត៌មាន​ពី​ចំណុច​ខ្វះ​ខាត និង​ព័ត៌មាន​ពី​ចំណុច​អវិជ្ជមាន​ផ្សេងៗ របស់​រដ្ឋាភិបាល៖ «អនុក្រឹត្យ​ហ្នឹង​គាត់​បាន​ចែង​ជា​លក្ខណៈ​ទូលាយៗ ហើយ​ផ្ដល់​សិទ្ធិ​អំណាច​ខ្លាំង​ពេក​ យើង​ឃើញ​ថា លក្ខណៈ​អនុវត្ត​ច្បាប់​កន្លង​មក វា​អត់​ចេះ​បែង​ចែករវាង​អំណាច​នីតិប្រតិបត្តិ និង​អំណាច​នីតិប្បញ្ញត្តិ ហើយ​នឹង​អំណាច​តុលាការ។ អ៊ីចឹង វា​អាច​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ នៅ​ពេល​អនុក្រឹត្យ​ហ្នឹង​ត្រូវ​បាន​អនុវត្ត​ពេញលេញ វា​អាច​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​បន្ថែម​ទៀត»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សោភ័ណ្ឌ មិន​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អាស៊ី​សេរី​ជុំវិញ​អនុក្រឹត្យ​ថ្មី​នេះ​ទេ ដោយ​លោក​បាន​តម្រូវ​ឱ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​វិញ៖ «សូម​សួរ​ទៅ​ក្រសួង​ប្រៃសណីយ៍ ពី​ព្រោះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន​ទេ»។

អាស៊ី​សេរី​បាន​ព្យាយាម​អ្នក​ទង​លោក មាស ប៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង តែ​លោក​មិន​ទទួល។

ស្ថិតិ​របស់​និយ័តករ​​ទូរគមនាគមន៍​កម្ពុជា បង្ហាញ​ថា ចំនួន​អ្នក​ប្រើប្រាស់​សេវា​អ៊ិនធឹណិត គិត​ត្រឹម​ខែសីហា ឆ្នាំ២០២០ មាន​ជាង ១៥លាន​នាក់ (១៥.២៦២.៥២៦) ដែល​ជា​តួលេខ​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ប្រមាណ ១០ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​រដ្ឋ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនធឹណិត​សរុប ៣៨ក្រុមហ៊ុន។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​សេរីភាព​តិចតួច​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House ដោយសារតែ​​រដ្ឋាភិបាល​បាន​ព្យាយាម​ប្លុក​គេហទំព័រ​មួយ​ចំនួន រួម​ទាំង​គេហទំព័រ​អាស៊ីសេរី នៅ​មុនពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​ត្រូវ​គេចាត់​ទុក​ថា «ក្លែងក្លាយ» និង​បាន​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន និង​បំភិតបំភ័យ​ក្រុមអ្នក​រិះគន់​ និង​សំឡេង​ប្រឆាំង​នៅលើ​បណ្តាញ​អ៊ិនធឺណិត

កាល​ពី​ឆ្នាំ២០២០ មាន​អ្នក​សារព័ត៌មាន​យ៉ាង​តិច​ចំនួន ១៣នាក់ បាន​ប្រឈម​នឹង​បណ្ដឹង​របស់​តុលាការ និង​កំពុង​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment