អង្គការ​យូណេស្កូ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា ពិត​ជា​ប៉ះពាល់​ដល់​តំបន់​អង្គរ

ដោយ មាន ឫទ្ធិ
2021-02-19
RFA

អង្គការ​យូណេស្កូ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា ពិត​ជា​ប៉ះពាល់​ដល់​តំបន់​អង្គរ

អគារ​កាស៊ីណូ របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World Casino) នៅ​ភ្នំពេញ និង​ភ្ញៀវ​ទេសចរ​ចូលទស្សនាប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ និង​ហ្វេសប៊ុកក្រសួងទេសចរណ៍


អង្គការ​យូណេស្កូ (UNESCO) ព្រួយ​បារម្ភ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា ឃ័រ (Naga Corp) ដែល​ស្ថិត​នៅ​ជិត​តំបន់​អង្គរ ខេត្ត​សៀមរាប។ចំណែក​ប្រជាពលរដ្ឋ​វិញ ពួកគាត់​នៅ​តែ​មិន​ពេញ​ចិត្ត​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នៅ​ក្បែរ​តំបន់​អង្គរ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ។ 

គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្កា (Naga Corp) ដែល​នៅ​ជិត​បង្កើយ​នឹង​តំបន់​អង្គរ ពិត​ជា​មាន​ផល​ប៉ះពាល់​យ៉ាង​ជាក់​ច្បាស់​ដល់​គុណ​តម្លៃ​ជា​សកល​ដ៏​វិសេស​វិសាល​របស់​រមណីយដ្ឋាន​អង្គរ ដែល​ជា​ទ្រព្យ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ។

អង្គការ​យូណេស្កូ បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​ច្រើន​ពី​ភាគី​ទីបី ដែល​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ​ជុំវិញ​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ណាហ្កា ដែល​នៅ​ជិត​តំបន់​អង្គរ។

អង្គការ​យូណេស្កូ អះអាង​ថា សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ីស៊ី-អង្គរ (ICC-Angkor) កាល​ពី​ចុង​ខែ មករា បាន​ជជែក​ពី​គម្រោង​វិនិយោគ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ មតិ​យោបល់​បែប​បច្ចេកទេស​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​អភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចីរភាព បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​គាំទ្រ​ឱ្យ​មាន​គម្រោង​បែប​នេះ​ឡើយ។

អង្គការ​ យូណេស្កូ អះអាង​ទៀត​ថា អង្គការ​នេះ​កំពុង​ជជែក​គ្នា​យ៉ាង​ដិតដល់​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ការពារ​រមណីយដ្ឋាន​អង្គរ និង​តំបន់​នៅ​ជុំវិញ​នោះ។ អង្គការ​ដដែល​បញ្ជាក់​ថា រាល់​ការ​អភិវឌ្ឍ​ទាំង​ឡាយ​ទាក់ទង​នឹង​តំបន់​អង្គរ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ក្នុង​សម័យ​ប្រជុំ​លើក​ទី៤៤ នៅ​ខែ​មិថុនា និង​ខែ​កក្កដា ឆ្នាំ២០២១ នេះ។

អង្គការ​យូណេស្កូ (UNESCO) ជឿ​ជាក់​ថា អាជ្ញាធរ​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ពេញលេញ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោក និង​ធានា​ថា ការ​ការពារ​តម្លៃ​ជា​សកល​ដ៏​លេច​ធ្លោ​របស់​អង្គរ​នឹង​​នៅ​តែ​ជា​ស្នូល​នៃ​ដំណើរការ​សម្រេច​ចិត្ត​ទាំង​ឡាយ ទាក់ទង​នឹង​ទ្រព្យ​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​មួយ​នេះ និង​តំបន់​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​នោះ។ 

នេះ​ជា​លើក​ដំបូង​ហើយ ដែល​អង្គការ​យូណេស្កូ ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​កង្វល់ និង​ដាស់​តឿន​រដ្ឋាភិបាល​លោក ហ៊ុន សែន អំពី​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ដ៏​ធំ​សម្បើម​ក្បែរ​តំបន់​អង្គរ ទៅ​ឱ្យ​ក្រុមហ៊ុន​ណាហ្កា ដែល​ជា​ក្រុមហ៊ុន​កាស៊ីណូ និង​ល្បែង​ស៊ីសង​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​អង្គការ​យូណេស្កូ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ កុម្ភៈ។ ប៉ុន្តែ​លោក ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គាខប (Naga Corp) នៅ​ខេត្ត​សៀមរាប នឹង​មិន​ប៉ះពាល់​ដល់​តំបន់​អង្គរ​នោះ​ទេ ព្រោះ​ស្ថិត​នៅ​ក្រៅ​តំបន់ ដែល​កំណត់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា។

លោក​បន្ត​ថា គម្រោង​នេះ​រៀបចំ​ឡើង​ក្នុង​ទិសដៅ​ឱ្យ​ភ្ញៀវ​ទេសចរ​កម្សាន្ត និង​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ មិន​មែន​ជា​កន្លែង​ល្បែង​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ ប្រសិន​បើ​ក្រុមហ៊ុន​នេះ ប្រព្រឹត្ត​ទង្វើ​ណា​ដែល​រំលោភ​ច្បាប់៖ «រដ្ឋាភិបាល​ចាត់​វិធានការ​មិន​ថា អ្នក​នឹង​វិនិយោគ​ខ្នាត​តូច ខ្នាត​ធំ​ទេ ការ​ព្រួយ​បារម្ភ​ល្អ ហើយ​ជា​ការ​គិត​មួយ ជួយ​គិត​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ​ចម្លើយ​របស់​ខ្ញុំ​គឺ​ប៉ុណ្ណឹង ប្រសិន​បើ​សិន​មាន​ការ​រំលោភ​សិទ្ធិ ប៉ះពាល់​ទៅ​ដល់​អ្វី​ទៅ​ទិដ្ឋភាព​នៃ​វប្បធម៌​របស់​កម្ពុជា​យើង​ចាត់​វិធានការ​ភ្លាម»។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ណាហ្គា ឃ័រ ដែល​ជា​ក្រុមហ៊ុន​ធំ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើល៍ (Nagaworld) ជួលដីរយៈពេល៥០ឆ្នាំ ទំហំ៧៥ហិកតារ ដែល​មាន​ចម្ងាយ ៥០០ម៉ែត្រ ពី​ឧទ្យាន​ជាតិ​អង្គរ។ គម្រោង​នេះ​មាន​ទឹក​ប្រាក់​វិនិយោគ​ជំហាន​ដំបូង​ចំនួន ៣៥០លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន​គ្រោង​រៀបចំ​សណ្ឋាគារ​ផ្កាយ​ប្រាំ កន្លែង​កម្សាន្ត ឧទ្យាន​វប្បធម៌​បែប​ប្រវត្តិសាស្ត្រ និង​ទីក្រុង​ចិន​សៀមរាប ឬ​ឆៃណាថោន (Siem Reap China Town)។ ក្រុមហ៊ុន​ដាក់​ឈ្មោះ​គម្រោង​វិនិយោគ​នេះ​ជា​រួម​ថា «Angkor Lake of Wonder»។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន​ មិន​ចង់​បាន​គម្រោង​វិនិយោគ​បែប​នេះ​នៅ​ជិត​តំបន់​អង្គរ​ឡើយ ដោយសារ​បារម្ភ​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​រមណីយដ្ឋាន​អង្គរ។

មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​អង្គរ លោក សេង គឹមហួត ប្រាប់​អាស៊ី​សេរី​ថា ការ​លើក​ឡើង​របស់​អង្គការ​យូណេស្កូ គឺ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ការពារ​សម្បត្តិ​វប្បធម៌ និង​អរិយធម៌​ខ្មែរ។ លោក​ថា លោក​បាម្ភ​ចំពោះ​គម្រោង​មិន​ច្បាស់លាស់​មួយ​នេះ ព្រោះ​កន្លង​មក​អាជ្ញាធរ​មិន​បាន ពិភាក្សា និង​សិក្សា​វាយ​តម្លៃ ឬ​ស្ទង់​មតិ​ពី​ប្រជាពលរដ្ឋ​ឡើយ។ លោក​យល់​ថា រដ្ឋាភិបាល​ហាក់​មាន​ភាព​មិន​ស្មោះ​ត្រង់​ជា​មួយ​ប្រជាពលរដ្ឋ៖ «ជា​ការ​ពិត​ហើយ ព្រោះ​ថា ការ​អភិវឌ្ឍ​បែប​តាម​គម្រោង​ខាង​យូណេស្កូ ឬ​ក៏​ខាង​អាជ្ញាធរ​អប្សរា​ហ្នឹង រៀបចំ​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ​ណាហ្គា ឃ័រ ហ្នឹង ធ្វើ​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ ហើយ​គោល​ការណ៍​មិន​ឱ្យ​សាងសង់​មិន​ឱ្យ​ខ្ពស់ៗ ជាង​ប្រាសាទ​អង្គរ​វត្ត​ផ្សេងៗ ជា​ការ​ល្អ ធ្វើ​បាន​តាម​ប្រពៃណី​ខ្មែរ​យើង បើ​ទាក់ទង​ទៅ​នឹង​បើ​គេ​ធ្វើ​ខ្ពស់​ជាង ឬ​ក៏​គេ​បើក​ជា​ល្បែង​មិន​ល្អ​សម្រាប់​តំបន់​អង្គរ​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​អង្គរ​ម្នាក់​ទៀត លោក ថាន សុធី ព្រួយបារម្ភ​ពី​ភាព​មិន​ច្បាស់លាស់ ឬ​ការ​អភិវឌ្ឍន៍​ខុស​ទិស​ដៅ​នៅ​ក្នុង​ខេត្ត​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ៖ «សម្រាប់​ខ្ញុំ​គិត​ថា គម្រោង​របស់​រដ្ឋាភិបាល​ជា​រឿង​មួយ​ជា​ការ​ព្រួយ​បារម្ភ វា​ជា​រឿង​មួយ​ល្អ​ប្រសិន​បើ​គម្រោង​រដ្ឋាភិបាល​គាត់​ធ្វើ​ទៅ​ដោយ​តម្លាភាព គោរព​តាម​គោលការណ៍ ឬ​មួយ​ធ្វើ​ដូច​ក្នុង​ច្បាប់​មាន ដែល​រដ្ឋាភិបាល​មាន​ឱ្យ​មាន​តម្លាភាព​ជា​រឿង​ល្អ​ដែរ»។

អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​មូល ព្រម​ទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ ៤០០គីឡូ​ម៉ែត្រ​ក្រឡា ចូល​ជា​ទ្រព្យ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ខែធ្នូ ឆ្នាំ១៩៩២ និង​ជា​កន្លែង​បុរាណ​វិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍។

ប្រាសាទ​បុរាណ និង​ព្រៃ​ព្រឹក្សា​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អង្គរ​នេះ រក​ចំណូល​ឱ្យ​កម្ពុជា​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា។ ប្រជាពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ស្នើ​ទៅ​រដ្ឋាភិបាល គិតគូរ​ឱ្យ​បាន​ជាក់លាក់​ពី​ផល​ប៉ះពាល់​លើ​ពលរដ្ឋ សោភ័ណភាព គ្រឹះ​ប្រាសាទ និង​បរិស្ថាន​នៅ​តំបន់​អង្គរ មុន​នឹង​សម្រេច​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ទីតាំង​ណាមួយ​នៅ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​យូណេស្កូ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា ពិត​ជា​ប៉ះពាល់​ដល់​តំបន់​អង្គរ"

  1. sok sabay says:

    វរះបុរសខ្មែរមានថ្វីដៃយ៉ាងអស្ចារ្យទុកមរតកដ៍មានតម្លៃខ្ពស់ខ្លាំងខ្លាលេីពីភពលោក។ឪឡូវអ្នកឃ្លាន”ដូល្លា” ឃ្លានបុណ្យស័ក្ត
    លែងគិតហើយបុរាណមរតកខ្មែរទៀតហើយ លក់ខ្ទេចលក់ខ្ទី អោយតែបានលុយ”ដូល្លា”ដាក់ហោប៉ៅ។