គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​វិទ្យុសកម្ម​ក្នុង​ពន្ធនាគារ

ដោយ ខែ សុណង
2021-02-20
RFA

គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​វិទ្យុសកម្ម​ក្នុង​ពន្ធនាគារ

ពន្ធនាគារ​ព្រៃស។ រូប​ពី​ហ្វេសប៊ុក


ក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ជំនាញ​និង​ឯករាជ្យ ដើម្បី​ស្រាវជ្រាវ និង​ដោះស្រាយ​ការប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សញ្ញា​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ ដែល​សង្ស័យ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​សិទ្ធិ​របស់​អ្នក​ជាប់ឃុំ​។ ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​កំពុង​ជាប់ឃុំ ត្អូញត្អែរ​ដូចៗ​គ្នា​ថា ការប្រើប្រាស់​ប្រព័ន្ធ​កាត់ផ្ដាច់​សេវា​ទូរស័ព្ទ​នេះ មាន​វិទ្យុសកម្ម​ហើយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ធ្ងន់ធ្ងរ។

ការប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សញ្ញា​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ និង​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដោយសារ​ផ្ទុក​អ្នក​ជាប់ឃុំ​លើស​ចំណុះ ប៉ះពាល់​ដល់​សុខភាព និង​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស​នោះ បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វិធានការ​ដោះស្រាយ​របស់​រដ្ឋាភិបាល ពុំ​ទាន់​ឃើញ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ លោក គង់ សំអាន គឺ​លោកស្រី អៀប សួគ៌ រៀបរាប់​ថា ក្នុង​ពេល​ប្តី​លោកស្រី ឡើង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​សប្ដាហ៍​មុន​នេះ លោកស្រី មាន​អារម្មណ៍​តក់ស្លុត​ជា​ខ្លាំង​ដោយសារ​ឃើញ​ប្តី​លោកស្រី ស្គមស្គាំង កើត​រម៉ាស់ និង​ភ្លេច​ភ្លាំង​ស្មារតី​ច្រើន​។ លោកស្រី​បន្ត​ថា ប្តី​លោកស្រី បាន​ត្អូញត្អែរ​ដូច​ជន​ជាប់ឃុំ​ដទៃ​ទៀត​ដែរ​ថា សុខភាព​ចុះ​ខ្សោយ និង​ភ្លេច​ភ្លាំងស្មារតី​នេះ ដោយសារ​បន្ទប់​ពន្ធនាគារ​តូច​ចង្អៀត​ពិបាក​ដេក និង​ការ​ដាក់​ឧបករណ៍​កាត់ផ្ដាច់​សេវា​ទូរស័ព្ទ​៖ «ខ្ញុំ​ឃើញ​គាត់​ចង់​សន្លប់​ហើយ​ខ្ញុំ ចង់​ឡើង​ឈាម​ផង​អី​ផង ចង់​ស្រែក​ទ្រហោ​យំ​នៅ​កន្លែង​សវនាការ​នោះ។ ខ្ញុំ​ខកចិត្ត​ណាស់​មនុស្ស​ដែល​ល្អ​ដូច​គាត់ គេ​(​អាជ្ញាធរ​មក​ធ្វើ​បែប​ហ្នឹង​។ គាត់​ខំ​តស៊ូ​ដើម្បី​ជាតិ ធ្វើ​ការ​ជា​គ្រូបង្រៀន​ហើយ​ទីបំផុត​បែរ​ជា​នៅ​ក្នុង​ពន្ធនាគារ​វិញ​។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត តែ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​បួងសួង​ឱ្យ​គាត់​ឆាប់​ជា និង​ឆាប់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់ឃុំ​ម្នាក់ទៀត លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត និយាយ​ថា ទឹក​ប្រើប្រាស់​ក្នុង​ពន្ធនាគារ មាន​គ្រប់គ្រាន់​ឡើងវិញ​ហើយ ប៉ុន្តែ​បញ្ហា​ចង្អៀត​ណែន និង​ការ​ដាក់​ឧបករណ៍​កាត់ផ្ដាច់​សេវា​ទូរស័ព្ទ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​។ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ ចុះ​ស្រាវជ្រាវ និង​ដក​ឧបករណ៍​នោះ​ចេញ​វិញ ប្រសិនបើ​រកឃើញ​ថា ពិតជា​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ជន​ជាប់ឃុំ​៖ «ខ្ញុំ​សួរ​គាត់​មួយ​ម៉ាត់​ពីរ​ម៉ាត់​អី​គាត់​ស្ដាប់​ខ្ញុំ​អត់​លឺ ហើយ​រៀង​ភ្លេច​មុខ​ភ្លេច​ក្រោយ»។

មួយ​រយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​សកម្មជន​សង្គម រួម​ទាំង​លោក រ៉ុង ឈុន ផង ដែល​ត្រូវ​បាន​មន្ត្រី​ពន្ធនាការ​បញ្ជូន​ឡើង​សវនាការ​ជំនុំ​ជម្រះ ក្តី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​នោះ បាន​រាយការណ៍​ដូចៗ​គ្នា ប្រាប់​តុលាការ និង​អ្នក​ឃ្លាំមើល​សវនាការ​ដែល​មាន​តំណាង​ស្ថានទូត មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​អ្នកសង្កេតការណ៍​ផ្សេងៗ​ថា ស្ថានភាព​ក្នុង​ពន្ធនាគារ តូច​ចង្អៀត​ខ្លាំង និង​ការប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សញ្ញា​ទូរស័ព្ទ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​ចងចាំ​របស់​ពួកគាត់​។ ការរិះគន់​និង​ការ​តវ៉ា​របស់​ជន​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចង្អៀត​ណែន និង​ទាមទារ​ឱ្យ​ដក​ប្រព័ន្ធ​កាត់ផ្ដាច់​ទូរស័ព្ទ​នេះ មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ។

អតីត​អ្នកទោស​មនសិការ​មួយ​រូប​ដែល​ធ្លាប់​ជាប់​ពន្ធនាការ​ពីរ​ដង គឺ​លោក គង់ រ៉ៃយ៉ា លើកឡើង​ថា នៅ​ក្នុង​ពន្ធនាគារ គឺ​អគារ​មួយ អាច​មាន​ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ​៤ ទៅ ៥​គ្រឿង ហើយ​ពេលខ្លះ​ឧបករណ៍​ទាំងនោះ មាន​សំឡេង​ធ្វើ​ឱ្យ​ហ៊ឹង​ក្នុង​ត្រចៀក និង​សង្ស័យ​ថា ជា​មូលហេតុ​ធ្វើ​ឱ្យ​ឈឺក្បាល​។ លោក​ជំរុញ​ឱ្យ​មន្ត្រី​ពន្ធនាគារ លុបបំបាត់​អំពើពុករលួយ និង​រឹត​បន្តឹង​ការ​នាំចូល​ទូរស័ព្ទ​ពី​ខាងក្រៅ ជា​ជាង​ការប្រើប្រាស់​ឧបករណ៍​កាត់ផ្ដាច់​សេវា​ទូរស័ព្ទ​៖ «យើង​មិនមែន​ជា​អ្នក​ជំនាញ យើង​ក៏​មិនសូវ​ដឹង​ច្បាស់​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង គឺ​ពេល​ដែល​រូប​ខ្ញុំ​ខ្លួនឯង​ចូល​ទៅ​វា​ដូចជា​អ្វី​ពួកគាត់ លើកឡើង​ដែរ ហើយ​សម្រាប់​ជន​ជាប់ឃុំ​ទាំងអស់ មិន​ថា​ជន​ជាប់ឃុំ​ផ្នែក​នយោបាយ ឬក៏​ជន​ជាប់ឃុំ​ដែល​គាត់​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ទេ គឺ​ពួកគាត់​និយាយ​ដូចគ្នា​ដែរ ។ នៅ​ពេល​ពួកគាត់​អត់​ទាន់​ជាប់​ពន្ធនាគារ គាត់​មាន​ស្មារតី​ស្វាហាប់​រឹងមាំ​ល្អ ហើយ​ពេល​ពួកគាត់​ជាប់ពន្ធនាគារ​ទៅ ធ្វើ​ឱ្យ​គាត់​ភ្លេច​ភ្លាំងស្មារតី ឬ​ស្មារតី​មិនល្អ»។

គ្រួសារ និង​អ្នកឃ្លាំមើល ចាត់ទុក​ថា សម្រាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ត្រូវបាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ឃុំខ្លួន​ទាំង​គ្មាន​កំហុស​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​បាត់បង់​សេរីភាព​ដើរហើរ គឺជា​រឿង​អយុត្តិធម៌ និង​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ​ស្រាប់​ទៅ​ហើយ​។ ប៉ុន្តែ​ការ​ដាក់​ឱ្យ​ពួកគេ​រស់នៅ​ក្នុង​បន្ទប់​ចង្អៀត​ណែនណាន់ រក​កន្លែងដេក​មិនបាន អង្គុយ​មិនកើត និង​ថែមទាំង​អះអាង​ថា ពួកគាត់​ទទួលរង​ប៉ះពាល់​ពី​វិទ្យុសកម្ម​ទៀត​នោះ គឺ​រឹតតែ​បន្ថែម​ទណ្ឌកម្ម​និង​រំលោភ​សិទ្ធិ របស់​ពួកគាត់​ធ្ងន់ធ្ងរ​ថែមទៀត ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ការសិក្សា​វិទ្យាសាស្ត្រ​បង្ហាញ​ថា វិទ្យុសកម្ម​កើតឡើង​ពី​ឧបករណ៍​រំខាន​រលក​សញ្ញា​ទូរស័ព្ទ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ទឹក​អង្គ​ជាតិ​បុរស (​ឬ​ទឹកកាម​បុរស​) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត។

ឆ្លើយតប​ចំពោះ​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង មហាផ្ទៃ លោក នុត សាវនា មាន​ប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​គំនិត​ចង់​ឱ្យ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​ឧបករណ៍​ផ្ដាច់​សេវា​ទូរស័ព្ទ​នេះ ព្រោះ​មន្ត្រី​របស់​លោក ក៏​ធ្វើការ​នៅ​ទី​នោះ​ដែរ​។ លោក​អះអាង​ថា កន្លងមក ពន្ធនាគារ​ធ្លាប់​បាន​សិក្សា​ជាមួយ​ក្រុមហ៊ុន​ដំឡើង​ឧបករណ៍​នេះ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ជាក់​ថា មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​៖ «សូម​ជម្រាប​ថា មន្ត្រី​ខ្ញុំ​អត់​មាន​ជំនាញ​ខាង​វាយតម្លៃ​ឧបករណ៍​វិទ្យុសកម្ម​ទេ ដូច្នេះ​ទាល់តែ​អ្នក​ខាង​ទូរគមនាគមន៍​បាន​គាត់​អាច​ធ្វើ​បាន ។ ការ​ស្នើ​សុំ​នេះ វា​មិនមែន​ជា​បន្ទុក​របស់ខ្ញុំ​ទេ បើសិនជា​សង្គម​ស៊ីវិល គេ​ធ្វើ​លិខិត​មក​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ អាហ្នឹង​ខាង​ថ្នាក់ដឹកនាំ​មាន​ចំណារ​ឱ្យ​មាន​វិធាន ការ​យ៉ាងម៉េច គឺជា​ការសម្រេច​របស់​គាត់ ហើយ​ខ្ញុំ​អត់​មាន​យោបល់​អី​ទេ»។

លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ ក៏បាន​រឹត​បន្តឹង​ចំពោះ​ការ​នាំ​ចូល​វត្ថុ​ហាមឃាត់​ដែរ ប៉ុន្តែ​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ទាំងស្រុង ដោយសារ​ចំនួន​ជន​ជាប់ឃុំ​មាន​ច្រើន​លើស​លុប​ជាង​មន្ត្រី​ពន្ធនាគារ​។ ចំពោះ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​វិញ លោក​តែង​បកស្រាយ​ថា តុលាការ​កំពុង​ព្យាយាម​ពន្លឿន​ដោះស្រាយ​សំណុំរឿង និង​សាងសង់​អគារ​ពន្ធនាគារ​បន្ថែម​ជាដើម។

ទោះបីជា​យ៉ាងណា នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ថ្មីៗ​នេះ​មាន​ជន​ជាប់ឃុំ​ជាច្រើន​នាក់​បាន​លើកឡើង​ដូចៗ​គ្នា​អំពី​ផល​ប៉ះពាល់​សុខភាព​ដែល​អាច​បង្កឡើង​ដោយ​ឧបករណ៍​កាត់ផ្ដាច់​ទូរស័ព្ទ ប៉ុន្តែ​មកដល់ពេលនេះ លោក​មិន​ទាន់​មាន​អ្នក​ជំនាញ​ណាមួយ​បកស្រាយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នៅឡើយ​ទេ​។ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ជំនាញ និង​ឯករាជ្យ ដើម្បី​ស្រាវជ្រាវ និង​បញ្ជាក់​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ និង​ការ​លើកឡើង​ដដែលៗ​៖ «យើង​មិនមែន​ជា​អ្នក​ជំនាញ យើង​មិនទាន់​ហ៊ាន​បកស្រាយ​ថា វា​ប៉ះពាល់​ឬ​មិន​ប៉ះពាល់​ទេ ដូច្នេះ​ហើយ​ទើប​យើង​ថា ធ្វើ​ម៉េច​ឱ្យ​មាន​អ្នក​ជំនាញ ឬ​គណៈកម្មការ​ជំនាញ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​រឿង​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់ ហើយ​បើ​ការ​ដាក់​ហ្នឹង វា​មាន​ប៉ះពាល់​ដូច​គាត់​លើកឡើង​មែន គឺ​នឹង​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​។ ដូច​យើង​ដឹង​ហើយ​ថា ជន​ជាប់ឃុំ គឺ​គាត់​អស់​សិទ្ធិ​មួយ​តែ​អ្វី​ដែល​តុលាការ​ដកហូត ដូចជា​សិទ្ធិ​ដើរ​ហើរ​ជាដើម ផុត​ពី​នេះ គឺ​ពួកគាត់ នៅ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ដូចជា​សិទ្ធិ​ទទួល​បាន​អាហារ​គ្រប់គ្រាន់ សិទ្ធិ​ជៀស​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម និង​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ជាដើម»។

គណបក្សប្រឆាំង​ក៏​ធ្លាប់​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​របស់​អ្នក​កំពុង​ជាប់ឃុំ​ដែរ​។ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន និង​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សញ្ញា​ទូរស័ព្ទ​នៅ​ក្នុង​ពន្ធនាគារ​ដែរ​។ សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ចាត់ទុកថា ការ​ឃុំខ្លួន​អ្នកទោស​ច្រើន​នាក់​ក្នុង​បន្ទប់​តូច​ចង្អៀត គ្មាន​ខ្យល់អាកាស​ចេញចូល​ល្អ ក្នុង​ពេល​កំពុង​មាន​ជំងឺ​រាតត្បាត​កូវីដ​-១៩ និង​ប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សំឡេង​លើ​អ្នកទោស​នេះ គឺ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត និង​ជា​ការ​ធ្វើ​ទារុណកម្ម ព្រមទាំង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​វិទ្យុសកម្ម​ក្នុង​ពន្ធនាគារ"

  1. Anonymous says:

    they learn from Vietcong

Leave a Reply

Submit Comment