ហេង រស្មី
2021-02-19
RFA

ស្ថានីយវិទ្យុមិត្តភាពចិន-កម្ពុជាបង្ហាញរូបភាពទំនាក់ទំនងជិតស្និទ្ធរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកប្រធានាធិបតីចិន ជី ជីងពីង( Xi Jinping)។ រូបថត៖ វិទ្យុមិត្តភាពកម្ពុជា-ចិន
អ្នកជំនាញខាងសារព័ត៌មាននិយាយថា ប្រទេសចិនកំពុងប្រើប្រាស់ឥទ្ធិពលសារព័ត៌មានមកលើប្រទេសកម្ពុជា តាមរយៈការបង្កើតស្ថានីយវិទ្យុ ទូរទស្សន៍ និងកាសែត នៅកម្ពុជា ហើយរដ្ឋាភិបាលចិន ក៏បានអញ្ជើញអ្នកសារព័ត៌មាននៅក្នុងស្រុក ទៅទស្សនកិច្ចប្រទេសចិនជាញឹកញាប់ទៀតផង។ លើសពីនេះ គេសង្កេតឃើញថា សារព័ត៌មានក្នុងស្រុកមួយចំនួនធំ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា មិនហ៊ានសរសេរ ឬហ៊ាននិយាយរិះគន់ក្រុមហ៊ុន ឬរដ្ឋាភិបាលចិនទេ បើទោះបីជាសង្គមស៊ីវិលបានរកឃើញថា ក្រុមហ៊ុនចិនមួយចំនួនកំពុងរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាក្ដី។
ស្របពេលសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងដាំក្បាលចុះឥទ្ធិពលចិនទៅលើវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាកំពុងរីកចំរើនគួរឱ្យកត់សំគាល់។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ នេះ ចិនបានបង្កើត ស្ថានីយវិទ្យុ ទូរទស្សន៍ ការសែត និងទស្សនាវដ្ដី សរុបចំនួន ២៥ ដែលរួមមាន៖ ទស្សនាវដ្ដី៣ កាសែត៧ ព្រឹត្តិប័ត្រ១ ការិយាល័យទីភ្នាក់ងារព័ត៌មានចំនួន ៦ស្ថានីយ ទូរទស្សន៍១ និងវិទ្យុអនឡាញ (Online) ចំនួន៨ កំពុងដំណើរការ និងបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនឯកជនរបស់ប្រទេសចិន។ ស្ថាប័នទាំងនោះផ្សាយជា ៣ភាសា គឺភាសាចិន ខ្មែរ និងភាសាអង់គ្លេស ហើយកម្មវិធីដែលផ្សព្វផ្សាយនោះជាព័ត៌មានក្នុងស្រុក កម្មវិធីកម្សាន្ត ព័ត៌មានអំពីសុខភាព និងអំពីទំនាក់ទំនងល្អរវាងចិន និងកម្ពុជា៖ «នាទីចំណេះដឹងទូទៅ ជម្រាបជួនប្រិយមិត្តនូវចំណេះដឹងល្អៗ ក្នុងជីវភាពរស់នៅ។ ចា៎! ជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី៖ ស្វាគមន៍មកកាន់កម្មវិធីចំណេះដឹងទូទៅនៃវិទ្យុមិត្តភាពកម្ពុជាចិន អេហ្វអឹម ៩៥.៦ មេហ្កាហឺតស៍ ពីរាជធានីភ្នំពេញ និង អេហ្វអឹម ១០៥ មេហ្កាហឺតស៍ពីខេត្ត សៀមរាប។ ក្នុងពេលនេះ នាងខ្ញុំ ម៉ា លីស សូមពាំនាំនូវចំណេះដឹងខ្លះៗ ពាក់ព័ន្ធនឹងបញ្ហាសុខភាពជូនប្រិយមិត្ត»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនមកលើប្រទេសកម្ពុជា ចិនមិនត្រឹមតែបានពង្រីកវិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃនេះចិនក៏បានបង្កើតសមាគមសារព័ត៌មានចិន-កម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងចិន និងកម្ពុជាថែមទៀតផង។
លោកបន្តថា កន្លងទៅប្រទេសចិនបានអញ្ជើញអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មានទៅទស្សនៈកិច្ចនៅក្នុងប្រទេសចិន ដើម្បីស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់នៃប្រទេសទាំងពីរ។ ប៉ុន្តែលោកអះអាងថា បំណងពិតប្រាកដរបស់ប្រទេសចិន គឺចង់ទិញទឹកចិត្តអ្នកសារព័ត៌មានមិនឱ្យនិយាយពីចំណុចអវិជ្ជមានរបស់ប្រទេសចិនមកលើកម្ពុជា៖ «ក្នុងពេលបច្ចុប្បន្ននេះប្រទេសចិនមានឥទ្ធិពលហើយ គ្រាន់ថា មានឥទ្ធិពលធំប៉ុណ្ណា យើងមិនទាន់អាចធ្វើការសន្និដ្ឋានបានដោយសារតែមានឥទ្ធិពល យើងសង្កេតឃើញថា ចិនកសាងទំនាក់ទំនងជាមួយនឹងការរកស៊ីជាមួយនឹងលោកឧកញ៉ា គិត ម៉េង ជាមួយនឹងលោកឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ដែលឧកញ៉ាទាំងអស់ហ្នឹងគាត់ក្ដោបក្ដាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន»។
នាយកប្រតិបត្តិគេហទំព័រហ្វេ្រសញូ (Fresh News) លោក លឹម ជាវុត្ថា ដែលធ្លាប់ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនកាលពីឆ្នាំ ២០១៨ រយៈពេល ១សប្ដាហ៍ បានប្រាប់អាស៊ីសេរីដោយមិនអនុញ្ញាតឱ្យចាក់ផ្សាយសំឡេងថា លោកទៅប្រទេសចិនជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ជាច្រើនអ្នកផ្សេងទៀត។ លោកថា ដំណើរទស្សនកិច្ចពេលនោះ អ្នកសារព័ត៌មានបានទៅមើលទីស្នាក់ការនៃទីភ្នាក់ងារសារព័ត៌មានស៊ីហួរ (Xinhua) និងស្ថានីយទូរទស្សន៍ ស៊ីជីធីអ៊ិន (CGTN) របស់រដ្ឋាភិបាលចិន។
បើទោះជាលោក លឹម ជាវុត្ថា និយាយថា កន្លងទៅសារព័ត៌មានហ្វេ្រសញូ (Fresh News) ដែលលោកគ្រប់គ្រងនេះ បានផ្សព្វផ្សាយច្រើនអំពីអ្នកវិនិយោគទុនចិន និងក្រុមហ៊ុនចិនទាំងឡាយណាដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋខ្មែរក៏ដោយ ក៏គេកម្រឃើញគេហទំព័រអនឡាញ (online) មួយនេះផ្សាយព័ត៌មានស្ដីពីក្រុមហ៊ុនចិន ក្រុមហ៊ុនរបស់រដ្ឋាភិបាលចិនណា ដែលមានឈ្មោះពាក់ព័ន្ធនឹងជម្លោះរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋម្ដងណាឡើយ។
ទោះយ៉ាងណា នាយកប្រតិបត្តិហ្វេ្រសញូ( Fresh News) លោក លឹម ជាវុត្ថា បញ្ជាក់ថា សារព័ត៌មានហ្វេ្រសញូ គោរពតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនបានទទួលថវិកាពីរដ្ឋាភិបាលចិនទេ។
ចំណែកអគ្គនាយកគេហទំព័រដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយវិទ្យុបាយ័ន លោក សយ សុភាព ក៏ជាមនុស្សម្នាក់ ដែលធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសចិនចំនួន ៤លើក តាំងពីឆ្នាំ២០០៨ មក។ លោក សយ សុភាព និងអ្នកសារព័ត៌មានចិនមួយចំនួននៅកម្ពុជា បានរួមគ្នាបង្កើតសមាគមអ្នកកាសែតកម្ពុជា-ចិនមួយ កាលពីឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីស្វែងយល់រវាងរដ្ឋាភិបាល និងផលប្រយោជន៍នៃប្រជាជនទាំងពីរ។
លោកថា បើសិនជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គេរិះគន់អំពីចិន លោកត្រូវតែការពារវិញ ពីព្រោះកម្ពុជា ជាមិត្តគ្រប់ជ្រុងជ្រោយជាមួយនឹងប្រទេសចិន ហើយភូមិសាស្ត្រនយោបាយនៅកម្ពុជា ដាច់ខាតត្រូវតែឈរនៅខាងចិន។ ហេតុដូច្នេះហើយបានជាលោកបង្កើតសមាគមអ្នកសែតកម្ពុជាចិន ដើម្បីជួយផ្សារភ្ជាប់ទំនាក់ទំនង និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៖ «ខ្ញុំសិក្សាពីភូមិសាស្ត្រនយោបាយ និងបណ្ដាសានយោបាយ។ ដូច្នេះនៅពេលដែលយើងយល់ពីបណ្ដាសាភូមិសាស្ត្រនយោបាយ យើងនឹងស្គាល់ យើងនឹងដឹង។ យើងអត់ថា អ្នកណាខុសអ្នកណាត្រូវ ប៉ុន្តែយើងព្យាយាមឱ្យគេយល់ថា ប្រទេសរបស់យើងស្ថិតនៅកន្លែងណា ហើយយើងត្រូវផ្សាយយ៉ាងម៉េច? ឧទាហរណ៍ថា ហេតុអ្វីបានជាខ្ញុំផ្សាយវាយប្រហារអាមេរិក? ចុះកន្លងមក អាមេរិកវាយប្រហាររហូត។ អាមេរិកវិទ្យុរបស់គេ រួមទាំងវិទ្យុអាស៊ីសេរី ដែលលោក ហេង រស្មី កំពុងផ្សាយ គឺជាវិទ្យុមួយដែលបានវាយប្រហារមកលើកម្ពុជាថា សេពគប់ជាមួយនឹងចិនអាក្រក់។ ប៉ុន្តែសួរថា អាហ្នឹងយ៉ាងម៉េច? គឺអាហ្នឹងជាភូមិសាស្ត្រនយោបាយអាមេរិក ដើម្បីផ្ដួលចិន ដើម្បីគ្រប់គ្រង»។
យោងតាមរបាយការណ៍របស់ព័ត៌មានគ្មានព្រំដែន (RSF) កាលពីខែមិថុនា ឆ្នាំ២០១៩ ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជាកំពុងចាប់ផ្ដើមធ្វើឱ្យមានលក្ខណៈដូចប្រទេសចិន។
កាលពីឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ ណៃស៍ ធីវី NiceTV បានចាប់ផ្ដើមវិនិយោគរវាងក្រុមហ៊ុនខាល់ឈើ អ៊ិនវេសមេន គ្រុប (Culture Investment Group) និងរដ្ឋាភិបាលកម្ពុជា ដោយចាក់ផ្សាយព័ត៌មាន និងការកម្សាន្តជាភាសាខ្មែរពីស្ទូឌីយោមួយនៅក្នុងក្រសួងមហាផ្ទៃ ចំណែកឯគេហទំព័រនគរបាលជាតិត្រូវគេសង្ស័យថា បង្កើតឡើងក្រោមជំនួយឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បដិសេធទៅនឹងការចោទប្រកាន់នេះ។ លោកថា ថវិកាក្នុងការចំណាយលើបុគ្គលិក និងការបង្កើតគេហទំព័រនគរបាលជាតិ គឺក្រសួងមហាផ្ទៃជាអ្នកចំណាយ៖ «អូនៗ ឯងនិយាយដូចជារងឥទ្ធិពលមួយអត់ល្អ។ យើងមានអធិបតេយ្យមួយច្បាស់លាស់ណាស់។ អារឿងរដ្ឋាភិបាលខ្ញុំមិនដឹងទេ តែខ្ញុំក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ អត់មានមកណែនាំអីខុសពីជំនាញខ្ញុំ ធ្វើខុសពីច្បាប់របស់ប្រទេស ខុសពីអធិបតេយ្យរបស់ខ្ញុំទេ»។
ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា ការចោទប្រកាន់ថា ចិនកំពុងប្រើប្រាស់ឥទ្ធិពលសារព័ត៌មានមកលើកម្ពុជា គឺជាចេតនាទុច្ចរិតញុះញង់ឱ្យមានការបំបែកបំបាក់សង្គម និងរើសអើងជាតិសាសន៍ ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំពីទំនាក់ទំនងចិន និងកម្ពុជា៖ «ផ្អែកទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា ជនបរទេស អាចមានសិទ្ធិនៅក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ហើយចំណុចនេះត្រូវបានបណ្ដាប្រទេស ក៏ដូចជាអង្គការនានា មានការគាំទ្រយ៉ាងខ្លាំងទៅលើចំណុចនេះ។ ក្រៅពីសារព័ត៌មានចិនដែលកំពុងប្រកបមុខរបរវិជ្ជាជីវៈនៅកម្ពុជា ក៏មានសារព័ត៌មានបរទេសជាច្រើន ដែលកំពុងប្រកបមុខរបរវិជ្ជាជីវៈនៅកម្ពុជាផងដែរ ដូចជា អាអេហ្វប៉េ (AFP) អេភី (AP) អ្នករាយការណ៍ក្យូដូ (Kyodo) អ្នករាយការណ៍របស់ រ៉យទ័រ (Reuter) ប្រចាំនៅកម្ពុជាផងដែរ»។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងដឹកនាំប្រទេសឆ្ពោះទៅរបបផ្ដាច់ការបែបកុម្មុយនិស្តចិន និងវៀតណាម ដែលក្នុងនោះរដ្ឋអំណាចគាបសង្កត់ និងត្រួតត្រាលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងសេរីរបស់អ្នកសារព័ត៌មានគ្រប់រូបភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ កុម្ភៈថ្មីៗ នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីត្រួតត្រាលើការប្រើប្រាស់អ៊ីនធឹណិតទាំងស្រុង។
ក្រុមអង្គការ សមាគម និងសហគមន៍មូលដ្ឋានចំនួន៤៥ រួមនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ជាការគំរាមកំហែងដល់សិទ្ធិពលរដ្ឋ ជាពិសេសសិទ្ធិនិយាយស្ដីដោយសេរី សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិឯកជន។
ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិរបស់លោក ហ៊ុន សែន ដែលជាច្រកចេញចូលតែមួយ ដើម្បីងាយស្រួលដល់រដ្ឋាភិបាលក្នុងការត្រួតត្រាលើអ្នកប្រើប្រាស់នេះ ត្រូវអ្នកសង្កេតការណ៍មើលឃើញថា ជាការយកតាមលំនាំប្រទេសចិនកុម្មុយនិស្ត ដែលបានអនុវត្តរបៀបនេះជាយូរមកហើយ។ ចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹតបន្តឹង និងរឹងមាំឡើងនៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតសកលនៃជំងឺកូវីដ១៩ ដូចដែលស្ថានីយវិទ្យុចិនចាក់ផ្សាយយ៉ាងដូច្នេះ ៖
៖«ប្រទេសចិន និងកម្ពុជា ជាប្រទេសជិតខាង និងជិតស្និទ្ធ ដូចបងប្អូន។ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរយៈពេល ៦៣ ឆ្នាំមក មិត្តភាពរវាងចិន និងកម្ពុជា កាន់តែមានភាពរស់រវើក។ ប្រទេសចិន និងប្រទេសកម្ពុជាបានធ្វើដំណើរជាមួយគ្នា ចាប់តាំងពីការផ្ទុះជំងឺកូវីដ ១៩ ដែលបានបង្ហាញកាន់តែច្បាស់ថា ប្រទេសចិន និងប្រទេសកម្ពុជាគឺ ជាមិត្តដែកថែប ដែលអាចរួមសុខរួមទុកជាមួយគ្នា។ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅក្នុងខណៈពេល ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានក្លាយជា មេដឹកនាំបរទេសទីមួយដែលបំពេញទស្សនកិច្ចនៅប្រទេសចិន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញសារព័ត៌មានថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រដ្ឋាភិបាល មានការរឹតត្បិតតាមបែបប្រទេសចិន
- ក្រសួងសុខាភិបាលប្រកាសរកឃើញមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជាជនបរទេស ៣នាក់
- សមត្ថកិច្ចរំដោះកុមារីម្នាក់អាយុ ១៤ឆ្នាំ ក្រោយពីមេខ្យល់ឆបោកទៅប្រទេសចិន
- មន្ត្រីសង្គមស៊ីវិលទាមទារឱ្យពិនិត្យសៀវភៅបោះពុម្ពផ្សាយជាភាសាចិនអប់រំអំពីជំងឺកូវីដ១៩ ត្រូវមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
- មន្ត្រីសង្គមស៊ីវិលថា សមត្ថកិច្ចធ្វេសប្រហែសបណ្ដាលឱ្យជនជាតិចិនម្នាក់រត់ចេញពីមន្ទីរពេទ្យពេលសម្រាកព្យាបាល
- កម្ពុជាសម្រេចផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំជាមួយប្រទេសចិនដោយសារកូវីដ ១៩
- អ្នកជំនាញកសិកម្មស្នើក្រសួងកសិកម្មរៀបចំប្រព័ន្ធទិន្នន័យនៅទូទាំងប្រទេស មុននឹងនាំចេញស្វាយស្រស់ទៅប្រទេសចិន
- យោធាចិនផ្ដល់ជំនួយទីលានហ្វឹកហាត់ដល់កងទ័ពជើងគោកកម្ពុជា
- ប្រទេសចិនផ្ដល់ម៉ាសជាង ១លាន ដល់កម្ពុជាដើម្បីការពារជំងឺកូវីដ-១៩
- កម្ពុជារំដោះស្ត្រីខ្មែរម្នាក់ ក្រោយពីត្រូវបានបង្ខំឱ្យរៀបការនៅក្នុងប្រទេសចិន
អា ណុប វី ដែលេជានាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អានេះនិយាយដូចទើប
អើតក្បាល ចេញពីក្នុងសារ៉ុងប្រពន្ធវា !
អានេះប្រហែលចេះត្រឹមព្រុសដូចឆ្កែទេមើលទៅ ?
អញ្ចឹងអ្ហែងម៉េចមិនថា វៀតណាម កំពុងប្រើឥទ្ធិពលផ្នែកសារព័ត៌មាន
មកលើប្រទេសកម្ពុជាផង អាពូជឆ្កែ !
វៀតណាមជួយម៉ាសុីនផ្សាយវិទ្យុកម្លាំង ២គីឡូវ៉ាត់ ឲ្យគ្រប់២៥ ឬ រាជធានីខេត្តក្នុងប្រទេស
កម្ពុជា អ្ហែងដឹងអត់ អាពូជឆ្កែ ណុប វី ?
កុំរៀនងប់ងុល តាមពួកអាពូជក្បត់ជាតិដែលចេះ សង្គ្រោះតែកាដួយ សមរង្សុី -កឹមសុខា អាឡប់ !