កសិករ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​​អន្តរាគមន៍​តម្លៃ​ស្វាយ ​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន

ដោយ ​មាន ឫទ្ធិ
2021-02-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កសិករ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​​អន្តរាគមន៍​តម្លៃ​ស្វាយ ​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន

ចំការស្វាយ​របស់​កសិករ​នៅ​ភូមិ​សួន​អំពៅកើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨។photo provided


កសិករ​ដាំ​ស្វាយ​កែវ​​រមៀត ឬ​កែវ​ល្មៀត​ មួយ​ចំនួន​ ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​​អន្តរាគមន៍ ជា​បន្ទាន់​ ​រឿង​តម្លៃ​ស្វាយ​​ ធ្លាក់​ចុះ​ខ្លាំង ​មិន​ធ្លាប់​មាន និង​កន្លែង​ខ្លះ​ ​គ្មាន​អ្នក​ទិញ​ ស្រប​ពេល​នៅ​តាម​ចម្ការ​មួយ​ចំនួន ​​ស្វាយ​ចាប់​ផ្ដើម​ ទុំ ​ស្អុយ​ និង ​ជ្រុះ​ ជា​បណ្ដើរ​ៗ​ហើយ។

ពួកគាត់​ កំពុង​ប្រឈម​បញ្ហា ​គ្មាន​លុយ ​សង​បំណុល​ធនាគារ​។ អ្នក​ជំនាញ​កសិកម្មថា ​អាជ្ញាធរ ត្រូវ​អន្តរាគមន៍ ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​​ទិញ​​ស្វាយ​ ក្នុង​តម្លៃ​គួរ​សម​​ឡើងវិញ។

តម្លៃ​ស្វាយ​កែវរមៀត​ខ្ពស់​បំផុត នៅ​ពេល​នេះ គឺ​ ​មួយ​គីឡូ ពីរ​រយ​ (២០០​) រៀល​។ ​តម្លៃ​នេះ មិន​អាច​​​ឱ្យ​កសិករ​មាន​​លទ្ធភាព​​ សង​ថ្លៃ​ការ​ប្រាក់​ធនាគារ​បាន​ទេ។ នេះ​ជា​ការ​អះអាង ​របស់​កសិករ​ដាំ​ស្វាយ​​កែវល្មៀត ឬ​កែវ​រមៀត​​ នៅ​​ខេត្ត​កំពង់ធំ និង​កំពង់​ចាម។

កសិករ​​ ដាំ​ស្វាយ​ជាង​មួយ​ពាន់​ដើម លើ​ដី​១០ហិកតារ នៅ​ស្រុក​បារាយ​ លោក ជ្រឹង សៀម មិន​ដឹង​ពី​មូលហេតុ​ នៃ​ការ​ធ្លាក់​ថ្លៃ​​ស្វាយ​ ​ខ្លាំង​ដល់​ថ្នាក់​នេះ​ទេ។ លោក​កំពុង​ព្រួយ​បារម្ភ​​​ពី​ការ​លក់​ស្វាយ​នៅ​ឆ្នាំ​នេះ មិន​គ្រប់​​នឹង​​សង​បំណុល​ធនាគារ​ ដែល​លោក ខ្ចី​យក​មក​ទិញ​ជី និង​ថែទាំ​ដើម​ស្វាយ។ កសិករ​ដដែល និយាយ​ថា បើ​គ្មាន​កិច្ច​អន្តរាគមន៍​ ពី​អាជ្ញាធរ​ទេ តម្លៃ​ស្វាយ​អាច​​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​ ព្រោះ​​​ឈ្មួញ​ ជា​អ្នក​កំណត់​តម្លៃ​តាម​ចិត្ត ហើយ​​ស្វាយ​ចុះ​​ថ្លៃ ខ្លាំង​បំផុត​ ​នៅ​ខែ​មីនា៖ «អត់​ដឹង​ធ្វើ​ម្ដេច​ទេ​ពេល​នេះ មាន​តែ​ទុំ​ជ្រុះ​ចោល​។ រាល់​ឆ្នាំ​មិន​អ៊ីចឹង​ទេ ថ្លៃ​ថោក​អ្វី វា​មាន​ ដូច​ថា ឈ្មួញ​គេ​ចូល​មក​យក​អស់ៗ។ តែ​ឆ្នាំ​នេះ អត់​មាន​បណ្ដោយ។ ស្ងាត់​តែ​ម្ដង។ អ្នក​ខ្លះ ដូច​ថា គេ​ទាក់ទង​ពី​មុន​មក តម្លៃ​៣០០ ឬ​៤០០ ក៏​គេ​ដូច​ថា​ ស្រវា​ម៉ូយ​​បាន​ទៅ ក៏​គ្នា​បេះ​ទេ។ ដល់​ពេល​ឥឡូវ​ដល់​ពេល​ទី​ផ្សារ​ធ្លាក់​ចុះ​អ៊ីចឹង បាត់​ទាំង​ម៉ូយ​ទៀត»។

ចំណែក​​ក្រុម​​​អ្នក​ដើរ​ម៉ៅ​​ដើម​​ស្វាយ​ ក៏​ប្រឈម​បញ្ហា​ខាត​ច្រើន​ដែរ​ នៅ​ឆ្នាំ​នេះ។ កសិករ និង​ជា​អ្នក​ម៉ៅ​ដើម​ស្វាយ​លោក វណ្ណ សម្បូរ ឱ្យ​ដឹង​ថា លោក​បាន​ម៉ៅ​ដើម​ស្វាយ​របស់​អ្នក​ភូមិ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ចំនួន​មួយ​រយ (១០០​)​ដើម ដោយ​មួយ​ដើម តម្លៃ​​ពី​ ៤ ទៅ​ ៦​ដុល្លារ តាម​អាយុ​របស់​ដើម​ស្វាយ​។ លោក​កំពុង​ប្រឈម​បញ្ហា​ខាត​ខ្លាំង ដោយសារ​​តម្លៃ​ស្វាយ​ធ្លាក់​ចុះ​​ខ្លាំង​​ តាំង​ពី​ចុង​ឆ្នាំ​មុន មក​ដល់​ពេល​នេះ នៅ​តែ​បន្ត​ធ្លាក់​ចុះ​រហូត។

លោក សម្បូរ ឱ្យ​ដឹង​ថា រាល់​ឆ្នាំ​ តម្លៃ​ស្វាយ​ ក្នុង​មួយ​គីឡូ​ ជាង​មួយ​ពាន់ (១ ០០០)​រៀល ហើយ​ធ្លាក់​ចុះ​ខ្លាំង​បំផុត ត្រឹម​ប្រាំ​រយ (៥០០)​រៀល។ ប៉ុន្តែ​ តម្លៃ​ស្វាយ​ នៅ​ឆ្នាំ​នេះ ធ្លាក់​ចុះ​ជាង​រាល់​ឆ្នាំ​ ហើយ​​សឹង​តែ​គ្មាន​អ្នក​ទិញ​ទៅ​ទៀត។ លោក បន្ត​ថា តម្លៃ​ស្វាយ​ធ្លាក់​ចុះ​ខ្លាំង មូលហេតុ​គឺ​ ភាគី​ឈ្មួញ​ នៅ​​ខាង​ប្រទេស​វៀតណាម ថា ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19)៖ «ហ៊ឺបើ​គិត​ជា​លុយ​ហ្នឹង​ ឥឡូវ​នេះ ចប់​ហើយ​។ ឥឡូវ​ហ្នឹង អត់​ទាន់​បាន​គិត​ជា​លុយ​ចេញ​ទេ។ (តម្លៃ​២០០​ហ្នឹង ខាង​គេ​និយាយ​ថ្ងៃ​នេះ ថ្ងៃ​នោះ អត់​ទាន់​បាន​បេះ​ចេញ​ បេះ​ស្វាយ​ទេ។ ប៉ុន្តែ​តម្លៃ​គេ​ទិញ​ នៅ​ស្រុក​ហ្នឹង តម្លៃ​២០០​។ ប៉ុន្តែ បើ​ចំពោះ​ស្វាយ​ខ្ញុំ​នេះ អត់​បាន​បេះ​ទេ នៅ​ពេញ​ដើម ទុំ​ជ្រុះ​ នៅ​ពេល​ដើម។ អា​ខ្លះ បែក​ស្អុយ​ ពេញ​ដើម។ ទៅ​ជួប​គេ ទៅ​អង្វរ​គេ​ ថ្ងៃ​នេះ ថ្ងៃ​នោះ សម្រុក​បេះ​របស់​គេ​ដែរ»។

ទោះ​ជា​ប្រឈម​នឹង​វិបត្តិ​​លក់​ស្វាយ​ក្នុង​តម្លៃ​ទាប និង​គ្មាន​ទីផ្សារ​ក៏​ដោយ ក៏​កសិករ​រូប​នេះ គ្មាន​បំណង​​ចង់​បោះ​បង់​មុខ​របរ​​ដាំ និង​ដើរ​ម៉ៅ​ដើម​ស្វាយ តាម​ភូមិ​នេះ​ដែរ។ លោក សម្បូរ និយាយ​ ថា គ្រួសារ​របស់​​លោក ជា​អ្នក​ចម្ការ ដូច្នេះ​ លោក​​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​ចម្ការ​ទេ។ លោក​សំណូម​ពរ​ដល់​អាជ្ញាធរ​ ឱ្យ​រក​វិធី​យ៉ាង​ណា ជួយ​ឱ្យ​តម្លៃ​ស្វាយ​ ខ្ពស់​ជាង​បច្ចុប្បន្ន ទើប​លោក​មាន​លទ្ធ​ភាព​សង​បំណុល​​ធនាគារ​វិញ​ នៅ​ឆ្នាំ​នេះ។

រីឯ​ ឈ្មួញ ដែល​​ប្រមូល​ទិញ​​ស្វាយ​ បន្ត​ពី​ចម្ការ​​ យក​ទៅ​លក់​នៅ​រោងចក្រ​កែច្នៃ និង​នាំ​ស្វាយ​ចេញ​​ទៅ​ប្រទេស​ចិន​វិញ ពួកគេ​ក៏​ជួប​វិបត្តិ​នេះ​ដែរ ព្រោះ​ខាង​​រោងចក្រ​ទិញ​ក្នុង​តម្លៃ​​ទាប​។ អ្នក​​ប្រមូល​ទិញ​ស្វាយ ​តាម​ចម្ការ លោក អ៊ី បូរី ឱ្យ​ដឹង​ថា លោក​មាន​លទ្ធភាព​ទិញ​​ស្វាយ​ ពី​កសិករ ក្នុង​មួយ​ថ្ងៃ ខ្ទង់​ម្ភៃ​ (២០​)តោន ក្នុង​តម្លៃ​ ពីរ​រយ (២០០)​រៀល​មែន។

លោក​ថា ក្នុង​ស្វាយ​២០​តោន លោក​ ត្រូវ​ចំណាយ​លុយ​ ​ឱ្យ​​កម្មករ​បេះ​ស្វាយ​​ ក្នុង​ម្នាក់​ ប្រាំ​ម៉ឺន (៥០. ០០០)​រៀល ថ្លៃ​ម្ហូប​អាហារ និង​ភេសជ្ជៈ​​​ ហើយ​ម្នាក់ ត្រូវ​បេះ​ឱ្យ​បាន​ ១​តោន​ ក្នុង​មួយថ្ងៃ ទើប​​អាច​ទៅ​រួច​។ បន្ទាប់​មក លោក​ដឹក​យក​ទៅ​លក់​ដល់​រោងចក្រ​នាំ​ចេញ​ស្វាយ​ទៅ​ប្រទេស​ចិន នៅ​ខេត្ត​កំពង់​ស្ពឺ បាន​មួយ​គីឡូ បួន​រយ (៤០០)​រៀល។

លោក ​បញ្ជាក់​ថា ការ​​លក់​ស្វាយ​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង រឹត​តែ​ពិបាក ព្រោះ​​អាជ្ញាធរ​ទាំង​សង​ខាង កំពុង​​​រឹត​បន្តឹង​តាម​ព្រំដែន ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩។​ អ្នក​ប្រមូល​ទិញ​ស្វាយ​រូប​នេះ​បន្ត​ថា ​នៅ​​ខាង​ប្រទេស​វៀតណាម ​ឈ្មួញ​ បាន​ទម្លាក់​តម្លៃ​​ទាប​ ជាង​ខាង​រោងចក្រ​ក្នុង​ស្រុក​​ ទៅ​ទៀត​។ ឯ​នៅ​ខាង​ភាគី​​ថៃ ស្វាយ​ពិបាក​នាំ​ចេញ ដោយ​សារ​ ការ​បើក​ព្រំដែន​រយៈ​ពេល​ខ្លី ក្នុង​មួយ​ថ្ងៃ បើក​ព្រំដែន​តែ​៣​ម៉ោង​ទេ ហើយ​តម្លៃ ក៏​ប្រហាក់​ប្រហែល​៤០០​​រៀល ក្នុង​មួយ​គីឡូ​ដែរ៖ «២០០​លក់​បាន​៤០០។ ជួន​កាល​(លក់)​នៅ​វៀតណាម ជួន​កាល​រោងចក្រ​។ ដោយសារ ដូច​ថា វៀតណាម វា​ផ្ទុះ​កូវីដ​អ៊ីចឹង​ទៅ ហើយ​ចិន វា​អត់​ទទួល​ទិញ ហើយ​​តម្រូវ​ការ​វៀតណាម​ហ្នឹង​ វា​ទិញ វា​មាន​កម្រិត​ដែរ។ ដល់​ពេល​យើង​ដឹក​ទៅ​ច្រើន ដូច​ថា វា​លែង​ចង់​យក​របស់​យើង។ ថៃ​នោះ ក៏​ផ្ទុះ​កូវីដ​ដែរ។ ដល់​ពេល​អ៊ីចឹង ទីផ្សារ​វា​អត់​ដាច់​ទេ មួយ​ថ្ងៃ​បាន​តែ​៣ម៉ោង​ទេ លក់​ឥវ៉ាន់។ ដល់​ពេល​អ៊ីចឹង ស្វាយ​ទីផ្សារ​វា​ លក់​អត់​ដាច់»។

ជុំវិញ​ករណី​ស្វាយ​ធ្លាក់​ថ្លៃ​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​​បំភ្លឺ​ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ និង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី បាន​ទេ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ។ តែ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​០៤ កុម្ភៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា តម្លៃ​ស្វាយ​ធ្លាក់​ចុះ ដោយសារ​​ ដល់​រដូវ​​​​កាល​ប្រមូល​ផល​​ មាន​បរិមាណ​ផ្លែ​​ស្វាយ​​ច្រើន។

ក្រសួង​អះអាង​ទៀត​ថា អ្នក​ដាំ​ស្វាយ​លក់​បាន​តម្លៃ​ទាប ដោយសារ​ ផ្លែ​ស្វាយ របស់​គាត់​​មិន​ទាន់​មាន​គុណ​ភាព​ល្អ​ស្រប​តាម​ស្តង់ដារ ដូចជា​​ ទំហំ​តូច គ្មាន​សោភ័ណ​ភាព​ ​មិន​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​​នៃ​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន និង​​​ មាន​ការ​ផ្អាក​បញ្ជា​ទិញ ដោយសារ ពាណិជ្ជករ​​នៅ​ប្រទេស​ចិន និង​វៀតណាម ជាប់​ចូល​ឆ្នាំ​ប្រពៃណី។

ក្រសួង​កសិកម្ម មិន​បាន​បញ្ជាក់​ថា នឹង​ដោះស្រាយ​បញ្ហា​ស្វាយ​ធ្លាក់​ថ្លៃ នៅ​ឆ្នាំ​នេះ​ យ៉ាង​ណា​ទេ។ តែ​ក្រសួង​​​​អំពាវ​នាវ​ជា​ថ្មី ​ឱ្យ​អ្នក​ដាំ​ស្វាយ​ទាំង​អស់ ចុះ​បញ្ជី​កសិដ្ឋាន​​ដាំ​ស្វាយ​ សម្រាប់​នាំ​ចេញ​ នៅ​អគ្គ​នាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​ និង​សេវា​បណ្ដុះ​បណ្ដាល​បច្ចេកទេស​ ក្នុង​ការ​បង្កើន​​ផលិត​ភាព និង​គុណភាព​ផ្លែ​ស្វាយ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ។ ក្រសួង​កសិកម្ម ក៏​ណែនាំ​​ឱ្យ​កសិករ​ដាំ​ស្វាយ ចងក្រង​ជា​បណ្ដុំ​អាជីវកម្ម​ស្វាយ​ សម្រាប់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ និង​ក្រៅ​ស្រុក ដើម្បី​ចុះ​កិច្ច​សន្យា​​ប្រមូល​ទិញ កែច្នៃ និង​នាំ​ចេញ។

អ្នកនាំពាក្យ​​សមាគម​​ស្វាយ​កែវល្មៀត ស្រុក​កង​មាស ខេត្ត​កំពង់ចាម លោក ហេង វុឌ្ឍា ឱ្យ​ដឹង​ថា កសិករ​​​ដាំ​ស្វាយ​ខ្លះ​ គ្មាន​ជំនឿ​លើ​គោល​នយោបាយ​កសិកម្ម​ របស់​​រដ្ឋាភិបាល ទើប​ពួកគាត់​ មិន​ចុះ​បញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ។ លោក​បន្ត​ថា​ ស្វាយ​កែវ​ល្មៀត​ពឹង​ផ្អែក លើ​ការ​នាំ​ចេញ​ទាំង​ស្រុង ដូច្នេះ ឱ្យ​តែ​ដល់​​​រដូវ​​​ប្រមូល​ផល ​អ្នក​​ទិញ​នៅ​ក្រៅ​ប្រទេស​ ទម្លាក់​ថ្លៃ​​ ស្រេច​តែ​ចិត្ត។

លោក ហេង វុឌ្ឍា ជំរុញ​ឱ្យ​ក្រសួង​ជំនាញ​ ចរចា​គ្នា​ ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង ​​ឱ្យ​ទទួល​ទិញ​ស្វាយ​កែវ​ល្មៀត​ ក្នុង​តម្លៃ​សម​រម្យ​ឡើងវិញ​។ ជាង​នេះ ទៅ​ទៀត តំណាង​សមាគម​ស្វាយ​កែវ​ល្មៀត​​រូប​នេះ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ រក​យន្ត​ការ​ ធ្វើ​ឱ្យ​ពលរដ្ឋ​​​ជឿជាក់ ​លើ​គោល​នយោបាយ​កសិកម្ម និង ​ខិត​ខំ​​ជួយ​កសិករ​ដាំ​ស្វាយ​បន្ថែម​ទៀត៖ «ហើយ​ជា​ពិសេស​ពលរដ្ឋ​ហ្នឹង គឺ​ឱ្យ​មាន​សេចក្ដី​សង្ឃឹម ហើយ​ទុក​ចិត្ត​លើ​គោលនយោបាយ​រដ្ឋាភិបាល ដាក់​តាម​​​ក្រសួង​កសិកម្ម​មក យើង​ចូលរួម​ធ្វើ​ទាំង​អស់​គ្នា​ទៅ។ ទី​២​ កសិករ​យើង​ភាគច្រើន គាត់​អត់​អាច​ធ្វើ​បាន​។ អ៊ីចឹង ខាង​រដ្ឋ​របស់​យើង មាន​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម។ យ៉ាង​ណា ក៏​ត្រូវ​តែ​ជួយ​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​ម្ដេច ទាក់ទង​ទៅ​ខាង​ភាគី​វៀតណាម​ ទៅ​ខាង​ពាណិជ្ជកម្ម​វៀតណាម​​ហ្នឹង ឱ្យ​គេ​ជួយ​សម្រួល​ ព្រោះ​អ្វី យើង​អត់​អាច​រត់​ចោល​កសិករ​ ដែល​គាត់​អត់​មាន​លទ្ធភាព​​ធ្វើ​ផលិត​ផល​ គាត់​ឱ្យ​​ឡើង​​ស្តង់ដារ​ ព្រោះ​អ្វី​មាន​កសិករ​ច្រើន​ណាស់ ដែល​គាត់​អត់​អាច​ធ្វើ​បាន​ទេ ឱ្យ​គាត់​ដំឡើង​កសិផល​គាត់ ឱ្យ​ឡើង​ស្តង់ដារ​ ទៅ​ជា​ GAP BMC Collect គឺ​ភាគច្រើន គាត់​ធ្វើ​អត់​បាន។ គាត់​អត់​មាន​លទ្ធភាព​ធ្វើ»។

កាល​ពី​ឆ្នាំ​២០២០ ​កម្ពុជា នាំ​ចេញ​​ផ្លែ​ស្វាយ​ស្រស់ បាន​​ជិត​​មួយ​លាន​ (៩៤៥.២៧៤) តោន គិត​ជា​ទឹក​ប្រាក់​ ជាង​បួន​រយ​លាន​​ (៤៧៣.២០៧.៧០០)ដុល្លារ។ តួលេខ ​នាំ​ចេញ​ស្វាយ​ស្រស់ នៅ​ក្នុង​​របាយការណ៍ (​​ស្ដីពី​វឌ្ឍនភាព​នៃ​ផលិតកម្ម​ដំណាំ​កសិ-ឧស្សាហកម្ម សំខាន់ៗ ក្នុង​ឆ្នាំ​២០២០​​នេះ)​ ​មិន​បាន​បង្ហាញ​ថា ផ្លែ​ស្វាយ​ទាំង​នោះ ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ណា​ខ្លះ​​​ទេ។

តែ​យ៉ាង​ណា​ កម្ពុជា​ធ្លាប់​នាំ​ស្វាយ​ស្រស់ ទៅ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ ចំនួន​មួយ​កុងតឺន័រ ទម្ងន់​ជិត​៦០​តោន។ បច្ចុប្បន្ន​ កម្ពុជា​​​ មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​នាំ​​ផ្លែ​ស្វាយ​​ចេញ​​ក្រៅ​ប្រទេស ​​ជិត​ហាសិប​ (៤៧)​ក្រុមហ៊ុន​​​​​។ កម្ពុជា​មាន​ផ្ទៃ​ដី​ សម្រាប់​​ដាំ​ដុះ​ស្វាយ ​ជាង​មួយ​សែន​ពីរ​ម៉ឺន​(១២៦.៦៦៨)​ហិកតារ។ ក្រសួង​កសិកម្ម​ប៉ាន់ស្មាន​ថា ផ្ទៃដី​​ដាំដុះ​ស្វាយ នៅ​ឆ្នាំ​២០២១ នឹង​កើន​ដល់​ជាង ១សែន ​៣​ម៉ឺន​ហិកតារ (១៣៥.៥០០)​ ​ហើយ ​ប៉ាន់ស្មាន​ទិន្នផល​ថា នឹង​កើន​ប្រមាណ ៧​ ភាគរយ​​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កសិករ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​​អន្តរាគមន៍​តម្លៃ​ស្វាយ ​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន"

  1. Anonymous says:

    HAS…HAS..HAAAAAAAAAAAAAA why you guy asking HUN SEN to help selling your farm’s production ?? even those you have gold HUN SEN did not know how to sell he let china take it all . why don’t you ask HUN SEN to fight whit Vietcong instate ?? or you can ask him not to fight whit Cambodian who just wanted to protecting this nation . I tell you what who is KBOTH CHEATH you will know soon

Leave a Reply

Submit Comment