ដោយ មាន ឫទ្ធិ
2021-02-21
RFA

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត។ រូបពីហ្វេសប៊ុក
រដ្ឋាភិបាលលោក ហ៊ុន សែន ឆ្លើយតបថា ការចេញអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ(National internet gateway ) គ្មានគោលដៅរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិដោយយកតាមគំរូរបស់ប្រទេសចិននោះទេ។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យមួយនេះ ដោយពួកគេ ពិនិត្យឃើញថា វានឹងក្លាយឧបករណ៍ថ្មីមួយទៀតរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបលើសំឡេងរិះគន់តាមប្រព័ន្ធអ៊ីនធឺណិត។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា សំណើរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាការចោទប្រកាន់ គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។ ក្រសួងមួយនេះ លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែកុម្ភៈថា ក្រសួងពិភាក្សា បានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក ហើយគ្មានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះ ចែកអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ។ ក្រសួង បកស្រាយថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលជាតិដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាព ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ ព្រមទាំងជួយស្កាត់ការលួចតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះបីជាមានការបកស្រាយយ៉ាងដូច្នោះក្តី ក្រុមអង្គការ សមាគម និងសហគមន៍មូលដ្ឋានជាង៦០ រួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅតែទាមទារឱ្យរដ្ឋាភិបាល និរាករណ៍ ឬលុបចោលអនុក្រឹត្យជាបន្ទាន់។ ក្រុមអង្គការទាំងនេះ ចាត់ទុកថា អនុក្រឹត្យនេះ ជាការគំរាមកំហែងដល់សិទ្ធិពលរដ្ឋ ជាពិសេសសិទ្ធិនិយាយស្តីដោយសេរី សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិឯកជន។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ថ្លែងថា ទោះបីជាក្រសួងប្រៃសណីយ៍ អះអាងថា ការរៀបចំអនុក្រឹត្យនេះ ត្រូវបានធ្វើឡើងដោយបើកចំហ ហើយមានការពិគ្រោះយោបល់បែបណាក្តី ប៉ុន្តែកន្លងមកក្រុមអង្គការសង្គមស៊ីវិល មិនដែលបានចូលរួមដំណើរការពិគ្រោះយោបល់នោះទេ។ លោកបន្តថា ការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល គឺមានមូលដ្ឋានគ្រប់គ្រាន់ ព្រោះបានពិនិត្យមើលយ៉ាងលម្អិតទៅលើមាត្រានីមួយៗនៃអនុក្រឹត្យនោះ ហើយបានលើកបង្ហាញច្បាស់ៗនៅក្នុងសេចក្តីថ្លែងការណ៍មិនដូចការចោទប្រកាន់របស់រដ្ឋាភិបាលឡើយ៖ «ក្រសួងថា មិនមានគោលដៅរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋទេ ដូច្នេះខ្ញុំថា យើងមិនចាំបាច់ដាក់រឿងប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ ទំនៀមទម្លាប់ល្អ អាហ្នឹងយើងមិនចាំបាច់ដាក់ធ្វើអី ព្រោះវាមានគោលដៅមួយដែលទូលំទូលាយពេក។ បើចឹងទេ ខ្ញុំគិតថាខាងក្រសួង ពាក់ព័ន្ធ អាចពិគ្រោះជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើឱ្យខ្លឹមសារដែលបានដាក់បញ្ចូលនោះមានភាពកាន់តែស្រូចជាងហ្នឹង ដោយយកខ្លឹមសារនៃមាត្រាហាមឃាត់ដែលក្រសួងព័ត៌មាន ធ្លាប់បានពិគ្រោះជាមួយសង្គមស៊ីវិល នៅក្នុងមាត្រា២០ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់អនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) កាលពីថ្ងៃទី១៦ កុម្ភៈ។ អនុក្រឹត្យថ្មីនេះ នឹងគ្រប់គ្រងរាល់ការតភ្ជាប់បណ្តាញអ៊ិនធើណិតទាំងអស់នៅកម្ពុជា ក្រោមហេតុផលថា ដើម្បី«កៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ»។
ក្រុមអង្គការសិទ្ធិមនុស្ស ពិនិត្យឃើញថា មាត្រាមួយចំនួន ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងទៅលើសេរីភាពជាមូលដ្ឋាន របស់អ្នកប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងប្រតិបត្តិករនៃទូរគមនាគមន៍នៅកម្ពុជា។ ជាក់ស្ដែង មាត្រា៦ និងមាត្រា១២ នៃអនុក្រឹត្យនេះ បានដាក់កំហិឱ្យក្រុមហ៊ុន ឬប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ ក្នុងការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់សង្គម ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ក្រុមអង្គការ សង្គមស៊ីវិល យល់ថា អត្ថន័យដែលមានលក្ខណៈទូលាយ និងស្រពិចស្រពិលនេះ នឹងអាចត្រូវបានអាជ្ញាធរដ្ឋ បកស្រាយតាមទំនើងចិត្ត និងអនុវត្តទៅលើក្រុមមនុស្សទាំងឡាយណាដែលបញ្ចេញមតិ រិះគន់រដ្ឋាភិបាលតាមបណ្តាញអ៊ីនធឺណិតនិងបណ្ដាញទំនាក់ទំនងសង្គមក្រោមលេសថា ការរិះគន់ទាំងនោះប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់សង្គមជាដើម។
ក្រុមអង្គការជាតិ និងអន្តរជាតិ ទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលអនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ដើម្បីធានា ថា សេរីភាពជាមូលដ្ឋាន និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាប្រកបដោយសុវត្ថិភាព សម្រាប់ពលរដ្ឋខ្មែរ ត្រូវបានគោរពស្របតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។