អ្នក​ច្បាប់ ​និង​​សង្គម​ស៊ីវិល​​រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​​ព្រមាន​ចាត់​វិធានការ​ច្បាប់​​លើ​អ្នក​​​​​ចែក​ចាយ​​បន្ត​ព័ត៌មាន​​ក្លែងក្លាយ

ដោយ សុជីវី
2021-02-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ច្បាប់ ​និង​​សង្គម​ស៊ីវិល​​រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​​ព្រមាន​ចាត់​វិធានការ​ច្បាប់​​លើ​អ្នក​​​​​ចែក​ចាយ​​បន្ត​ព័ត៌មាន​​ក្លែងក្លាយ

(ពីឆ្វេង) លោក​មេធាវី សុក សំអឿន និងលោកបណ្ឌិត ឡៅ ម៉ុងហៃ។ រូប៖ ហ្វេសប៊ុក និង RFA


ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់អាច​បែងចែកឬកំណត់ថា ​​​ព័ត៌មាន​ណា​ពិត ​ឬ​​​ក្លែងក្លាយ​​​នោះទេ ព្រោះ​ពួកគាត់​ខ្លះ នៅ​​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ហ្វេសប៊ុក (facebook) បាន​ត្រឹមត្រូវ​នោះ​ទេ​។ 

ប្រធាន​ការិយាល័យ​អ្នក​ច្បាប់និង​ទីប្រឹក្សា​អមរិន្ទ​ លោក​មេធាវី សុក សំអឿន បញ្ជាក់​​ថា ការ​ផ្សព្វ​ផ្សាយ (Post) ឬ​ការ​ចែក​រំលែក (Share) ព័ត៌មាន​ក្លែងក្លាយ​ មិន​អាច​ចោទ​ពី​បទ​ញុះញង់ទាំង​​អស់​បាន​ទេ។ លោកពន្យល់​ថា អាជ្ញាធរ​អាច​ចោទ​ពី​បទ​ញុះញង់​បាន លុះ​ត្រា​តែ​អ្នក​បង្ហោះ​សារ ឬ​អ្នក​ចែក​រំលែក​នោះ​មាន​ចេតនា ក្នុង​ការ​ញុះញង់ តែ​បើ​​អ្នក​​លេង​ហ្វេសប៊ុក​នោះ គ្រាន់​តែ​មាន​​បំណង​ចែក​រំលែក​ព័ត៌មាន មិន​មាន​បំណង​​ញុះញង់​ និងមិន​បាន​​ដឹង​​ខ្លួន​ថា​ ជា​ព័ត៌មាន​ក្លែងក្លាយ ​ជា​ដើម នោះ​មិន​មែន​ជា​បទល្មើស​ញុះញង់​ឡើយ៖ «បាន​ Share ហ្នឹង ខ្ញុំ​និយាយ​រឿង​ Share ហ្នឹង​។ អ្នក​ Post និង​អ្នក​ដែល​ Share ហ្នឹង ព្រោះ​ធម្មតា​កាល​ណា​យើង​Share ដូច​យើង​ Post ដែរ​។ អា​Post និង Share ហ្នឹង គឺ​ដូច​តែ​គ្នា​ទេ។ អា​ហ្នឹងវា​ទាល់​តែ​មាន​ការ​អប់រំមាន​ការ​អ្វី​​ឲ្យ​ច្បាស់លាស់។ បើ​សិន​ជា​ប៉ះ​ដៃ យក​ដៃ ប៉ះ​ជើង​យក​ជើង ចុះ​បើ Share .០០០​នាក់ យើង​ចាប់ ១.០០០​នាក់ ហ្នឹង ឬ​យ៉ាង​ម្ដេច?»។

ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោ​ក គឹម សន្តិភាព បាន​​ព្រមាន​ថា អ្នក​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​មិន​ពិត​​ឱ្យ​អ្នក​ផ្សេង​ឃើញ ​​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ ដូច​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​ថា អ្នក​បង្ហោះ​សារ ឬ​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិតនឹង​មាន​ទោស​ពី​បទ​ញុះញង់។ ឯ​អ្នក​ចែក​រំលែក​បន្ត​ (Share) ព័ត៌មាន​មិន​ពិត​នោះ​ ទោះ​ជា​ក្នុង​គោល​បំណង​អ្វីក៏​​​​​នឹង​​​ក្លាយ​ជា​មុខ​សញ្ញា​របស់​សមត្ថកិច្ច​ ហើយ​​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លើយ​បំភ្លឺ​ មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ទៀត​៖ «អ៊ីចឹង មាន​សំណួរ​មួយ​ថា ខ្ញុំ​អត់​ដឹង​ព័ត៌មាន​ពិត​ ឬ​មិន​ពិត​ទេ​ ខ្ញុំ​ចេះ​តែ​ចែកចាយ។ ចម្លើយ​នេះ ត្រូវ​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​។ អ៊ីចឹង អ្នក​ដែល​ធ្វើ​ការ​ចែកចាយ​នូវ​ព័ត៌មាន​ ដែល​មិន​ពិត ចង់​ឬ​មិន​ចង់ សមត្ថកិច្ច​​មាន​កាតព្វកិច្ច​សួរ​នាំ។ អ៊ីចឹង ត្រូវ​ខាត​ទាំង​ពេល​វេលា។ ត្រូវ​ជាប់​ជំពាក់​​នឹង​ទោស​ទណ្ឌ​ទៀត បើ​សិន​ករណី​គ្មាន​ទឡ្ហីករណ៍​ច្បាស់​លាស់ ដោះ​បន្ទុក​ពី​ការ​ចោទ​ប្រកាន់​»។

​លោក គឹម សន្តិភាព ​​លើក​ឡើង​នេះដោយ​សារមួយ​រយៈ​ចុងក្រោយមានការ​ចែក​រំលែក​បន្ត​គ្នា​​ពី​ព័ត៌មានការ​ស្លាប់​របស់​អ្នកគ្រូ​បង្រៀន​​​​ម្នាក់​ នៅ​​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ថា​បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩របស់​ចិន​ឈ្មោះ​ស៊ីណូហ្វាម​(Shinopham)។ តែ​យ៉ាង​ណា ក្រសួង​សុខាភិបាលអះអាង​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត ហើយ​គ្រូ​បង្រៀន​​វ័យ​​ក្មេង​ម្នាក់​នោះ​ស្លាប់​​ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​(Meningo-encephalitis)​។ ក្រសួង​​សុខាភិបាល​ ​ចាត់​ទុក​ថា ​ព័ត៌មាន​ប្រឌិត​នេះ ​មាន​ចេតនា​​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ការ​ចាក់​វ៉ាក់សាំង​ ស៊ីណូហ្វាម បង្ការ​ជំងឺ​កូវីដ​១៩ (Covid-19)។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា វិធានការ​នេះបំពាន​​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ ខណៈ​ពលរដ្ឋ​ខ្លះមិន​ទាន់​មាន​សមត្ថភាព​វែកញែក​ព័ត៌មាន​ពិត​ ឬ​មិន​ពិត​បាន​នៅ​ឡើយ​។ អ្នក​ឃ្លាំមើល​សិទ្ធិ​រូប​នេះជំរុញ​ឲ្យ​រដ្ឋាភិបាលរក​វិធី​ដោះ​ស្រាយ​​​ ​និង​ទប់​ស្កាត់ ជាជាង​​ជ្រើស​យក​ជម្រើស​​ច្បាប់ដើម្បី​បង្ក្រាប​៖ «អ៊ីចឹង​ហើយ អា​វិធាន​ការ​បែប​ហ្នឹង វា​មិន​មែន​ជា​វិធាន​ការ​មួយដែល​មាន​ភាព​​ល្អ​ប្រសើរ​​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​កាន់​តែមាន​ការ​​មមាញឹក ឬ​ក៏​អំពល់ទុក្ខ​ ​ទៅ​ដល់​ក្រុម​សមត្ថកិច្ច ឬ​ក៏​អ្នក​អនុវត្ត​ច្បាប់​ទៅ​វិញ។ អ៊ីចឹង គួរ​តែ​រក​ដំណោះស្រាយ​ឲ្យ​អ្នក​ដែល​រិះគន់​បញ្ចេញ​មតិ​អ្វីទាំង​អស់​ហ្នឹង​គេ​ទទួល​យក​បាន អា​ហ្នឹងគឺ​ជា​រឿង​ដែល​គួរ​ធ្វើ។ មិន​គួរ​ណា យើង​ចេះ​តែ​ពង្រីក​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​ច្បាប់​អ៊ីចឹង​ទេ»។

ជាមួយ​គ្នានេះ អ្នកវិភាគ​នយោបាយ និង​ជាអ្នកជំនាញ​ច្បាប់បណ្ឌិត ឡៅ ម៉ុងហៃ ​បង្ហោះសារលើ​ទំព័រហ្វេសប៊ុក​របស់លោកថា ​ការលើកឡើង​របស់​លោក គឹម សន្តិភាព​ គឺជាការរំលោភ​ច្បាប់​ត្រង់​មាត្រា​៥​នៃ​ក្រមព្រហ្មទណ្ឌ​។ ​លោកសង្កត់ធ្ងន់ថា ​ក្នុងរឿង​ព្រហ្មទណ្ឌ​ ច្បាប់​ត្រូវបកស្រាយ​យ៉ាង​តឹងរឹង​។ ចៅក្រម​មិនអាច​ពង្រីកវិសាល​ភាព​អនុវត្ត​ឬ​ប្រព្រឹត្ត​តាមសទិសភាព ឬភាព​ស្របគ្នា​ ភាព​ស្រដៀង​គ្នាបាន​ឡើយ។ អ្នកជំនាញ​ច្បាប់រូបនេះ ​ស្នើសុំឲ្យ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ក្រសួង​យុត្តិធម៌ ​គិតពិចារណា​ឡើងវិញ​ដើម្បី​​ពង្រឹង​នីតិរដ្ឋ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ធានា​សិទ្ធិមនុស្ស​គោរព​ច្បាប់។

កាល​ពី​​ដើម​ឆ្នាំ​២០២០ នគរបាល​បាន​ចាប់​ខ្លួន​​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំងច្រើន​នាក់ជា​បន្តបន្ទាប់​ ដោយ​ចោទ​ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ពាក់ព័ន្ធនឹង​ជំងឺ​កូវីដ​១៩ ។ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និងអន្តរជាតិ បាន​ថ្លែងការណ៍​ទាមទារ​ឲ្យ​ដោះលែង​ពួក​គេ​ទាំង​អស់​នោះ​​វិញ និង​ហៅ​ការ​ចាប់​ខ្លួន​នោះ​ថា ជា​ការ​រឹត​ត្បិត​សេរីភាព​សម្ដែង​មតិ។ ក្រុម​អ្នក​​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​អប់រំ​ពលរដ្ឋពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ ប្រសើរ​ជាង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment