អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​អាជីវករ​មួយ​ចំនួន​ត្អូញ​រឿង​ពិបាក​រក​ប្រាក់​ចំណូល ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​ម្តង​ទៀត

ដោយ អាស៊ីសេរី
2021-02-21
RFA

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​អាជីវករ​មួយ​ចំនួន​ត្អូញ​រឿង​ពិបាក​រក​ប្រាក់​ចំណូល ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​ម្តង​ទៀត

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​សារ​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ឱកាស​ដាក់​ញត្តិ​ស្ដីពី​លក្ខខណ្ឌ​ការងារ​នៃ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ។ RFA


អ្នក​រត់​រ៉ឺម៉ក​ម៉ូត​កង់​បី និង​អាជីវករ​មួយ​ចំនួន ត្អូញត្អែរ​ថា ពួកគាត់​ចាប់ផ្ដើម​ពិបាក​រក​ប្រាក់​ចំណូល​ផ្គង់​ផ្គង​ជីវភាព​កាន់តែ​ខ្លាំង​ម្តង​ទៀត ក្រោយ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឈ្មោះ​ថា ព្រឹត្តិការណ៍​២០ កុម្ភៈ ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា រដ្ឋាភិបាល គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​គ្រា​នេះ។

ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ កំពុង​នាំ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​នានា ធ្លាក់​ចុះ​ជាថ្មី​ម្តង​ទៀត។

អ្នក​រត់​រ៉ឺម៉ក​ម៉ូត​កង់​បី​នៅ​ទីក្រុង​ភ្នំពេញ​មួយ​រូប លោក សុភ័ត្រា រៀបរាប់​ថា ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ ២០ កុម្ភៈ នេះ មនុស្សម្នា​នៅ​ភ្នំពេញ ហាក់​ភ័យខ្លាច និង​មិនសូវ​ដើរហើរ​ដូច​មុន​ឡើយ ធ្វើ​ឱ្យ​ការ​រក​ប្រាក់ចំណូល របស់​លោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ លោក​បន្ត​ថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​៣ វិច្ឆិកា​កន្លងទៅ ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បីដូច​ពួក​លោក ចាប់ផ្ដើម​សំបូរ​ភ្ញៀវ​ដឹក និង​អាច​រក​ប្រាក់​ចំណូល​រើបៗ​ឡើងវិញ ដោយ​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​បាន​៤​ម៉ឺន​រៀល គ្រាន់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ប៉ុន្តែ​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ពួក​លោក រកលុយ​ត្រឹម​១​ម៉ឺន​រៀល​ស្ទើរ​មិន​បាន​ផង​​​​​​​៖ «ខ្ញុំ​តែ​រក​អត់​បាន​នេះ ដឹង​តែ​វេទនា​ហើយ​បង​អើយ ខ្ញុំ​បង់​រំលោះ​កង់​បី​ផង ជំពាក់​អង្គការ​ផង ហើយ​គ្រប់សព្វ​ហើយ​កូន​រៀន​ដល់​ទៅ ៣នាក់ ។ ពេល​រក​អត់​បាន​អ៊ីចឹង អត់​ថវិកា​ឱ្យ​កូន​ទៅ​រៀន ហើយ​អង្ក​រ​ទិញ​មួយថ្ងៃ​ហូប​មួយថ្ងៃ​។ រក​អត់​បាន​អ៊ីចឹង​ចាប់ផ្ដើម​ពិបាកចិត្ត​ទៀតហើយ​បង​អើយ ពិបាក​មែនទែន ពេល​មាន​ជំងឺ​នេះ​កើត​ឡើង​មក​។ សម្រាប់​គ្រួសារ​ខ្ញុំ​ប៉ះពាល់​ខ្លាំង»។

អ្នក​រត់​រ៉ឺម៉ក​ម៉ូត​កង​បី​រូប​នេះ​បន្ត​ថា ប្រពន្ធ​របស់​គាត់​ដែល​ដើរ​លក់​នំប៉័ង​ដាក់​ទឹកដោះគោ ក៏​មិន​អាច​ល​ក់ដាច់​ដូច​មុន​ដែរ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ជា​លើក​ទី​៣ នេះ៖ «​ប្រពន្ធ​ខ្ញុំ​ដើរ​លើក​នំប៉័ង​លក់​នៅសល់​៨​ដើម​ហើយ​អត់​មាន​ទទួល​យក​វិញ​ទេ ដូច្នេះ​ពេល​សល់​ចឹង​យើង​ចេះតែ​យក​មក​ហូបៗ​ទៅ​។ នៅ សល់​៨​ដើម​នេះ គឺ​ចូល​ដើម​អស់​លុយ​ចំណេញ​ហើយ»។

ក្រៅពី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​រូប​នេះ ក្រុម​អាជីវករ​តាម​ផ្សារ​មួយ​ចំនួន ក៏​ត្អូញត្អែរ​អំពី​ការលក់ដូរ​មិនសូវ​ដាច់​ដូច​មុន​ឡើយ​។ អាជីវករ​លក់​ចាប់ហួយ​នៅ​ក្នុង​ផ្សារ​ដើម​គ​មួយ​រូប គឺ​លោកស្រី វង សោភ័ណ្ឌ និយាយ​ថា ប្រាក់​ចំណូល​របស់​លោកស្រី បាន​ធ្លាក់​ចុះ ដោយសារ​ពេល​មាន​កូវីដ​ក្នុង​សហគមន៍​ម្តងៗ​មិន​លក់ដាច់​នោះ​ទេ៖ «ទូទៅ​ហ្មង អាជីវករ​លក់​អត់​សូវ​ដាច់​ដូចគ្នា មិនមែន​តែ​ខ្ញុំ​ទេ គេ​គ្រប់គ្នា​ក៏​អត់​សូវ​ដាច់​ដែរ​។​មួយ​រយៈ​មុន កាល​កូវីដ​លែង​មាន​ទៅ យើង​លក់ដាច់​ខ្លះ ព្រោះ​សាលារៀន ក៏​បើក អី​ក៏​បើក តែ​ប៉ុន្មាន​ថ្ងៃនេះ​ដូច​ស្ងាត់​ដែរ។ បើ​កូវីដ​នៅ​យូរ​ទៀត ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ដែរ តែ​បើ​សិន​ឆាប់​មិន​អី​ទេ»។

ការ​ត្អូញត្អែរ​នេះ កើត​មានឡើ​ង​ក្នុង​ពេល​រាជរដ្ឋាភិបាល កំពុង​ចាត់វិធានការ​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​ក្នុង​សហគមន៍​លើក​ទី​៣ ឬ​ហៅថា ព្រឹត្តិការណ៍ ២០​កុម្ភៈ ដោយ​បាន​រឹត​បន្តឹង និង​បិទ​ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន ព្រមទាំង​ផ្អាក​ដំណើរការ​ទីតាំង​មួយ​ចំនួន​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA លោក វន់ ពៅ ទទួលស្គាល់​ថា វិបត្ដិ​នៃ​ជំងឺ​កូវីដ​នេះ បង្ក​ផល​ប៉ះពាល់​ជាក់ស្ដែង​ដល់​ជីវភាព​រស់នៅ​របស់​សមាជិក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក​រាប់​ពាន់​នាក់​។ លោកថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨ វិច្ឆិកា គឺ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​រងគ្រោះ​ធ្ងន់ធ្ងរ​រួច​ម្ដង​ហើយ ដូច្នេះ​ព្រឹត្តិការណ៍​២០ កុម្ភៈ​នេះ នឹង​កាន់​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ម្តង​ទៀត ក្នុង​ការ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ៖ «​ខ្ញុំ​ថា បើ​រដ្ឋ​គិតគូរ​ទំនិញ​សព្វសារពើ ជាពិសេស​អាហារ​ហូបចុក​ប្រចាំថ្ងៃ​កុំ​ឱ្យ​ឡើងថ្លៃ ថ្លៃ​ហ្គាស​ថ្លៃ​សាំង​កុំ​ឱ្យ​ឡើងថ្លៃ ហើយ​ទប់ស្កាត់​មួយទៀត រដ្ឋ​គួរតែ​មាន​កញ្ចប់​ថវិកា​ណាមួយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ នៅ​ពេល​ដែល​ខ្វះខាត​។ វា​អាច​មាន​លទ្ធភាព តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ព្រោះ​ឃើញ​រដ្ឋ ទទួល​បាន​ជំនួយ​សប្បុរសធម៌​ជាច្រើន ដូច្នេះ​រដ្ឋ គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​នោះ ដើម្បី​ធ្វើ​យ៉ាងណា​ដោះ​ទាល់​មួយគ្រាៗ​សម្រាប់​ពួក​យើង​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ស្រាប់»។

ទាក់ទង​ករណីនេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។​

អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកធ្វើការ​ក្នុង​វិស័យ​មួយ​ចំនួន ដូចជា សេវា​កម្សាន្ត កាស៊ីណូ សណ្ឋាគារ អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជាដើម ព្រួយបារម្ភ​ថា ប្រសិនបើ​ជំងឺ​កូ​វីដ​១៩ នៅ​អូស​បន្លាយ​យូរ​តទៅទៀត ពួកគាត់​អាច​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ និង​ការ​សង​បំណុល​ធនាគារ ពីព្រោះ​ឥឡូវនេះ ពួកគាត់​ចាប់ផ្ដើម​មាន​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​បណ្តើរៗ​ហើយ​។​ពលរដ្ឋ ក៏​រិះគន់​ដែរ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​ទាំង​៣​លើក​នេះ គឺ​កើត​ចេញ​ពី​ការ​ធ្វេសប្រហែស របស់​អាជ្ញាធរ​រដ្ឋាភិបាល ទើប​បណ្ដាល​ឱ្យ​ពួកគាត់​ត្រូវ​រងគ្រោះ​ផ្ទួនៗ​ម្តង​ហើយ​ម្តង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment