កម្ពុជា-កូវីដ១៩
22/02/2021 – 07:40
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣កន្លែងត្រូវបានបិទគិតត្រឹមថ្ងៃចន្ទនេះ ខណៈចំនួនអ្នកឆ្លងកូវីដ១៩ទៅក្នុងសហគមន៍បានកើនឡើងសរុបដល់៧៦នាក់ បន្ទាប់ពីបានរកឃើញឆ្លងថ្មីចំនួន៣១នាក់ទៀតកាលពីម្សិលមិញ។ នៅក្នុងចំណោមករណីឆ្លងទៅក្នុងសហគមន៍ជាលើកទី៣នេះក៏មានជនជាតិខ្មែរចំនួន១១នាក់ផងដែរ។
ទីតាំងចំនួន២៣កន្លែងយ៉ាងតិច ដែលត្រូវបានបិទនោះ រួមមាន អាគារស្នាក់នៅ Pent House Apartment នៅទល់មុខ Aeon1 The Point Apartment នៅជិតផ្សារដើមគរ Mekong Street នៅជ្រោយចង្វា City Comfort នៅបឹងព្រលិត Le Gong Guan Hotel នៅសង្កាត់ផ្សារថ្មី៣ Skyline Dumex នៅសង្កាត់មិត្តភាព Somet Condoninlum ក្នុងសង្កាត់វាលវង់ Resident L Olympic នៅអូឡាំពិក Casa by Meridain នៅកោះពេជ្រ និងThe Bridge នៅគល់ស្ពានកោះពេជ្រ។ ក្រៅពីនេះទីតាំង៣ទៀត នៅសង្កាត់ទន្លេបាសាក់ ដូចជា Price Plazza Centre Celeste Skybar និង Diamond Twin ក៏ត្រូវបិទរួមជាមួយក្លឹប N8 ក្លឹប Coco នៅខណ្ឌដូនពេញ Love ក្រោយអ៊ិចធូ នៅសង្កាត់បឹងរាំង ក្លឹប១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី ខារ៉ាអូខេ ZinZun នៅមុខព្រលានយន្តហោះ ហាង The Word និងហាង វ័នមេនសិន នៅក្រោយផ្សារបឹងត្របែក។
ការបិទកន្លែងកំសាន្តទាំងនេះ គឺធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២១កុម្ភៈដែលបានចេញលិខិតជម្រាបទៅអភិបាលរាជធានីភ្នំពេញឲ្យបិទអាជីវកម្មក្លឹបកំសាន្ត និង KTV ដោយធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដើម្បីការពារការឆ្លងកូវីដ១៩។
បន្ថែមពីនេះទៀត ក៏មានផ្អាកជាបណ្តោះអាសន្នផងដែរ សាលារៀនមួយចំនួននៅភ្នំពេញ ដូចជាសាលាបឋមសិក្សាកូលាបទី១ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី និងសាលារៀន អេស អាយ អេស សាខាឡាក់គីស្តា។ ចំណែកនៅខេត្តកណ្តាល សាលារៀនដែលត្រូវបានបិទមានដូចជា អនុវិទ្យាល័យ និងបឋមសិក្សាឬស្សីជ្រោយ នៅស្រុកស្អាង និងអនុវិទ្យាល័យឬស្សីស្រុក នៅស្រុកកៀនស្វាយ។
ចំណាត់ការបិទទីតាំងអាជីវកម្មជាច្រើនបែបនេះ គឺដោយសារតែ ចំនួនអ្នកឆ្លងកូវីដ១៩ទៅក្នុងសហគមន៍បានកើនឡើងសរុបដល់៧៦នាក់ បន្ទាប់ពីបានរកឃើញឆ្លងថ្មីចំនួន៣១នាក់ទៀត នៅថ្ងៃទី២១កុម្ភៈ។ នៅក្នុងចំណោមករណីឆ្លងទៅក្នុងសហគមន៍ជាលើកទី៣នេះក៏មានជនជាតិខ្មែរចំនួន១១នាក់ផងដែរ៕