ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​គ្រោង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​រឿង​តុលាការ​ផ្ដន្ទាទោស​ប្ដី​ ៥​ឆ្នាំ

ដោយ សេក បណ្ឌិត
2021-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​គ្រោង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​រឿង​តុលាការ​ផ្ដន្ទាទោស​ប្ដី​ ៥​ឆ្នាំ

លោក ធួក ធឿយ ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​សំរោង​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្ដរមានជ័យ។ Photo Provided


ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ​កំពុង​រក​អន្តរាគមន៍​ពី​មេធាវី ដើម្បី​ឱ្យ​ជួយ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​នេះ ដែល​បាន​កាត់ទោស​ប្ដី​របស់​លោកស្រី​ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ​។ លោកស្រី​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​អាច​ទទួល​យក​បាន។

សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​បាន​ផ្ដន្ទាទោស​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្រុង​សំរោង គឺ​លោក ធួក ធឿយ ដាក់​ពន្ធនាគារ ចំនួន ​៥​ឆ្នាំនេះ​ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ប្រពន្ធ​របស់​សកម្មជន​បក្ស​រូប​នេះ ច្រានចោល​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

ប្រពន្ធ​របស់​លោក ធូក ធឿយ គឺ លោកស្រី កុយ ច្រឹប រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា តុលាការ​ខេត្ត​ឧត្ដរមានជ័យ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្ដី​របស់​លោកស្រី ធ្វើ​ឡើង​ដោយ​តក់ក្រហល់ និង​ពុំ​មាន​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ឃុំ​នោះ​ឡើយ​។ ស្ត្រី​វ័យ​ ៣៦​ឆ្នាំ រូប​នេះ​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ គឺ​ជា​ការ​ធ្វើ​បាប និង​ជា​ការ​បំបែក​បំបាក់​ប្តី​ពី​លោកស្រី​ដែល​កំពុង​មាន​កូនខ្ចី​។ លោកស្រី​កំពុង​ស្វែង​រក​មេធាវី ដើម្បី​ប្ដឹង​ទាស់​ទៅ​តុលាការ​ឧទ្ធរណ៍ ឱ្យ​សើរើ​សំណុំ​រឿង​នេះ​សាឡើងវិញ៖ «ខ្ញុំ​តូច​ចិត្ត​ត្រង់​ថា គេ​កាត់ទោស​ប្ដី​ខ្ញុំ​វា​អត់​ត្រឹមត្រូវ មាន​តែ​តុលាការ​អត់​មាន​មេធាវី​ទេ​។ ខ្ញុំ​ចង់​ឱ្យ​ដោះលែង​ប្ដី​ខ្ញុំ​មកវិញ មក​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ ព្រោះ​ខ្ញុំ​ពិបាក​ណាស់​កូន​តូច​ខ្ញុំ​មិន​ដឹង​ទៅ​រក​ស៊ី​អី​ទេ។ ចាប់​អីចឹង​វា​ខុស​ហើយ ព្រោះ​ប្ដី​ខ្ញុំ​មិនបាន​ទៅ​ធ្វើ​បាប​អ្នកណា​គេ​ផង មិន​បាន​ទៅ​លួច​ដី​អ្នក​ណា​បាន​មួយ​ប្លង់​ផង»។

លោកស្រី កុយ ច្រឹប គ្រោង​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ។

លោក ធួក ធឿយ ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​សំរោង​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្ដរមានជ័យ។ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០២០ ​អាជ្ញាធរ​របប​​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក ធួក ធឿយ និង​អនុប្រធាន​គណបក្ស​ប្រឆាំង​ក្រុង​សំរោង​ម្នាក់ទៀត គឺ​លោក​គៀត ភ្លី ក្នុង​ពេល​ដែល​ពួកគាត់​បាន​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូលរួម​តាមដាន​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ថ្នាក់ដឹក​នាំ​​គណបក្ស​នេះ​មួយ​ចំនួន​ទៀត ។ សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​បាន​ជំនុំជម្រះ​សំណុំរឿង​របស់​លោក ធួក ធឿយ នៅ​ថ្ងៃ​ទី​១៦​ កុម្ភៈ ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ចំនួន ៥​ឆ្នាំ។

ចំណែក​ជន​ជាប់ឃុំ​ម្នាក់ទៀត គឺ​លោក គៀត ភ្លី ត្រូវ​បាន​សាច់ញាតិ​ប្ដឹង​សុំ​ពន្យារពេល​ការ​ជំនុំជម្រះ​មួយរយៈ ដើម្បី​រក​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ដល់​ជន​ជាប់ឃុំ​។ ចាប់​តាំង​ពី​ចាប់ខ្លួន​មក អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​បញ្ជូន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ឧត្ដរមានជ័យ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ជិត​ ២​ខែ​ហើយ។

ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង លោក គៀត ភ្លី គឺ​លោកស្រី ពៅ ធាវី ប្រាប់​អាស៊ីសេរី​ថា លោកស្រី​បាន​ចូល​ទៅ​សួរសុខទុក្ខ​ប្ដី​របស់​លោកស្រី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ឧត្ដរមានជ័យ​ជា​រៀងរាល់​សប្ដាហ៍។ ក្នុង​ពេល​សួរសុខទុក្ខ​នោះ លោក ធួ​ក ធឿ​យ បាន​ប្រាប់​លោកស្រី​ថា លោក​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ហើយ​លោក​បាន​ផ្ដាំ​លោកស្រី​ឱ្យ​ប្រាប់​ប្រពន្ធ​របស់​គាត់​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​របស់​តុលាការ​ខេត្ត​ឧត្ដរមានជ័យ៖ «គាត់​ជួប​ផល​ពិបាក​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ គាត់​មិន​សុំា​នឹង​ការ​ហូបចុក ហើយ​ការ​ដេក វា​ចង្អៀត ហើយ​នៅ​ក្នុង​នោះ​គេ​អ្នកជក់​បារី ហើយ​គាត់​អត់​ចេះ​ជក់។ គាត់​កើត​ទុក​មិន​សុខចិត្ត​ឱ្យ​ខ្ញុំ​ជូន​ប្រពន្ធ​គាត់​សុំ​ប្ដឹង​តវ៉ា គាត់​ទទួល​យក​មិន​បាន វា​អយុត្តិធម៌សម្រាប់​គាត់ វា​អត់​យុត្តិធម៌​សម្រាប់​ទេ គាត់​គ្រាន់តែ​អ្នក​គាំទ្រ​។ តាំង​ប្ដី​ខ្ញុំ​អី ថ្ងៃ​គេ​កាត់ក្ដី​ប្ដី​ខ្ញុំ​មុខ​ស្លោក​ខ្មៅ​អស់ ចំណែក​បង​ធឿយ​នោះ ទឹកមុខ​គាត់​ស្លេកស្លាំង​អស់ ហើយ​ប្រពន្ធ​គាត់​យំ កូន​ក៏​ឈឺ​ទៀត»។

ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង លោក គៀត ភ្លី វិញ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ លោកស្រី ពៅ ធាវី និយាយ​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​សុខ​ច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ ពីព្រោះ​លោក​គ្រាន់តែ​ទៅតាម​ដាន​ឃ្លាំមើល​សវនាការ ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​ជនជាប់ចោទ ដោយសារ​អាណិត​ស្រលាញ់​ពួកគាត់​ដែល​ធ្លាប់​រួមការ​ងារ​មួយ​គ្នា​ពី​មុន​មក។ លោកស្រី​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​មក​លើ​អ្នក​ទាំង​២ ហើយ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​នឹង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​លោក ហែល សេងហុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២១ ​កុម្ភៈ ដោយ​​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្ដរមានជ័យ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក អូន ស្រ៊ាន យល់​ថា អ្នក​ទាំងពីរ​បាន​ឈប់​ធ្វើ​នយោបាយ តាំងតែ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ឆ្នាំ​២០១៧​ រហូត​មក​។ ប៉ុន្តែ​ពួកគាត់​នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រឆាំង ដោយ​មិន​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទើប​អាជ្ញាធរ​ចាប់​ពួកគាត់​បំបិទមាត់ ដើម្បី​កុំ​ឱ្យ​ធ្វើ​ទៅ​ចូលរួម​គាំទ្រ​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំង​នៅ​ថ្ងៃក្រោយ​ទៀត៖ «ខ្ញុំ​បាន​ទំនាក់​ទង​ជាមួយ​គាត់​ដែរ ប៉ុន្តែ​ដោយសារ​គេ​ចាប់​គាត់​ទៅ​គេ​ដក​យក​ទូរស័ព្ទ​ទាំង​អស់គេ​មិន​ឱ្យ​ទាក់ទង​បាន​។ នៅ​ខេត្ត​ឧត្ដរមានជ័យ​ហ្នឹង​ពួកគាត់​ហ្នឹង​ជា​អ្នក​ហ៊ាន​និយាយ​គាត់​ហ៊ាន​ថា ហ៊ាន​តវ៉ា​អីចឹង​ទៅ។ អីចឹង​របប​ក្រុងភ្នំពេញ​ហ្នឹង​គាត់​បំបិទ​សិទ្ធិ​សេរីភាព​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទាមទារ​អី​ទាំងអស់ ហើយ​សម្រាប់​នៅ​ខេត្ត​ឧត្ដរមានជ័យ​ហ្នឹង គឺ​មានតែ​ពួកគាត់​ប៉ុន្មាន​នាក់​ហ្នឹងឯង​ដែល​ហ៊ាន​និយាយ​ហ៊ាន​តតាំង​ជាមួយ​របប​ផ្ដាច់ការ​ហ្នឹង»។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ជា​រឿង​ត្រឹមត្រូវ​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់​៖ «ព្រោះ​តាំងពី​តុលាការ​កំពូល​កាត់សេចក្ដី​គាត់​ចោល​ហើយ​គាត់​ទៅជា​អង្គការ​ចាត់តាំង​មួយ​អត់​មានអី​ទៀត​ទេ។ អីចឹង​បើ​អ្នកគាំទ្រ​ហើយ​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​អតីត​បក្ស​ប្រឆាំង​ហ្នឹង​បានសេចក្ដីថា​គាត់​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ហើយ។ ដូចដែល​លោក ហ៊ុន សែន លោក​បាន​ប្រកាស​ហើយ បងប្អូន​ដែល​រត់​ទៅ​ប្រទេស​ថៃ​អី​ឱ្យ​រត់​ចូល​មក​ស្រុក​វិញ​មក ប៉ុន្តែ​លើ​មូលដ្ឋាន ឱ្យ​ឈប់​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​អតីត​បក្ស​ប្រឆាំង​អាហ្នឹង​វា​អត់​មាន​បញ្ហា​អី​ទេ»។

ទោះជា​យ៉ាង​នេះ​ក្ដី​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​អាដហុក​ (Adhoc)​លោក ស៊ឹង សែនករុណា យល់ថា ការ​ចាប់ខ្លួន​នេះ ជា​ធ្វើការ​បំភ័យ​បំភ័យ​ផ្នែក​នយោបាយ​។ លោក​បញ្ជាក់​ថា ការចូលរួម​គាំទ្រ​គណបក្ស​នយោបាយ ឬ​តាមដាន​សវនាការ​ជំនុំជម្រះ​ គឺជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ៖ «ចំណុច​ទាំងអស់​នេះ​ខ្ញុំ​ទទូច​ឱ្យ​ភាគី​នយោបាយ​គួរតែ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ហ្នឹង​ទៅ យើង​គួរ​ធ្វើ​នយោបាយ​ដោយ​សុចរិត​ដោយ​សន្តិវិធី កុំ​ឱ្យ​មានការ​បៀតបៀន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងនាម​ជា​ពលរដ្ឋ ឬក៏​ជា​ខ្មែរ​ដូចគ្នា គួរតែ​មាន​ការ​គិត​គួរ​អំពី​សិទ្ធិ​និង​សេរីភាព និង​សេចក្ដី​សុខ​ពាក់ព័ន្ធ​សុវត្ថិភាព​ ឬក៏​សិទ្ធ​បុគ្គល​អី​ជាដើម​ហ្នឹង​គួរ​តែ​​បញ្ឈប់​អំពើ​ធ្វើទុក្ខបុកម្នេញ​ហ្នឹង​ ទើប​មាន​ការ​គាំទ្រ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ»។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​ មកដល់​ថ្ងៃ​ទី​២១ កុម្ភៈ មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​សង្គម និង​ក្រុម​យុវជន​ជិត​៧០​នាក់​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់ដឹកនាំ ដែល​ជា​បទ​ជាប់ចោទ​ពេញ​និយម​របស់​ព្រះរាជអាជ្ញា ហើយ​ត្រូវ​ក្រុម​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ជា​ការ​ចោទប្រកាន់​តាម​ទំនើងចិត្ត។

អ្នក​តាមដាន​ស្ថានការណ៍ ចាត់​ទុក​ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​ទាំងនេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង ឬ​សំឡេង​រិះគន់​រដ្ឋាភិបាល​ឱ្យ​អស់​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment