ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ផល​លំបាក ក្រោយ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង

ដោយ សុជីវី
2021-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ផល​លំបាក ក្រោយ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង

ពលករ​ខ្មែរ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ Photo: RFA


ពលករខ្មែរធ្វើការនៅប្រទេសថៃមិនសូវសម្បូរការងារ ខណៈប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩


ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ហាមប្រាម​មិន​ឱ្យ​ពលករ​របស់​ខ្លួន​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ស្រប​ពេល​ប្រទេស​ថៃ​ធ្វើការ​រឹត​បន្តឹង​ចំពោះ​ពលករ​បរទេស​ខុសច្បាប់​។ មន្ត្រី​ធ្វើការ​ផ្នែក​សិទ្ធិ​ពលករ យល់ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ខ្វះ​ចន្លោះ​ក្នុង​ការ​បំពេញ​ការងារ​តាម​តួនាទី និង​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​ពលករ​ក្រៅ​ប្រទេស​នោះ​ទេ។

ពលករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​មួយ​ចំនួន កំពុង​រស់នៅ​ក្នុង​ជីវភាព​លំបាក គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល និង​បារម្ភ​អំពី​ការ​ចាប់ខ្លួន ក្រោយ​រដ្ឋាភិបាល​ថៃ​ចាប់ផ្ដើម​ចុះ​ឆែកឆេរ ត្រួតពិនិត្យ​ច្រើន​ជាង​មុន​លើ​ពលករ​បរទេស។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ និង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​តាម​ច្រក​ព្រំដែន។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​លោក នួន បុណ្យ រៀបរាប់​ថា លោក​បាន​ចុះបញ្ជី​ការងារ​នៅ​ប្រទេស​ថៃ​រួចហើយ ប៉ុន្តែ​លោក​ពុំ​ទាន់​មាន​ថៅកែ​ដែល​ធានា​ចំពោះ​ការងារ​របស់​លោក ឱ្យ​ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​។ លោក​បន្ត​ថា ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទាំង​២ ធ្វើ​ឱ្យ​លោក​ពិបាក​ក្នុង​ការ​រក​ថៅកែ ដើម្បី​ធានា​ចំពោះ​រឿង​នេះ​។ លោក​ថា អាជ្ញាធរ​ថៃ​ចាប់​ផ្ដើម​ចុះ​ត្រួតពិនិត្យ​ជាច្រើន ​កន្លែង​ធ្វើ​ឱ្យ​លោក និង​ពលករ​ផ្សេងទៀត ពុំ​ហាន​ចេញ​ដើរ​ផ្ដេសផ្ដាស​នោះ​ទេ។ លោក​ត្អូញត្អែរ​ថា លោក​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ ដោយសារ​លោក​ពុំ​មាន​ការងារ​ច្បាស់លាស់​មួយ​កន្លែង​នោះ​ទេ ពោល​គឺ​លោក​ត្រូវ​ចល័ត​គ្រប់កន្លែង និង​មិន​ទៀងទាត់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​គិតគូរ​ដល់​ពលករ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដែល​ពុំ​មាន​ឯកសារ​ការងារ​ស្របច្បាប់ និង​លាក់​បំពួន​ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅវិញ៖ «សព្វថ្ងៃ​នេះ ខ្ញុំ​និយាយ​ទៅ​ចេញពី​កន្លែង​មួយ ចូល​កន្លែង​មួយ និយាយ​ពី​ការងារ​វា​មិនបាន​ថិតថេរ។ ទៅ​កន្លែង​នោះ​ក៏​គ្មាន​ការងារ​ធ្វើ ទៅ​កន្លែង​នេះ ក៏​គ្មាន​ការងារ​ទេ​អ៊ីចឹង ហី​ថវិកា​យើង​ក៏​តិចតួច​អ៊ីចឹង​។ ខ្ញុំ​សុំ​ស្នើ​ដល់​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង ដោះស្រាយ​ពី​រឿង​ពលករ​ក្នុង​ប្រទេស​ថៃ​ហ្នឹង គ្នា​ដាច់​ការងារ​គ្រប់​តែ​គ្នា​។ និយាយ​ទៅ​មាន ដល់​គាត់​អត់​លុយ ហើយ​ចាក់​បានតែ​ហូប​មួយ​គាៗ​ហ្នឹង»។

តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​លោកស្រី ឈៀត ណៃ ថ្លែង​ថា ពលករ​ជាច្រើន​កំពុង​ធ្លាក់​ខ្លួន​លំបាក និង​រស់នៅ​លាក់​ពួន​ដោយសារ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​។ លោកស្រី​បន្ត​ថា ពលករ​មួយ​ចំនួន មិន​មាន​ឯកសារ​ការងារ ដោយសារ​រដ្ឋាភិបាល​ថៃ​បាន​បិទ​បញ្ចប់​ការចុះបញ្ជី​ធ្វើ​ប័ណ្ណ​ការងារ ខ្លះ​ទៀត​ត្រូវ​ថៅកែ​កិបកេង​មិន​បើកប្រាក់​ជូន​ពួកគេ និង​ដកហូត​ឯកសារ​របស់​ពួកគេ​ទុកជា​ដើម​។ លោកស្រី​ថា អំឡុង​ពេល​រឹត​បន្តឹង​នេះ ពលករ​ជាច្រើន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​ត្រូវ​បង់​ប្រាក់​ផាក​ពិន័យ​ជាច្រើន​សែន​បាត​ឱ្យ​ទៅ​ប៉ូលិស ដើម្បី​ដោះដូរ​នឹង​សេរីភាព ប៉ុន្តែ​ពួកគេ​ក្លាយ​ជា​កូនបំណុល​របស់​គេ​ទៅវិញ​។ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ជំរុញ​ទៅ​រដ្ឋាភិបាល​ថៃ ដើម្បី​ពិនិត្យ និង​រៀបចំ​ឯកសារ​ឱ្យ​ពលករ​ទាំងនោះ​ឱ្យ​ស្របច្បាប់​ឡើងវិញ ក្នុងពេលដែល​មានការ​រឹត​បន្តឹង​បែបនេះ៖ «អូយ​អ្នក​ដែល​គ្នា​អត់​ស្របច្បាប់ គឺ​ជួប​ការ​លំបាក​ច្រើន​ណាស់​សម័យ​កូវីដ​នេះ​។ គ្នា​មក​គ្នា​ដើម្បី​ថា រក​ដោះ​លុយ​រដ្ឋ ដល់ពេល​មក​ចេះ​ទៅ​ប៉ះ​ចាប់ៗ​ចេះ​ទៅ ហើយ ស៊ុង (បញ្ជូនគ្នា​ទៅផ្ទះ​វិញ គ្នា​បាន​លុយ​អី​ហើយ​ខ្ញុំ គេ បរិស័ទ​គេ​យក​លុយ​ពី​ខ្ញុំ ក៏​ខ្ញុំ​ក៏​បង់​ឱ្យ​គេ​ហ៊្វ្រី​ទៅ ជា​បញ្ហា អូយ​!​យ៉ាប់​ណាស់»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ករណី​នេះ នៅ​ថ្ងៃ​ទី២១ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

ក្រសួង​ការងារ​ថៃ បាន​បើក​ឱ្យ​ពលករ​បរទេស​ចុះឈ្មោះ​ធ្វើ​ប័ណ្ណ​ស្នាក់នៅ និង​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​រយៈពេល ២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ដំណើរការ​នៃ​ការ​ចុះឈ្មោះ​នេះ អាជ្ញាធរ​ថៃ តម្រូវ​ឱ្យ​ពលករ​បង់​ប្រាក់​ប្រមាណ ៩​ពាន់​បាត (៩.០០០) ស្មើនឹង​ប្រមាណ ៣​រយ​ដុល្លារ​អាមេរិក (៣០០)​។ កាលបរិច្ឆេទ​នេះ បាន​ផុត​កំណត់ និង​ពលករ​ជាច្រើន​ទៀត​នៅតែ​បន្ត​រស់នៅ​ខុសច្បាប់​ដដែល​។ រីឯ​រដ្ឋាភិបាល​កម្ពុជា​វិញ មិនបាន​អើពើ ឬ​ចាត់វិធានការ​ណាមួយ ដើម្បី​ជួយ​ដល់​ពលករ​ទាំង​នោះ​ទេ ថែមទាំង​ចេញ​បទបញ្ជា​ថ្មី​ឱ្យ​អាជ្ញាធរ​នៅ​តាម​ព្រំដែន រឹត​បន្តឹង និង​ហាម​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ប្រទេស​ខ្លួន​ទៅវិញ។

មន្ត្រី​អង្គការ​សង់​ត្រាល់ (Central) ទទួលបន្ទុក​សិទ្ធិ​ការងារ​លោក ឌីថេ ហូយ៉ា ឱ្យ​ដឹង​ថា អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​ចំពោះ​ពលករ​ដែល​កំពុង​រស់​នៅ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​ហាម​ប្រាម​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​របស់​ខ្លួន​នេះ គឺជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ ក្នុង​ពេលដែល​ពលករ​ទាំងនោះ​កំពុង​ជួប​បញ្ហា​ជាមួយ​អាជ្ញាធរ​ថៃ​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​គួរ​មានការ​យោគយល់​បន្ថែម​ចំពោះ​ពលករ​ទាំងនោះ ដោយ​ពន្យារ​ពេល​ក្នុង​ការ​ចុះបញ្ជី និង​ធ្វើ​ឯកសារ​ជូន​ពួកគេ ហើយ​ពលករ​គួរ​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ ទាមទារ​សិទ្ធិ និង​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពង្រឹង​ការងារ និង​ការ​យកចិត្តទុកដាក់​លើ​ពលករ​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​កាន់តែ​ខ្លាំង៖ «​ការ​ត្រឡប់មកវិញ​ឬ​មិន​ត្រឡប់មកវិញ​នេះ គឺជា​ជម្រើស​របស់​គាត់ ឧទាហរណ៍​ថា បើ​គាត់​អត់​មាន​ការងារ​ធ្វើ អត់​មាន​ប្រាក់ចំណូល បើ​មិន​ឱ្យ​គាត់​ត្រឡប់មកវិញ ហើយ​តើ​គោលនយោបាយ​របស់​រដ្ឋ​ហ្នឹង​ឆ្លើយតប​ការ​អត់​មានការ​ងារ​ធ្វើ​របស់​គាត់​ឬក៏​អត់​។ នៅ​ថៃ​នេះ ខ្ញុំ​យល់ថា ក្នុង​កាលៈទេសៈ​នេះ​ថៃ​នៅ​មិនទាន់​បើក​ប្រទេស​នៅឡើយ​ក៏ប៉ុន្តែ​បើសិនជា​គាត់​អត់​មានការ​ងារ​ធ្វើ ហើយ​យើង​ហាម​មិន​ឱ្យ​គាត់​មក តើ​គាត់​រស់នៅ​របៀប​ម៉េច​?»

អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​នៅ​ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ​។ ការ​បិទ​ច្រក​ព្រំដែន​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដោយសារ​ពួកគាត់​អត់​ការងារ​ធ្វើ។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ រួមមាន​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧត្ដរមានជ័យ ជាដើម បាន​បន្ថែម​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់ ចុះ​ត្រួតពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា ដោយ​ពុំ​បាន​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤​ថ្ងៃ។

ពលករ​ខ្មែរ​ឱ្យ​ដឹង​ថា ពួកគាត់​នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ខ្លាំង​ដោយ​រស់នៅ​និង​ធ្វើការ​ប្រទេស​ថៃ​មិនបាន ហើយ​ចង់​វិល​ទៅ​កម្ពុជា​វិញ​ក៏​មិនកើត ប្រៀប​ដូចជា​ចុះ​ទឹក​ជួប​ក្រពើ ឡើង​លើ​ជួប​ខ្លា​ដូច្នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ផល​លំបាក ក្រោយ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង"

  1. Anonymous says:

    sorry this is under my SAM DACH EYE ..AKAK SENA MOHA PENCHO ..HUN NAL call HUN SEN his next name is CHHOUP SAMLAP. can some one count how many people that HUN NAL been murder ??? please find out

Leave a Reply

Submit Comment