ដោយ អាស៊ីសេរី
2021-02-22
RFA

សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា។ Photo Provided
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើអង្គសេចក្ដីនៃសំណុំរឿងរបស់សកម្មជនបរិស្ថាន ៥រូប នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ពាក់ព័ន្ធនឹងបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
សហមេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង ៥ គឺលោក សំ ចំរើន ឱ្យដឹងថា សវនាការជំនុំជម្រះនៅថ្ងៃពុធ ទី២៤ កុម្ភៈ ប្រហែលមានវត្តមានកូនក្តីរបស់លោកដែលកំពុងជាប់ឃុំខ្លួនចំនួន៣នាក់ប៉ុណ្ណោះ គឺលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា។ ចំណែកកូនក្តី ២នាក់ទៀត ដែលស្ថិតនៅក្រៅឃុំ គឺស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) (ហៅកាត់ថា អាឡិច) និងយុវជនខ្មែរថាវរៈ កញ្ញា ជា គន្ធីន ទំនងជាមិនអាចចូលរួមសវនាការបានឡើយ ព្រោះពួកគាត់កំពុងនៅក្រៅប្រទេស។
លោកមេធាវី សំ ចំរើន បញ្ជាក់ថា លោកបានត្រៀមតតាំងក្តីរួចហើយ និងបានពិនិត្យឃើញថា កូនក្តីរបស់លោកទាំងអស់ មានភាពសុចរិត និងស្មោះត្រង់ ដូច្នេះលោករំពឹងថា ពួកគាត់នឹងរួចផុតពីការចោទប្រកាន់របស់តុលាការ។
អាជ្ញាធររបបក្រុងភ្នំពេញចាប់ឃុំខ្លួនសកម្មជនបរិស្ថានទាំង ៣នាក់ កាលពីដើមខែកញ្ញា ឆ្នាំ២០២០។ ការចាប់ខ្លួននេះ កើតមានឡើងក្រោយពីកញ្ញា ឡុង គន្ធា បានប្រកាសថា នាងនឹងស្លៀកពាក់សដើរពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក ហ៊ុន សែន សុំឱ្យបញ្ឈប់ការលុបបឹងតាមោកនៅជាយក្រុងភ្នំពេញ។ បើទោះបីជាអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ថា សាររបស់កញ្ញា ឡុង គន្ធា គ្មានពាក្យពេចន៍ណាមួយខុសច្បាប់ ហើយមិនទាន់បានធ្វើសកម្មភាពក្តី ក៏យុវជនទាំង ៣នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត ៦ខែមកហើយ។ សំណុំរឿងនេះមានជនជាប់ចោទ ២នាក់ទៀត ដែលស្ថិតនៅក្រៅឃុំ គឺលោក អាឡិច និងកញ្ញា ជា គន្ធីន។ តុលាការបានចោទប្រកាន់ពួកគេពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនទាំងនេះ ហើយងាកមកគោរពសិទ្ធិពលរដ្ឋឡើងវិញ ដើម្បីអាចចៀសផុតពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
under that animal communist’s slave you will never know for sure what he is doing