ដោយ មួង ណារ៉េត
2021-02-22
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបពីហ្វេសប៊ុក
រដ្ឋាភិបាលសម្រេចបិទសាលារៀន និងទីតាំង ជិត៣០កន្លែងដែលពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដក្នុងសហគមន៍ ព្រមទាំងត្រៀមមន្ទីរពេទ្យរដ្ឋនិងឯកជនបន្ថែមទៀត ស្របពេលដែលអ្នកឆ្លងជំងឺកូវីដ-១៩ កើនជិត៨០នាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សភាពការណ៍មិនធម្មតាពេកទេ នៅពេលចំនួនមនុស្សឆ្លងជំងឺនេះ កើនឡើងលឿនបែបនេះ។
ជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានរីករាលដាលកាន់តែធំ និងកាន់តែស្មុគស្មាញ ស្របពេលដែលក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ រកឃើញមានមនុស្ស ៣១នាក់ បន្ថែមទៀត ដែលសុទ្ធតែពាក់ព័ន្ធនឹងការចម្លងក្នុងសហគមន៍នេះ។ ដូច្នេះ ចំនួនសរុបនៃករណីឆ្លងក្នុងសហគមន៍ បានកើនដល់ជិត៨០នាក់ (៧៨)នាក់ ក្នុងរយៈពេលបីថ្ងៃជាប់គ្នា ក្នុងនោះ កុមារអាយុ ១១ឆ្នាំម្នាក់ ក៏ឆ្លងជំងឺនេះដែរ។ ក្នុងចំណោម ៧៨ នាក់នេះ ជនជាតិចិនមានចំនួន ៦៥ នាក់។
ទន្ទឹមគ្នានេះដែរ មនុស្សរាប់រយនាក់ទៀត ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះ កំពុងធ្វើចត្តាឡីស័ក។
ជាងនេះទៅទៀត ការឆ្លងរាលដាលនេះ បានជ្រៀតចូលដល់មន្ទីរសម្រាកព្យាបាលជំងឺឯកជនថែមទៀតផង។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ប្រាប់ថា ពេលនេះសូម្បីតែវេជ្ជបណ្ឌិតមួយចំនួន ក៏សង្ស័យថា មានជំងឺកូវីដ-១៩ ដែរ ក្រោយវេជ្ជបណ្ឌិតម្នាក់ ដែលមានមន្ទីរសម្រាកព្យាបាលឯកជនរបស់ខ្លួន បានព្យាបាលប៉ះចំអ្នកជំងឺមានផ្ទុកជំងឺកូវីដ-១៩នេះ។
តាមសារសំឡេងរបស់លោក ទៀ បាញ់ ដែលសារព័ត៌មានក្នុងស្រុក(កម្ពុជាថ្ម)ចុះផ្សាយ នៅថ្ងៃទី ២២ ខែ កុម្ភៈនេះ លោក ទៀ បាញ់ បានបញ្ជាឱ្យបញ្ជូនក្រុមគ្រូពេទ្យដែលជាប់ព័ន្ធនឹងករណីនេះ ទៅធ្វើចត្តាឡីស័កនិងត្រូវនៅដាច់ដោយឡែកពីគេជាបន្ទាន់៖ «វេជ្ជបណ្ឌិតម្នាក់ដែលគាត់បើកគ្លីនីកហើយគាត់ព្យាបាលអ្នកកើតកូវីដ១៩ហ្នឹង ឥឡូវមានបញ្ហាធំបំផុតដែលគាត់ទៅបង្រៀនពេទ្យយើង ខាងកាំភ្លើងធំផង ខាងបច្ចេកទេសផង រឿងនេះរឿងធំណាស់»។
ក្នុងពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបញ្ចេញអត្តសញ្ញាណទីតាំងសំខាន់ៗចំនួន ២៣ កន្លែង ដែលក្រសួងនេះប្រកាសឱ្យបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ទីតាំងទាំងនោះ មានជាអាទិ៍ ក្លឹបកម្សាន្ត ហាងម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និងអគារស្នាក់នៅជាដើម។
ជុំវិញករណីក្លឹបកម្សាន្តនេះ ក្រោយបញ្ជាឱ្យបិទមួយរយៈ តាំងពីដើមឆ្នាំមុននោះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុញ្ញាតឱ្យបើកដំណើរការវិញនៅខែសីហា ក្នុងឆ្នាំដដែល ដោយគ្រាន់តែប្តូររូបភាពមកជាភោជនីយដ្ឋានវិញ។ ប៉ុន្តែ ការគ្រប់គ្រងក្លឹបកម្សាន្តទាំងនេះ រងការរិះគន់ ថាធ្វើមិនបានល្អ រហូតដល់ផ្ទុះករណីចម្លងជំងឺនេះ ជាទ្រង់ទ្រាយធំ នៅក្លឹបកម្សាន្ត N8។
ក្រោយផ្ទុះបញ្ហានេះ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីណែនាំអភិបាលរាជធានី-ខេត្ត ឱ្យបន្តពង្រឹងវិធានការដែលមានស្រាប់នោះ ដើម្បីជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
ក្នុងពេលជាមួយគ្នានេះ ក្រសួងអប់រំសម្រេច បិទសាលារៀនរដ្ឋ និងឯកជននៅភ្នំពេញ និងខេត្តកណ្ដាលបន្ថែមទៀត។
ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញឯណោះវិញ អំពាវនាវដល់អ្នកបើកឡានឈ្មួលប្រភេទតាក់ស៊ី (Taxi) និងអ្នកប្រកបរបរម៉ូតូកង់បី ដែលធ្លាប់ដឹកភ្ញៀវទៅទីតាំងទាំង២៣ ដែលបិទនេះ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិក ចាប់ពីថ្ងៃទី២២ ខែកុម្ភៈតទៅ។
អត្រានៃអ្នកឆ្លងជំងឺក្នុងសហគមន៍នេះ គិតជាមធ្យមក្នុងរយៈពេលបីថ្ងៃនេះ គឺមានប្រហែលជិត ៣០ នាក់ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្ដី តួលេខនេះ ធ្វើឱ្យលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាបន្ទុកធ្ងន់ដល់មន្ទីរពេទ្យស៊ីវិល ដែលអាចពិបាកទប់ទល់ និងត្រូវរកកន្លែងផ្សេងទៀត ដើម្បីផ្ដល់សេវាសម្រាក និងព្យាបាលអ្នកជំងឺ។ លោកបានបញ្ចេញសារជាសំឡេង ប្រាប់ទៅមន្ត្រីរបស់លោកថាចំនួនអ្នកជំងឺកូវីដ១៩ កើនឡើងយ៉ាងឆាប់រហ័សដូចច្នេះ ធ្វើឱ្យមន្ទីរពេទ្យស៊ីវិលជួបការលំបាកក្នុងការព្យាបាល។ លោក ហ៊ុន សែន បញ្ជាឱ្យយកពេទ្យទាហាន(ពេទ្យកេតុមាលា) និងមន្ទីរឯកជនឈ្មោះមន្ទីរពេទ្យជោរៃភ្នំពេញ របស់វៀតណាម និងមន្ទីរពេទ្យផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៖ «ពិនិត្យមើលឱ្យអស់លទ្ធភាពព្រោះសភាពការណ៍ មិនធម្មតាពេកទេ យើងត្រូវប្រុងប្រៀបដើរមុនមួយជំហាន យើងត្រូវមើលពេទ្យទាហានសិន ហើយបន្ទាប់ពីហ្នឹងទៅមើលពេទ្យកន្លែងណាទៀតដើម្បីត្រៀមដាក់មនុស្សដាក់សម្ភារៈគ្រូពេទ្យរបស់យើងចូលទៅការងារហ្នឹង»។
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា បានយល់ព្រមតាមសំណើរលោក ហ៊ុន សែន ហើយឆ្លៀតផ្សាយពាណិជ្ជកម្ម ដោយអួតសរសើរមន្ទីរពេទ្យជោរៃរបស់ខ្លួន ថាមានសមត្ថភាព ទើបរដ្ឋាភិបាលជ្រើសរើសយកជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។
ទាក់ទងបញ្ហានេះដែរ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី សង្កេតឃើញថា រយៈពេល៤៦ម៉ោងចុងក្រោយនេះ រដ្ឋាភិបាលបានចេញវិធានការច្រើនក្នុងការគ្រប់គ្រង និងទប់ស្កាត់បញ្ហានេះ។ ទោះបែបនេះបណ្ឌិត មាស នី ជំរុញឱ្យមានការគិតគូបន្ថែមទៀតនៅកន្លែងធ្វើចត្តាឡីស័ក ដោយលោកសង្កេតឃើញចំណុចសំខាន់ៗ ដូចជាមនុស្សធ្វើចត្តាឡីស័កច្រើន និងករណីមួយទៀតគឺការធ្វេសប្រហែសនៃការគ្រប់គ្រងសន្តិសុខ នៅកន្លែងចត្តាឡីស័កនៅមានភាពធូររលុង៖ «កន្លែងធ្វើចត្តាឡីស័កអាចធ្វើការកំណែទម្រង់ឡើងវិញឱ្យមានប្រសិទ្ធភាពជាងមុនទេឬក៏យ៉ាងម៉េច»។
ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសបី នៅតំបន់អាស៊ាន ដែលមានអត្រាអ្នកផ្ទុកជំងឺកូវីដ-១៩ តិចជាងគេ។ កម្ពុជាមានអ្នកផ្ទុកជំងឺនេះសរុប ៥៦៨ នាក់ បូកទាំងករណីចម្លងក្នុងសហគមន៍លើកទីបី ៧៨ នាក់នោះផង។ ប្រទេសប្រ៊ុយណេ (Brunei) មានអ្នកផ្ទុកជំងឺ ១៨៥ នាក់ និងប្រទេសឡាវ មានអ្នកផ្ទុកជំងឺ ៤៥ នាក់។
ការផ្ទុះឡើងវិញនៃការឆ្លងជាលក្ខណៈសហគមន៍នេះ កើតឡើងជួនពេលរដ្ឋាភិបាលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងចិនរបស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ដល់ទាហាន មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើម។ វ៉ាក់សាំងចិននេះ មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយ ហើយពលរដ្ឋមួយចំនួន ក៏នៅរារែកមិនទាន់ហ៊ានទៅចាក់វ៉ាក់សាំងនេះនៅឡើយនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
no any one believing in this uneducated animal this dump evil never has been a Cambodian leader because people never voted for him . I’m so sick to see his dump face this animal never has peace in his mind always trick to great more problem to gain for his powers.