សន្តិសុខ​២​នាក់​​ដែល​​ជួយ​​រំដោះ​​ស្ត្រី​​ចិន​​ពី​​កន្លែង​​ធ្វើ​​ចត្តា​ឡីស័​ក​ត្រូវ​​បាន​​ឃាត់​ខ្លួន​

កូវីដ-១៩ | ព័ត៌មានជាតិ | សន្តិសុខ
លោក សេង ថៃ |២២ កុម្ភៈ ២០២១ |ម៉ោង ១៧:០០
VOD

ទិដ្ឋភាពនៅពីមុខទីតាំងមណ្ឌលធ្វើចត្តាឡីស័កនៅមណ្ឌសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ទិដ្ឋភាពនៅពីមុខទីតាំងមណ្ឌលធ្វើចត្តាឡីស័កនៅមណ្ឌសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


​អាជ្ញាធរ​បាន​អះអាង​ថា បាន​ឃាត់ខ្លួន​សន្តិសុខ​ចំនួន២នាក់ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រំដោះឬបើកផ្លូវ​ឱ្យ​ស្ត្រីជន​ជាតិចិន៤នាក់​ ដែល​ត្រូវ​បាន​សង្ស័យ​ថាជា​ប្រភព​នៃ​ការ​ចម្លងជំងឺ​កូ​វីដ១៩នៅក្នុង​សហគមន៍​ជា​លើក​ទី២ ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​កនៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោ​កវរសេនីយ៍​ឯក សាន សុខ​សីហា បាន​ថ្លែង​ថា បច្ចុប្បន្ន​ សន្តិសុខ​ទាំងពីរ​នាក់កំពុង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​ឯមណ្ឌលសុខភាព ​ចាក់អង្រែក្រោម ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា អាជ្ញាធរ​នៅ​មិនទាន់​ចាត់វិធានការ​អ្វីទៅលើ​ពួក​គេ​ទាំង២នាក់​នៅឡើយ​ទេ ដោយ​រង់ចាំ​ឱ្យ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃជា​មុន​សិន។ 

លោក​មានប្រសាសន៍​ថា៖ «ជាក់ស្តែង​ បន្ទាប់ពី​ករណី​ហ្នឹង​កើតឡើង​ភ្លាម សមត្ថកិច្ច​បាន​ចាប់ខ្លួន​គាត់​បាន​ហើយ យើង​បាន​បញ្ជូន​គាត់​ទៅ​ទីតាំង​ដើម្បី​ធ្វើ​ចត្តាឡីស័​កជា​ជំហាន​ដំបូង​សិន។ ជំហាន​ដំបូង យើង​មិន​អាច​ធ្វើអ្វី​បាន​នៅឡើយ​ទេ ព្រោះ​យើង​បារម្ភ​ថា គាត់​អាច​ឆ្លង​នឹង​វីរុស​ហ្នឹង​ដែរ។ អ៊ីចឹ​ងយើង​ត្រូវ​យក​គាត់​ទៅ​ធ្វើតេស្ត​ និង​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ​តាម​គោលការណ៍​របស់ក្រ​សួង​សុខាភិបាល​សិន។ ហើយ​បន្ទាប់ពី​ហ្នឹង​ បាន​យើង​ចាត់វិធានការ​តាម​អនុក្រឹត្យឬតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​បន្ថែម​ទៀត»។

ចំណែក​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ថ្លែង​ដែរ​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​លើ​សន្តិសុខ​ទាំងពីរ​នាក់​ខាងលើ​ទៅតាមច្បាប់ បន្ទាប់ពី​ពួក​គេ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័​ករួច។

លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ពួក​ខ្ញុំ​គ្រាន់តែ​បាន​យក​គាត់​ទៅ​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ត្រឹមត្រូវ។ បើ​គាត់​គ្មាន​វីរុស​ទេ នៅ​ថ្ងៃ​ដែល​គាត់​ចប់ យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់។ ដឹង​តែ​មានទោស​ហើយ​! ដឹង​តែ​ធ្វើ​ហើយ»។ 

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក៏​មិនទាន់​អាច​បញ្ជាក់​ពី​កម្រិត​ទោស​របស់​សន្តិសុខ​ខាងលើ​នេះ​បាន​ដែរ។

ប៉ុន្តែ​យ៉ាងណា​ក្តី យោង​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់​មាត្រា៨ បាន​ចែងថា អ្នក​ដែល​ផ្តើម​គំនិត​ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយចេតនា​ដល់​អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​កនោះ និង​ត្រូវ​ទទួលរង​ការ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល ដោយ​មិនទាន់​គិត​បញ្ចូល​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​នោះ​ឡើយ។ មាត្រា១៣ នៃ​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់​ដែរ​ថា ប្រាក់ពិន័យ​ត្រូវ​កើនឡើង​ទ្វេដងក្នុងករណី​ដែល​អំពើ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ម្តង​ទៀត។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ជំរុញ​ឱ្យ​មានការ​ស៊ើបអង្កេត​ទៅលើ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត មិនថាសន្តិសុខឬអ្នកទទួល​ខុសត្រូវ​ក្នុង​សណ្ឋាគារ​នោះ​ទេ។ 

លោក​មានប្រសាសន៍​ថា៖ «មន្ត្រី [សន្តិសុខ​] ពីរ​នាក់​ហ្នឹង គាត់​ត្រូវ​ទទួលខុសត្រូវ​ហើយ ព្រោះអី​វា​ទាក់ទង​នឹង​សុខភាព​សាធារណៈ ​ជា​រឿង​សំខាន់ណាស់។ យើង​មិន​គួរ​បណ្តោយ​ឱ្យ​សន្តិសុខ​គា​ត់​ធ្វើ​អ៊ីចឹង​ទេ។ អ៊ីចឹង​គួរតែ​មានការ​ស៊ើបអង្កេត​បន្ថែម បើ​មាន​ភស្តុតាង​ គួរតែ​ដាក់ទោស​គាត់ ដើម្បី​កុំឱ្យ​មានការ​ធ្វើ​ដូចគ្នា​ចំពោះ​មន្ត្រី​ផ្សេងទៀត»។

តាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ កម្ពុជា​បាន​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ទៅ​ក្នុង​សហគមន៍​ជាថ្មី ដោយ​ផ្ដើម​ចេញពី​ក្លឹប​កម្សាន្ត​នៅ​ភ្នំពេញ​មួយ​កន្លែង​ឈ្មោះ អិន៨ (N8​) ហើយ​បាន​បន្ត​រាលដាល​ដល់​កន្លែង​ផ្សេង​ៗទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា មុន​ប៉ុន្មាន​ថ្ងៃ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​នេះ មាន​ស្ត្រី​បួន​នាក់​បាន​លួច​ចេញពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ សុខា​ភ្នំពេញ​ ទៅ​ចូល​ក្លឹប​ដើរលេង​កម្សាន្ត​ ដោយ​មាន​សន្ដិ​សុខ​នៃ​សណ្ឋាគារ​នោះ​ជួយ​រំដោះ។ ស្ត្រី២នាក់​ក្នុងចំណោម​ស្ត្រី​ទាំង៤នាក់​នោះ មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សន្តិសុខ​២​នាក់​​ដែល​​ជួយ​​រំដោះ​​ស្ត្រី​​ចិន​​ពី​​កន្លែង​​ធ្វើ​​ចត្តា​ឡីស័​ក​ត្រូវ​​បាន​​ឃាត់​ខ្លួន​"

  1. Anonymous says:

    WOW… it is fast why AH..CHESSTU

Leave a Reply

Submit Comment