អតីត​មេឃុំ​​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិនទាន់​សម្រេច​មុន​បក្ស​ត្រូវ​រំលាយ

ការ​បោះឆ្នោត​​នៅ​កម្ពុជា
21 កុម្ភៈ 2021
ម៉ែន​ គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។ (ស៊ុន ណារិន/វីអូអេ) Photo: Sun Narin/VOA Khmer


វ៉ាស៊ីនតោន —  អតីត​មេឃុំ​និង​ចៅសង្កាត់​ខ្លះ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​កំពុង​រស់នៅ​ក្នុង​ជីវភាព​ជា​ពលរដ្ឋ​សាមញ្ញ​បើ​ទោះ​បី​ជា​រក្សា​ក្តី​សង្ឃឹម​ថា​នឹង​មាន​ឱកាស​បាន​បម្រើ​ពលរដ្ឋ​ជាថ្មី​ដើម្បី​សម្រេច​កិច្ចការ​នៅ​សេសសល់​ដែល​មាននៅ​ថ្នាក់​មូលដ្ឋាន។

អ្នកស្រីយឹម ផល្លី អតីតចៅសង្កាត់​គោកចក​ ក្រុង​សៀមរាប ​ខេត្តសៀមរាប​បាន​រំឭក​ឡើង​វិញ​ថា​ជ័យជម្នះ​នៅ​ខែ​មិថុនា​ឆ្នាំ២០១៧​គឺជា​ឱកាស​សម្រាប់​អ្នកស្រី​ជំរុញ​បញ្ហា​អាទិភាព​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នកស្រីយឹម ផល្លី​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​នៅ​ពាក់​កណ្តាល​ខែកុម្ភៈ​ថា៖

«ខ្ញុំ​ផ្តល់​អាទិភាព​បី​ធំៗ​កាល​ដែល​ខ្ញុំ​នៅ​កាន់​ជា​ចៅសង្កាត់​ គឺ​ទី១​យើង​គិតពី​សេវា​សង្គមកិច្ច។ ទីពីរ​យើង​គិត​ពី​ការអភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន។ ទីបី​យើង​គិត​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ ដូច​ជា​យើង​និយាយ​ពី​ថវិកា​មុន​ពេល​សម្រាល​និង​ក្រោយ​ពេល​សម្រាល​មាន​សុវត្ថិភាព»។

​អ្នកស្រី​ យឹម ផល្លី ​ថ្លែង​ដោយ​ទឹកមុខ​ស្មើថា​ក្តីរំពឹង​បាន​ខកខាន​នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូលរំលាយ​នៅចុងឆ្នាំ​ដដែល​នោះ៖

«ពេលវេលា​វា​ហាក់​ដូច​ជា​លឿន​ពេក​បាន​តែ​បួន​ខែ​ពេល​ដែល​ប្រកាស​សុពលភាព​ហើយ។ ​ប៉ុន្តែ​មិនអី​ទេ​អ្វី​ដែល​យើង​បាន​ធ្វើ​ យើង​ក៏​មាន​មោទនភាព»។

អ្នកស្រី យឹម ផល្លី អតីតចៅសង្កាត់​គោកចក​ ក្រុង​សៀមរាប ​ខេត្តសៀមរាប។ (រូបថត​ពី​ហ្វេសប៊ុក Yim Phally)
អ្នកស្រី យឹម ផល្លី អតីតចៅសង្កាត់​គោកចក​ ក្រុង​សៀមរាប ​ខេត្តសៀមរាប។ (រូបថត​ពី​ហ្វេសប៊ុក Yim Phally)

បច្ចុប្បន្ន​អ្នកស្រី​ យឹម ផល្លី ​បាន​វិលត្រឡប់​មក​ជីវភាព​ជាស្ត្រី​មេផ្ទះ​ដោយ​មិន​សូវ​បញ្ចេញ​ទស្សនៈ​នយោបាយ​អ្វី​ច្រើន​ទេ។

អតីត​អ្នកដឹកនាំ​នៅថ្នាក់​មូលដ្ឋាន​មួយ​រូប​ទៀត​គឺ ​លោក លឿង សារុន ​អតីត​មេឃុំ​ទឹកវិលស្រុកស្អាង​ ខេត្តកណ្តាល ​កំពុង​ប្រកបរបរ​ជា​អ្នករត់ម៉ូតូ​កង់បី​តាំងពី​ក្រោយ​បាត់បង់​តំណែង​មក។

លោក លឿង សារុន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ដោយ​សម្តែង​ការសោកស្តាយ​ដែល​មិនបាន​បម្រើ​ពលរដ្ឋ​តាម​ការចង់​បាន​របស់​ពួកគេ​ដែល​បាន​បោះឆ្នោត​ជូន​លោក។

ដូច​អ្នកស្រី​ យឹម ផល្លី​ដែរ​ គឺ​លោក​លឿង សារុន​ ធ្លាប់​ជា​ជំទប់​ឃុំ​មុនពេល​ឈ្នះឆ្នោត​ដោយ​សំឡេង​លើសលប់​មក​កាន់តំណែង​ជា​មេឃុំ ​ហើយ​លោក​បាន​យល់​ពី​តម្រូវការ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក លឿង សារុន​បាន​បញ្ជាក់​បន្ថែម​ថា៖

«ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ​នេះ​គឺ​ភាគច្រើន​ជា​អ្នកក្រីក្រ​ដល់​អីចឹង​ទៅ​គឺ​ខ្វះ​គ្រប់​ប្រភេទ​លើ​ផ្នែក​បច្ចេកទេស​ ពី​ផ្នែក​សុខាភិបាល ​ចំណេះដឹង​គឺ​មាន​កម្រិត​ ហើយ​ក្នុង​នាម​ជា​មន្ត្រី​គឺ​ខ្ញុំ​បាន​យកចិត្ត​ទុកដាក់​បម្រើ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ក៏ដូចជា​ពាំនាំ​នូវ​អ្វី​ដែល​ជាទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅជូន​ថ្នាក់លើ​ដែល​អាច​មាន​លទ្ធភាព​ជួយ​សម្រួល»។

អតីត​មេឃុំ​ទឹកវិល ​រូប​នេះ​យល់​ថា​ការអនុវត្ត​គោលនយោបាយ​ក្នុង​មូលដ្ឋាន​របស់​លោក​នា​ពេល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​មេឃុំ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​នៅ​មិនទាន់​បាន​ដូច​ផែនការ​ដែល​បាន​លើកឡើង​ទេ។

លោក លឿង សារុន ​បាន​បន្ថែមថា៖

«ជាក់ស្តែង​ដូចជា​[គោលនយោបាយ]​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ ​យើង​មើល​ទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំងអស់​គឺមិន​មែន​តែ​តំបន់​របស់​ខ្ញុំ​ទេ​គឺ​មាន​គ្រប់​បែបយ៉ាង​ ចោរលួច​ចោរប្លន់​ ឆក់​និង​គ្រឿងញៀន។ យើង​ក៏​មិន​អាច​ថា​រដ្ឋាភិបាល​បណ្តែតបណ្តោយ​ដែរ​ក៏​ប៉ុន្តែ​ការធ្វើ​គឺ​វា​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ»។​

គោល​នយោបាយ ​ភូមិ-ឃុំ ​មាន​សុវត្ថិភាព​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​ឲ្យ​អនុវត្ត​តាំងពី​ខែសីហា ​ឆ្នាំ២០១០ ​និង​ត្រូវបានប្តូរ​មកជា​គោលនយោបាយ​ភូមិ ឃុំ​-សង្កាត់​មាន​សុវត្ថិភាព​កាលពី​ដើម​ខែមករា ​ឆ្នាំ២០២១​នេះ។ ការផ្លាស់ប្តូរ​នេះ​គឺ​បន្ថែម​លើ​បញ្ហា​អាទិភាព​ជាក់ស្តែង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដោយផ្តោតលើ​ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ​ជាពិសេស​សកម្មភាពលួច ឆក់ ប្លន់ ​បទល្មើសគ្រឿងញៀន ​អំពើ​អាណាចារ ​ការជួញដូរ​មនុស្ស ​អំពើហិង្សា​ក្នុង​គ្រួសារ ​ក្មេង​ទំនើង រហូត​ដល់​ការឆ្លើយតប ​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ ​ផ្ដល់​សេវា​រដ្ឋបាល ​និង​សេវាសាធារណៈ​ ​និង ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ។ នេះ​បើយោង​តាម​ខ្លឹមសារ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៨​ខែមករា​នៅ​ក្រសួង​មហាផ្ទៃ។

លោក លឿង សារុន ​អតីត​មេឃុំ​ទឹកវិល ស្រុកស្អាង​ ខេត្តកណ្តាល ​កំពុង​ប្រកបរបរ​ជា​អ្នករត់ម៉ូតូ​កង់បី​តាំងពី​ក្រោយ​បាត់បង់​តំណែង​មក។ (រូបថត​ពី​ហ្វេសប៊ុក Loeung Sarun)
លោក លឿង សារុន ​អតីត​មេឃុំ​ទឹកវិល ស្រុកស្អាង​ ខេត្តកណ្តាល ​កំពុង​ប្រកបរបរ​ជា​អ្នករត់ម៉ូតូ​កង់បី​តាំងពី​ក្រោយ​បាត់បង់​តំណែង​មក។ (រូបថត​ពី​ហ្វេសប៊ុក Loeung Sarun)

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ ឈ្នះ​អាសនៈ ​ក្រុមប្រឹក្សា​ ចំនួន​៥.០០៧​ នៃ​តំណែង​ក្រុមប្រឹក្សា​ចំនួន​ ១១.៥៧២ ​ក្នុងនោះ​គ្រប់គ្រង​ឃុំ​និង​សង្កាត់​ចំនួន​៤៨៩​នៃ​ឃុំ-សង្កាត់​សរុប​ចំនួន​១.៦៤៦ ​កាលពី​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ខែមិថុនា ​ឆ្នាំ២០១៧។ នា​ចុង​ឆ្នាំ​ដដែល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា​អតីត​បក្ស​ប្រឆាំង​នេះ​បាន​ស្វែងរក​ជំនួយ​ពី​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​ខ្លួន​គ្រប់គ្រង​រំលាយចោល។

មាន​អតីត​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់ឃុំ​ រហូត​ដល់​ថ្នាក់ខេត្ត​ជាង៤០​នាក់​កំពុង​ជាប់ឃុំឃាំង​ពាក់ព័ន្ធ​នឹង​ការរិះគន់​រដ្ឋាភិបាល។ អ្នកខ្លះ​ទៀត​បាន​រត់ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ដើម្បី​គេចចេញ​ពី​ការតាមយាយី។ នេះ​បើ​តាម​តួលេខ​របស់​គណបក្ស​ត្រឹមដើម​ខែកុម្ភៈ។

លោកលឿង សារុនក៏​កំពុង​ប្រឈមនឹង​ការចោទ​ប្រកាន់​នៅ​តុលាការ​ពីបទ​អុចអាល​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ដូច​សកម្មជន​គណបក្ស​នយោបាយ​ជាង​១០០​នាក់​ផ្សេង​ទៀត​ដែរ។ លោក​ទើបតែ​ទទួលបាន​ដីកា​កោះ​កាលពី​ចុង​ខែមករា​ឲ្យ​ឡើង​សវនាការ​នៅ​ដើម​ខែកុម្ភៈ។

លោក​បាន​សម្តែង​ការងឿងឆ្ងល់​ចំពោះ​ការចោទ​ប្រកាន់​នេះ៖

«ក្រោយពេល​គេ​រំលាយ​បក្ស ​ខ្ញុំ​ក្លាយ​ទៅជា​ពលរដ្ឋ​ធម្មតា​ដូចគេ​ដូច​ឯង​អីចឹង​ ហើយ​ឃើញ​ដីការ​ចោទ​ថា​ញុះញង់ ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ដល់​តែ​ឃើញ​អីចឹង​ទៅ​មាន​អារម្មណ៍​ភ័យ​ដែរ​ មិនដឹង​ថា​ខ្លួន​ឯង​បាន​ប្រព្រឹត្ត​ស្អី​ពីព្រោះ​បទឧក្រិដ្ឋ​មិន​ធម្មតា​ទេ»។​

ការចោទ​ប្រកាន់​និង​ចាប់​ដាក់​ពន្ធនាគារ​បាន​នាំឲ្យ​ក្រុមគ្រួសារ​សកម្មជន​និង​មន្ត្រី​ទាំងនោះ​ចេញមក​តវ៉ា​ជារៀងរាល់​សប្តាហ៍​ដោយ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បស្ចិម​ប្រទេស​ប្រចាំ​នៅ​កម្ពុជា​និង​ក៏​តែងតែ​ឈរ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

អ្នកស្រី​ សុខ បូលីម៉ា​ ភរិយា​របស់​លោក ​ឃឹម ភាណា​ អតីត​ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកតវ៉ា​ទាំងនោះ​ផង​ដែរ។ ​

អ្នកស្រី សុខ បូលីម៉ា​ បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មិន​អាច​ទទួល​យក​បាន​ទេ។ យើង​មិន​អាច​ទទួល​យក​ទង្វើ​ហ្នឹង​បាន​ពីព្រោះ​គាត់​អត់មាន​ខុស​អី​គាត់​ស្លូតត្រង់​ ភាពស្មោះត្រង់​គាត់​អត់មាន​អី​ខុស​ទេ។ ចាប់​គាត់​ធ្វើអ្វី ​សូម​ដោះលែង​គាត់​នៅ​ក្រៅឃុំ​ទៅ»។

អ្នកស្រី សុខ​ បូលីម៉ា ​បាន​ត្អូញត្អែរ​ពី​ការខ្វះខាត​ជីវភាព​ក្រោយពី​ស្វាមី​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ដើម​ឆ្នាំ២០២០​និង​ប្រកាស​ថា​នឹង​ស្នើ​ឲ្យ​លោក​ដកខ្លួន​ពី​នយោបាយ​បើ​ស្វាមី​បានរួច​ពី​ពន្ធនាគារ​វិញ។

អ្នកស្រី​បាន​បន្ថែម​ថា៖

«គ្រួសារ​ខ្ញុំ​តស៊ូ​តាំងពី​គណបក្ស​ជាតិ​ខ្មែរ​ដល់​អីចឹង​ខ្ញុំ​ឲ្យ​គាត់​ផ្អាក​ហើយ​បើ​បាន​គេ​ដោះលែង​គឺ​សុំឲ្យ​គាត់​ផ្អាក​សិន​ ហើយ​រស់នៅ​តាម​ជីវភាព​ធម្មតា»។

រូបឯកសារ៖ អ្នកស្រី​សុខ បូលីម៉ា​ អាយុ៥០ឆ្នាំ​ ជា​ភរិយាលោក​គឹម ភាណា​ អាយុ​៥៤​ឆ្នាំ​ អតីតចៅសង្កាត់​ផ្សារ​ដេប៉ូIII​ ក្នុង​ខ័ណ្ឌ​ទួលគោក មកតវ៉ានៅមុខសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកស្រី​សុខ បូលីម៉ា​ អាយុ៥០ឆ្នាំ​ ជា​ភរិយាលោក​គឹម ភាណា​ អាយុ​៥៤​ឆ្នាំ​ អតីតចៅសង្កាត់​ផ្សារ​ដេប៉ូIII​ ក្នុង​ខ័ណ្ឌ​ទួលគោក មកតវ៉ានៅមុខសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១៩​ ខែមិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ២០២២​ខាង​មុខ ​និង​មាន​ គណបក្ស​នយោបាយ​ជាច្រើន​កំពុង​ត្រៀម​រៀបចំ​ចូលរួម​ប្រកួត។ ប៉ុន្តែ​ការចូលរួម​ប្រកួត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិន​ច្បាស់លាស់​ទេ​ដោយសារ​ប្រធាន​គណបក្ស​គឺលោក ​កឹម សុខា នៅមិន​ទាន់​អាច​ធ្វើ​នយោបាយ​បាន​ជាថ្មី​នៅឡើយ​បើទោះបី​ជា​លោក​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​ក៏​ដោយ​ពីព្រោះ​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក​នៅ​កំពុង​ដំណើរការ​មិន​ទាន់​ចប់។ ​រីឯ​ថ្នាក់ដឹកនាំមួយចំនួនទៀត​នៅ​បន្តរស់នៅនីរទេស​ខ្លួនក្រៅប្រទេស​ដោយ​មិនអាច​វិល​ចូល​ប្រទេស​កម្ពុជា​បាន។

យ៉ាងណាក៏ដោយ ​លោក លឿង សារុន ​សង្ឃឹម​ថា​លោក​នឹង​មាន​ឱកាស​បាន​បម្រើ​ពលរដ្ឋ​ជាថ្មី​ទៀត​ក្នុង​ពេល​អនាគត៖

«មន្ត្រី​ភាគ​ច្រើន​គឺ​គេ​នៅ​រង់ចាំ ​រង់ចាំ​ថា​ថ្ងៃក្រោយ​អាច​បក្ស​នេះ​រស់ឡើង​វិញ​ឬ​មិន​រស់។ ​បើសិន​មិន​មែន​ឈ្មោះ​បក្ស​ហ្នឹង​ក៏ដោយ​ ប៉ុន្តែ​មន្ត្រី​ក្នុង​បក្ស​ហ្នឹង​ទៅ​បង្កើត​បក្ស​ណាមួយ​ថ្មី​ គឺសំខាន់​ទឹកចិត្ត ទឹកចិត្ត​មន្ត្រី​ទាំងអស់​ហ្នឹង​បម្រើ​ប្រជាពលរដ្ឋ​គឺ​ពួកខ្ញុំ​ទៅទៀត​ហើយ​ ពីព្រោះ​យើង​អត់​ទាន់​អស់​ចិត្ត​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ទេ»។​

ដូចគ្នា​នេះដែរ​អ្នក​ស្រី​ យឹម ផល្លី ​ក៏​រំពឹង​ថា​នឹង​មាន​ឱកាស​បាន​ចូល​បម្រើ​ពលរដ្ឋ​ជាថ្មី​ឡើងវិញ​នៅពេល​ណា​មួយ៖

«ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ដោយសារ​មនុស្ស​ម្នាក់ៗ​ត្រូវតែ​មាន​ការជឿជាក់​ថា​ទៅមុខ​ទៀត​ដល់​ណា។ បើនិយាយ​ពី​គ្រួសារ​តូច​មួយ​គេ​ថា​ផែនការ​សកម្មភាព​ក្នុង​គ្រួសារ»។

សម្រាប់​ពេល​ខាងមុខ​បើមាន​ឱកាស​អ្នកស្រី​យល់​ថា​អ្នកស្រី​នឹង​ផ្តោតលើ​បញ្ហា​បំណុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​ហ៊ុំព័ទ្ធ​សហគមន៍​ខ្មែរ​ទាំង​នៅក្នុង​ទីក្រុង​រហូត​ដល់​ជនបទ។ សេចក្តី​រាយការណ៍​នានា​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២០ ពលរដ្ឋ​ខ្មែរ​ជំពាក់ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ចំនួន​ជាង​១០​ពាន់​លាន​ដុល្លារ។

អ្នកស្រី​យឹម ផល្លី​បាន​បន្ថែម​ថា៖

«ពលរដ្ឋ​ខ្ចីប្រាក់​ហិរញ្ញវត្ថុ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​មែនទែន​ដល់​ពេល​កូវីដ​ចូល​មក​ទៀត​គឺ​កាន់តែ​ខ្លាំង​មែន​ទែន។ អីចឹង​យើង​នឹង​រកអង្គការ​ណាមួយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​អំពី​ផលប៉ះពាល់​នៃ​ឥណទាន​និង​ប្រើ​ប្រាស់​លុយ​កម្ចី​យ៉ាងម៉េច​ ចាយ​យ៉ាងម៉េច​ដើម្បី កុំ​ឲ្យ​ប៉ះពាល់។ ខ្ញុំ​នឹង​យក​អាទិភាព​បញ្ហា​បំណុល»។

រីឯ​លោក លឿង សារុន ​យល់​ថា​បញ្ហា​សុខាភិបាល​គឺ​ជា​អាទិភាព​ចម្បង​សម្រាប់​ពលរដ្ឋ​ក្នុង​សង្កាត់​របស់​លោក​ដោយសារ​ពួកគេ​ធ្វើស្រែ​ចម្ការ​និង​មិនសូវ​មាន​ជីវភាព​ធូរធា​ទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment