ដោយ មួង ណារ៉េត
2021-02-21
RFA

ផ្លូវមួយចំនួននៅក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញត្រូវបានបិទជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ គេផ្ដល់ឱ្យ
លោក មួង ណារ៉េត រាយការណ៍លម្អិតអំពីស្ថានភាពជំងឺកូវីដ១៩ ផ្ទុះរាលដាលក្នុងសហគមន៍
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ ខែកុម្ភៈ រកឃើញមានមនុស្ស ១៥នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការចម្លងក្នុងសហគមន៍ថ្ងៃទី២០ ខែ កុម្ភៈ។ ចំនួននេះធ្វើឲ្យអ្នកឆ្លងក្នុងសហគមន៍នោះ កើនឡើងដល់ ៤៧នាក់ ក្នុងនោះ ៤៣នាក់ ជាជនជាតិចិន។
ភាគច្រើននៃជនជាតិចិនដែលផ្ទុកជំងឺកូវីដ-១៩ ទាំងនេះទំនងជាផ្តុំគ្នានៅអគារស្នាក់នៅក្នុងតំបន់កោះពេជ្រ និងអាចពាក់ព័ន្ធនឹងក្លឹបកំសាន្តN8 ដែលមានទីតាំងនៅខាងលិចរង្វង់មូលអាងទឹកអូឡាំពិក នៅកែងផ្លូវព្រះមុន្នីរ៉េត និងផ្លូវ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃ២ រាជធានីភ្នំពេញ និងអាចជាកន្លែងផ្ទុះជំងឺកូវីដ-១៩នោះ។
មកទល់ពេលនេះ អាជ្ញាធរក្រុងភ្នំពេញ នៅតែរឹតបន្តឹងសន្តិសុខផ្នែកខ្លះនៃទីក្រុងកោះពេជ្រដែលជាកន្លែងគេសង្ស័យថា ក្រុមជនជាតិចិនទាំងនោះស្នាក់នៅ។ អាជ្ញាធរបានបិទក្លឹបកំសាន្តN8 ជាបណ្តោះអាសន្ន។ អាជ្ញាធរខេត្តកណ្ដាលឯណោះ បានដាក់កម្លាំងយាមកាម និងត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ ឡូហ្សិក ll នៅជិតផ្សារកាច់ជ្រុងក្រុងតាខ្មៅក្រោយមានករណីសង្ស័យទៅលើស្ត្រីម្នាក់ដែលជាបុគ្គលិកនៅភោជនីយដ្ឋាននេះដែលមានប្តីជាបុគ្គលិកក្លឹបN8។
តាំងពីផ្ទុះជំងឺកូវីដ-១៩ កាលពីដើមឆ្នាំមុន រដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជាឲ្យផ្អាកអាជីវកម្មក្លឹបកំសាន្ត មានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាដិន។ ប៉ុន្តែក្រោយមកបានអនុញ្ញាតឲ្យកន្លែងទាំងនោះ បើកដំណើរការវិញគ្រាន់តែត្រូវកែទៅជាភោជនីយដ្ឋានវិញ។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលក្រុងភ្នំពេញរងការរិះគន់ ថាមិនបានគ្រប់គ្រងក្លឹបកំសាន្តទាំងនេះបានល្អនោះទេ រហូតដល់មានផ្ទុះករណីនៅក្លឹបកំសាន្ត N8 នេះ។
បើទោះជាផ្ទុះករណីចម្លងក្នុងសហគមន៍ជាលើកទីបីនេះក្តី ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាលោកមិនបញ្ជាឲ្យផ្អាកការជួបជុំគ្នាទ្រង់ទ្រាយធំនៅកោះពេជ្រ ដូចជាពិធីរៀបការនិងប្រជុំនោះទេ ព្រោះរូបលោកក៏មិនលុបចោលគម្រោងសម្ពោធសណ្ឋាគារថ្មីមួយនៅភ្នំពេញ នៅពេលឆាប់ៗខាងមុខនេះដែរ និងក្រសួងមហាផ្ទៃក៏មិនលុបចោលកិច្ចប្រជុំធំរបស់ក្រសួងដែរ។
អាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានទេកាលពីថ្ងៃទី២១ ខែកុម្ភៈ។ ចំណែកអភិបាលសាលារាជធានីភ្នំពេញលោក ឃួង ស្រេង ប្រាប់ថា លោកកំពុងរវល់ប្រជុំដោះស្រាយបញ្ហានៃការឆ្លងជំងឺកូវីដ-១៩ ដោយលោកមិនអាចឆ្លើយឆ្លងជាមួយអាស៊ីសេរីបានទេ។
ទោះយ៉ាងនេះក្ដី ក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងអ្នកពាក់ព័ន្ធនឹងក្លឹប N8 រួសរាន់ទៅពិនិត្យសុខភាពឬយកសំណាកទៅមណ្ឌលសុខភាពចាក់អង្រែ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។
រីឯក្រសួងអប់រំឯណោះវិញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រសួងប្រកាសផ្អាកបណ្តោះអាសន្នសាលារៀនពីរកន្លែង គឺវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេសអាយអេ (SIA) សាខាឡាក់គីស្តារ និងស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អញ្ជើញទៅកាន់ទីតាំងសាលានោះ នៅថ្ងៃទី២២ ខែកុម្ភៈ នេះដើម្បីយកសំណាកធ្វើតេស្ត។
ជុំវិញករណីផ្ទុះជំងឺកូវីដ-១៩ លើកនេះដែរ ក៏មានការលើកជាមិតិ និងមន្ទិលខ្លះៗពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែរ។ អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះភ័ណ្ឌ ផាន់ណា(Phorn Phana) លើកឡើងថា ព្រឹត្តិការណ៍ ២០ កុម្ភៈ មានហេតុផល៣យ៉ាង ទី១.ជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិន។ ទី២.ជាលេសប្រកាសផ្អាកកម្មវីធីចូលឆ្នាំខ្មែរ និងទី៣.ខ្លាចចរន្តកម្លាំងពលរដ្ឋក្រោកឡើងដូចភូមា ឬមីយ៉ាន់ម៉ា។
ប៉ុន្តែអ្នកខ្លះរិះគន់ពីភាពធ្វេសប្រហែសរបស់អាជ្ញាធរក្រុងភ្នំពេញ ក្នុងការគ្រប់គ្រងជំងឺនេះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា ក្រុមមន្រ្តីរបបក្រុងភ្នំពេញនេះ តែងប្រកាសពីការបង្ការ ប៉ុន្តែខ្ជីខ្ជាដែលបញ្ហានេះអាចនឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ពលរដ្ឋ៖ <<យើងមានសេចក្ដីព្រួយបារម្ភចំពោះបញ្ហាវិធានការមិនជាក់លាក់របស់លោកហ៊ុន សែន និងក្រសួងសុខាភិបាល។ ដើម្បីកាត់បន្ថយសេចក្ដីព្រួយបាម្ភនេះមានតែក្រសួងចាត់វិធានការលើអ្នកដែលមិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល>>។
រីឯពលរដ្ឋមួយចំនួននៅភ្នំពេញវិញ ពួកគាត់ព្រួយបារម្ភអំពីភាពធ្វេសប្រហែសរបស់ពលរដ្ឋទូទៅវិញ។ ពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់លោក ម៉ា ចិត្រា ឱ្យដឹងថា ស្ថានភាពទូទៅនៅភ្នំពេញ គឺមានសភាពដូចពេលធម្មតាដែរ។ លោកសង្កេតឃើញទៀតថា ពលរដ្ឋភាគច្រើនមិនបានប្រុងប្រយ័ត្ន ឬពាក់ម៉ាសនៅទីសាធារណៈនោះទេ៖ <<អ្នកខ្លះគាត់ធ្វេសប្រហែសដូចជាការពាក់ម៉ាស់ពាក់អីណឹងអ្នកខ្លះនៅតែអត់ពាក់ដដែល។ គាត់ដូចជានៅធម្មតាវិញ>>។
ភាពធ្វេសប្រហែសនេះ កើតមានដល់អ្នកគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័កដែរ ព្រោះសន្តិសុខនៅសណ្ឋាគារមួយដែលទុកសម្រាប់ធ្វើចត្តាឡីស័កបានលួចបើកដៃឲ្យស្រ្តីចិនបួននាក់ ចេញទៅដើរលេងខាងក្រៅ។ លោក ហ៊ុន សែន ឱ្យដឹងថា ក្នុងចំណោមស្ត្រីទាំង៤នាក់នោះមានពីរនាក់រកឃើញមានជំងឺកូវីដ-១៩។ លោកសន្និដ្ឋាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ថាស្រ្តីចិនពីរនាក់ទៀតនោះ ក៏នឹងអាចផ្ទុកជំងឺនេះដែរ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីស្ថានភាពស្រ្តីចិនពីរនាក់នោះនៅឡើយ។ រីឯចំណាត់ការយ៉ាងណាលើសន្តិសុខសណ្ឋាគារ ដែលហ៊ានឲ្យស្រ្តីចិនទាំងបួននាក់នោះចេញដើរលេងខាងក្រៅនោះ ក៏យើងនៅមិនទាន់ឃើញមាននៅឡើយដែរ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេកាលថ្ងៃទី២១ ខែកុម្ភៈ។
ទោះយ៉ាងណាក្តី មុនផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបន្តិច រដ្ឋាភិបាលក្រុងភ្នំពេញបានចេញអនុក្រឹត្យចំនួន២ ដើម្បីដាក់ទោសទណ្ឌបន្ថែម លើអ្នកដែលលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក និងមេខ្យល់ដែលនាំពលករខ្មែរខុសច្បាប់ទៅប្រទេសថៃ។

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសបីនៅតំបន់អាស៊ាន ដែលមានអាត្រាអ្នកផ្ទុកជំងឺកូវីដ-១៩ តិចជាងគេ។ កម្ពុជាមានអ្នកផ្ទុកជំងឺនេះសរុប ៥៥៣នាក់ ប្រទេសប៊្រុយណេ (Brunei) មានអ្នកផ្ទុកជំងឺ ១៨៥នាក់ និងប្រទេសឡាវ មានអ្នកផ្ទុកជំងឺ ៤៥នាក់។ ប៉ុន្តែប្រទេសកម្ពុជានិងប្រទេសឡាវ ជាប្រទេសពីរក្នុងចំណោមប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ដែលធ្វើតេស្តរកជំងឺកូវីដ-១៩នេះ បានតិចជាងគេបំផុត។ កម្ពុជាធ្វើតេស្តបានជាង ៤សែននាក់ (445,044) ប្រទេសឡាវធ្វើតេស្តបានជាង ១សែននាក់ (110,103)។ ក្រៅពីនោះ ប្រទេសទាំង៨ទៀតធ្វើតេស្តបានពី ១លាននាក់ ដល់ជាង ១០ លាននាក់។ ការខកខានមិនបានធ្វើតេស្តច្រើននេះ ក៏ជាកត្តានៃការមិនអាចរកឃើញអ្នកផ្ទុកជំងឺនេះ បានច្រើននោះដែរ ព្រោះមិនមែនគ្រប់តែអ្នកផ្ទុកជំងឺកូវីដ-១៩ទាំងអស់ សុទ្ធតែបង្ហាញរោគសញ្ញានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
SIGN the beginning of the worse will come soon it is not about Cvid19