ក្រុមសហគមន៍​រងគ្រោះ​ដីធ្លី​តាម​បណ្តាខេត្ត​ធ្វើយុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី

ដោយ មាន ឫទ្ធិ
2021-02-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមសហគមន៍​រងគ្រោះ​ដីធ្លី​តាម​បណ្តាខេត្ត​ធ្វើយុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី

ប្រជាសហគមន៍ដីធ្លី ធ្វើយុទ្ធនាការទាមទារឲ្យទម្លាក់បទចោទ​និងដោះលែងសកម្មជនដីធ្លី ៦នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក


ប្រជាសហគមន៍​រងគ្រោះដីធ្លី​ចំនួន ១១ខេត្ត នៅព្រឹក ថ្ងៃទី២៣​ ខែកុម្ភៈ ​បានជួប​ជុំគ្នា​ជាក្រុមៗ​ តាម​ទីតាំង​សហគមន៍រៀងៗ​ខ្លួន ​ដែលមួយក្រុមៗ​មានគ្នាចន្លោះ​ពី ១០​នាក់​ ទៅ ​២០នាក់ ​ដើម្បី​ចូលរួម​យុទ្ធនាការ​ជម្រុញឲ្យ​អាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលប​ទ​ចោទលើ​សកម្មជនដីធ្លីទាំងអស់ ​និងដោះលែង​សកម្មជន​ដីធ្លីចំនួន ៦នាក់ ​ដែលត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​​។ យុទ្ធនាការនេះ​ប្រជាពលរដ្ឋនាំគ្នា​លើកបដា​តូចធំ​ដែល​មានរូប​សកម្មជនដីធ្លី​កំពុងជាប់ឃុំទាំង៦រូប ​និងមាន​សរសេរអក្សរថា​ ”ទម្លាក់ចោលបទ​ចោទ ​និង​ដោះលែង​​​ពលរដ្ឋរងគ្រោះដីធ្លី”។

តំណាង​សហគមន៍រងគ្រោះដីធ្លីក្នុងខេត្តកំពង់ស្ពឺ ​លោក សឹង សុខុម ​មានប្រសាសន៍​ថា ​យុទ្ធនាការ​នេះ​មានគោលបំណងសំខាន់ ៣ គឺទី១ ទាមទារឲ្យដោះលែង និងទម្លាក់​ចោល​បទចោទ​ទៅលើ​ពលរដ្ឋរងគ្រោះដីធ្លីទាំង៦​រូប។ ទី២ ​ស្វែងរកកិច្ច​អន្តរា​គមន៍​ពី​អជ្ញាធរ​មូលដ្ឋាននិងអភិបាលខេត្តឲ្យ​ជួយទទួលខុសត្រូវ​ចំពោះ​រាល់ការរំលោភ​បំពាន​ដីធ្លីរបស់ពួកគាត់​ និងបញ្ឈប់ការ​ប្រើ​ប្រាស់​កងកម្លាំង​រួមមានកម្លាំងអាវុធ​ហត្ថទៅ​គំរាមកំហែង ​បំភិតបំភ័យ​ ឬចាប់ខ្លួន​ប្រជាពលរដ្ឋសាមញ្ញ​ដែល​រងគ្រោះ​ដីធ្លី។ ទី៣ យុទ្ធនាការនេះ​មានគោលបំណង​ពង្រឹងសាមគ្គីភាពរបស់​សហគមន៍​ដើម្បី​​តស៊ូមតិ​ដោយ​សន្តិវិធី​ឲ្យ​មានដំណោះស្រាយ​ដីធ្លី ​និង​ការលើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួក​គាត់​ជាមួយនិងការអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព៖ «ខ្ញុំនៅតែ​អំពាវនាវឲ្យ​តុលាការបញ្ឈប់ចោទ​ប្រកាន់ ចាប់ខ្លួន​សកម្មជន​ដីធ្លី​​ដាក់ពន្ធនាគារ​បន្តទៅទៀត កុំឲ្យថាគាត់រងគ្រោះ​បាត់បង់​ដីធ្លី​ហើយត្រូវជាប់ពន្ធនាគារទៀត​ ហើយគ្រួសាររបស់គាត់​រងទុក្ខវេទនា​ដោយសារ​មិន​មានអ្នកណា​រកស៊ីចិញ្ចឹម​ជីវិតក្រុមគ្រួសារគាត់​។ ដីធ្លី​ក៏អស់មិន​មានសម្រាប់បង្កបង្កើនផលទៀត។ ​សូមផ្តាំផ្ញើ​ទៅរដ្ឋាភិបាលថា​ ដំណោះស្រាយ​មានតែការដោះស្រាយ​ជាប្រ​ព័ន្ធ​ ចរចារជាមួយ​ប្រជាពលរដ្ឋ​ ឬសហគមន៍រងគ្រោះដីធ្លី​ទើបជាដំណោះស្រាយល្អ»។

សកម្មជនដីធ្លី​ទាំង ៦រូប ដែល​កំពុងជាប់ឃុំនោះ​ រួមមាន​ តំណាងសហគមន៍​ក្នុងខេត្តត្បូងឃ្មុំ​ ៤រូប​ គឺ​លោក សែម សាង ​លោក សែម ចំណាន​ លោក ហឿន ស៊ីនាថ​ ​លោក ផុន សុផល ​និង​តំណាងសហគមន៍នៅ​ខេត្តព្រះសីហនុ ​២រូប ​គឺលោកស្រី អេង វ៉ាន់ និង​លោក កៅ ហ៊ួរ​។ អ្នកទាំង៦រូប ​ត្រូវបានអាជ្ញាធរ​បានចាប់ខ្លួន​ពួកគាត់​ជាបន្តបន្ទាប់​កាល​ពីឆ្នាំ២០១៩ ​ឆ្នាំ​២០២០​ និងនៅដើមឆ្នាំ២០២១ ​ពាក់ព័ន្ធនឹង​សកម្មភាព​ការពារ​ និងទាម​ទារ​សិទ្ធិដីធ្លី​របស់​ពួកគាត់ពីក្រុមហ៊ុន និងបុគ្គមានលុយ​មានអំណាច។ ក្រៅពីនេះ ​មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ​សកម្មជន​ដីធ្លីជិត ២រយ (១៧២) នាក់​ផ្សេងទៀត​ កំពុងជាប់បណ្តឹង និងជាប់ចោទ​ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» និង​បទចោទផ្សេងទៀត​ ដោយ​គ្រាន់តែពួក​គាត់ប្រើប្រាស់​សិទ្ធិស្របច្បាប់​របស់ខ្លួន។ 

ទាក់ទងករណីនេះ ​អាស៊ីសេរីមិនអាច​ទាក់ទង​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន ​និងលោក គឹម សន្តិភាព ​ព្រមទាំង​អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត ​បានទេដោយ​ទូរស័ព្ទ​ចូលពុំ​មានអ្នកទទួល។

signal-2021-02-23-193053_003.jpeg
ប្រជាសហគមន៍ដីធ្លី ធ្វើយុទ្ធនាការទាមទារឲ្យទម្លាក់បទចោទ​និងដោះលែងសកម្មជនដីធ្លី ៦នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធាន​សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជាលោក ​ថេង​ សាវឿន មានប្រសាសន៍​ថា ​ការធ្វើយុទ្ធនាការរបស់ប្រជាសហគមន៍នេះ ​គឺជាការអនុវត្តសិទ្ធិសេរីភាពជា​មូល​ដ្ឋានរបស់ពួកគាត់ដោយសន្តិវិធី ​និង​មិនបង្ក​ឲ្យប៉ះពាល់​ដល់សណ្តាប់​សង្គមឡើយ ​។ ​លោកសង្ឃឹម​ថា​ អាជ្ញាធររដ្ឋាភិបាលនឹងមិនរារាំង​ ហើយ​ខិតខំ​ដោះស្រាយតាម​ការ​អំពាវនាវរបស់ប្រជាពលរដ្ឋ​៖ «យើងស្នើសុំឲ្យ​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ​ពិសេស​ក្រសួង​ស្ថាប័នតុលាការ​ ធ្វើយ៉ាងណា​រកយុត្តិធម៌​ជូនដល់​ប្រជាពលរដ្ឋ​​ជាអ្នករងគ្រោះ​ពិត​ប្រាកដ ​ឲ្យមានចំណាត់ការ​ចុះដោះស្រាយដីធ្លី ​ហើយបិទបញ្ចប់​ទំនាស់ដីធ្លីនេះ​ដោយឈរលើផ្លូវច្បាប់​ និងឈរលើធាតុពិត​ជាស្តែងនៃការកាន់​កាប់អាស្រ័យផល​ និងដោយមានការ​ចូលរួម​ដោយ​បើកចំហរ​ពីគ្រប់ភាគីពាក់ព័ន្ធ ​ដើម្បីបញ្ជៀស​នូវការ​រំលោភសិទ្ធិផ្សេងៗ​។ 

ប្រជាសហគមន៍រងគ្រោះដីធ្លី ​ឲ្យដឹងថា​ យុទ្ធនាការនេះនឹងធ្វើជា​ឡើង​ជាជំហ៊ានៗ​ផ្សេង​ៗគ្នា ​ដូចជា ជួបជុំគ្នា​ជាក្រុមតូចៗ​ហើយថតបង្ហោះ​នៅលើ​បណ្តាម​សង្គម​ហ្វេស​ប៊ុក ( Facebook) ​ការធ្វើសន្និសិទ​សារព័ត៌មាន។ បន្ទាប់មកពួកគាត់គ្រោងជួបជុំគ្នា​ ផ្តិតមេដៃ​ដាក់ញត្តិ​ជូនអាជ្ញាធរថ្នាក់ខេត្ត​ និង​ក្រសួងស្ថានប័ន​ពាក់ព័ន្ធ​របស់រដ្ឋា​ភិ​បាល ដោយ ​ប្តេជ្ញាថា ​នឹងធ្វើយុទ្ធនាការ​នេះ​ រហូតដល់​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment