ដោយ ហេង រស្មី
2021-02-23
RFA

សមាជិកគ្រួសារលើករូបថតរបស់សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី លឹម សាន និងលោក គង់ សំអាន ក្នុងអំឡុងពេលទាមទារអាជ្ញាធរឱ្យដោះលែងពួកគាត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ
គ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ព្រួយបារម្ភចំពោះស្ថានភាពជំងឺសាច់ញាតិរបស់ពួកគាត់ ក្នុងពន្ធនាគារអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារមន្ត្រីពន្ធនាគារមិនបានយកចិត្តទុកមើលថែ និងបញ្ជូន ទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។ មន្ត្រីសិទ្ធិយល់ថា មន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះស្ថានភាពជំងឺរបស់អ្នកជាប់ឃុំ និងប្រព្រឹត្តស្មើភាពគ្នាចំពោះអ្នកជាប់ឃុំទាំងអស់។
ក្រោយពីបានចូលជួបសួរសុខទុក្ខគ្រួសារ និងសាច់ញាតិ នៅក្នុងពន្ធនាគារព្រៃស នៅថ្ងៃចន្ទ ទី២២ កុម្ភៈ ក្រុមគ្រួសារអ្នកជាប់ឃុំមួយចំនួន បានបង្ហាញក្ដីកង្វល់របស់ខ្លួន។
កូនស្រីរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំអ្នកស្រី លឹម សាន គឺកញ្ញា ផាន សាត រៀបរាប់ថា ម្ដាយរបស់កញ្ញានៅក្នុងពន្ធនាគារទទួលរងការលំបាកខ្លាំង រួមមានការភ្លេចភ្លាំងស្មារតី កើតជំងឺលើសសម្ពាធឈាម រលាកសន្លាក់រ៉ាំរ៉ៃ ដើរមិនរួច ជាដើម។ កញ្ញាទាមទារឱ្យមន្ត្រីពន្ធនាគារយកចិត្តទុកដាក់មើលថែទាំ និងបញ្ជូន ម្ដាយទៅមន្ទីរពេទ្យខាងក្រៅ ដើម្បីពិនិត្យ និងព្យាបាលជំងឺ៖ «អំពាវនាវដល់ពួកគាត់ដែលពាក់ព័ន្ធ ប្រធាននៅពន្ធនាគារហ្នឹង យកចិត្តទុកដាក់អ្នកទោសនយោបាយទាំងអស់ មើលថែសុខភាពគាត់ផងកុំយកគាត់ទៅដាក់ចោលធ្វើដូចគាត់លក់ជាតិ លក់ទឹកដីកុំធ្វើអ៊ីចឹងអត់ត្រូវទេ ដោយសារគាត់អត់មានកំហុសអ្វីទេ ដាក់ហើយអត់មើលថែគាត់បានល្អ ទៅពីផ្ទះជា ដល់ពេលចូលដល់ខាងក្នុងឈឺគ្រប់មុខដូចម្ដាយខ្ញុំ សំណូមពរគាត់ឱ្យមើលថែទាំសុខភាពពួកគាត់ទាំងគ្នាផង កុំទុកពួកគាត់ចោលអ៊ីចឹង»។
ស្រដៀងគ្នានេះដែរ ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំលោក គង់ សំអាន គឺលោកស្រី អៀប សួគ៌ ប្រាប់អាស៊ីសេរីថា អ្នកស្រីអាណិតអាសូរប្តី ដែលមាន ជំងឺគ្រួសតម្រងនោមប្រចាំកាយ ហើយពេលនេះមានសភាពស្គមស្គាំង ឈឺធ្មេញ វិលមុខ និងគេងមិនបានគ្រប់គ្រាន់ដោយសារវិទ្យុសកម្ម និងបន្ទប់ឃុំឃាំងតូចចង្អៀត ធ្វើឱ្យចុះទ្រុឌទ្រោម ទន់ខ្សោយខ្លាំង៖ «ទាមទារឱ្យរដ្ឋាភិបាលសម្រួលគ្នាទៅ ចរចាគ្នាឱ្យបានជួបជុំគ្រួសារខ្ញុំវិញផង កុំយកខ្មែរធ្វើសត្រូវ គាត់មនុស្សល្អ អត់ចេះភូតកុហកអ្នកណា មានតែជួយប្រជាជន ចាប់គាត់អញ្ចឹងអយុត្តិធម៌ណាស់ សូមឱ្យតុលាការទំលាក់ចោលរាល់ការចោទប្រកាន់ប៉ុន្មាន ស្នើសុំឱ្យគាត់នៅក្រៅឃុំ ព្រោះគាត់មានជំងឺផង ហើយគាត់ឧស្សាហ៍វិលមុខ»។
ដោយឡែក ក្រុមយុវជនមាតាធម្មជាតិ និងក្រុមយុវជនខ្មែរថាវរៈ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសដែរ ប្រកាសត្រៀមខ្លួនកោរសក់ ដើម្បីកាន់ទុក្ខលើធនធានធម្មជាតិ ដែលត្រូវបានបំផ្លាញ និងដើម្បីសម្ដែងការដឹងគុណដល់សកម្មជនបរិស្ថានទាំងអស់ ដែលលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារសម្បត្តិធម្មជាតិ។ ការប្រកាសត្រៀមកោរសក់នេះ ក៏ជាការបង្ហាញនូវការចូលរួមសាមគ្គី ជាមួយយុវជនជាប់ឃុំម្នាក់ទៀត គឺលោកស្រី ឈឿន ដារ៉ាវី ដែលបានកោរសក់ប៉ុន្មានថ្ងៃមុននេះ ដើម្បីទាមទារយុត្តិធម៌សង្គម។
ប្រពន្ធ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ប្រាប់ថា លោកស្រីគាំទ្រស្វាមី ចំពោះការប្ដេជ្ញាចិត្តកោរសក់ ដើម្បីបរិស្ថាន ទាមទារសិទ្ធិសេរីភាព ឱ្យតុលាការឯករាជ្យនិងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល៖ «ចំពោះការកោរសក់របស់ស្វាមីនាងខ្ញុំ ខ្ញុំយល់ថា ជាសិទ្ធិសេរីភាពក៏ជាការទាមទាររបស់គាត់ ដើម្បីឱ្យតុលាការមានឯករាជ្យសម្រាប់គាត់»។
ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា មានប្រសាសន៍ថា អ្នកជំងឺដែលជាប់ឃុំត្រូវឱ្យប៉ុស្តិ៍សុខភាពពិនិត្យជាមុនសិន ប្រសិនបើប៉ុស្តិ៍សុខភាពពិនិត្យឃើញថាចាំបាច់ នឹងបន្តតាមនីតិវិធីស្នើអ្នកជំងឺជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ៖ «ទាល់តែយើងស្រាវជ្រាវមកជាមួយខាងប៉ុស្តិ៍សុខភាពវិញ ថាតើក្រោយពីពិនិត្យទៅគេសន្និដ្ឋានថាករណីគាត់នឹងគួរត្រូវបានព្យាបាលនៅក្រៅ ឬយ៉ាងមិច ជួនកាលអះអាងថា គាត់ឈឺនេះ ឈឺនោះទៅ ប៉ុន្តែជាក់ស្ដែង គាត់ប្រាប់បងប្អូនគាត់នៅក្រៅថាឈឺខ្លាំង ឈឺធ្ងន់ ឈឺអ្វីអ៊ីចឹងទៅ ហើយខាងក្នុងគេមើលផ្ទាល់ជាក់ស្ដែងឃើញថា គាត់មិនឈឺអ្វី ឱ្យគេបញ្ជូនទៅម៉េច»។
លោក នុត សាវនា ឱ្យដឹងទៀតថាចំពោះក្រុមយុវជនមាតាធម្មជាតិ និងក្រុមយុវជនខ្មែរថាវរៈ កោរសក់ ដើម្បីយុត្តិធម៌សង្គម លោកប្រាប់ថា ក្រុមយុវជនក្នុងពន្ធនាគារមានសិទ្ធិជឿសាសនា ប៉ុន្តែលោកថាពួកគេត្រូវស្នើទៅប្រធានពន្ធនាគារ ឬប្រធានមណ្ឌល ដើម្បីកុំឱ្យចោទថាមន្ត្រីលោកចាប់បង្ខំ។
កន្លងទៅ សាធារណជន និងអង្គការសិទ្ធិមនុស្ស បានរិះគន់អាជ្ញាធររបបក្រុងភ្នំពេញជុំវិញការអនុវត្តស្តង់ដារពីរចំពោះអ្នកជាប់ឃុំដែលក្រីក្រ និងអ្នកមានលុយមានអំណាច។ អ្នកជាប់ឃុំក្រីក្រ និងអ្នកទោសមនសិការ មិនងាយទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅឡើយ ទោះជាពួកគេមិនជំងឺធ្ងន់ធ្ងរ ឬក៏ស្នើសុំច្រើនដងបែបណាក្តី។ ផ្ទុយទៅវិញ អ្នកជាប់ឃុំខ្លះដែលជាឧក្រិដ្ឋជន ដែលមានលុយ ឬមានអំណាច អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលវែងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អ្នកជាប់ឃុំមានសិទ្ធិទទួលបានសេវាសុខភាពដូចគ្នា ដោយមិនរើសអើងរវាងអ្នកមាននិងអ្នកក្រនោះទេ។ លោកបន្តទៀតថា បច្ចុប្បន្ននៅក្នុងពន្ធនាគារមានអ្នកជាប់ឃុំច្រើន ហើយតូចចង្អៀត ធ្វើឱ្យអ្នកជាប់ឃុំថប់អារម្មណ៍ មួម៉ៅ ប៉ះពាល់សុខភាព និងអាចប៉ះពាល់ដល់ដំណើររឿងក្ដីរបស់អ្នកជាប់ឃុំទៀតផង។ លោកជំរុញមន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះស្ថានភាពជំងឺជាប់ឃុំក្នុងពន្ធនាគារ និងអនុវត្តឱ្យស្មើភាពគ្នាចំពោះអ្នកជាប់ឃុំទាំងអស់៖ «ជនដែលជាប់ឃុំគឺមានសិទ្ធិស្មើគ្នា អ៊ីចឹងកន្លងមក យើងឃើញថាសិទ្ធិដូចខុសគ្នាមួយទៅហើយ ដែលមានការខុសគ្នាត្រង់ឧកញ៉ាមួយចំនួន ឬក៏អ្នកមានមួយចំនួនគាត់មានសិទ្ធិទៅសម្រាកនៅមន្ទីរពេទ្យយូរជួនកាលរាប់ឆ្នាំទៀត អ៊ីចឹងដែលអ្នកមានជំងឺដូចគ្នាត្រូវតែទទួលបានការព្យាបាលដូចគ្នា ហ្នឹងគឺសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវា»។
ក្រៅតែពីអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រុមគ្រួសាររបស់អ្នកជាប់ឃុំ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ក៏តែងតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរកែលម្អលក្ខខណ្ឌរស់នៅ និងសុខុមាលភាពរបស់អ្នកជាប់ឃុំ ពីព្រោះពួកគេក៏ជាមនុស្សដែរ។ ប្រសិនបើពួកគេត្រូវជាប់ឃុំសមស្របតាមច្បាប់នោះ ពួកគេត្រឹមតែបាត់បង់សេរីភាពប៉ុណ្ណោះ មិនត្រូវរងទុក្ខលំបាក និងការធ្វើបាបផ្សេងៗ ទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។