តុលាការ និងច្បាប់ | បរិស្ថាន | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៣ កុម្ភៈ ២០២១ |ម៉ោង ១៨:៣១
VOD

ប៉ូលីសប្រដាប់អាវុធតាមដានសង្កេតមើលអ្នកចូលរួមពិធីសូត្រមន្តនៅព្រៃការពារព្រៃឡង់ ឆ្នាំ២០១៩។ (លីកាដូ)
បណ្តាញសហគមន៍ព្រៃឡង់នៅខេត្តចំនួន២ អះអាងថា អាជ្ញាធរមូលដ្ឋានបានបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពក្នុងព្រៃមួយនេះតទៅទៀត ក្រោមហេតុផលថាបណ្តាញមួយនេះធ្វើសកម្មភាពពុំមានច្បាប់អនុញ្ញាត។
កាលពីម្សិលមិញ និងថ្ងៃនេះ សមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរនៃខេត្តទាំង២ កោះហៅទៅជួប និងឱ្យធ្វើកិច្ចសន្យាឈប់សកម្មភាពនានានៅក្នុងតំបន់ការពារមួយនេះតទៅទៀត។
តំណាងគណៈកម្មការបុណ្យព្រៃឡង់ និងជាសមាជិកបណ្តាញព្រៃឡង់ព្រះវិហារលោក ខេម សុឃី ប្រាប់វីអូឌីបន្ថែមនៅថ្ងៃអង្គារនេះថា បណ្តាញសហគមន៍ព្រៃឡង់ ប្រកាសគ្រោងធ្វើពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែត្រូវបានអាជ្ញាធរស្រុករវៀង មិនអនុញ្ញាត និងបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានាក្នុងតំបន់ការពារមួយនេះថែមទៀតផង។
លោកចាត់ការមិនអនុញ្ញាតរបស់អាជ្ញាធរនេះថា ជាការរំលោភ និងបំបិទសិទ្ធិរបស់ពលរដ្ឋស្រលាញ់បរិស្ថាន និងព្រៃឈើ។
លោកបន្ថែមថា៖ «នេះជាទង្វើបិទសិទ្ធិមួយសម្រាប់ប្រជាពលរដ្ឋដែលចូលរួមការពារព្រៃឈើ និងស្រឡាញ់ធនធានធម្មជាតិដែលជារបស់ខ្លួន ហើយទង្វើនេះជាគំរាមកំហែង និងបង្ខិតបង្ខំពួកយើង គ្រាន់តែចូលធ្វើពិធីអីមួយតិចតួចមិនបាន»។
លោក ខេម សុឃី បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ អាចផ្អាកមិនធ្វើពិធីបុណ្យ និងបំបួសដើមឈើក្នុងតំបន់ព្រៃឡង់បាន ប៉ុន្តែបណ្តាញនេះ មិនអាចបញ្ឈប់សកម្មភាពចុះល្បាត ឬការពារព្រៃមួយនេះបានឡើយ។
នៅក្នុងកិច្ចសន្យាចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ខេម សុឃី និងសមាជិកព្រៃឡង់ក្នុងខេត្តព្រះវិហារផ្សេងទៀត ត្រូវបានអាជ្ញាធរស្រុករវៀង ហាមមិនឱ្យចូលក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាក្រុម ឬជាមួយអង្គការសមាគមទាំងឡាយណាដែលមិនបានចុះបញ្ជីនោះទេ។
កិច្ចសន្យាដដែលនេះ បន្តថា រាល់ការចេញចូលតំបន់ព្រៃឡង់ជាលក្ខណៈក្រុម ដើម្បីធ្វើសកម្មភាពផ្សេងៗត្រូវស្នើសុំ និងមានការអនុញ្ញាតពីអាជ្ញាធរដែនដី និងក្រសួងបរិស្ថានជាមុនសិន ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ ប្រសិនបើបណ្តាញព្រៃឡង់ទាំងនោះមិនគោរពតាម។
ប្រធានបណ្តាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព ប្រាប់វីអូឌីថា អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃអង្គារនេះបានកោះហៅសមាជិកបណ្តាញព្រៃឡង់ខេត្តនេះ ឱ្យទៅជួប និងបានបង្ខំឱ្យផ្តិតមេដៃលើកកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានាក្នុងព្រៃឡង់ដែរ ប៉ុន្តែពួកគាត់មិនធ្វើតាមនោះទេ។
លោកបន្ថែមថា៖ «បើយើងធ្វើកិច្ចសន្យាឱ្យគេ វាហាក់ដូចជាយើងបិទសិទ្ធិសេរីភាពខ្លួនឯង។ អីចឹងខាងខ្ញុំអត់បានផ្តិតមេដៃឱ្យទេ។ ខ្ញុំថាសកម្មភាពរបស់អាជ្ញាធរនេះ ជាការបិទបាំងសិទ្ធិសេរីភាពយើងមិនឱ្យចូលរួមការពារព្រៃឈើ។ វាអត់ស៊ីគ្នាជាមួយរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត អីចឹងករណីអាជ្ញាធរ និងក្រសួងបរិស្ថានធ្វើមិនសមស្របតាមគោលការណ៍ច្បាប់ទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានទេនៅថ្ងៃអង្គារនេះ។ ចំណែកអភិបាលរងស្រុក លោក មុយ វុន និងនាយករដ្ឋបាលស្រុក លោក ជិម សុវណ្ណ បង្វែរឱ្យសួរខាងការិយាល័យបរិស្ថានស្រុកវិញ។
ប្រធានការិយាល័យបរិស្ថានស្រុករវៀង លោក តូច សុភី មានប្រសាសន៍ថា អាជ្ញាធរមិនបង្ខិតបង្ខំឱ្យបណ្តាញព្រៃឡង់ ធ្វើកិច្ចសន្យាហាមចូលធ្វើសកម្មភាពព្រៃឡង់នោះទេ។
មន្ត្រីបរិស្ថានរូបនេះបន្តថា ករណីអាជ្ញាធរហៅបណ្តាញព្រៃឡង់ជួបប្រជុំ កាលពីម្សិលមិញនោះ គឺដើម្បីស្តាប់លិខិតបដិសេធរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នៃអគ្គនាយដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ដែលមិនឱ្យអនុញ្ញាតបណ្តាញព្រៃឡង់ធ្វើពិធីផ្សេងៗនៅក្នុងព្រៃឡង់តែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ក្នុងអង្គប្រជុំហ្នឹង យើងមិនបានហៅគាត់ឱ្យទៅធ្វើកិច្ចសន្យាទេ។ កិច្ចសន្យាហ្នឹងធ្វើព្រៀងទេ ហើយអានឱ្យគាត់ស្តាប់ បើគាត់មិនពេញចិត្តគាត់អាចបដិសេធចេញបាន ពីព្រោះកិច្ចសន្យាមិនអាចបង្ខំគាត់ទេ»។
ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅអង្គការបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា ករណីអាជ្ញាធរហាមមិនឱ្យបណ្តាញព្រៃឡង់ សហគមន៍នានានិងអង្គការសង្គមស៊ីវិលចូលធ្វើពិធីបុណ្យ និងសកម្មភាពផ្សេងៗក្នុងព្រៃឡង់ជាការរឹតត្បិតសិទ្ធិសេរីភាពទាំងជំនឿប្រពៃណី និងសាសនា។ លោកបន្តថា ការហាមនេះទៀតនឹងធ្វើឱ្យបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន។
លោកបន្ថែមថា៖«យើងបានដឹងហើយប៉ុន្មានថ្ងៃមកនេះកងរាជអាវុធហត្ថនៅលើផ្ទៃប្រទេសបានផ្សព្វផ្សាយជាបន្តបន្ទាប់ករណីនៃការរកឃើញកំណាត់ឈើ និងទីតាំងនៃការកាប់បំផ្លាញព្រៃឈើជាច្រើននៅក្នុងតំបន់ព្រៃឡង់ ដែលមានន័យថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារនិងក្បែរតំបន់ការពារឬការកាប់ឈើខុសច្បាប់ហ្នឹងនៅតែបន្តកើតមាន។ សូម្បីតែឥលូវនេះខ្ញុំនៅក្នុងសហគមន៍ព្រៃក្បាលខ្លាគឺនៅខាងមុខខ្ញុំមានគោយន្តរាប់សិបគោយន្តកំពុងដឹកឈើចេញពីព្រៃឡង់»។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នៃអគ្គនាយដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានចេញលិខិតមួយបដិសេធមិនឱ្យបណ្តាញព្រៃឡង់ធ្វើបុណ្យព្រៃឡង់ និងបំបួសដើមឈើដោយលើកឡើងថា បណ្តាញមួយនេះមិនបានចុះបញ្ជីទទួលស្គាល់ផ្លូវច្បាប់ជាពិសេសច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែងពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ដែលគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។