លោក ហ៊ុន សែន មិន​បិទ​ពិធី​រៀបការ ប៉ុន្តែ​អំពាវនាវ​ដល់​អ្នក​ខេត្ត ឱ្យ​ផ្អាក​ចូល​ក្រុង

ដោយ មួង ណារ៉េត
2021-02-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន មិន​បិទ​ពិធី​រៀបការ ប៉ុន្តែ​អំពាវនាវ​ដល់​អ្នក​ខេត្ត ឱ្យ​ផ្អាក​ចូល​ក្រុង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​មិន​បិទ​ពិធី​រៀបការ​នោះ​ទេ គ្រាន់​តែ​អំពាវនាវ​ឲ្យ​ម្ចាស់​កម្មវិធី​កាត់​បន្ថយ​ភ្ញៀវ ដែល​ទៅ​ចូល​រួម​ពិធី​នោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​បែរ​ជា​អំពាវនាវ​ឲ្យ​អ្នក​តាម​ខេត្ត ផ្អាក​ការ​ធ្វើ​ដំណើរ​ចូល​ទីក្រុង​ភ្នំពេញ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ដំបូងៗ ធ្លាប់​អួតអាង​ថា ចាំ​ទាល់​តែ​មាន​ថ្ងៃ​ទី៣១ ខែកុម្ភៈ ឬ​ចាំ​ទាល់​តែ​សេះ​ដុះ​ស្នែង ទើប​កម្ពុជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ នោះ បាន​ប្រកាស​អាសន្ន​ជា​បន្ត​បន្ទាប់​អំពី​ភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។ ការ​ប្រកាស​អាសន្ន​នេះ លោក​ធ្វើ​កាន់​តែ​សន្ធាប់ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គឺ ចាប់​តាំង​ពី​លោក​ប្រកាស​អំពី​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​ក្នុង​សហគមន៍ កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ​នោះ។

នៅ​ក្នុង​សារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ដែល​លោក​បាន​ ណែនាំ​ឲ្យ​ប្រព័ន្ធ​ឃោសនា​របស់​លោក ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នោះ លោក ហ៊ុន សែន ហៅ​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ​នោះ​ថា ជា​ព្រឹត្តិការណ៍​ធំ និង​ស្មុគស្មាញ​ជាង​ពេល​ណាៗ ទាំង​អស់៖ «អាច​និយាយ​បាន​ថា ពេល​នេះ​លំបាក​ជាង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​លំបាក​ជាង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​ទៅ​ទៀត ព្រោះ​យើង​ឃើញ​ពន្លឺ​ខ្លះ ប៉ុន្តែ​នៅ​ទី​ងងឹត ក៏​នៅ​មាន​ច្រើន​ដែល​យើង​មិន​ទាន់​អាច​រក​ឃើញ»

ទាំង​លើក​នេះ​ផង កម្ពុជា​ជួប​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​ក្នុង​សហគមន៍​ចំនួន ៣លើក​ទៅ​ហើយ។ លើក​ទី១ កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ពេល​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បំពាន​គោល​ការណ៍​ក្រសួង​សុខាភិបាល ដោយ​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​រដ្ឋមន្ត្រី​ការ​ទេស​ហុងគ្រី ដោយ​នាំ​គ្នា​មិន​បាច់​ពាក់​ម៉ាស់។ លើក​ទី​ពីរ កើត​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា​ដែរ នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ក្រុម​គ្រួសារ​ បាន​ឆ្លង​ជំងឺ​នេះ និង​ឆ្លង​រាល​ដាល​ដល់​ប្រជា​​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត។

ទោះ​បី​ជា​លោក ហ៊ុន សែន ថា ព្រឹត្តិការណ៍​សហគមន៍​លើក​មុនៗ នោះ មិន​ធំ និង​លំបាក​ដូច​ព្រឹត្តិការណ៍​សហគមន៍​លើក​នេះ លើក​នេះ​ក៏​មិន​ខុស​ពី​លើ​មុនៗ ដែរ លោក​មិន​ហ៊ាន​ឃាត់​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែល​ជា​ទូទៅ​មាន​មនុស្ស​ម្នាក់​កកកុញ​គ្នា​ច្រើន ដែល​ពលរដ្ឋ​ទូទៅ​បារម្ភ​ថា ជា​ប្រភព​ហានិភ័យ ក្នុង​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ លោក​ផ្ញើ​សារ​បែប​ជា​សុំ​ចិត្ត​ឲ្យ​ម្ចាស់​ដើម​ការ មាន​ការ​យោគយល់​ទៅ​វិញ៖ «ប្រសិន​បើ​អាច​ពន្យារ​បាន គឺ​សុំ​ពន្យារ។ ប្រសិនបើ​មិន​អាច​ពន្យារ​បាន​ទេ សុំ​មេត្តា​កាត់បន្ថយ​ចំនួន​មនុស្ស ​ឲ្យ​នៅ​តិច​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដូច្នេះ​អ្នក​ដែល​ត្រូវ​រៀបការ​កូន ខ្ញុំ​ព្រះករុណា​ខ្ញុំ​ពិត​ជា​មាន​ការ​យល់​នូវ​ការ​លំបាក​ចំពោះ​ការ​រើស​ពេល​វេលា​ ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​កូន​ប្រុស​កូន​ស្រី»

ស្រប​ពេល​ដែល​លោក​មិន​ហាម​ពិធី​រៀបការ​នេះ លោក ហ៊ុន សែន បែរ​ជា​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភ្នំពេញ​ទាំង​អស់ កុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ ដើម្បី​ចៀស​វាង​នូវ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។ ម្យ៉ាងវិញទៀត បើ​ទោះ​បី​ជា​លោក​មិន​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត លោក ហ៊ុន សែន ស្នើ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​ចូល​ទីក្រុង​ភ្នំពេញ មួយ​រយៈ​សិន៖ «ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ ដែល​នៅ​តាម​បណ្ដា​ខេត្ត ប្រសិន​បើ​អាច​ពន្យារ​បាន​ ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ក៏​សុំ​ពន្យារ​សិន​ ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ ដោះស្រាយ​បញ្ហា​នេះ ចៀសវាង​ការ​កកកុញ​ស្ទះ​ចរាចរណ៍ ដែល​នោះ​ក៏​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​នៃ​ការ​ចម្លង​ពី​គ្នា​ទៅ​គ្នា​ផង​ដែរ»

កន្លង​មក មិន​ដែល​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​របស់​ក្រសួងសុខាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ថា បញ្ហា​ស្ទះ​ចរាចរណ៍ ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ នៃ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ នោះ​ទេ។

អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដែរ ប៉ុន្តែ មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ រង​ការ​រិះគន់​ថា មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដូច​ជា​ការ​មិន​ពាក់​ម៉ាស់ ពេល​ចេញ​ទៅ​ទី​សាធារណៈ និង​មិន​រក្សា​គម្លាត​សុវត្ថិភាព​ជា​ដើម។

កាល​ពី​ដំបូងៗ លោក ហ៊ុន សែន ក៏​ធ្លាប់​គាំទ្រ​ការ​មិន​ពាក់​ម៉ាស់​នេះ​ដែរ។ លោក​ធ្លាប់​ព្រមាន​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​សាល​សន្និសីទ ប្រសិន​បើ​ហ៊ាន​ពាក់​ម៉ាស់​ថែម​ទៀត​ផង។ លោក​ថា ខ្លា​មិន​ខ្លាច នាំ​គ្នា​ទៅ​ខ្លាច​អាចម៍​ខ្លា។ ប៉ុន្តែ​លោក ហ៊ុន សែន ដែល​មាន​រហស្សនាម​ថា ជា​បុរស​សង្ហា​ដើរ​បញ្ច្រាស​ទិស កាល​ពី​ថ្ងៃ​ទី២២ ខែ កុម្ភៈ ចាត់​ទុក​ការ​ពាក់​ម៉ាស់ ថា មាន​សារសំខាន់​ខ្លាំង ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ-១៩ នេះ៖ «ខ្ញុំ​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ បន្ត​ការ​ចែក​ម៉ាស់ ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង អ្នក​ក្រីក្រ ដែល​នៅ​តាម​ផ្សារ​លក់​ដូរ នៅ​ទី​កន្លែង​ការងារ​មួយ​ចំនួន​ទៀត ដែល​គាត់​ខ្វះខាត​ម៉ាស់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ម៉ាស់​ហើយ​នោះ ធ្វើ​ដំណើរ​តាម​ផ្លូវ ចាំបាច់​ត្រូវ​ពាក់​ម៉ាស់។ សូម​មេត្តា​គិតគូរ​អំពី​សុវត្ថិភាព និង​សុខភាព​ផ្ទាល់​របស់​បង​ប្អូន ដោយ​ចាប់​ផ្ដើម​ពី​មនុស្ស​ម្នាក់ៗ។ ម៉ាស់ គឺ​ជា​វិធី​ដែល​ងាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា»

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​ឯ​ណោះ បាន​ចេញ​ប្រកាស​ឲ្យ​បិទ​សាលា​រដ្ឋ និង​ឯកជន​ទាំង​អស់​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល រយៈ​ពេល​ពីរ​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ដើម្បី​ចៀសវាង​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​សាលារៀន និង​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ។

លោក ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម នៅ​ក្នុង​សារ​កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ដោយ​មិន​រង់ចាំ​ឲ្យ​ក្រសួង​សុខាភិបាល​ជា​អ្នក​ប្រកាស ថា​លទ្ធផល​ធ្វើ​តេស្ត​លើ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​លើក​បី​នេះ បង្ហាញ​ថា មាន​មនុស្ស ១៣នាក់​បន្ថែម​ទៀត មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ។ បើ​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន មែន ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើន​ឡើង​ដល់ ៩១នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment