កូវីដ-១៩ | តុលាការ និងច្បាប់ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៣ កុម្ភៈ ២០២១ |ម៉ោង ១៦:៣៨
VOD

សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធផ្សេងៗ ឈរនៅពីមុខសាលាដំបូង ក្នុងថ្ងៃសវនាការអតីតសកម្មជនបក្សនិងមន្ត្រីបក្សសង្គ្រោះជាតិនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលបើកសវនាការគ្រប់សំណុំរឿងទាំងអស់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មីទៀត។
ក្នុងសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ការលើកពេលសវនាការគ្រប់សំណុំរឿងទាំងអស់ដែលបានគ្រោងទុក គឺធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ»។
សេចក្ដីជូនដំណឹងដដែល បន្តថា តុលាការនឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានធូរស្រាល។
សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាមានការលើកពេលសវនាការក៏ដោយ ប៉ុន្តែការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការធម្មតា ដោយថ្នាក់ដឹកនាំនិងមន្ដ្រីទាំងអស់ត្រូវអនុវត្តនូវវិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ។
ក្នុងអំឡុងពេលដែលសាលាដំបូងរាជធានីភ្នំពេញ ផ្អាកសវនាការដែលបានគ្រោងទុកនោះ ក៏មានសវនាការសកម្មជនមាតាធម្មជាតិ ៣នាក់ ដែលគ្រោងធ្វើបន្តនៅថ្ងៃទី២៤ ខែកុម្ភៈ និងសវនាការសំណុំរឿងអតីតសកម្មជនគណបក្សប្រឆាំង ចំនួន៦០នាក់ ដែលគ្រោងធ្វើបន្តនៅថ្ងៃទី២៥ ខែកុម្ភៈ ផងដែរ។
ចំណែកនៅថ្ងៃទី២ ខែមីនា សវនាការបន្តលើសំណុំរឿង ក្រុមយុវជនខ្មែរថាវរៈ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជននិងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងការបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងយុវជនពីរនាក់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលរហូតដល់តុលាការកំណត់កម្មវិធីសវនាការឡើងវិញផងដែរ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន មានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកមិនទាន់ទទួលព័ត៌មានពីថ្នាក់ដឹកនាំសាលាដំបូងខេត្ត ជុំវិញការប្រកាសលើកពេលគ្រប់សវនាការទាំងអស់នៅឡើយទេ។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៣នាក់ អ្នកព្យាបាលជាសះស្បើយ ចំនួន៤៧៥នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១១៦នាក់។ ក្នុងចំណោមអ្នកជំងឺទាំង៥៩៣នាក់ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគន៍ «២០កុម្ភៈ» មានចំនួន៩៩នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។