ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រកាស​រក​ក្រុម​អ្នក​ផលិត​របាយ​ការណ៍ ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាព​យន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ សុជីវី
2021-02-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រកាស​រក​ក្រុម​អ្នក​ផលិត​របាយ​ការណ៍ ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាព​យន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

US Embassy Logo (Photo: RFA)


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រកាស​ស្វែង​រក​ក្រុម​អ្នក​ជំនាញ​ផ្តល់​ប្រឹក្សា ​ឬ​អង្គការ​ស្ថាប័ន​នានា​ ឲ្យ​ចូល​រួម​ដាក់​គម្រោង​ស្នើសុំ​ជំនួយ​ជា​ថវិកា​ក្នុង​ការ​ផលិត​ជា របាយ​ការណ៍ ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាព​យន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​ឆ្នាំ១៩៩១ មក​ទល់​ពេល​បច្ចុប្បន្ន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ចុះ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ​ បង្ហាញ​ថា គម្រោង​នេះ ធ្វើ​ឡើង​ដើម្បី​រំលឹក​ខួប​លើក​ទី៣០ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២១។ ស្ថានទូត​បញ្ជាក់​ថា លក្ខខណ្ឌ​នៃ​ការ​សរសេរ​គម្រោង​នេះ​ តម្រូវឲ្យ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ​និង​ចេញ​របាយការណ៍​គ្រប់​ជ្រុងជ្រោយ ឬ​ចង​ក្រង​ឯកសារ ​ដែល​វិភាគ​ និង​វាយ​តម្លៃ​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា គិត​មក​ទល់​ពេលនេះ​ក្នុង​ការ​បំពេញ​តាម​ការ​សន្យា​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង ​ហើយ​ផ្តល់​អនុ​សាសន៍​ស្ដីពី​ជំហាន​បន្ទាប់​ជូន​រដ្ឋាភិបាល​កម្ពុជា ​និង​ប្រទេស​ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​នេះ។

ជំនួយ​ជា​ថវិកា​សម្រាប់​គម្រោង​ស្នើ​នេះ ​នឹង​ទទួល​បាន​រង្វាន់​ចាប់​ពី ២ម៉ឺន ៥ពាន់ (២៥.០០០) ដុល្លារ ​ដល់ ៣ម៉ឺន ​(៣០.០០០)ដុល្លារ។ ​ស្ថានទូត​អាមេរិក ​នឹង​ចាប់​ផ្តើម ទទួល​ពាក្យ​ស្នើសុំ​ជំនួយ ​សម្រាប់​គម្រោង​មួយ​នេះ ​ចាប់​ពី​ថ្ងៃ​ជូនដំណឹងចាប់ថ្ងៃទី២២ កុម្ភៈ ដល់​ថ្ងៃ​ទី៣០ ខែមីនា។

សកម្មជនកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​គម្រោង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​ការពារ​​និង​លើក​កម្ពស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ព្រួយ​បារម្ភ​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ​ដាក់​សម្ពាធ​ចំពោះ​ក្រុម​អ្នក​ដែល​អនុវត្ត​គម្រោង​របស់​ស្ថានទូត​អាមេរិក​មួយ​នេះ។ លោក​យល់​ថា ការ​ដាក់​ចេញ​គម្រោង​នេះ ទំនងជា​សហរដ្ឋអាមេរិក ​ចង់​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ​មួយ នេះ ​នៅ​តែ​មាន​សុពលភាព ហើយ​ចង់ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ និង​ទប់​ស្កាត់​ឥទ្ធិពល​ចិន​នៅ​កម្ពុជា៖ «អាមេរិក​ចង់​សំដៅ​នៅ​ពេល​នេះ គឺ​ការ​បិទ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ មក ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​បាន​រៀបចំ​តាំង​ពី​ឆ្នាំ១៩៩៣ មក មាន​ការ​ប្រែប្រួល​ច្រើន ហើយ​រឿង​កែរដ្ឋធម្មនុញមួយចំនួនតាំងពីឆ្នាំ២០០៥មក ហើយ​មាន​ការ​សង្ស័យ​រឿង​យោធា​ចិន​នៅ​ស្រុក​ខ្មែរ មាន​រឿង​តំបន់​ត្រី​កោណ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រឿង​វៀតណាម​បោះ​តង់​អី​ជា​ដើម​នេះ ដូច្នេះ​ជា​ចរន្ត​គ្រប់​សព្វ​បែប​យ៉ាង​រួម​គ្នា​ទៅ ធ្វើ​ឲ្យ​អាមេរិកាំង​យល់​ថា បើ​សិន​ជា​នៅ​បណ្ដោយ គឺ​រឿង​ហ្នឹង​វា​អាច​ធ្ងន់ធ្ងរ រក​វិធីសាស្ត្រ​បក​ក្រោយ​លែង​កើត​ទៀត»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ កុម្ភៈ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​របស់​ក្រុម​ចលនា​​ប្រដាប់​អាវុធ​ខ្មែរ ៤ក្រុម រួមមាន​ក្រុម​ចលនា​ហ៊្វុនស៊ិនប៉ិច​របស់ ព្រះបាទ​នរោត្តម សីហនុ ក្រុម​ចលនា​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក សឺន សាន ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម និង​របប​រដ្ឋ​កម្ពុជា របស់​លោក ហ៊ុន សែន។ កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២៣ តុលា ​ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយភាគីជម្លោះកម្ពុជាទាំង៤ និងប្រទេសចំនួន១៨ផ្សេងទៀត។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​យល់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សារសំខាន់ និង​នៅ​​​​​​​​​​​​​​តែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​ នាំ​មក​នូវ​សន្តិភាព ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស​ដ​ល់​កម្ពុជា ការ​ពារ​ឯករាជ្យ​ជាតិ  និង​ការពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ព្រឹត្តិការណ៍​ ពិនិត្យ​ឃើញ​ថា កន្លង​មក ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ហាក់​មិន​សូវ​ផ្តល់​តម្លៃ និង​មិន​បាន​បំពេញ​ពេញលេញ​តាម​កិច្ច​សន្យា​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ​ទេ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រកាស​រក​ក្រុម​អ្នក​ផលិត​របាយ​ការណ៍ ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភាព​យន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស"

  1. Anonymous says:

    I knew the US is starting to kick that evil leader’s ass right now

Leave a Reply

Submit Comment