2021-02-23
RFA

ប្រពន្ធសកម្មជនបក្សប្រឆាំងបានត្រឹមខកចិត្ត ពេលទៅសួរសុខទុក្ខស្វាមីនៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ គេផ្ដល់ឱ្យ
អាជ្ញាធរបានផ្អាកការចូលសួរសុខទុក្ខ ជនជាប់ឃុំក្នុងពន្ធនាគារនេះ ដោយគិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី៩ ខែមីនា ខាងមុខ។
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈថា វិធានការនេះធ្វើឡើងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ១៩ឆ្លងចូលដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារ៖ «បញ្ហារាលដាលឆ្លងជំងឺកូវីដហ្នឹងយើងការពារ ជាវិធានការបន្ទាន់ចាំបាច់។ ព្រោះអានេះ ខាងក្រសួងសុខាភិបាល គាត់ប្រកាសថា ជាប្រភេទវីរុសបម្លែងខ្លួនថ្មី អាហ្នឹងវា ងាយឆ្លងដល់អីចឹងយើងត្រូវប្រយ័ត្នខ្ពស់»។
វិធានការរបស់មន្ត្រីពន្ធនាគារនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជិត ១០០នាក់ ឆ្លងចូលក្នុងសហគមន៍នៅកម្ពុជាក្នុងរយៈពេលប្រមាណ៤ថ្ងៃ។
ទោះជាយ៉ាងណាប្រពន្ធរបស់សកម្មជនគណបក្សប្រឆាំងខេត្តត្បូងឃ្មុំ បានរិះគន់ចំពោះវិធានការនេះ ថាជាការកាត់ផ្ដាច់ទំនាក់ទំនងរវាងពួកគាត់ពីប្ដី ធ្វើឱ្យពួកគាត់កានតែឈឺចាប់។
ប្រពន្ធសកម្មជនបក្សប្រឆាំងលោក ម៉ក់ សំអាន គឺលោកស្រី ប៉ុយ ចាន់លី ថ្លែងថា លោកស្រីមិនបានចូលសួរសុខទុក្ខប្ដីជាង១០ថ្ងៃហើយ ដោយសារជីវភាពក្រីក្រគ្មានប្រាក់ធ្វើដំណើរទៅពន្ធនាគារ។ លោកស្រីនិងប្រពន្ធសកម្មជនបក្សប្រឆាំងចំនួន ៣នាក់ ផ្សេងទៀត បានទៅសួរសុខទុក្ខប្ដីរបស់ពួកគាត់នៅក្នុងពន្ធនាគារមាត់ឃ្មង់ ក្នុងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ប៉ុន្តែត្រូវបានខកខាតទៅវិញ។ លោកស្រីប៉ុយ ចាន់លី ប្រាប់ថា មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យពួកលោកស្រីចូលសួរសុខទុក្ខប្ដីរបស់លោកស្រីដោយមិនបានជូនដំណឹងជាមុនឡើយ៖ «ព្រោះអីខ្ញុំវាអត់មានឱកាស ព្រោះខ្ញុំមានឱកាសតែម្ដងឬ២ដងអីចឹងក្នុងមួយខែ។ ខ្ញុំក៏អាចនឹងឆ្លៀតពេលមកមើលគាត់ តើគាត់មានសុខភាពយ៉ាងម៉េច។ ប៉ុន្តែដល់មកពួកខ្ញុំខកចិត្តខ្លាំងណាស់ ព្រោះអីគេមិនឱ្យចូល១៤ថ្ងៃឯណោះ»។
ប្រពន្ធសកម្មជនបក្សប្រឆាំងទាំង៤នាក់បានត្រឡប់ទៅផ្ទះវិញភ្លាមៗ នៅរសៀលថ្ងៃដដែល។

ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោកនី សុខា សាទរចំពោះវិធានការរបស់អាជ្ញាធរនេះ ប៉ុន្តែលោកយល់ថា មន្ត្រីពន្ធនាគារគួរតែអនុញ្ញាតឱ្យសាច់ញាតិបានសួរសុខទុក្ខជនជាប់ឃុំតាមទូរស័ព្ទ ឬតាមវិធីផ្សេងទៀតដែលមានគំលាតសង្គមតាមការណែនាំរបស់ក្រសួងសុខាភិបាលបាន៖ «នៅក្នុងពន្ធនាគារយើង គឺថាជាកន្លែងមួយដែលយើងមិនទាន់គោរពទៅគោលការណ៍ ឬក៏ស្តង់ដារអីឱ្យបានត្រឹមត្រូវទេ។តាំងពីជីវភាពរស់នៅតាំងពីការស្នាក់នៅ តាំងពីបរិយាកាសផ្សេងៗ ដូច្នេះហើយការព្រួយបារម្ភរបស់សាច់ញាតិរមែងតែងមានការព្រួយបារម្ភអីចឹងហើយ។ ពួកគាត់តែងតែចង់ជួបសាច់ញាតិជារៀងរាល់សប្ដាហ៍ដើម្បីឱ្យបានដឹងពីសុខទុក្ខអីផ្សេងៗ ប៉ុន្តែបើសិនជាករណីហាមឃាត់មិនមានការជួបវាជាការមួយធ្វើឱ្យពួកគាត់មានការព្រួយបារម្ភហើយ »។
របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០ មានជនជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសកម្ពុជាសរុបជិត៤ ម៉ឺននាក់ (៣៨.៩៤៥)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធររារាំងប្រពន្ធសកម្មជនបក្សប្រឆាំងមិនឱ្យឃ្លាំមើលសវនាការនៅថ្ងៃទី១៨កុម្ភៈ
- តុលាការនឹងបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ
- នគរបាលជំរុញឲ្យសកម្មជនបក្សប្រឆាំងដែលរងការលបវាយដាក់ពាក្យប្ដឹង
- តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើក្រុមសកម្មជនសង្គម និងបក្សប្រឆាំងនៅដើមខែក្រោយ
- មេធាវីថា លោក កឹម សុខា នឹងមិនប្តឹងសើរើទាមទារសំណងទេ បើតុលាការលើកលែងការចោទប្រកាន់លោក កឹម សុខា
- សមាជិកបក្សប្រឆាំង លោក ស៊ូ យាន ជាប់ពន្ធនាគារ ២ដង ដោយសារការតស៊ូមតិផ្នែកនយោបាយ
- មតិពលរដ្ឋជុំវិញការលើកពេលសវនាការជម្រះក្ដីសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង
- តុលាការសម្រេចលើកពេលជំនុំជម្រះរឿងក្ដីមន្ត្រី និងសកម្មជនបក្សប្រឆាំង ទៅដើមឆ្នាំ២០២១
- អាជ្ញាធរខេត្តកំពតដោះលែងសកម្មជនបក្សប្រឆាំងម្នាក់វិញ ក្រោយចាប់ខ្លួនសាកសួរ៥ម៉ោងដោយគ្មានមូលហេតុ
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន