គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោទ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ថា ​ចង់​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ពី​ប្រធាន​បក្ស

ហេង រស្មី
2021-02-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោទ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ថា ​ចង់​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ពី​ប្រធាន​បក្ស

សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ប្រធាន​គណបក្ស​ហ៊្វិន ស៊ិនប៉ិច។ រូបថត៖​ អាស៊ីសេរី


អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន​គឺ​មាន​ចេតនា​​បណ្ដេញ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ចេញ​ពី​ប្រធាន​គណបក្ស។

លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ បាន​សម្រេច​ធ្វើ​ប្រធានសក្ដិ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដោយ​អះអាង​ថា ព្រះ​អង្គ​មាន​ជំងឺ​មិន​អាច​មក​ដឹក​នាំ​គណបក្ស​បាន​ត​ទៅ​ទៀត។ លោក​ថា ទង្វើ​នេះ​មាន​ចេតនា​មិន​ល្អ​ទៅ​លើ​សម្ដេច​ក្រុម​ព្រះ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​បារាំង៖ «គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​ក្រុម​ព្រះ​ នៅ​តែ​ធ្វើ​សកម្មភាព​ដឹក​នាំ​នយោបាយ​ជា​ធម្មតា​អត់​មាន ដូច​ការ​ចោទ​ប្រកាន់​របស់​លោក យូ ហុកគ្រី ហើយ​និងបក្ស​ពួក​គាត់ ដែល​បាន​ចោទ​ប្រកាន់​ទេ។​ រឿង​ទី​ពីរ ខ្ញុំ​សូម​ថ្កោល​ទោស ចំពោះ​គំនិត​ទុច្ចរិត ដែល​ក្រុម​របស់​លោក យូ ហុកគ្រី បាន​រៀប​ចំ​កិច្ច​ប្រជុំ ហើយ​ប្រកាស​ថា សម្ដេច​ក្រុម​ព្រះ​លោក​គ្មាន​សមត្ថភាព​មិន​ល្អ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ ហើយ​ក្លាយ​ទៅ​ជា​ប្រធានសក្ដិ ហើយ​គាត់​រៀប​ចំ​ជ្រើសរើស​គណៈ​កម្មាធិការ​នាយក​នេះ គឺ​ជា​ទង្វើមួយ ដែល​ខុស​ច្បាប់​ផង និង​ខុស​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច»។

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​នេះ គឺ​ក្រោយ​ពេល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន​ដែល​រួម​មាន​លោក យូ ហុកគ្រី លោក​ ប៉ោ ប៊ុនស្រ៊ឺ លោក ញ៉េប ប៊ុនជិន និង​លោក យឹម សាវី  កាល​ពី​ថ្ងៃ​ទី២២ កុម្ភៈ កន្លង​ទៅ​នេះ បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ មាន​បំណង​តែ​មួយ​គត់ គឺ​ចង់​ស្រោច​ស្រង់​សម្ដេច​ក្រុម​ព្រះ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ពេល​ព្រះ​អង្គ​កំពុង​​ព្យាបាល​ព្រះ​រោគ​នៅ​ប្រទេស​បារាំង។ លោក យូ ហុកគ្រី មិន​បាន​បញ្ជាក់​អ្វី​ផ្សេង​ទៀត​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឱ្យ​ទៅ​សួរ​លោក ញ៉េប ប៊ុនជិន វិញ។ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ខាង​កូតា​គណបក្ស​ហ៊ុនស៊ិនប៉ិច ក្នុង​អំឡុង​ឆ្នាំ១៩៩៨ លោក ញ៉េប ប៊ុនជិន និង​ជា​អនុប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច មាន​ប្រសាសន៍​ថា ពួក​លោក​ជា​អ្នក​ស្រឡាញ់​គណបក្ស​ពិត​ប្រាកដ ហើយ​គ្មាន​បំណង​ធ្វើ​បក្ស​ប្រហារ ដើម្បី​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពី​មុខ​តំណែង​ទេ។

លោក​បន្ត​ថា ក្រុម​មន្ត្រី​ជាន់​ខ្ពស់​សម្រេច​កោះ​ប្រជុំ​នេះ គឺ​ចង់​ជួយ​គណបក្ស​ឱ្យ​រឹងមាំ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៖ «យើង​អត់​មាន​ទៅ​ធ្វើ​បក្ស​ប្រហារ​អី​ ទៅ​ដណ្ដើម​អី​អត់​ទេ​ ដើម្បី​រៀបចំ​ឱ្យ​ស្រួល​ទៅ ដើម្បី​ឱ្យ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ថា ព្រះ​អង្គ​ម្ចាស់ ចក្រា វុទ្ធ ក្លាយ​ជា​អ្នក​ដឹក​នាំ យើង​នឹង​រៀបចំ​ទៅ​ហ្នឹង។ ប៉ុន្តែ​ជើង​ក្រោម វា​អត់​ធ្វើ​អា​ហ្នឹង វា​ដើរ​តែ​ដក​គេ។ យើង​មិន​មែន​ធ្វើ​បក្ស​ប្រហារ​ទេ ខ្ញុំ​ជម្រាប​ជូន​ទៅ​លោក​អ្នក​នាំ​ពាក្យ​លោក ផាន់ សិទ្ធី។ លោក​ មុន​នឹង​មាន​ប្រសាសន៍​ថា យើង​ធ្វើ​បក្ស​ប្រហារ លោក​ពិនិត្យ​មើល​ឱ្យ​មែនទែន​ថា ហ៊្វុនស៊ិនប៉ិច មាន​អ្វី​ឱ្យ​យើង​ធ្វើ​បក្ស​ប្រហារ។ យើង​ចំណាយ​លុយ​ខ្លួន​យើង ញើស​ឈាម បទ​ពិសោធន៍​យើង ហើយ​សុទ្ធតែ​ជា​មន្ត្រី​ជាន់​ខ្ពស់ មនុស្ស​មាន​យស​មាន​កេរ្តិ៍​ឈ្មោះ»។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន​នេះ​កំពុង​សម្រាក​ព្យាបាល​ព្រះរោគ ក្រោយ​ពី​ព្រះ​អង្គ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើក​នោះ បាន​បណ្ដាល​ឱ្យ​អ្នកម្នាង​ អ៊ុក ផល្លា​ ភរិយា​របស់​ព្រះ​អង្គ​​​ទទួល​មរណភាព ចំណែក​ឯ​ព្រះ​អង្គ​​រង​របួស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

អ្នក​វិភាគ​នយោបាយ និង​សង្គម​បណ្ឌិត មាស នី បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច គួរ​តែ​ជជែក​ផ្ទៃក្នុង​គ្នា​ជា​មុន​សិន មុន​នឹង​មាន​វិធានការ​ផ្សេងៗ នៅ​ក្នុង​បក្ស ដើម្បី​កុំ​ឱ្យ​បែក​គ្នា​ទៅ​ជា​បំណែក​តូចៗ។

លោក​ថា មិន​សម្រាប់​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទេ គណបក្ស​ដ៏​ទៃ​ផ្សេង​ទៀត​មិន​គួរ​គិត​អំពី​ការ​ដណ្ដើម​​តំណែង​គ្នា​ក្នុង​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​នោះ​ទេ។ គណបក្ស​គូរ​តែ​គិត​គូរ​ដល់​អ្នក​គាំទ្រ​ល្អ​ជាង ដោយ​សារ​តែ​អ្នក​ដែល​អាច​ជួយ​ឱ្យ​គណបក្ស​ឈ្នះ​ឆ្នោត​បាន គឺ​អ្នក​គាំទ្រ​វិញ​ទេ៖ «បើ​ប្រៀបធៀប​ពី​មុន ហ៊្វុនស៊ិនប៉ិច គាត់​ធ្លាក់​នូវ​ទឹក​ដៃ​នៃ​ប្រជា​ប្រិយភាព​ទទួល​នូវ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ហ្នឹង​ ធ្លាក់​ធ្ងន់​មែន​ទែន​ ហើយ​ខ្ញុំ​ជឿ​ថា​ អ្នក​ដឹក​នាំ​ ក៏​គាត់​ទទួល​ស្គាល់​ ហើយ​មើល​ឃើញ​រឿង​ហ្នឹង​ដែរ។​ ប៉ុន្តែ​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​របស់​បក្ស​វា​ជា​កាតព្វកិច្ច ដែល​ត្រូវ​គិត។ ប៉ុន្តែ បើ​សិន​ជា​គិត​មិន​ត្រូវ ជួន​កាល​វា​អាច​ឈាន​ទៅ​រក​ការ​បាក់​បែក​ម្ដង​បន្តិចៗ រហូត​ដល់​ការ​ចុះ​ខ្សោយ អាច​ពិបាក​ក្នុង​ការ​ងើប​ឡើង​វិញ»។

គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច ក្រោយ​ពី​សម្ដេច​ក្រុម​ព្រះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មក បាន​ផ្លាស់​ប្តូរ​​សមាសភាព​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​លើក។ គណបក្ស​ប្រកាន់​​របប​រាជា​និយម​មួយ​នេះ​ធ្លាប់​បាន​​ទទួល​បាន​ការ​គាំទ្រ ៥៨អាសនៈ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣ ហើយ​បាត់បង់​ការ​គាំទ្រ​ទាំងស្រុង​កាល​ពី​ការ​បោះ​ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles