បញ្ជាការ​កង​អង្គរក្ស​ច្រានចោល​ព័ត៌មាន​ដែល​ថា ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម្នាក់​ជា​មន្ត្រី​កង​អង្គរក្ស

ដោយ សុជីវី
2021-03-02
RFA

បញ្ជាការ​កង​អង្គរក្ស​ច្រានចោល​ព័ត៌មាន​ដែល​ថា ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម្នាក់​ជា​មន្ត្រី​កង​អង្គរក្ស

រូប​ជនសង្ស័យជាមេខ្លោង​ក្នុងអំពើចាប់ជំរិត​យក​ប្រាក់ ១លាន​ដុល្លារ ដែល​ត្រូវ​កង​រាជ​អាវុធហត្ថ​បាញ់ស្លាប់​​ក្នុង​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី១ ខែមីនា ឆ្នាំ២០២១ ត្រូវ​បាន​សាធារជន​ជឿ​ថា ជា​សមាជិក​កង​អង្គរក្សលោក​ ហ៊ុន សែន តាមរយៈ​រូបថត​នេះ និង​រូប​ច្រើន​ទៀត នៅ​ក្នុង​ហ្វេសប៊ុក Sovanna Rith ប៉ុន្តែទីបញ្ជាការដ្ឋាន​អង្គរក្សចេញ​លិខិតបដិសេធ។ រូប៖ ពីហ្វេសប៊ុក Sovanna Rith


ស្នងការដ្ឋាន​បុគ្គលិក-បណ្ដុះបណ្ដាល​នៃ​បញ្ជការដ្ឋាន​អង្គរក្ស​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា បុរស​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធិ ​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​ត្រូវ​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា​នោះ ជា​មន្រ្តី​កង​អង្គរក្ស។

លិខិត​បដិសេធ​របស់​ស្ថាប័ន​នេះ​បញ្ជាក់​ថា ឈ្មោះ​នេះ​បាន​ប្រើប្រាស់​បណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ។

កម្លាំង​កងរាជអាវុធហត្ថ​បាន​បាញ់​សម្លាប់​បុរស ៤នាក់​នៅ​ហ្នឹង​កន្លែង​ក្នុង​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែនសុខ ដោយ​ចោទ​ប្រកាន់​ថា បាន​បាញ់​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ករណី​ប្លន់​ប្រដាប់​អាវុធ ដែល​មិន​បាន​សម្រេច។

ទំព័រហ្វេសប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​អោយដឹង​ថា​បុរស​ទាំង ៤នាក់ ដោយ​មាន​ឈ្មោះ អ៊ឹម សុណ្ណារិទ្ធិ ជា​មេគំនិត​បាន​រៀប​ផែនការ​ជំរិត​យក​ប្រាក់ ១លាន​ដុល្លារ​ម្ចាស់​ផ្ទះ ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជា​អ្នក​បើក​ឡាន​ឱ្យ។ តាម​គម្រោង​គេ​នឹង​សម្លាប់​ម្ចាស់ផ្ទះ ប្រពន្ធ កូន និង​អ្នក​ធ្វើ​ការ​ក្នុង​ផ្ទះ​នោះ​សរុប ១០នាក់ ដើម្បី​ប្លន់​យក​ទ្រព្យ​ផ្សេង​ទៀត ប៉ុន្តែ​កង​រាជ​អាវុធហត្ថ​បាន​ដឹង​ផែនការ​នេះ​មុន ដែល​នាំអោយ​បង្រ្កាប​រារាំង​ផែនការ​នេះ។ មន្ត្រី​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អះអាង​ទៀត​ថា ​ជន​សង្ស័យ​ទាំង ៤នាក់ បាន​ប្រើ​កាំភ្លើង​វែង​អាកា (AK) ១ដើម និង​កាំភ្លើង​ខ្លី ២ដើម បាញ់​ស្រោច​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​ទើប​មាន​ការ​បាញ់​តប​ត្រឡប់​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា កង​រាជ​អាវុធ​ហត្ថ​មិន​ទាន់​បាន​បញ្ជាក់​លម្អិត​ថា តើ​ពួក​គេ​បាន​ព័ត៌មាន​ទាំង​នោះ​ដោយ​របៀប​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា សមត្ថកិច្ច ​និង​តុលាការ ​កំពុង​សហការ​គ្នា​ស៊ើប​អង្កេត​ករណី​នេះ​បន្ត​ទៀត ដូច្នេះ​លោក​មិន​ទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង ៤នាក់​ដែល​ស្លាប់​នោះ និង​អ្នក​ពាក់​ព័ន្ធ​បាន​ទេ។

ហ្វេសប៊ុក​របស់​បុរស​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធិ មាន​រូប​ថត​ជា​ច្រើន ដែល​បង្ហាញ​ពីការសម្ញែង​ទ្រព្យ​សម្បត្តិ ឡាន​ទំនើបៗ និង​ភាព​ហ៊ឺហា ព្រម​ទាំង​តួនាទី​ជា​កង​អង្គរក្ស​ឋានៈ​វរសេនីយ៍ត្រី។ រូបថត​មួយ​ចំនួន​ទៀត​បង្ហាញ​បុរស​រូប​នេះ​បាន​ទៅ​ដល់ និង​ថតរូប​របៀប​សិស្ស​ជា​មួយ​គ្រូ​បង្វឹក​នៅ​មណ្ឌល​ហ្វឹកហ្វឺន​អង្គរក្ស​នៅ​ភ្នំ​ស្រង់ និង​នៅ​ក្រាំង​ចេក​ខេត្ត​កំពង់ស្ពឺ​ជា​ដើម។

ករណី​បង្ក្រាប​បទល្មើស​មាន​បាញ់​សម្លាប់​មនុស្ស​បែប​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា លោក​មិន​បាន​ដឹង​ហេតុការណ៍​បាញ់​ប្រហារ​នេះ​លម្អិត​នោះ​ទេ ប៉ុន្តែ​លោក​ថា តាម​គោល​ការណ៍​ច្បាប់ សមត្ថកិច្ច​មិន​អាច​ចេះ​តែ​ប្រើ​អាវុធ​បាញ់​សម្លាប់​មនុស្ស ហើយ​បក​ស្រាយ​ថា ការពារ​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​ថា វិធានការ​បង្ក្រាប ដោយ ប្រើ​អាវុធ​បាញ់​បណ្ដាល​ឲ្យ​មនុស្ស ឬ​ជន​សង្ស័យ​ណា​ម្នាក់​ស្លាប់ លុះត្រាតែ​ភាគី​ទាំង​សង​ខាង មាន​កម្លាំង​សមាមាត្រ​គ្នា ហើយ​គំរាម​កំហែង​ដល់​ការ​ស្លាប់​រស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បញ្ជាការ​កង​អង្គរក្ស​ច្រានចោល​ព័ត៌មាន​ដែល​ថា ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម្នាក់​ជា​មន្ត្រី​កង​អង្គរក្ស"

  1. Anonymous says:

    I knew also every one knew they can turn black to white but whatever it still be not true

  2. Anonymous says:

    So so cheat knew the story