ដោយ មាន ឫទ្ធិ
2021-03-04
RFA

ស្ត្រីដែលជាភរិយាអតីតសកម្មជនគណបក្សប្រឆាំង ចូលរួមតវ៉ាទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន។ រូប៖ គេផ្ដល់ឱ្យ
មិនមែនទើបតែក្នុង ឆ្នាំ២០២១ នេះទេ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេស «មិនសេរី»។ អស់រយៈពេលជាងកន្លះទសវត្សមកហើយដែលកម្ពុជាគ្រងដំណែងនៅក្នុងចំណាត់ថ្នាក់របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ជាប្រទេស «មិនសេរី»។ សម្រាប់ឆ្នាំ២០២១នេះ ពិន្ទុសេរីភាពនៅកម្ពុជាធ្លាក់ចុះមួយពិន្ទុ ក្រោមឆ្នាំ២០២០ មកលេខ ២៤ លើ ១០០ពិន្ទុ។ ពិន្ទុ ១០០ មានន័យថា មានសេរីភាពពេញលេញ។
សេរីភាពដែលអង្គការ Freedom House វាយតម្លៃនេះ ផ្តោតជាពិសេសនោះ គឺសំដៅដល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ បើតាមអង្គការនេះ សិទ្ធិនយោបាយរបស់កម្ពុជាធ្លាក់ចុះខ្លាំងស្ទើតែដល់កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋវិញ ក៏ស្ថិតក្នុងភាពរិតត្បិតដែរ ដែលកម្ពុជាទទួលបានពិន្ទុមិនដល់ពាក់កណ្តាលផងនៃពិន្ទុសិទ្ធិពលរដ្ឋពេញលេញ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដើម្បីសុំប្រតិកម្មជុំវិញការវាយតម្លៃអំពីសេរីភាពរបស់អង្គការអន្តរជាតិមួយនេះ ដោយសារលោកពុំលើកទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៤ ខែមីនា។ រីឯ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏ពុំលើកទូរស័ព្ទដូចគ្នា។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ការវាយតម្លៃនេះ ជាការមិនអាចទទួលយកបានទេ។ លោកថា លំហសេរីភាពនៅកម្ពុជាសព្វថ្ងៃមានភាពទូលំទូលាយលើកលែងតែក្រុមអ្នកនយោបាយនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលលោកហៅថា ជាក្រុមខុសច្បាប់ «មិនមែនប្រជាជន»៖ «អត់យកសេរីភាពប្រជាជនទូទៅមកនិយាយឯណា។ ក្រុមហ្នុងមិនមែនជាប្រជាជនទូទៅទេ។ បងប្អូនអ្នកសារព័ត៌មានមួយចំនួន ច្រើនតែថារឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ឬប្រជាជន។ ក្រុមហ្នុង មិនមែនជាប្រជាជនទេ វាអស់សិទ្ធិជាប្រជាជនហើយ ដូចជាក្រុមសមរង្ស៊ី ក្រុមសកម្មជននៅក្រៅប្រទេសមួយចំនួនដែលតែងតែធ្វើសកម្មភាពបម្រើនយោបាយប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ហ្នុង វាអត់មែនជាពលរដ្ឋទូទៅទេ»។
ផ្ទុយពីការបកស្រាយនេះ នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា ចាប់តាំងពីមានការរម្លាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧មក ពិន្ទុសេរីភាពនៅកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ជាពិសេសការរិតត្បិតសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ៖ «មើលទៅ Freedom House នេះ ក៏យោងទៅតាមស្ថានភាព ឬក៏របាយការណ៍ដែលសហគមន៍អឺរ៉ុប ក៏ដូចជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលគេទាមទារសុំឲ្យកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អ៊ីចឹង គឺទិដ្ឋភាពទាំងអស់នេះហើយ។ ទិដ្ឋភាពចុងក្រោយគឺប្រហែលជាគេមើលទៅលើការចាប់ខ្លួន និងការចោទប្រកាន់តាមផ្លូវតុលាការទៅលើមេដឹកនាំអតីតគណបក្សប្រឆាំង ហើយនឹងសកម្មជនអតីតគណបក្សប្រឆាំងអីជាដើមដែលលើកឡើងមកថា សិទ្ធិនយោបាយមានការធ្លាក់ចុះជាដើម»។
របាយការណ៍សេរីភាពពិភពលោកឆ្នាំ២០២១ របស់អង្គការ Freedom House ពិនិត្យមើលការអនុវត្តសេរីភាពនៅទូទាំងពិភពលោកក្នុងរយៈពេលពេញមួយឆ្នាំ២០២០ កន្លងទៅ។ អង្គការ Freedom House ហៅឆ្នាំ២០២១នេះថា ជាឆ្នាំដែលលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកកំពុងស្ថិតក្នុងភាពគំរាមកំហែង។ អង្គការនេះថា ជំងឺរាតត្បាតសាកល អសន្តិសុខសេដ្ឋកិច្ច អសន្តិសុខផ្លូវកាយ និងជម្លោះហិង្សា បានបំផ្លិចបំផ្លាញពិភពលោកក្នុង ឆ្នាំ២០២០ កន្លងទៅ។ អង្គការនេះបន្តថា ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យទទួលរងនូវការចាញ់ប្រៀបយ៉ាងធ្ងន់ធ្ងរក្នុងការតស៊ូរបស់ពួកគេប្រឆាំងនឹងក្រុមមេដឹកនាំផ្តាច់ការ ដែលធ្វើឲ្យពិភពលោកងាកទៅរកការគ្រប់គ្រងបែបផ្តាច់ការ។
ថ្លែងក្នុងសុន្ទរកថាដាក់ចេញនូវគោលនយោបាយការបរទេសរបស់អាមេរិកជាលើកដំបូង កាលពីថ្ងៃទី០៣ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនឃិន (Antony Blinken) មានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកឲ្យមានសភាពដូចដើមឡើងវិញ ដោយសារតែលទ្ធិនេះ កំពុងតែទទួលរងនូវការគំរាមកំហែង។ លោកបាននិយាយយោងទៅរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក Freedom House ដែលជាអង្គការឯករាជ្យ ថាជារបាយការណ៍ដ៏ល្អដែលឆ្លុះបញ្ចាំងពីបញ្ហានេះ៖ «របបផ្តាច់ការ អំពើជាតិសាសន៍និយមកំពុងតែកើនឡើងនៅទូទាំងពិភពលោក។ រដ្ឋាភិបាលនានាលែងសូវមានតម្លាភាពជាងមុន ធ្វើឲ្យពលរដ្ឋបាត់បង់នូវទំនុកចិត្ត។ ការបោះឆ្នោត បានក្លាយជាចំណុចចាប់ផ្តើមនៃការផ្ទុះអំពើហិង្សាកាន់តែខ្លាំងឡើងៗ។ អំពើពុករលួយក៏ចេះតែកើនឡើង។ ជំងឺរាតត្បាតសាកល កំពុងតែធ្វើឲ្យទំនោរអស់ទាំងនេះ កើនឡើងបន្ថែមទៀត»។
នៅក្នុងតំបន់ ពិន្ទុសេរីភាពរបស់កម្ពុជាអន់ជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រ៊ុយណេ (Brunei) ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី (Malaysia) ជាដើម។ ពិន្ទុសេរីភាពរបស់កម្ពុជា គ្រាន់បើតែជាងប្រទេសកុម្មុយនិស្ត ឡាវ និងវៀតណាម តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិដើមភាគតិចខេត្តភាគឦសានចង់ឲ្យសារព័ត៌មានឯករាជ្យដំណើរការពេញលេញ
- សមាជិកសភាអាស៊ានសម្ដែងការសោកស្ដាយចំពោះការបិទបញ្ចប់សេរីភាពសារព័ត៌មាននៅកម្ពុជា
- របាយការណ៍៖ សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាធ្លាក់ចុះខ្លាំង
- “សេរីភាពសារព័ត៌មាននៅតំបន់អាស៊ីកំពុងដើរថយក្រោយ”
- អង្គការ Freedom House ដាក់ចំណាត់ថ្នាក់កម្ពុជាថាជាប្រទេស«មិនមានសេរីភាព»
- សេចក្ដីរាយការណ៍ជុំវិញលទ្ធផលនៃកិច្ចពិភាក្សាអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
- ក្រសួងព័ត៌មានសម្រេចលុបចោលស្ថាប័នកាសែតជិត ២០០
- អ្នកនៅខែត្រភាគឦសានមួយចំនួនថាសិទ្ធិបញ្ចេញមតិត្រូវបានរឹតត្បិតក្រោមលេសបដិវត្តន៍ពណ៌
- ពលរដ្ឋមួយចំនួននៅខេត្តត្បូងឃ្មុំលើកឡើងថាសិទ្ធិសេរីភាពរបស់ពួកគាត់រួមតូចចង្អៀតជាងមុន
- អង្គការលើកលែងទោសអន្តរជាតិធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី
Is not it! The law of your country, you used to pardon the traitor Rohna
Smith
Why! You have such a bad idea with other nations
Why do you claim that the trial of traitors is disproportionate and lacks a clear legal basis?
Why do you not know the difference between criminal and political reasons?