គ្រួសារ​សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​ប្រកាស​លក់​ផ្ទះ​ដោះបំណុល​ធនាគា

ដោយ ខែ សុណង
2021-03-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​ប្រកាស​លក់​ផ្ទះ​ដោះបំណុល​ធនាគា

(ឆ្វេង) ប្រពន្ធលោក ឈួ ផេង  គឺលោកស្រី ដុស គីមទៀង និងកូនស្រី ក្នុងពេលចូលរួមសកម្មភាពតវ៉ាឱ្យតុលាការដោះលែងស្វាមីនាពេលកន្លងមក។ រូប៖ គេ​ផ្ដល់​ឱ្យ


ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិលោក ឈួ ផេង គឺ​លោកស្រី ដុស គីមទៀង រៀប​រាប់​ប្រាប់​អាស៊ីសេរី​ថា មុន​អាជ្ញាធរ​ចាប់​ប្តី លោកស្រី​ពឹង​ផ្អែក​ជំហរ​ប្តី​ទាំង​ស្រុង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ដោះ​បំណុល​ធនាគារ​ប្រចាំខែ។ បន្ទាប់ពីអាជ្ញាធរ​ចាប់​ខ្លួន​ប្តី​ដាក់​ពន្ធនាគារ​ព្រៃសទាំង​អយុត្តិធម៌​មក ក្រុម​គ្រួសារ​​លោកស្រី​ទទួល​រង​វិបត្តិផ្ទួនៗ។ លោក​ស្រី​បន្ត​ទៀត​ថា  ធនាគារ​អេស៊ីលីដា សាខាផ្សារ​ដើមគរតែងតែ​មក​សម្លុត​ទារ​បំណុល​ស្ទើរ​រាល់​ថ្ងៃ ដោយ​ពុំ​យោគ​យល់​ពីស្ថានភាព​គ្រួសារ​លោកស្រី ដែល​កំពុង​​ជួប​ទុក្ខ​លំបាក​ឡើយ។ លោកស្រី​ថា គាត់​ពុំ​មាន​លទ្ធភាព​បង់​បំណុល​ធនាគារ​នោះ​ទេ ដូច្នេះ​មាន​តែ​ប្រកាស​លក់​ផ្ទះ និង​ដី ដើម្បី​ដោះទាល់​មួយ​គ្រា​សិន៖ « សំណូមពរ​ទៅតុ​លាការ ឬ​ក៏​ទៅ​រដ្ឋាភិបាល បើ​​សិនជា​អាច​សូម​ជួយ​ដោះលែង​គាត់ ឱ្យ​គាត់​មក​តស៊ូ​រឿង​ក្តី​មក​ក្រៅ​ឃុំ ព្រោះ​ថាកំហុស​របស់​ប្តី​ខ្ញុំ គឺ​អត់​មាន​អ្វី​ដាក់​ទោស​គាត់​បន្ត​ទៀត​ព្រោះ​ថា ខាង​សវនាការដូច​អត់​មាន​ពាក្យ​អ្វី​ត្រូវ​ចោទ​សួរ​គាត់​ទៀត ព្រោះ​ខ្ញុំ​ធ្លាប់​ចូល​ទៅ​ស្តាប់​ក្នុង​សវនាការ»។

លោកស្រី ដុស គីមទៀង ស្នើ​សុំ​ខាង​ធនាគារ​យោគ​យល់​ពន្យា​ការ​បង់​បំណុល​ធនាគារ​មួយ​រយៈ​សិន។ លោកស្រីអះអាង​ថា គាត់​នឹង​មិន​គេច​វេស​ពី​ការ​សង​បំណុលនោះ​ឡើយ។

ទន្ទឹម​នឹង​គ្នា​នេះ លោក​ស្រី​បារម្ភ​ពី​សុខភាព​ប្តី ដែល​មាន​រូបរាង​ស្គមស្គាំង ភ្នែករូង កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារដោយ​អយុត្តិធម៌។ លោកស្រី​​ទទូច​ឱ្យ​រដ្ឋាភិបាល​ឆាប់​ដោះលែង​ប្តីឱ្យ​មាន​សេរីភាពបាន​ជួប​ជុំ​គ្រួសារ និង​ជួយ​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ៖ «សំណូមពរ​ទៅ​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​ខ្ញុំ ឱ្យគាត់​ពន្យា​ពេល​ឱ្យខ្ញុំ ឬឱ្យ​ខ្ញុំ​បង់​តែការ​សិន​រយៈ​ពេល៥ខែ នៅពេល​ដែល​ខ្ញុំលក់​ផ្ទះ​ដាច់ លក់​ដី​ដាច់ គឺ​ខ្ញុំ​យក​ទៅ​សង​គាត់​ទាំង​អស់រយៈ​ពេល​នេះ​គឺ​ខ្ញុំ​សុំឱ្យ​គាត់​យោគ​យល់​ខ្ញុំ ដែល​ប្តី​កំពុង​មាន​ទុក្ខ​ជាប់​នៅ​ពន្ធនាគារ​អ៊ីចឹង​ខ្ញុំ​ជា​ស្រ្តីមិន​អាច​ទៅ​រកលុយ​ឯណា​បាន​ច្រើន​ដល់​ថ្នាក់​ហ្នឹង»។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ឈួ ផេង ត្រូវ​បាន​អាជ្ញាធររ​បបក្រុងភ្នំពេញ​ចាប់​ខ្លួន នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ខែ​សីហា ឆ្នាំ២០២០ និង​ចោទ​ប្រ​កាន់​​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​ចាប់​ខ្លួន​នេះ កើត​ឡើង​ក្រោយ​ពី​លោក ចូល​រួម​តវ៉ា​ឱ្យ​ដោះលែង​ប្រធាន​សហភាពសហជីព​កម្ពុជា និង​​ជា​ក្រុម​ប្រឹក្សាឃ្លាំ​មើល​កម្ពុជា​លោក រ៉ុង ឈុន។

អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដា អ្នកស្រី សូ ផនណារី បដិសេធការ​​ឆ្លើយ​តប​​ជុំវិញ​កង្វល់ និង​​សំណើ​រ​បស់​​ពលរដ្ឋ ដោយ​អ្នកស្រី​រុញ​ឱ្យ​​ទៅ​សួរខាង​តំណាង​ធនាគារ​អេស៊ីលីដា​ម្នាក់ទៀត។ តំណាង​ធនាគារ​អេស៊ីលីដាប្រាប់អាស៊ីសេរីដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​តួនាទី​ថា អតិថិជន​រូប​ណាដែល​មិន​មាន​លទ្ធភាព​បង់​ត្រឡប់​មក​ធនាគារវិញ ត្រូវ​ទំនាក់​ទំនង​ខាង​សាខា​ធនាគារ​ណាមួយ​ដែល​អតិថិជន​បាន​ខ្ចី ហើយ​គណៈកម្មការ​នឹង​ពិនិត្យ​មើលតាម​ស្ថានភាព​ជាក់​ស្តែង៖ «តាម​ករណី​កើត​ឡើង​យ៉ាង​មិច មើល​តាម​សាច់​រឿងដែល​គាត់​កើត សួរ​តាម​សាច់​រឿង​ចា៎ គេ​មាន​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ ឱ្យ​គាត់​ទំនាក់ទំនង​ទៅ​សាខា​ដែល​គាត់​យក​ហ្នុង​មក គេ​មាន​គណៈកម្មការ​គេត្រួត​ពិនិត្យ​តាម​ស្ថានភាព​របស់​គាត់ មក​រៀបរាប់​មក​ប្រាប់​ពី​បញ្ហា​អ្វី​ជាមួយសាខា​ដែល​គាត់​ខ្ចី​ហ្នឹង​ណា៎»។

ចំណែក​​អ្នក​នាំ​​ពាក្យ​គណបក្ស​កាន់​អំណាចលោក សុខ ឥសាន វិញ លោកឆ្លើយ​តប​ថា ការ​ខ្ចី​ប្រាក់​គឺ​ជា​កិច្ច​សន្យា​រវាង​អ្នក​ខ្ចី​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ ។ លោក​បន្ថែម​ថា​សំណុំ​រឿង​លោក ឈួ ផេង ស្ថិត​នៅ​ក្នុង​ដៃរបស់​តុលាការ រដ្ឋាភិបាលមិន​មាន​សិទ្ធិសម្រេច​នោះ​ទេ៖ «វិទ្យុ​អាស៊ីសេរី​ក្តី វិទ្យុ​ផ្សេងៗ​មួយ​ចំនួន ដែល​មាន​ការប្រឆាំង​នឹង​រាជរដ្ឋា​ភិបាល​ក្តី គេ​មិន​ខុស​អី​ផង​ហេតុ​អ្វី​ចាប់ ចុះ​គេ​ដទៃ​ទៀត​១៦លាន​នាក់​ហ្នុង មិច​គេ​មិន​ចាប់​ផង ដោយ​សារ​គេ​អត់​ធ្វើ​សកម្មភាព​ជាមួយ​នឹងក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ជម្រាប​ទៅ​អ្នក​ស្រី​ដែល​ជា​ប្រពន្ធ​សាម៉ី​ជន​ហ្នឹង​ផង​ កុំឱ្យគាត់​យល់​ច្រឡំ វា​មាន​តែ​ផ្លូវ​ម្យ៉ាង​ទេ អប់រំ​ប្តី​ថា​ឈប់​ធ្វើ​សកម្មភាព ឈប់​ជឿដើរ​តាម​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទៅ អត់​មាន​អី​ទេ​នៅ​រក​ស៊ី​ជា​មួយ​គេ​ជា​មួយ​ឯងបាន»។

អង្គការ​​សង្គម​​ស៊ីវិល​​កត់​សម្គាល់​ថា ការ​ចាប់​ខ្លួននិង​ឃុំ​ខ្លួន សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិកន្លង​ទៅ ដែល​សុទ្ធ​សឹង​ជា​មេ​គ្រួសារ​នោះបាន​ធ្វើ​ឲ្យ​គ្រួសារ​​របស់​ពួកគេ​បាត់បង់​ការងារ ទទួល​រង​វិបត្តិ​ក្នុង​គ្រួសារឈាន​ទៅដល់ការ​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​ដោះបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារជាដើម។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ចេញ​គោល​ការណ៍​​ណែនាំ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ឱ្យ​យោគយល់​ចំពោះ​ប្រជាពលរដ្ឋដែល​ពុំ​មាន​លទ្ធភាព​សង​បំណុល​ក្នុង​អំឡុង​មានវិបត្តិ​កូវីដ១៩ដែរ ។ លោក​បញ្ជាក់​ថា ​​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬធនាគារ មិន​អាច​រឹប​ហូស​បាន​នោះ​ទេ ទាល់​តែ​ឆ្លង​កាត់​តាមតុលា​ការ​ជា​មុន​សិន។ លោក​បន្ត​ទៀត​ថា ​ប្រសិន​បើ​​​ប្រជា​ពលរដ្ឋ​មិន​មាន​​លទ្ធភាព​​បង់សង​​ប្រាក់​កម្ចី​ទេ ​ស្ថាប័ន​​ផ្តល់​​ប្រាក់​​កម្ចី​គួរ​ជៀស​វាង​ការ​ប្រើប្រាស់​វិធាន​ការណ៍រឹបអូសទ្រព្យ​សម្បត្តិ លក់​ឡៃឡុង​តាម​ផ្លូវ​តុលាការ៖ «គោលការណ៍​មួយ​ដែរ សូម​ឱ្យ​ធនាគារ​ទាំង​អស់​ហ្នឹង មាន​ការ​យោគ​យល់​ដែល នៅ​ក្នុង​ដំណាក់​កាល​កូវីត​១៩ ហើយ​ករណី​នេះ​គាត់បាត់បង់​ជំហរ​គ្រួសារ​ទៅ​ទៀត ហើយ​បាត់​បង់​ចំណូល​ទៅ​ទៀត អ៊ីចឹង​ធនាគារ ឬ​ក៏​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹងគួរ​តែ​ជជែក ហើយ​មាន​ការ​អនុគ្រោះ​សម្រាប់​គាត់​ដែរ ទាក់ទង​ហ្នឹង ការ​បង់​សង​រំលោះ ឬ​ក៏​ការ​បង់​សង​ត្រឡប់​ទៅវិ​ញ»។

ចាប់​តាំង​​ពី​អំឡុង​ឆ្នាំ​២០២០ រហូត​​ដល់​​ខែ​ចុង​​ខែ​កុម្ភៈ​ ​ឆ្នាំ២០២១នេះ របប​លោក ហ៊ុន សែន បាន​​ចាប់​​ខ្លួន​​មន្ត្រី​​បក្ស​សង្រ្គោះ​ជាតិ​​ អ្នក​​នយោបាយ សកម្មជនបរិស្ថាន យុវជន ព្រះសង្ឃ និង​​មន្ត្រី​​អង្គការ​​សង្គម​ស៊ីវិល​​ជិត ៨០នាក់​​​ ហើយ ដោយ​សារ​ការ​អនុវត្ត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់ខ្លួន។ តុលាការបាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​រួ​មគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ ឬ​ញុះ​ញង់​បង្ក​​ឱ្យ​​មាន​​ភាព​វឹកវរ​​ធ្ងនធ្ងរ​​ដល់​​សន្តិសុខ​​សង្គម។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​​ក្រុម​​អ្នក​​ជំនាញ​​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ ចាត់​ទុក​​ករណី​នេះ ជា​រឿង​នយោបាយ និង​ទាមទារ​​ឱ្យ​​របប​លោក ហ៊ុន សែន ទម្លាក់​​ចោល​​ការ​ចោទ​ប្រកាន់ និង​​ដោះលែង​​សកម្មជន​​ទាំង​នេះ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles