កូវីដ-១៩ | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០៤ មីនា ២០២១ |ម៉ោង ១០:៤១
VOD

បុគ្គលិកសុខាភិបាលម្នាក់ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជូនដល់មន្ត្រីម្នាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ (ជន ចានរ៉ែន)
នាយករដ្ឋមន្ត្រី ប្រាប់ទៅក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ សម្រាប់ចាក់ឱ្យពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលមានអាយុលើសពី៦០ឆ្នាំ ដោយត្រូវផ្តោតសំខាន់លើអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយទីតាំងទាំងនោះកំពុងមានការឆ្លងរាលដាលខ្លាំង។
ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តាមគម្រោង រដ្ឋាភិបាលនឹងរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca ចាក់ជូនប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
លោកថា៖ «អ្វីដែលគម្រោង និងអ្វីដែលជាការពិភាក្សាជាមួយក្រសួងសុខាភិបាល គម្រោងចាក់លើកនេះគឺមិនមែនជាការចាក់សម្រាប់តែមន្ត្រីនោះទេ ខ្ញុំសុំស្នើឱ្យក្រសួងសុខាភិបាលរៀបចំចាក់ជូនប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលមានអាយុ៦០ឆ្នាំឡើងលើ ចាក់ក្នុងរូបភាពបន្ទាន់»។
លោកនាយករដ្ឋមន្ត្រីបន្តថា តាមការប៉ាន់ប្រមាណ ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនិងមន្ត្រីមូលដ្ឋាននៅរាជធានី-ខេត្តចំនួន៣នេះ អាចប្រើវ៉ាក់សាំងប្រមាណ ២០០ ០០០ដូស ទៅ ២៦០ ០០០ដូស ទៅលើពលរដ្ឋនិងមន្ត្រីប្រមាណពី១០ម៉ឺនទៅ១៣ម៉ឺននាក់។
ក្រៅពីនោះ លោកក៏បានប្រាប់ទៅក្រសួងសុខាភិបាលឱ្យរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ «ស៊ីណូហ្វាម» និង «អាស្ត្រាហ្សេណិកា» សម្រាប់ចាក់ជូនមន្ត្រីមួយចំនួន បូករួមជាមួយអ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលបរទេសនានា ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ព្រោះយើងជាម្ចាស់ផ្ទះ ផ្តល់ការគួរសមដល់មន្ត្រីដែលជាដៃគូអភិវឌ្ឍន៍របស់យើង»។
បើតាមលោកនាយករដ្ឋមន្ត្រី គិតត្រឹមល្ងាចថ្ងៃពុធមិ្សលមិញ កម្ពុជាបានចាក់វ៉ាក់សាំងដល់មន្ត្រីរាជការស៊ីវិល កម្លាំងនគរបាល កងកម្លាំងក្រសួងការពារជាតិ និងអ្នកមានអាទិភាពមួយចំនួនទៀតបានប្រមាណជាង១២ម៉ឺន៥ពាន់នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
no one believe this beast regime any more because they are Vietcong slaved