មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​សមត្ថកិច្ចចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស

ហេង រស្មី
2021-03-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​សមត្ថកិច្ចចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស

ទិដ្ឋភាពពលករខ្មែរ​ចេញពី​ប្រទេស​ថៃមកកម្ពុជា នាពេល​កន្លង​ទៅ។ រូប​ពី​ហ្វេសប៊ុក


​​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក ​ស្វាគមន៍​ចំពោះ​វិធានការណ៍​របស់​សមត្ថកិច្ច​ដែល​មាន​គម្រោង​ចាប់​បញ្ជូន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ ចេញ​ និង​ចូល​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ទៅ​ជំនុំ​ជម្រះ​ទោស។តែ​ ពួក​គេ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការណ៍​នេះ​ជា​ប្រចាំ​កុំ​ចាំ​តែ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បញ្ជា​របស់​លោក​ ហ៊ុន សែន។​

​មន្ត្រី​អង្គការ​សង់ត្រាល់​ (Central) ទទួលបន្ទុក​សិទ្ធិ​ការងារ លោក ឌី ថេហូយ៉ា​ មាន​ប្រសាសន៍​ថា​ សកម្មភាព​នៃ​ការ​នាំ​មនុស្ស​ទៅ​ក្រៅ​ប្រទេស​មិន​មែន​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ធម្មតា​នោះ​ទេ​ ភាគ​ច្រើន​គឺ​មេ​ខ្យល់​មាន​ខ្នង​បង្អែក​ដែល​ជា​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​។​

លោក​ថា​ សមត្ថកិច្ច​គួរ​តែ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ចាប់​បញ្ជូន​ខ្លួន​មេខ្យល់​ដែល​មាន​ខ្នង​បង្អែក​ធំៗ​ទាំង​នោះ​ទៅ​ទទួល​ទោស​ដើម្បី​ឱ្យ​មាន​ភាព​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។​

លោក​បន្ត​ថា​ ការ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ថៃ​ និង ទៅកាន់ប្រទេស​ចិន​ដោយ​ឆ្លង​កាត់​ប្រទេស​វៀតណាម​នេះ ​សមត្ថកិច្ច​ត្រូវ​តែ​មាន​វិធានការណ៍​ឱ្យ​បាន​តឹងរ៉ឹង​ទើប​អាច​លុប​បំបាត់​បាន៖«ការជួញដូរមនុស្សទៅថៃ​ ទៅម៉ាឡេស៊ី​ ទៅវៀតណាមនិងទៅចិនជាដើមនេះ ត្រូវរៀបចំលក្ខណៈឆ្លើយតបជាប្រព័ន្ធទើបអាចកាត់បន្ថយ និងលុបបំបាត់បានប៉ុន្តែប្រសិនជា​ គ្រាន់តែធ្វើផ្អើលម្ដងម្កាលទេ​ ខ្ញុំគិតថា​ មិនមែនជាវិធានការណ៍ឆ្លើយតបលុបបំបាត់ទេ។​ តែទោះជាយ៉ាងណាក៏ដោយប្រសិនបើមានការចាប់ផ្តើម​ យើងសារទរចំពោះវិធានការណ៍នោះ​ ហើយសង្ឍឹមថា​ វិធានការណ៍នេះ​ នឹងធ្វើជាបន្តបន្ទាប់​ ហើយធ្វើឱ្យមានប្រសិទ្ធិភាពជាពិសេសឫសគល់ធំនៃការបង្កើតឱ្យមានអំពើជួញដូរហ្នឹងបាទ»។​​​​​

សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​ ៣​ មីនា​ គ្រោង​ចាប់​បញ្ជូន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ចំនួន​ជាង​ ១រយ​នាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ​ ក្រោយ​ពី​បាន​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នោះ​ក្នុង​ប្រទេស​ថៃ​ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រាល​ដាល​ជំងឺ​កូវីដ​ ១៩។​

អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹមឃឿន​ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​ ៣​ មីនា​ ថា​ សមត្ថកិច្ច​ចាប់​មេខ្យល់​សរុប​ចំនួន​ ១០៨​ នាក់​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៣​ ខែ​កុម្ភៈ​ រហូត​មក​ដល់​ដើម​ខែ​មីនា​នេះ​ក្រោយ​ពី​បាន​នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចំនួន​​១៤០០​ នាក់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។​

លោក​ថា​ សមត្ថកិច្ច​មិន​ទាន់​បញ្ជូន​ពួកគេ​ទៅ​កាន់​តុលាការ​ភ្លាមៗ​ទេ​ ដោយ​រង់ចាំ​ការ​ធ្វើ​ចត្តាឡឺស័ក​រយៈ​ពេល​ ១៤​ថ្ងៃ​ជា​មុន​សិន៖«ភាគច្រើនហ្នឹងគឺតុលាការខេត្តសាមី​ និងតុលាការនៅក្នុងខេត្តជាប់ព្រំដែនហ្នឹងតែម្ដង។ភាគច្រើនជនសង្ស័យភាគច្រើននៅខេត្តជាប់ព្រំដែន​ បានគាត់ប្រកបមុខរបរល្មើសច្បាប់ហ្នឹងបានស្រួល​ ពីព្រោះគាត់ងាយស្រួលទាក់ទងទៅ​ មានមេខ្យល់ម្ខាងទៀតខាងភាគីថៃបណ្ដាញរបស់គេ»។

ការ​ចាប់​ខ្លួន​មេខ្យល់​ជា​បន្ត​បន្ទាប់​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ និង​ប្រទេស​វៀតណាម​ ទប់​ស្កាត់​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស ឬពលករ​ វិល​ចូលស្រុក​​វិញ​ដោយ​មិន​បាន​ធ្វើ​ចត្តាឡីស័ក។

អនុប្រធាន​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​លោក​ អំ សំអាត​ មាន​ប្រសាសន៍​ថា​

សមត្ថកិច្ច កាល​ពីឆ្នាំ​មុនៗ ​​មិន​ដែល​ឃើញចាប់​ខ្លួន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​មក​កាត់​ទោស​ទេ​ ហើយ​ទើបតែចាត់វិធានការ​ក្រោយពីមាន​បទ​បញ្ជា​លោក​ ហ៊ុន សែន​​។​

លោក​ថា​ សមត្ថកិច្ច​គួរ​តែ​អនុវត្ត​ច្បាប់​ជា​ប្រចាំ​ដើម្បី​ទប់​ស្កាត់​ការ​នាំ​ពលករ​ខ្មែរ​ចេញ​ និង​ចូល​មក​ពី​ក្រៅ​ប្រទេស​៖«​អីចឹងករណីនេះយើងចង់ឱ្យទៅជាការអនុវត្តន៍ច្បាប់អ្នកដែលធ្វើខុសច្បាប់ត្រូវអនុវត្តន៍ទៅតាមផ្លូវច្បាប់ទៅ​ ដើម្បីកុំឱ្យមានការរិះគន់តទៅទៀត​ ហើយករណីនេះខ្ញុំមើលឃើញហើយថា​ ប្រសិនបើពុំមានករណីកូវីដ​ ហើយនិងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ​ ១៩ទេគឺមន្ត្រីមួយចំនួននៅតាមព្រំដែនគឺអនុវត្តន៍ដូចពីមុនអីចឹង»។

របាយការណ៍​ក្រសួង​ការងារ​ថៃ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី៦ ខែ​កុម្ភៈ មាន​ពលករ​ខ្មែរ​ជិត ១​សែន ២​ម៉ឺន​នាក់​ហើយ ​(១១៩.៨១១) ដែល​បាន​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើការ​ស្របច្បាប់​រួចរាល់។

មន្ត្រី​សិទ្ធិ​ការងារ​លោក ឌី ថេហូយ៉ា ឱ្យ​ដឹង​ដែរ​ថា ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​មាន ១​លាន ៨​សែន​នាក់ ក្នុង​នោះ​ពលករ​ធ្វើការ​ខុសច្បាប់​មាន​ជាង ៤​សែន​(៤០០.០០០)​នាក់​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជឿ​ថា ពលករ​ខ្មែរ​ជាង ២​សែន​នាក់ នឹង​ក្លាយទៅជា​ពលករ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ថៃ អាច​នឹង​ចាប់​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ ឬ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ខាងមុខ​។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ថៃ​គួរតែ​ពន្យារពេល​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើការ​ទៅមុខ​មួយ​​រយៈ​​ទៀត ហើយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណ​ការងារ​ ឱ្យ​បាន​ទាប​ជាង​ពេល​បច្ចុប្បន្ន​។ បន្ថែម​ពី​នេះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ចាត់​វិធាន​លើ​ក្រុម​មេខ្យល់ ដែល​រត់​ការ​​ចុះឈ្មោះ​ឱ្យ​ពលករ​ក្នុង​តម្លៃ​ថ្លៃ​លើស​ការ​កំណត់​របស់​អាជ្ញាធរ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូលមតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles