លោក កឹម សុខា រម្លឹក​ថា កម្ពុជា​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ

ដោយលោក មួង ណារ៉េត
2021-03-04
RFA

លោក កឹម សុខា រម្លឹក​ថា កម្ពុជា​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​អ្នកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh)​ នា​ស្ថានទូត​បារំាង​ កាល​ពី​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ​២០២១។ រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រម្លឹក​ថា កម្ពុជា​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ​បាន​នោះ​ទេ។ លោក កឹម សុខា សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី៣ ខែ​មីនា ក្រោយ​លោក​ជួប​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​អ្នកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh)​។ ខុស​ពី​លើក​មុនៗ លើក​នេះ លោក​ទៅ​ជួប​មន្ត្រី​ទូត​បារាំង ដោយ​ផ្ទាល់​ដល់​ក្នុង​ស្ថានទូត​តែម្ដង។

លោក កឹម សុខ ថា នៅ​ក្នុង​ជំនួប​នោះ លោក​និង​តំណាង​ទូត​បារាំង ជជែក​គ្នា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប ដែល​មាន​បារាំង​ជា​សមាជិក​ដែរ​។ លោក​ថា តាម​ការ​ពិសោធន៍​ជាក់ស្ដែង សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា គឺ​តែងតែ​ពឹង​ពាក់​ជំនួយ​ពី​ប្រទេស​អ្នកមាន ទាំង​លើ​វិស័យ​សេដ្ឋកិច្ច និង​ជាពិសេស កម្ពុជា​ត្រូវការ​ជំនួយ ពេល​មាន​ជា​វិបត្តិ​នានា​កន្លង​មក។

លោក​ថា លោក​នៅតែ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ខ្មែរ។

តាំងពី​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លោក កឹម សុខា ដោយ​ដក​បម្រាម​ខ្លះ ដែល​ធ្លាប់​ហាម​លោក មិន​ឱ្យ​ចេញ​ពី​ផ្ទះ មន្ត្រី​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ជាច្រើន បាន​បណ្ដាក់​គ្នា​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ដោយ​ផ្ទាល់ និង​ញឹកញាប់ ដល់​គេហដ្ឋាន​លោក កឹម សុខា។

អ្នកឃ្លាំមើល​សង្គម យល់ថា​វត្តមាន​របស់​មន្ត្រី​តំណាង​ទូត​លោក​សេរី ទៅ​សួរ​សុខ​ទុក​លោក កឹម សុខា ទាំង​លោក​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ និង​រង​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​បែបនេះ ជា​សារ​បញ្ជាក់​ប្រាប់​របប​ក្រុងភ្នំពេញ​ថា សហគមន៍​អន្តរជាតិ នៅតែ​ខ្វល់ខ្វាយ​អំពី​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ និង​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជារួម។

កន្លង​មក​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ដក​ការ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ និង​កាត់​ផ្ដាច់​ជំនួយ​ទាំងអស់ ដែល​ធ្លាប់​ផ្ដល់​ដល់​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌​។ ទណ្ឌកម្ម​ទាំងនេះ ជា​ការ​ព្រមាន ដល់​របប​ក្រុងភ្នំពេញ ឱ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក កឹម សុខា ថា លោក​នៅតែ​សង្ឃឹម​ជឿជាក់​លើ​មិត្ត​ល្អ​របស់​កម្ពុជា។ ជំនួប​រវាង​លោក កឹម សុខា ជាមួយ​ឯកអគ្គរដ្ឋទូត បារាំង​ដល់​ក្នុង​ស្ថានទូត​នេះ កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ ស្រប​ពេល​ដែល​តុលាការ​របប​ក្រុងភ្នំពេញ​បាន​កាត់ទោស​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត រួម​ទាំង​លោក សម រង្ស៊ី ផង​ឱ្យ​ជាប់គុក​ដល់​ទៅ​ជាង ២០​ឆ្នាំ ដោយ​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ផង។ ក៏ប៉ុន្តែ តុលាការ​នៅតែ​ពុំ​ទាន់​ចាត់ការ​សំណុំរឿង​លោក កឹម សុខា នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក កឹម សុខា រម្លឹក​ថា កម្ពុជា​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ"

  1. Anonymous says:

    yes HUN SEN only need money but not any thing like politic just like CHINA . I knew CHINA help you without condition but they take every thing from you without condition either .