សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់​ដំបង ២នាក់ ​ជាប់​ពន្ធនាគារ​​ ៣​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ

ដោយ ឡេង ម៉ាលី
2021-03-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់​ដំបង ២នាក់ ​ជាប់​ពន្ធនាគារ​​ ៣​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ

សាលាដំបូងរាជធានី​ភ្នំពេញ (រូប៖ ពលរដ្ឋ)


សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​បាត់​ដំបង​ ២​នាក់ នៅ​ថ្ងៃ​ទី​០៣ មីនា​​នេះ ​​ឲ្យ​ជាប់​ពន្ធនាគារ​​ ៣​ឆ្នាំ តែ​អនុវត្ត​ទោស​ ១​ឆ្នាំ និង​ពិន័យ​ថវិកា​ចូល​រដ្ឋ​ ក្នុង​ម្នាក់ ចំនួន​ប្រាំ​មួយ​លាន (៦.០០០.០០០)​ រៀល ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។ ​​សង្គម​ស៊ីវិល​ ថា ការ​ផ្ដន្ទាទោស​នេះ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

សកម្មជន​បក្ស​ប្រឆាំង​ទាំង ២នាក់ ដែល​រង​ការ​កាត់​ទោស គឺ​លោក គង់ ប៊ុនហ៊ាង អាយុ ៦៧ឆ្នាំ និង​ លោក ហង្ស សេង អាយុ ៧០ឆ្នាំ។ អ្នក​ទាំង​ពីរ ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​ពី​ផ្ទះ នៅ​ខេត្ត​បាត់ដំបង​បញ្ជូន​ភ្លាមៗ ទៅ​ឃុំ​ក្នុង​មណ្ឌល​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃ​ស នៅ​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ជជែក​គ្នា តាម​ទូរស័ព្ទ ហើយ​និយាយ​ប៉ះពាល់​ក្នុង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ កាល​ពី​ខែ​តុលា ឆ្នាំ២០២០។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រពន្ធ​របស់​សកម្មជន​​​ទាំង​ពីរ​ បាន​ចាក​ចោល​ផ្ទះ​រាង​ខ្លួន និង​ឡើង​មក​​ សុំ​ផ្ទះ​បងប្អូន នៅ​ភ្នំពេញ ស្នាក់​នៅ​ ជា​មួយ​គ្នា ដើម្បី​​ចូល​សួរ​សុខ​ទុក្ខ​ប្ដី ក្នុង​ពន្ធនាគារ​ព្រៃ​ស។ តែ​យ៉ាង​ណា គាត់​មិន​បាន​ដឹង​ពី​ការ​ប្រកាស​សាលក្រម​នេះ​ទេ។

ប្រពន្ធ​របស់​លោក គង់ ប៊ុនហ៊ាង គឺ លោកស្រី សេន ស៊ី និង​ប្រពន្ធ​របស់ លោក ហង្ស​ សេង គឺ លោកស្រី ហឿន សារិន សោកស្ដាយ​ចំពោះ​ចៅក្រម ដែល​បាន​សម្រេច​ក្ដី​បែប​នេះ។ អ្នក​ទាំង​ពីរ​ ទាមទារ​ឲ្យ​តុលាការ ដោះលែង លោក គង់ ប៊ុនហ៊ាង និង លោក ហង្ស សេង វិញ ដោយ​អះអាង​ថា ​​ការ​ចោទ​ប្រកាន់​កន្លង​មក ជា​រឿង​អយុត្តិធម៌។ ស្ត្រី​ទាំង​ពីរ​នាក់ អះអាង​ថា ប្ដី​របស់​ពួកគាត់​ មាន​ជំងឺ​ធ្ងន់ធ្ងរ រាងកាយ​ទ្រុឌទ្រោម និង​មាន​ជំងឺ​វង្វេង ច្រើន​ឆ្នាំ​ហើយ និង​គ្មាន​លទ្ធភាព​បង់​ប្រាក់​ពិន័យ​ទេ៖ «គាត់​ចាស់ៗ ហើយ គាត់​ឈឺ។ ទន់​ខ្លួន ស្វិត​ដៃ ស្វិត​ជើង​ ហើយ​កន្លែង​ខ្លះ គាត់​អត់​ដឹង​ថា អ្នក​ណា​ទេ។ ថ្ងៃ​ណា​ដែល​គាត់​វង្វេង​ហ្នឹង គាត់​អត់​ដឹង​ថា នរណា​ទេ។ មាន​អ្វី​ក្នុង​ខ្លួន​ក៏​​អត់​សល់​ដែរ។ គាត់​ថា មិន​មែន​ជា​របស់​គាត់។ ថ្ងៃ​ណា​ខ្លះ គាត់​វង្វេង គាត់​ឈឺ​គាត់។ ដូច​តា​ហ៊ាង​ ឈរ​មិន​​ជាប់​ផង​ ថ្ងៃ​សួរ​ចម្លើយ​គាត់។ គាត់​ហ្នឹង ឈរ​ទន់​ជើង ទន់​ជង្គង់​។ មិន​ដឹង​ធ្វើ​ម្ដេច​ទៅ ហើយ​ខ្ញុំ គ្មាន​លុយ​ គ្មាន​កាក់​ ស្រែ​ក៏​គ្មាន​ អ្វី​ក៏​គ្មាន។ កំពុង​​ជំពាក់​គេ ​ជំពាក់​ដល់​ក​ហើយ។ ខ្ញុំ​កំពុង​តែ​វេទនា។ មិន​ដឹង​ថា គិត​យ៉ាង​ម្ដេច​ទេ​ខ្ញុំ។ ខ្ញុំ​គ្មាន​លុយ​ទេ ​បើ​ថា ឲ្យ​គាត់​បង់​លុយ ខ្ញុំ​គ្មាន​ទេ»

ចៅក្រម គឺ​លោក កុល កំពូល និង​តំណាង​អយ្យការ លោក សំ ឫទ្ធី​វាសនា បាន​បើក​សវនាការ​សកម្មជន​បក្ស​ប្រឆាំង​ទាំង ២នាក់ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​ទាំង ២នាក់ គឺ​លោក​មេធាវី ឡុង លន់ បាន​ទេ នៅ​ថ្ងៃ​ទី​០៣ មីនា។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ជាមួយ​គ្នា។

ទោះ​ជា​យ៉ាង​ណា សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់ដំបង លោក ឌឹម សារឿន ធ្លាប់​បញ្ជាក់​ថា សកម្មជន​ទាំង​២​នាក់ ជា​មនុស្ស​​ចាស់​ទុំ និង​មាន​ឥទ្ធិពល​ នៅ​​មូលដ្ឋាន។ លោក បន្ត​ថា​ លោក គង់ ប៊ុនហ៊ាង គឺ​ជា​អតីត​សមាជិក​គណ​បក្ស​ហ្វ៊ុនស៊ីនប៉ិច ដូច្នេះ លោក គ្មាន​ចេតនា ក្នុង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ។

មន្រ្តី​សិទ្ធិ​មនុស្ស​ យល់​ថា បទ​ប្រមាថ​ព្រះ​មហាក្សត្រ ក្នុង​ក្រម​ព្រហ្មទណ្ឌ ប៉ះពាល់​ដល់​សេរីភាព​ភាព​បញ្ចេញ​មតិ របស់​ពលរដ្ឋ​។ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា ​ពលរដ្ឋ​ភាគច្រើន មិន​ទាន់​មាន​ចំណេះ​ដឹង​ទូលាយ និង​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់ ឬ​ទោស​ទណ្ឌ​ នៃ​បទ​ល្មើស​នេះ​ទេ។ លោក នៅ​តែ​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​នេះ ដើម្បី​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ឡើងវិញ៖ «គាត់​អត់​ទាន់​បាន​យល់​ដឹង អត់​ទាន់​បាន​យល់​ពី​ច្បាប់​អ្វី​ទាំង​អស់​ហ្នឹង គឺ​ជា​ផ្នែក​មួយ​ ដែល​ប្រឈម​ខ្លាំង​ ជាង​គេ»

របប​ឯក​បក្ស បាន​ធ្វើ​វិសោធនកម្ម​ មាត្រា ៤៣៧ (ស្ទួន) នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​បទ​ប្រមាថ​ព្រះមហាក្សត្រ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ច្បាប់​នេះ មាន​ចរិត​ផ្ដន្ទាទោស​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បាន​បើក​ឱកាស​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច អាច​បកស្រាយ​យ៉ាង​ទូលាយ​ពី​អត្ថន័យ​ នៃ​ការ​​ប្រមាថ​ព្រះ​មហាក្សត្រ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រក​ឃើញ​ថា រយៈ​ពេល​៣ឆ្នាំ​​ ចាប់​តាំង​ពី​វិសោធនកម្ម​មាត្រា​​នេះ​មក​ រហូត​ដល់​ឆ្នាំ​២០២០ មាន​បុគ្គល​ចំនួន​៨​រូប រង​ការ​ចោទ​​ប្រកាន់​ពី​បទ​នេះ។ អ្នក​ទាំង​នោះ រួមមាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ជាប់​​​ចោទ​ បទ​​ប្រមាថ​ព្រះ​មហាក្សត្រ​​ ច្រើន​ជាង​គេ គឺ​ចំនួនបី ករណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles