អង្គការ HRW អំពាវនាវ​ដល់​អាជ្ញាធរកម្ពុជាបញ្ឈប់​ការកាត់​ទោស​អ្នក​នយោបាយ​បក្ស​ប្រឆាំង

ដោយ ខែ សុណង
2021-03-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ HRW អំពាវនាវ​ដល់​អាជ្ញាធរកម្ពុជាបញ្ឈប់​ការកាត់​ទោស​អ្នក​នយោបាយ​បក្ស​ប្រឆាំង

លោក សម រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកម្ពុជាកាត់ទោសកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វា​យ​តម្លៃថា ការ​យាយី និង​ការ​កាត់​ទោសអ្នក​នយោបាយ​បក្សសង្គ្រោះជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ពីសំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដើម្បី​រារាំង​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេមួយនេះ មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាងមុខ។ អង្គការ​ដដែល​បន្ត​ថា នេះ​ក៏​ជាយុទ្ធសាស្ត្រ​ដើម្បីរារាំង​ជីវិត​នយោបាយ​របស់ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជាដែរ។

នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់អាស៊ីនៃ​អង្គការ ​យូមែន រ៉ៃត៍ វ៉ច្ឆ​ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី០៣ ខែមីនា ថាការ​ផ្តន្ទាទោស​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ដទៃទៀត​នៃ​គណបក្ស​ប្រឆាំង​ឱ្យ​ជាប់ពន្ធនាគារ​រាប់​សិប​ឆ្នាំ ទាំ​ងដែល​ពួក​គេ​មិន​អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​បែបនេះ គឺជាការ​កម្ចាត់​ចោល​សំឡេង​ប្រឆាំង​​ពី​សំណាក់​ជន​ផ្តាច់​ការ។ លោក​បន្តថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប និងជប៉ុន ត្រូវ​តែ​ទទួល​ស្គាល់​អំពី​វិបត្តិ​សិទ្ធិមនុស្សដែលកំពុង​ធ្លាក់ដុន​ដាបនៅកម្ពុជា ហើយ​​ដាក់ចេញនូវ​​ទណ្ឌកម្ម​ជាក់​លាក់​លើ​មន្ត្រីរដ្ឋាភិបាលទាំងឡាយណា ​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​រឿងនេះ។

សេចក្តីថ្លែងការណ៍​របស់​អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ នេះ ធ្វើ​ឡើង​បន្ទាប់​ពីតុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោសលោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ៨នាក់ទៀតឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ ពីបទ «ឧបឃាត» ពាក់ព័ន្ធ​នឹង​​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល។ ក្រៅពីនេះ តុលាការ​បានបង្គាប់ឱ្យ​ពួក​គេ​បង់​សំណងសរុប​ជិត​កន្លះលាន​ដុល្លារ ព្រម​ទាំង​ដក​ហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ និង​សិទ្ធិ​បំពេញ​ការងារ​ជា​មន្ត្រីសាធារណៈរបស់ពួកគេ​​ទៀតផង។ ​

លោក ហ្វីល រ៉ូបឺតសុន ថ្លែងថា ការ​កាត់​ទោស​មន្ត្រីជាន់ខ្ពស់បក្ស​សង្គ្រោះជាតិ​​នេះ គឺ​ជាករណី​​បង្ក្រាប​ចុងក្រោយ​របស់​លោក​ ហ៊ុន សែន ទៅលើ​សំឡេង​ប្រឆាំង។ លោក​ជឿថា ​សំណុំ​រឿង​មន្ត្រីបក្ស​ប្រឆាំងដទៃ​ទៀត​ដែល​គ្រោង​ប្រព្រឹត្ត​ទៅនៅពេល​ខាងមុខ ក៏ដូច​គ្នា​នេះដែរ គឺ​តុលាការ​នឹងសម្រេច​ថា ពួកគេ​មាន​កំហុស រួច​​ផ្តន្ទាទោស​ពួកគេ​ឱ្យ​ជាប់​​ពន្ធនាគារ​រយៈពេល​យូរ។ មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ​រូបនេះ​ទទូច​ដល់​រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ ឱ្យ​ថ្កោល​ទោស​ករណី​អយុត្តិធម៌​លើ​លោក សម រង្ស៊ី និង​សហការី​របស់​គាត់ ព្រម​ទាំង​ចេញមុខ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា។

អាស៊ីសេរី​មិន​អាចទាក់ទង​​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយតប​រឿងនេះ​បាន​ទេ នៅថ្ងៃទី០៣ ខែមីនា ប៉ុន្តែមន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលនៅ​តែ​​​​ថ្លែង​ការពារ​ចំណាត់​ការ​ទាំង​ឡាយ​របស់​តុលាការ​ទៅលើ​មន្ត្រីបក្ស​ប្រឆាំង។

សមាជិក និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន បកស្រាយ​ថា​ ដំណើរការ​ក្តី និង​ការ​ផ្តន្ទាទោស​មន្ត្រីបក្ស​ប្រឆាំង​ទាំងនេះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រមដោយ​មិន​មានភាគី​ណា​មួយ​អាច​បង្គាប់​បញ្ជាបាន​ឡើយ៖«យើង​ឃើញ​ថា លំហ​ប្រជាធិបតេយ្យសេរីនៅកម្ពុជា គឺ​បើក​ទូលាយ​ទាំងអស់គ្រប់​និន្នាការ​នយោបាយ ពុំ​មាន​អ្វី​ដែល​ជា​ដុំ​កំភួន​ដូច​ការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​​ទេអំពី​បញ្ហា​សិទ្ធិមនុស្ស។ ទីពីរ ចំពោះ​ចំណាត់​ការរបស់​​តុលាការ គឺ​ជា​ឯករាជ្យ​ភាព​របស់​តុលាការ​។ រដ្ឋាភិបាលក្តី បុគ្គល​ណាក្តី មិន​អាច​ទៅ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​តុលាការ​បាន​ទេ»

ទោះជាយ៉ាងណា​ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក មិន​យល់​ស្រប​តាមការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាលនេះទេ ពីព្រោះ​​ពួក​គេ​​ក៏​ពិនិត្យ​ឃើញ​​ប្រហាក់ប្រហែល​គ្នា​នឹង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា សំណុំ​រឿងថ្នាក់ដឹកនាំ និង​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ជាករណី​នយោបាយដែល​មិន​អាច​ប្រើប្រព័ន្ធ​តុលាការ​ដើម្បី​ដោះស្រាយ​បាន​នោះទេ។ លោក​ពន្យល់​ថា ការ​ប្រើប្រព័ន្ធតុលាការ​ដើម្បីដោះស្រាយជម្លោះ​នយោបាយ នឹង​ធ្វើ​ឱ្យ​ខូចមុខមាត់ស្ថាប័នតុលាការ ហើយសាធារណជន​នឹង​បាត់ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌៖«សូម​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ហ្នឹង​ទៅ ហើយ​ផ្តល់នីតិសម្បទា​ឱ្យ​អ្នក​ទាំង​អស់​ហ្នឹង មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែងខាង​នយោបាយ​វិញទៅ។ នេះ​ជា​រឿង​ល្អ ជា​​ជាង​យើង​យក​​រឿង​ហ្នឹង​មក​កាត់​សេចក្តី​ដាក់​ទោស​ដាក់​ទណ្ឌ​អ៊ីចឹង វា​ធ្វើ​ឱ្យ​បញ្ហា​ហ្នឹង​កាន់​តែធ្ងន់ធ្ងរ​ទៅវិញ​ទេ»

ប្រទេស​មហាអំណាច​ធំៗរួម​មាន​ សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប និង​អូស្ត្រាលី បាន​ចេញសេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​បង្ហាញពី​ការ​ខកចិត្ត និង​ព្រួយបារម្ភ​ចំពោះ​ការ​ផ្តន្ទាទោស​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំងនេះ។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនេះ​ ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​​សេរីភាពពលរដ្ឋ ជាពិសេស​សិទ្ធិ​​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញកម្ពុជា។ ម្យ៉ាង​វិញទៀតពួក​គេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​លំហ​នយោបាយ​ ដោយ​ងាកទៅរក​ផ្សះផ្សារ​ជាតិ និង​ស្តារ​ទំនាក់​ទំនង​ជាមួយ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles