អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​តាម​​ដាន​សកម្មភាព​គ្រួសារ​លោកអេង ឆៃ​អ៊ាង​ និង​លោក ហូ វ៉ាន់

ដោយ សុជីវី
2021-03-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​តាម​​ដាន​សកម្មភាព​គ្រួសារ​លោកអេង ឆៃ​អ៊ាង​ និង​លោក ហូ វ៉ាន់

លោក អេង ឆៃអ៊ាង (ឆ្វេង) និងលោក ហូរ វ៉ាន់ អ្នកនយោបាយខ្មែរបក្សប្រឆាំង។ រូប៖ ហ្វេសប៊ុក


អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក អេង ឆៃ​អ៊ាង ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​០៤ ខែមីនា​ ថាក្រុម​ចារកម្ម​បាន​តាម​ដាន​សកម្មភាព​គ្រួសារ​របស់​លោក​ និង​គ្រួសារ​លោក ហូរ វ៉ាន់ ជាប់​ជា​ប្រចាំ ហើយ​ពួក​គេ​បាន​រាយការណ៍​លម្អិត​​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៃ​គ្រួសារ​របស់​ពួក​លោក​ទៅ​ថ្នាក់ដឹកនាំ​របស់​ពួក​គេ។ លោក​មិន​ដឹង​ថា តើ​ក្រុម​ចារកម្ម​ទាំង​នោះ ​មាន​បំណង​អ្វី​លើ​ក្រុម​គ្រួសារ​របស់​ពួក​លោក​នោះ​ឡើយ ប៉ុន្តែ​លោក​ចាត់​ទុក​ថា នេះ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​ផ្នែក​សុវត្ថិភាព​លើ​គ្រួសារ​របស់​ពួក​លោក​៖ «បើ​ថា​មិន​សប្បាយ​ចិត្ត​គួរតែ​មិន​សប្បាយ​ចិត្ត​ចំពោះ​តែ​ខ្ញុំ​មួយ​ទៅ​បាន​ហើយ​ មិន​បាច់​ចាំ​ទៅ​រាល​ដាល​អី​ទៅ​ដល់​ប្រពន្ធ​កូន​ខ្ញុំ​​ទេ ​អាហ្នឹង​គេ​មើល​ទៅ​វា​អាក្រក់​ពេក។​ ឧត្ដមគតិរបស់​ខ្ញុំ​មិន​អាច​យក​រឿង​គ្រួសារ​យក​មកធ្វើ​ជា​ឧបសគ្គ​ទេ​ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​ក្នុង​នយោបាយ​មក​ម្ល៉េះ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​និង​ភរិយា​ខ្ញុំ​គាត់​យល់​ច្បាស់​អំពី​ឆន្ទៈ​របស់​ខ្ញុំ​ដែរ​។​ អីចឹង​វា​អត់​មាន​​ស្អី​ជា​ឧបសគ្គ​ធ្វើ​ដំណើរ​ក្នុង​ការ​ប្រឡូក​ឆាក​នយោបាយ​របស់​ខ្ញុំ​ទេ»

​លោក អេង ឆៃអ៊ាង ថ្លែង​ទៀត​ថា នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ចារកម្ម​នោះ​ បាន​កំណត់​អំពី​ឈ្មោះ ​អាសយដ្ឋាន​ មុខ​របរ និង​​ចំនួន​សមាជិក​ក្រុម​គ្រួសារ​របស់​លោក និង​គ្រួសារ​លោក ហូរ វ៉ាន់។ លោក​អះអាងថា លោក​ទទួល​បាន​របាយការណ៍​របស់​ក្រុម​ចារកម្ម​នេះ​ពី​មន្ត្រី​ប៉ូលិស​ម្នាក់​នៅក្រសួង​មហាផ្ទៃ។​ ​

ជា​មួយ​គ្នា​​នេះ​កាមេរ៉ា​សុវត្ថិភាព​​នៅ​ផ្ទះ​របស់​លោកបាន​បង្ហាញថា​ កាល​ពី​ម៉ោង៦​កន្លះ​​ល្ងាច​ថ្ងៃ​ទី​០១ ខែមីនា មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ថត​ផ្ទះ​របស់​លោក​នៅរាជធានីភ្នំពេញ​​ផង​ដែរ​។

​​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា ​លោក​មិន​ទាន់​​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ​។​ ទោះ​ជា​យ៉ាង​ណា​ លោក​អះអាង​ថា ​ប៉ូលិស​ពុំ​មាន​ចេតនា​ធ្វើ​បាប​ក្រុម​គ្រួសារ​របស់​​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ឡើយ​៖ «គ្រួសារ​របស់​គាត់​ដែល​រស់​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដែល​គាត់​រត់​ចោល​ស្រុក​មក​នោះ មាន​បញ្ហា​អី​ដែល​ឬ​អត់?វា​ដូច​អត់​ដែល​មាន​ មិន​ដែល​អ្នក​ណា​គេ​មាន​បំណង​ទៅ​ធ្វើ​ស្អី​គ្រួសារ​គាត់​ទេ។ បើ​គាត់​ប្រហែល​ជា​គេ​ធ្វើ​ដោយសារ​អី​​ មក​ពី​គាត់​ត្រូវ​តុលាការ​កាត់​ទោស»

​​យ៉ាង​នេះ​ក្ដី​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​គំ​រាម​ជា​សាធារណៈ ​ចាត់​វិធានការ​លើគ្រួសារ​លោក ហូរ វ៉ាន់ និង​លោក អេង ឆៃអ៊ាង ប្រសិន​បើ​រក​ឃើញ​ថា ក្រុម​គ្រួសារ​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅមុខ​ទូត​ចិន កាល​ពី​ខែ​តុលា ឆ្នាំ២០២០។ កាល​នោះ សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក ហូរ វ៉ាន់ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នោះ៖ «ហូរ​ វ៉ាន់​ អាយុ​ច្រើន​ជាង​ខ្ញុំ​បន្តិច​ តែ​ខ្ញុំ​ហៅ​តែ​ម្ដង​ទៅ​អា​វ៉ាន់​អើយអាហ្នឹង​បែប​​កំពុង​មើល​ខ្ញុំ​ហើយ​។ អា​វ៉ាន់​ អាអ្ហែង​ត្រូវ​​នេះ​ ប្រពន្ធ​របស់​ ហូរ​ វ៉ាន់​ ក៏​មើល​ដែរ​។​ ពិតមែន​ហើយ​កូន​ប្រុស​របស់​ខ្ញុំ​ធ្លាប់​ទៅ​លែង​ជា​មួយ​​ប្រពន្ធ​ហូរ វ៉ាន់​អី​នេះ​ ប៉ុន្តែ​ឯង​ត្រូវ​ដឹង​ប្រពន្ធ​អាអ្ហែង​កំពុង​នៅ​​ភ្នំពេញ​ អាអ្ហែង​ជា​មេ​ខ្លោង​នៃ​អំពើ​ក្បត់​ អីចឹង​រឿង​ដែល​មិន​ចាត់​ការ​​ពួក​អា​មេ​ក្បត់​ដែល​នៅ​ខាង​ក្នុង​ បើ​អា​ពួក​ក្បត់​នៅ​ខាង​ក្នុង​ទទួល​បទ​បញ្ជា​ពី​​អា​មេ​ក្បត់​។ អីចឹង​អាជ្ញាធរ​គេ​ចាត់​ការ​អាហ្នឹង​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់»។ 

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ លោក នី សុខា​​​ កត់សំគាល់​ថា មួយ​រយៈ​នេះ​ អាជ្ញាធរ​បាន​តាម​ដាន​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​​ដែល​តែង​តវ៉ា​​ឱ្យ​មាន​យុត្តិធម៌​សង្គម​ជា​បន្ត​បន្ទាប់​។​ លោក ​ចាត់​ទុក​រឿង​នេះថា ជា​ការ​​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ ​ហើយរំលោភ​លើ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ​ដោយ​ខុស​​ច្បាប់៖ «ដូច្នេះ​អ្វី​ដែល​ទៅ​តាម​ដាន​នេះ​ខ្ញុំ​យល់​ថា វា​មាន​លក្ខណៈ​ហួស​សម័យ​ហើយ ពីព្រោះ​ថា ​យើង​ដើរ​មក​ដល់​នេះ​វា​គួរណា​ប្រជាពលរដ្ឋ​យើង​មាន​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញលេញ ក្នុង​ការ​ចូល​រួម​ចំណែក​កិច្ចការ​សង្គម​ក្ដី ការ​ងារ​នយោបាយ​ក្ដី​គឺ​ថា​ជា​សេរី។ កាល​ពី​មាន​ដាក់​កម្លាំង​ឃ្លាំមើល​វា​ធ្វើ​ឱ្យ​មនុស្ស​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច​វា​ធ្វើ​ឱ្យ​បរិយាកាស​នៃ​សេរីភាព​ហ្នឹង​ត្រូវ​បាន​រឹតត្បិត​ហ្នឹង​ហើយ»​​

អ្នក​ការពារ​សិទ្ធិមនុស្ស​រូបនេះ​ ស្នើដល់​អាជ្ញាធរ​បញ្ឈប់​ការ​តាម​ឃ្លាំមើល​សកម្មភាព​របស់​ពលរដ្ឋ មន្ត្រីសង្គម​ស៊ីវិល និង​សកម្មជន​នយោបាយ​តទៅទៀត ជាពិសេស​អាជ្ញាធរ​ត្រូវ​គោរព​សិទ្ធិពលរដ្ឋ ដូច​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​តាម​​ដាន​សកម្មភាព​គ្រួសារ​លោកអេង ឆៃ​អ៊ាង​ និង​លោក ហូ វ៉ាន់"

  1. so socheath says:

    Is not it! The law of your country, you used to pardon the traitor Rohna
    Smith
    Why! You have such a bad idea with other nations
    Why do you claim that the trial of traitors is disproportionate and lacks a clear legal basis?
    Why do you not know the difference between criminal and political reasons?