អ្នកឃ្លាំមើល​ថា គម្រោង​វិនិយោគ​ជិត ២​ម៉ឺន​ហិកតារ​កំពុង​គំរាមកំហែង​ដល់​ឧទ្យាន​ជាតិ​បូកគោ

ដោយ ទីន ហ្សាការីយ៉ា
2021-03-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា គម្រោង​វិនិយោគ​ជិត ២​ម៉ឺន​ហិកតារ​កំពុង​គំរាមកំហែង​ដល់​ឧទ្យាន​ជាតិ​បូកគោ

ស្ថានភាព​ឈូស​ឆាយ​ព្រៃ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ខេត្ត​កំពត រូប​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០។ រូប​សហគមន៍


អ្នកឃ្លាំមើល​បរិស្ថាន​បារម្ភ​ថា គម្រោង​វិនិយោគ​លើ​ផ្ទៃដី​ជិត ២​ម៉ឺន​ហិកតារ (១៩.០០០) នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ កំពុង​បង្កើត​ឱ្យ​មាន​វិនាសកម្ម​ធ្ងន់ធ្ងរ​ចំពោះ​តំបន់​អភិរក្ស​មួយ​នេះ​។ ការ​លើកឡើង​នេះ ស្របគ្នា​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​បរិស្ថាន ម៉ុនហ្កាបេ (Mongabay) ដែល​បាន​លាតត្រដាង​ពី​ផល​ប៉ះពាល់​បរិស្ថាន​ធំធេង ក្រោយពី​រដ្ឋាភិបាល​កាត់​ឆ្វៀល​តំបន់​អភិរក្ស​នេះ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកឃ្លាំមើល​បរិស្ថាន សង្កេត​ឃើញ​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​ជា​បណ្ដុំ​ធនធាន​ធម្មជាតិ សត្វព្រៃ និង​បក្សី​កម្រ បាន​ទទួលរង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ក្រោយ​ពី​រដ្ឋាភិបាល វិនិយោគ​តំបន់​អភិរក្ស​នេះ​ជិត ២​ម៉ឺន​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​សុខា អូតែល (Thansur Sokha Hotel ) របស់​ឧកញ៉ា សុខ គង់ រយៈពេល ៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ២០០៧។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ឱ្យ​ដឹង​ថា ក្រុមការងារ​របស់​លោក​បាន​ចុះទៅ​ស្រាវជ្រាវ​អំពី​គម្រោង​អភិវឌ្ឍ​មួយ​ចំនួន​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដោយ​បាន​រក​ឃើញ​ថា ព្រៃឈើ​រាប់ពាន់​ហិកតារ ត្រូវ​គេ​ឈូស​ក្លាយ​ជា​វាលរហោឋាន​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​បន្ត​ថា ថ្វីបើ​មានការ​ឈូស​ឆាយ​ក្តី ក៏​ទីតាំង​ទាំងនោះ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំកំភួន​នោះ​ទេ ហើយ​បច្ចុប្បន្ន​ព្រៃឈើ​ជាច្រើន​ក្នុង​តំបន់​ដទៃ​ទៀត នៅតែ​ទទួលរង​ការ​ឈូស​ឆាយ​ជា​បន្តបន្ទាប់​។ លោក​សង្ស័យ​ថា គម្រោង​អភិវឌ្ឍន៍​នេះ ជា​ការ​ឃុបឃិត​គ្នា ដើម្បី​ប្លន់ យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ក្រោម​លេស​អភិវឌ្ឍ​តែប៉ុណ្ណោះ។ «»

សកម្មជន​បរិស្ថាន​រូប​នេះ បន្ថែម​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំធេង ឱ្យ​ក្រុមហ៊ុន សុខា អូ​តែ​ល របស់​ឧកញ៉ា សុខ គង់ ដែល​មាន ទំនាក់ទំនង យ៉ាង​ស្និទ្ធជិត​ជាមួយ លោក​ហ៊ុន សែន បង្កប់​ភាព​មិនប្រក្រតី​ជាច្រើន​។ លោក​ជឿ​ថា គម្រោង​បែបនេះ អាច​មាន​ពាក់ព័ន្ធ ការ​លាង​លុយ​កខ្វក់ របស់​មន្ត្រី​ធំៗ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ទៀត។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន​សុខា អូតែល តាមរយៈ​លេខ​ទូរស័ព្ទ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង ពុំ​មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៣ មីនា​។

កាលពី​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​បរិស្ថាន ឈ្មោះ ម៉ុនហ្កាបេ (Mongabay) បាន​រាយការណ៍​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​៩% ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​២០១៩​។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប​ពី​សាកលវិទ្យាល័យ​ម៉ារីលែន (Maryland) ដែល​ដាក់​បង្ហាញ​លើ​គម្រោង​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) ដើម្បី​សិក្សា​អំពី​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​រកឃើញ​ថា ការ​កាប់បំផ្លាញ​ព្រៃឈើ​បាន​កើតមាន​យ៉ាង​គំហុក​កាលពី​ឆ្នាំ​២០២០ ជាមួយ​នឹង​ការ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ទៅ​តំបន់​ភាគ​ខាងត្បូង ខាងជើង និង​ខាងលិច ព្រមទាំង​ការឈ្លានពាន​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ហើយ​ការ​ឈូស​ឆាយ​ពង្រីក​នេះ នៅតែ​បន្ត​កើតមាន​រហូតមកដល់​ឆ្នាំ​២០២១។

ការ​ឈូស​ឆាយ និង​បំផ្លាញ​ជីវចម្រុះ​លើ​តំបន់​ភ្នំ​បូកគោ​នេះ ធ្វើឡើង​ក្រោម​ហេតុផល​នៃ​ការ​អភិវឌ្ឍ​គម្រោង​ជាច្រើន រួមមាន ទីក្រុង​ឆ្លាត​វៃ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន​ប្រណីត ជាដើម​។ ក្រុមហ៊ុន​សុខា​អូតែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជិត​២ ម៉ឺន​ហិកតារ ក្នុងចំណោម​ផ្ទៃដី​ដែល​អាច​អភិវឌ្ឍ​បាន​ចំនួន​ជិត​៣ ម៉ឺន​ហិកតារ (២៧.៩៤៣)​ស្រប​ពេល​ផ្ទៃដី​សរុប​របស់​ឧទ្យាន មាន​ចំនួន​ជាង​១ សែន​៥ ម៉ឺន​ហិកតារ​។ ផ្ទៃដី​វិនិយោគ​ចំនួន​ជិត​២ ម៉ឺន​ហិកតារ​នេះ មាន​ទំហំ​ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន ៣​ម៉ឺន ៥​ពាន់​បូក​បញ្ចូល​គ្នា (៣៥.០០០)។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ ដើម្បី សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២ និង​ទី​០៣ មីនា។

ប៉ុន្តែ​លោក នេត្រ ភក្ត្រា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ុនហ្កាបេ (Mongabay) ថា រដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​អភិរក្ស​បរិស្ថាន និង​ជីវចម្រុះ ក្នុង​តំបន់ ឧទ្យាន​ជាតិ​នេះ​។ លើស​ពី​នេះ រាជរដ្ឋាភិបាល​បាន​កំណត់​ទិសដៅ អភិវឌ្ឍន៍​ទីក្រុង​ឆ្លាត​វៃ និង​ជាទី​តាំង​ប្រវត្តិសាស្ត្រ ផ្អែក​តាម​ផែនការមេ​រួមមាន​សង់ផ្ទះ​លម្ហែ និង​កន្លែង​អាជីវកម្ម​ផ្សេងៗ​ទៀត ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ។ លោក​បញ្ជាក់​ថា ផែនការ​អភិវឌ្ឍ​នេះ ធានា​បាន​នូវ​កិច្ច​គាំពារ ធនធានធម្មជាតិ និង​ជីវចម្រុះ។

ទោះជា​យ៉ាងណា មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ ថ្លែង ថា រដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់​កុំ​ឱ្យ​ចលនា​ឈូស​ឆាយ​ព្រៃ​កាន់តែ​រីកធំឡើង​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ។ លោក​បារម្ភ​ថា អំពើពុករលួយ​ជា​កត្តា​រួមចំណែក​យ៉ាង​សំខាន់​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុង​ឧទ្យាន​នេះ។ «»

យោង​តាម​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ជីវចម្រុះ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ជា​ជម្រក​ស្នូល នៃ​ទ្រនាប់​ព្រៃឈើ​បៃតង​ត្រូពិក​ក្តៅ ហើយ​សើម​។ ឧទ្យាន​ជាតិ​នេះ មាន​ភ្នំ​តូច​ធំ និង​ខ្ពង់រាប អម​ដោយ​រុក្ខជាតិ​កម្រ​ជាច្រើន​ប្រភេទ និង​រុក្ខជាតិ​ផ្កា​មានតម្លៃ ជាពិសេស​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រួមមាន ស្វា ក្ងោក​បៃតង ដំរី​អាស៊ី ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ខ្ទីង និង​ទន្សោង ជាដើម​។ ទោះជា​យ៉ាងណា ជីវចម្រុះ​ទាំងនេះ​កំពុង​ប្រឈម​ការ​គំរាមកំហែង​ដោយសារតែ​គម្រោង​វិនិយោគ​ទាំងឡាយ​ដែល​រដ្ឋាភិបាល​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles